ធនាគារ​ជាតិ​​ទប់​ស្កាត់​​អំពើ​​ញុះ​ញង់​​បង្ក​​បញ្ហា​​ក្នុង​​សង្គម​​

លោក ជា ចាន់តូ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ក្នុងសិក្ខាសាលាថ្នាក់ខេត្ត នៅសាលមហោស្រពខេត្តបាត់ដំបង ក្រោមប្រធានបទ “កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩” ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ (ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia)

ធនា​គារ​ជាតិ​បាន​ដាក់ចេញ​វិធានការ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ​និង​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី សហការ​គ្នា​ដើម្បី​ទប់ស្កាត់​សកម្មភាព​ណា​ដែល​ហៅថា ជា​អំពើ​ញុះញង់​បង្ក​ឱ្យ​ប៉ះពាល់​ដល់ស្ថិរភាព​ហិរញ្ញវត្ថុ និង​សង្គម។

នៅក្នុង​សិក្ខាសាលា​មួយ​នៅក្នុង​ខេត្តបាត់ដំបង​នៅ​ថ្ងៃនេះ លោក ជា ចាន់​តូ ទេសាភិបាលធនាគារជាតិ បាន​លើកឡើងពី​វិធានការ និង​អនុសាសន៍​មួយចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​រវាង​ពលរដ្ឋ​អ្នកខ្ចី​លុយ និង​ស្ថាប័ន​ផ្តល់​កម្ចី។

ក្នុង​ឱកាស​នោះ​ លោក ​ជា ចាន់​តូ ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និងស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ទប់ស្កាត់​ការ​ញុះញង់។

លោក ជា ចាន់តូ៖ «អាជ្ញាធរ​មូលដ្ឋាន និង​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ ត្រូវ​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ ដើម្បី​ទប់ស្កាត់​សកម្មភាពដែល​មាន​ចេតនា​បំពុល​បរិយាកាស និង​ញុះញង់​បង្ក​ជា​បញ្ហា​សង្គម និង​អស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា»។

លោក ជា ចាន់​តូ មិនបាន​បញ្ជាក់​ថា ក្រុម​ណាមួយជា​អ្នក​ញុះញង់​បង្ក​បញ្ហា​នេះ​ទេ ប៉ុន្តែ​ ការ​លើកឡើង​នេះ​ បន្ទាប់ពី​លោក សម រង្ស៊ី អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​ជំពាក់​លុយ​ធនាគារ​ផ្អាក​បង់​សង រង់ចាំ​ស្ថានភាព​ធូរស្រាល​វិញ។

របាយការណ៍​របស់​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ បង្ហាញថា គិត​ត្រឹម​ថ្ងៃទី២៤ ខែឧសភា មាន​ពលរដ្ឋ​ជាង ១៧០ ០០០នាក់​ បាន​ស្នើសុំ​អន្តរាគមន៍​ ដោយសារ​ពួក​គាត់​មិន​អាច​បង់​សង​លុយ​ដែល​ពួក​គាត់​ជំពាក់។ ចំណែក​សមាគម​ធនាគារ​មិនបាន​បង្ហាញ​របាយការណ៍​ដែល​ពលរដ្ឋ​ជំពាក់បំណុលដែល​សុំ​អន្តរាគមន៍​ដោះស្រាយ​នោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ