លោក ហ៊ុន សែន ប្រកាស​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​ចូល​កម្ពុជា​ដោយ​មិន​ចាំ​បាច់​បញ្ជាក់​សុខភាព​

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  ប្រកាសថា ពលរដ្ឋខ្មែរនៅក្រៅប្រទេស​អាចវិលចូលកម្ពុជាបាន ដោយមិនចាំបាច់មានលិខិតបញ្ជាក់សុខភាពឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ២០២០ ថា ពលរដ្ឋខ្មែដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ លោកថា មិនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​នោះទេ។ លោកបន្តថា វិធានការរបស់លោកនេះ គឺធ្វើឡើងដើម្បីជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។

ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន៖ «សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការ ចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ទេ»។

លោក ហ៊ុន​ សែន បញ្ជាក់ថា ពលរដ្ឋខ្មែរដែលវិលត្រឡប់មកដល់ប្រទេសវិញ គឺ​តម្រូវឱ្យចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​ និងដាក់ឱ្យស្នាក់នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ រង់ចាំលទ្ធផលសំណាកថា តើមានរោគឆ្លង ឬអត់​រោគឆ្លងជំងឺកូវីដ១៩ ​ ទើបអនុញ្ញាតឱ្យពួកគេទៅលំនៅដ្ឋានវិញ។

កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ការ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខែ្មរ​ចំនួន ១៥០នាក់ ចូល​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​នេះ ដោយ​លោក​បារម្ភ​ខ្លាច​អ្នក​ទាំងនោះ​មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩។ លោក ហ៊ុន សែន អំពាវនាវ​ទៅ​ពលរដ្ឋខ្មែរ​ទាំង ១៥០នាក់ បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​សិន ដើម្បី​ការពារ​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ពី​កូ​វីដ១៩។

គិត​មក​ត្រឹម​ថ្ងៃទី២៧ ខែឧសភា​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុបចំនួន ១២៤នាក់ ក្នុងនោះ អ្នកជំងឺ ១២២នាក់ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ហើយ​នៅសល់​ ២នាក់ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ