កម្ពុជា​​ចាត់​ទុក​​ប្រាក់​​ដុល្លារ​​ខ្នាត​​តូច​​ជា​​ឧបសគ្គ​​មួយ​​ក្នុង​​ការ​ជំរុញ​​ការ​ប្រើ​​ប្រាស់​​ប្រាក់​​រៀល​​

ទិដ្ឋភាពនៅពីមុខធនាគារជាតិនៃកម្ពុជា ស្ថិតនៅក្រុងភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

ធនាគារជាតិនៃកម្ពុជា ប្រកាស​ពី​គម្រោង​ប្រមូល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ខ្នាត​តូច ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដឹក​ទៅក្រៅ​ប្រទេស​វិញ ដោយ​អះអាង​ថា ក្រដាស​ប្រា​ក់ប្រ​ភេទនេះ «ជា​ឧបសគ្គ​មួយ​ក្នុង​ការជំរុញ​ការប្រើ​ប្រាស់​ប្រាក់​រៀលខ្មែរ»

សេចក្តី​ប្រកាស​ព័ត៌មាន ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ធនាគារជាតិនៃកម្ពុជា អះអាង​ថា ៦ខែ​ចុងក្រោយ​នេះ ប្រាក់​រៀល ក៏ដូចជា​រូបិយប័ណ្ណ​ក្នុង​តំបន់ បាន​ធ្លាក់​ថ្លៃ​គួរឱ្យកត់សម្គាល់ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក។

ធនាគារជាតិ​អះអាង​ថា ការ​ធ្លាក់ចុះ​នេះបណ្តាល​មក​ពី​ការ​ថមថយ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក និង​ការ​ធ្លាក់ចុះ​តម្រូវការ​ប្រាក់​រៀល​សម្រាប់​បង់ពន្ធ។ រដ្ឋាភិបាល​ថា បញ្ហា​នេះ មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រជាកសិករ​ដែល​មាន​ចំណូល​ជា​ប្រាក់​រៀល។

រដ្ឋាភិបាល​អះអាង​ទៀត​ថា ដើម្បី​ជំរុញ​តម្រូវការ​ប្រើប្រាស់​ប្រាក់​រៀល​នៅក្នុង​ចរន្ត​សេដ្ឋកិច្ច ក៏​ដូច​ជានៅ​លើ​ទីផ្សារ​កម្ពុជា ការប្រើ​ប្រាស់​ក្រដាសប្រាក់​ដុល្លារ​ខ្នាត​តូច​ៗ គួរ​ជំនួស​ដោយ​ប្រាក់​រៀល​វិញ។

ធនាគារជាតិ​អះអាង​ពី​បញ្ហា​ប្រឈម​មួយទៀត​ថា ប្រាក់​ដុល្លារ​ខ្នាត​តូច និង​ចាស់ ទក់ រហែក លំបាក​គ្រប់គ្រង​គុណភាពក្នុង​ការ​ដឹក​ចេញទៅ​ក្រៅប្រទេស ​ត្រូវ​ចំណាយ​ពលកម្ម និង​ថវិកា​ខ្ពស់ ខុសពី​ប្រាក់​រៀលអាច​កម្ទេច​ចោលហើយ​បោះពុម្ព​ថ្មី​បាន។

បើ​តាម​ធនាគារជាតិ ធនាគារ​ជា​ដៃ​គូទ​ទួល​យក​ប្រាក់​ដុល្លារ​ខ្នាត​តូច​នេះ​តិចតួច ទោះ​ផ្តល់​កម្រៃ​ខ្ពស់​ក៏ដោយ បញ្ហា​នេះ បង្ក​ឱ្យ​ឃ្លាំង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មានការ​គរ​ជន់​ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ​នេះ។

វិធានការ​ដំបូង ធនាគារជាតិនៃកម្ពុជា ផ្តល់​ពេល ៣ខែ ចាប់ពី​ថ្ងៃទី១ ខែមិថុនា ដល់​ថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០២០ ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​នាំ​យក​ប្រាក់​ដុល្លារ​ខ្នាត​តូច​នេះមក​ធនាគារជាតិនៃកម្ពុជា ដឹកជញ្ជូន​ទៅក្រៅ​ប្រទេស​ដោយ​មិន​គិត​កម្រៃ​សេវា។

ធនាគារជាតិ​ថា ​ខ្លួន​នឹង​រក​ពេល​ជួបពិភាក្សា​បន្ត​ទៀតជាមួយ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​កំណត់​ថ្ងៃ​ផ្អាក​ទទួល​ក្រដាសប្រាក់​នេះ​ទាំងស្រុងក្នុង​ពេល​សម​ស្រ​បណា​មួយ។

ទោះជាយ៉ាងណា ធនាគារជាតិ បញ្ជាក់​ថា វិធាន​នេះមិន​ហាមឃាត់​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេ​ទតូចៗ​ទាំងនេះនៅ​លើ​ទីផ្សារ​នោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ