គ្រួសារ​​ស្ត្រី​​ស្លាប់​​ក្នុង​​ពន្ធនាគារ​​ថា​ នឹង​​ប្តឹង​​រក​​យុត្តិធម៌​​បើ​​មាន​​អ្នក​ជួយ​​សេវា​​ផ្លូវ​ច្បាប់​​ឥត​គិត​ថ្លៃ​​

កូនប្រុសរបស់សពស្ត្រីរងគ្រោះ បិន យៀង ឈរកាន់រូបថតម្ដាយនៅក្នុងពិធីបុណ្យបូជាសព នៅស្រុកកំណើតក្នុងស្រុកលំផាត ខេត្តរតនគិរី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

ក្រុម​គ្រួសារ​នៃ​ស្ត្រី​មាន​ជម្លោះដីធ្លី​ម្នាក់ដែល​ស្លាប់​ក្នុង​ពន្ធនាគារ​ខេត្តរតនគិរី អះអាង​ថា ពួក​គេ​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​យុត្តិធម៌ បើ​មានការ​ជួយ​អន្តរាគមន៍​សេវា​ផ្លូវច្បាប់​ដោយ​ឥតគិតថ្លៃ។

លោក ស្រ៊ុ​ន ហ៊ុល កូនប្រុស​បង្កើត​របស់​ស្ត្រី​ដែល​បាន​ស្លាប់​ក្នុង​ពន្ធនាគារ និយាយ​ថា ម្តាយ​ខ្លួន​ស្លាប់​ទាំង​អាថ៌កំបាំង​ក្នុង​ពន្ធនាគារ។ លោក​ថា លោក​បានឃើញ​មាន​ស្នាម​ជាំ​នៅត្រង់ ក ស្មា និង​ភ្លៅ នៅពេល​លើកសព​លាង​សម្អាត​មុន​ដាក់​ចូល​មឈូស។

បុរស​អាយុ ៣១រូប​នេះ អះអាង​ទៀត​ថា ម្តាយ​ខ្លួន​ស្លាប់​ក្នុង​ពន្ធនាគារ​នេះ កើតឡើង​តែជាងមួយសប្ដាហ៍ ក្រោយពី​បុរស​ម្នាក់​ដែល​លោក​ប្រាប់​ថា ឈ្មោះ ថាត បាន​គំរាម​ទារប្រាក់​ជាង ១ពាន់​ដុល្លារ​បន្ថែម ដើម្បី​រត់ការ​ដោះលែង​ម្តាយ​ខ្លួន​ពី​ពន្ធ​នា​គារ​។

លោក ហ៊ុល និយាយ​ទៀត​ថា បើ​មាន​ស្ថាប័ន​ណា​មួយជួយ​អន្តរាគមន៍​ផ្លូវច្បាប់​មិន​គិតថ្លៃ លោក​នឹង​ដាក់ពាក្យ​ប្តឹង​ក្រោយ​ធ្វើបុណ្យ ៧ថ្ងៃ​ឱ្យម្តាយ​លោក​រួច។

លោក ស៊្រុន ហ៊ុល ប្រាប់​ថា៖ «បើសិនជា​គេ​ជួយ​ដោយ​មិនសូវ​ឱ្យ​ខ្ញុំ​ចំណាយ​ថវិកា​អី ខ្ញុំ​នឹង​ប្តឹង​ឱ្យគេ​ស្រាវជ្រាវ​មនុស្សម្នាក់​ដែលគេ​យក​លុយ​ខ្ញុំ ៤០០០ដុល្លារ​ហ្នឹង​ថា ម៉េច​បាន​យក​លុយ​ខ្ញុំ​ហើយ អត់​ដោះស្រាយ​ឱ្យ​ម៉ែ​ខ្ញុំ​ចេញ។ គាត់​យក​លុយ​ខ្ញុំ​ហើយ អត់មាន​ផ្តល់​ដំណឹង​អីសោះ ម៉ែ​ខ្ញុំ​នៅ​ជាប់គុក​ដដែល។ ដូច​បោក​ខ្ញុំ​ទទេ»។

បើ​តាម​ក្រុម​គ្រួសារ​សព មុន​ស្ត្រីជាម្ដាយ​ស្លាប់​ក្នុង​ពន្ធនាគារ​ប្រហែលជាជាងមួយសប្ដាហ៍ អ្នកធានា​រត់ការ​ឈ្មោះ ថាត នោះ បាន​គំរាម​ថា «ពីរបី​ថ្ងៃ​ទៀត​ ចាំ​ស្តាប់​មេក្រូ​បុណ្យ​ទៅ»។ ការ​គំរាម​បែបនេះ ក្រោយពី​ដឹង​ថា ខ្លួន​មិនព្រម​ប្រគល់​លុយ​ជាង ១ពាន់​ដុល្លារ​បន្ថែម ហើយ​បែរជា​ទៅ​ពឹង​មេធាវី​ផ្សេង​ឱ្យរត់ការ​ជំនួស​វិញ។

បើ​តាម​លោក ស្រ៊ុ​ន ហ៊ុល បំណង​នៃ​ការ​ដាក់ពាក្យ​បណ្ដឹង​នេះ គឺ​ចង់​ឱ្យស្ថាប័ន​ពាក់ព័ន្ធ​បើក​ការ​ស៊ើប​អង្កេ​តរ​កការពិត ​ករណី​ស្លាប់​ម្តាយ​ខ្លួន​ ទាំង​កូនចៅ​មិនបាន​ទាន់ដង្ហើម និង​ទី២ ចង់​ឱ្យសមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​បុរស​ឈ្មោះ ថាត មក​ផ្តន្ទា​ទោស និង​សង​ប្រាក់​ឱ្យ​ខ្លួន​វិញ ដើម្បីកុំឱ្យបុរស​នេះ​ដើរ​បោក​អ្នកដទៃ​ទៀត។

សាលាដំបូង​ខេត្តរតនគិរី បាន​ចេញ​លិខិត​បំភ្លឺ​ចុះ​ថ្ងៃទី២២ ខែឧសភា ពោល​ក្រោយ​ស្ត្រី​នោះ​ស្លាប់​បាន ២ថ្ងៃ ដោយ​អះអាង​ថា ស្ត្រីជន​ជាប់ចោទ​ឈ្មោះ បិន យៀង អាយុ ៥៥ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​មុន​ពេល​ឃុំខ្លួន​ ​ស្ថិតនៅ​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ​ឆ្នាំ២០២០។

តាម​លិខិត ​ស្ត្រី​នោះត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​កាប់គាស់ រុករាន​ដី​ព្រៃ ឆ្កា ដុត និង​ឈូស​ឆាយដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ ស្ថិត​ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ហើយ​ស្ត្រី​រូប​នេះ​បាន​ស្លាប់​នៅ​ថ្ងៃទី២០ ខែឧសភា ក្រោយ​ដួល​ក្នុង​បន្ទប់ទឹក។

តុលាការខេត្ត​នេះ បញ្ជាក់​ទៀត​ថា បន្ទាប់ពី​ជន​ជាប់ឃុំ​បាន​ចូល​ទៅ​ក្នុង​ពន្ធនាគារ មន្ត្រី​ពេទ្យ​នៃ​ពន្ធនាគារ​ពិនិត្យ​ឃើញថា ជនជាប់ចោទ បិន យៀង មាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម​ប្រចាំ​កាយ។

តុលាការ​បន្ត​ថា នៅ​ថ្ងៃទី២០ ខែឧសភា វេលា​ម៉ោង១២ និង៥៣នាទី​យប់ ជន​ជាប់ឃុំ បិន យៀង រអិល​ជើង​ដួល​នៅក្នុង​បន្ទប់ទឹក ហើយ​ថា ស្ត្រី​នោះ​បាន​ស្លាប់​នៅ​ថ្ងៃ​ដដែល ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

លិខិត​តុលាការ​ដដែល អះអាង​ថា៖ «ជន​ជាប់ឃុំ ឈ្មោះ បិន យៀង បាន​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​កាយ​សម្ពាធ​ឈាម​បុក​ឡើង​ខ្លាំង ធ្វើឱ្យដាច់​សរសៃឈាម​ក្នុង​ខួរក្បាល»។

ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោក​វេជ្ជបណ្ឌិត អ៊ុង រតនា ប្រាប់VODថា ស្ត្រី​នោះ​បាន​ស្លាប់​មុន​មកដល់​មន្ទីរពេទ្យ លោក​សន្និដ្ឋាន​ថា អាចម​កពី​បញ្ហា​គាំងបេះដូង។

លោក អ៊ុង រតនា ប្រាប់​ថា៖ «គាត់​អាច​ស្លាប់​មុន​មកដល់​មន្ទីរពេទ្យ ដោយសារ​គាំងបេះដូង​តែម្តង។ ហ្នឹងហើយ!​ គ្រាន់តែ​អាច​ទេ ព្រោះ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ហ្នឹង​យូរហើយ តាមដែល​សាកសួរ​គាត់​មុន​ហើ​តហេ​តុ ហើយ​គេ​មាន​លិខិតបញ្ជាក់​ពី​សុខភាព​ពី​ពន្ធនាគារ​ទៀត»។

លោក​ អ៊ុង រតនា អះអាង​ទៀត​ថា តាម​ប្រវត្តិ​ស្ត្រី​ដែល​បាន​ស្លាប់ គឺគាត់​មាន​ជំងឺ​ទឹកនោមផ្អែម​ជាង ១០ឆ្នាំ​មក​ហើយ មុន​ត្រូវ​បាន​ចាប់ខ្លួន​ទៅទៀត។ លោក​ថា តាម​ការ​ធ្វើ​កោសលវិច័យ សាកសព​គ្មាន​ស្នាម​ជាំ​ទេ។

លោក ឆេង ហួ ដែល​អះអាង​ថា ត្រូវ​ជា​ប្តី​របស់​ស្ត្រី​រូប​នោះ បាន​និយាយ​ដែរ​ថា ប្រពន្ធ​គាត់​មុន​មន្ត្រី​បរិស្ថាន​ចាប់ខ្លួន គាត់​យក​ម៉ូតូ ១គ្រឿង ស៊េរី០១៧ (កម្លាំង ១២៥CC) ទៅ​ដូរ​ដី​ទំហំ ៥ហិកតា ពី​ជនជាតិ​ដើម​ភាគតិច​ម្នាក់​នៅ​តំបន់​នោះ។

បុរស​ជា​ប្តី​សព​ស្ត្រី​រូប​នេះ អះអាង​ទៀត​ថា ក្រោយ​ប្រពន្ធ​ត្រូវ​ចាប់ខ្លួន ដី៥ហិ​កតា​នោះ​ក៏​អត់​បាន ម៉ូតូ​ក៏​អស់ ប្រពន្ធ​ក៏​ស្លាប់​ទៀត។

លោក ឆេង ហួ អះអាង​ថា បើ​មាន​គេ​ជួយ​ដោយ​មិន​គិត​ប្រាក់ គាត់​នឹង​ដាក់ពាក្យ​ប្តឹង ដើម្បី​បាន​លុយ ៤ពាន់​ដុល្លារ​នោះមក​វិញ។

លោក ឆេង ហួ ប្រាប់​ថា៖ «ខ្ញុំ​ចង់បាន​រកលុយ​វិញ​ហ្នឹងហើយ កំពុង​អត់ ប៉ុន្តែ ខ្ញុំ​មិនដឹង​ពឹង​នរណា​ដើម្បី​ដាក់ពាក្យ​ប្តឹង​នេះ។ ខ្ញុំ​កំពុង​មក​កន្លែង​សាកសព​ [រៀបចំ​ធ្វើបុណ្យ ៧ថ្ងៃ​]»។

VOD មិន​អាច​ទាក់ទង​បុរស​ឈ្មោះ ថាត ដែល​រង​ការចោទប្រកាន់​នោះ​បានទេ ដោយ​ទូរសព្ទ​របស់​លោក​ តេ​ចូល​ច្រើនដង ប៉ុន្តែ គ្មាន​នរណា​ទទួល​នោះ​ឡើយ។

បើ​តាម​ក្រុម​គ្រួសារ​សព បុរស​ឈ្មោះ ថាត ដែល​យក​លុយ ៤ពាន់​ដុល្លារ​ធានា​រត់ការ​ដោះលែង​ម្តាយ​ខ្លួន​ពី​ពន្ធនាគារ​នេះ ឈប់​ទាក់ទង​មក​ខ្លួន​ជាង ១០ថ្ងៃហើយ ក្រោយពី​ដឹង​ថា ពួក​គេ​ទៅ​ពឹង​មេធាវី​ឱ្យជួយ​រត់ការ​ជំនួស​វិញ ប៉ុន្តែ ថា ពួក​គេ​បាន​ថត​សំឡេង​បុរស​ឈ្មោះ ថាត នោះ ពេល​ទូរសព្ទ​មក​ទារ​លុយ​ថែម​ដើម្បី​រត់ការ។

សំឡេង​អ្នកធានា​រត់ការ​ឈ្មោះ ថា​ត៖ «បង​មិនបាន​ចំណេញ​អី ១០០ខ្មែរទេ។ គ្រាន់តែ​លុយ​ចាក់​ប្រេង​ឡាន​ឱ្យបង​គ្មាន​ដែរ ចប់​បាត់​ហើយ។ បង​មិន​ទាមទារ​ពីរបី​លាន បួនទៅប្រាំលាន​យក​មក​ទុក​ខ្លួនឯង​ណា! ការងារ​របស់​យើង គ្រាន់តែ​ប្រេង​ចាក់​ឡាន យើង​អត់​ឱ្យគេ​ដែរ​ ចប់​បាត់​ហើយ គេ​មានអី​រត់ការ។ គេ​ចាំ​មើលតែ​បង​តើ!»

លោក ស្រ៊ុ​ន ហ៊ុល ឱ្យដឹង​ដែរ​ថា មួយ​សប្ដាហ៍​មុន​ម្តាយ​លោក​ស្លាប់ គាត់​បាន​ទៅ​ពឹង​មេធាវី​ម្នាក់​ដែល​លោក​ស្គាល់​ត្រឹម​ឈ្មោះ នី។ លោក ហ៊ុល ប្រាប់​បន្ថែម​ថា បុរស​ឈ្មោះ នី ដែល​អះអាង​ប្រាប់​ថា​ជា​មេធាវី​នោះ បាន​ទារប្រាក់​ពី​លោក ៨លាន​រៀល។ ប៉ុន្តែ លោក ហ៊ុន ប្រាប់​ថា នៅ​ថ្ងៃ​ម្តាយ​ស្លាប់ មេធាវី​រូប​នោះ​បាន​ប្រគល់​លុយ ៦លាន​រៀល​មកវិញ ដោយ​ថា លុយ ២លាន ​បាន​រត់ការ​អស់។ លោក​ថា មេធាវី​រូប​នេះ​បាន​ចូល​បុណ្យ​សព ២៥ម៉ឺន​រៀល។

វី​អូ​ឌី​បាន​ស្វែងរក​ការ​បកស្រាយ​ពី​មេធាវី​ឈ្មោះ នី ផង​ដែរ​នៅ​ថ្ងៃនេះ ប៉ុន្តែ ទូរសព្ទ​របស់​លោក​គ្មាន​នរណា​ទទួល​នោះ​ឡើយ។

អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នគរបាល​ស្រុក​លំផាត់ លោក នៅ សារ៉ាយ អះអាង​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ទេ តែថា សមត្ថកិច្ច​នឹង​សហការ បើ​មាន​ពាក្យ​បណ្តឹង។

អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា ​ប្រាប់VODកាលពី​ថ្ងៃសុក្រ​ថា ក្រសួងមហាផ្ទៃ​នឹង​បើក​ការស៊ើបអង្កេត​ករណីនេះ​ បើ​មាន​ពាក្យ​បណ្តឹង​ពី​ក្រុម​គ្រួសារ​សព។

លោក នុត សវនា ប្រាប់​ថា៖ «យើង​ធ្វើជា​ផ្លូវការ​បាន​ សូម​ដាក់​គោរព​ជូន​មកស​ម្ដេច​ក្រឡាហោម​មក ហើយ​ដាក់​ព័ត៌មាន​ឱ្យច្បាស់​មក​ថា មាន​ករណី​វាយដំ ឬក៏​ជំរិត​ទារប្រាក់​ពី​ឈ្មោះ​អី ធ្វើ​នៅ​ថ្ងៃណាអី​ ឱ្យភ្ជាប់​ជាមួយ​មក។ សម្ដេចលោក​ពិនិត្យមើល​ សម្រេច​ប្រគល់​ភារកិច្ច​ឱ្យជំនាញ​មួយ​ណា គេ​ធ្វើតាម​ហ្នឹង​ទៀត»។

មន្ត្រី​សម្របសម្រួល​សមា​គម​អាដ​ហុក​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ខេត្តរតនគិរី លោក ឌិន ខន្នី និយាយ​ថា អាដ​ហុក​នឹង​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់ និង​មាន​មេធាវី​ជួយការ​ពារ​ក្តី​ដោយ​ឥតគិតថ្លៃ បើ​មានការ​ស្នើសុំ​ជំនួយ​ពី​ក្រុម​គ្រួសារ​សព។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ ហៅ​ការ​បកស្រាយ​របស់​តុលាការខេត្ត​រតនគិរី ពី​ករណី​ស្លាប់​ស្រ្តី​មាន​ជម្លោះដីធ្លី បិន យៀង នេះ គ្រាន់តែ​ជា​ជ្រុង​មួយ​ប៉ុណ្ណោះ។

លោក ឌិន ខន្នី ប្រាប់​ថា៖ «ព័ត៌មាន​ចេញ​មក​តែ​ម្ខាង​ គ្មាន​ភាគី​ដទៃ​ចូលរួម អាហ្នឹង​យើង​ពិបាក​សន្និដ្ឋាន​ថា​ វា​ពិត ឬមិន​ពិត ហើយ​យើង​មើលទៅ ​សូម្បីតែ​ដង្ហើម​របស់​គាត់​គ្មាន​នរណា​ម្នាក់​ទាន់។ អីចឹង ​សូម្បីតែ​កូន​របស់​គាត់​អត់​ទាន់​ផង យើង​អ្នកក្រៅ​ធ្វើ​ម៉េ​ចដឹង​ថា ​ពិត​មិន​ពិត»។

លោក ឌិន ខន្នី ផ្តល់​ជា​យោបល់​ថា ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​សព និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​អំពើពុករលួយ​ក្នុង​សង្គម ត្រូវ​មាន​កា​រស៊ើប​អង្កេត​ដ៏​ជាក់លាក់​មួយ មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម ទើប​អាច​រក​ឃើញ​ការ​ស្លាប់​ស្ត្រី​នោះ​វា​កើតឡើង​យ៉ាងម៉េច ហើយ​លុយ ៤ពាន់​ដុល្លារ​នោះ ពាក់ព័ន្ធ​មន្ត្រី​ណាខ្លះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ