នគរ​បាល​​ចរា​ចរណ៍​​ខេត្ត​កំពង់ធំ​​ត្រូវ​​បញ្ចប់​​មុខ​តំណែង​​បន្ទាប់​ពី​​បើក​បរ​​ទាំង​​ស្រវឹង​​

លោក រុំ សុវិជ្ជា នាយ​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ។ (ប្រសាសន៍ អ៊ំខេង Page)

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក ស ខេង សម្រេច​បញ្ចប់​មុខតំណែង​លោក រុំ សុវិជ្ជា នាយ​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ បន្ទាប់ពី​មន្ត្រី​នគរបាល​រូប​នេះ បាន​បើកបរ​ទាំង​ស្ថានភាព​ស្រវឹង​ បង្ក​គ្រោះថ្នាក់​បណ្តាល​ឱ្យ​ខូច​ទ្រព្យសម្បត្តិសាធារណៈ។

កាលពី​ម៉ោងជាង ៩យប់​ ថ្ងៃទី១៥ ខែឧសភា នាយ​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បាន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង បណ្ដាល​ឱ្យ​បុក​រនាំង​បរិវេណ​រូបសំណាក​លោកតា​អាចារ្យ លាក់ និង​បាន​ស្រែក​ជេរប្រមាថ​អភិបាលខេត្ត​កំពង់ធំ​ លោក សុខ លូ នៅ​ទីតាំង​កើតហេតុ​ថា មិន​មាន​ដាក់ភ្លើង​បំភ្លឺ និង​ដាក់​ចំណាំងផ្លាត​តាម​ដងផ្លូវ​ទើប​បណ្តាល​ឱ្យ​ខ្លួន​ជួប​គ្រោះថ្នាក់​បែបនេះ។

ក្នុង​ប្រកាស​ស្តី​ពី​ការអនុវត្ត​វិន័យ​មន្ត្រី​នគរបាល​ជាតិ គឺ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក ស ខេង សម្រេច​បញ្ចប់​មុខតំណែង​លោក រុំ សុវិជ្ជា នាយ​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដោយ​តម្រូវឱ្យមន្ត្រី​នគរបាល​រូប​នេះ​មក​បង្ហាញមុខ​នៅ​នាយកដ្ឋាន​បុគ្គលិក​រៀងរាល់​ម៉ោង​ធ្វើការ ​រហូត​មានការ​សម្រេច​ជាថ្មី។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ប្រាប់​វី​អូ​ឌី​បន្ថែម​ថា ដំណាក់កាល​នេះ គឺ​ក្រសួងមហាផ្ទៃ​អនុវត្ត​បាន​ត្រឹមតែ​បញ្ចប់​មុខតំណែង​សិន​ប៉ុណ្ណោះ ដោយ​ពុំ​ទាន់​មានការ​ដាក់ទោស​អ្វី​ផ្សេង​នៅឡើយ​ទេ។ 

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​រូប​នេះ​ បញ្ជាក់​ថា ការ​ដាក់ទោស​ទណ្ឌផ្សេងទៀត​នោះ ​គឺ ខាង​ជំនាញ​ផ្សេង​កំពុងធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត។

លោក​បន្ថែម​ថា៖ «ដូច​ខ្ញុំ​ប្រាប់​អ៊ីចឹង សំខាន់​គេ​ស្រាវជ្រាវ​សិន ហើយ​អូន​ឯង​ម៉េចចង់​ឱ្យគេ​យក​គាត់​ទៅ​បាញ់​ចោល​ហ្មង ឬម៉េច។ ឥលូវ​នេះ ​ក្រសួង​សម្រេច​ដាក់ឱ្យគាត់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ហើយ។ ដក​តំណែង​ចេញ​ហើយ។ ហើយ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ហើយ»។

ប្រធាន​វិទ្យាស្ថាន​សុវត្ថិ​ភាពចរាចរណ៍​ លោក គង់ រតនៈ មានប្រសាសន៍​ថា ករណី​ក្រសួងមហាផ្ទៃ​បញ្ចប់​តំណែងលោក រុំ សុវិជ្ជា វា​ជា​រឿង​មួយ ប៉ុន្តែ​ លោក​ក៏​ស្នើ​ឱ្យមានការ​អនុវត្ត​ទោស​ទៅតាមច្បាប់​ផង​ដែរ ដើម្បី​បង្ហាញ​ពី​តម្លាភាពនៃ​ការអនុវត្ត​ច្បាប់​រវាង​ប្រជាពលរដ្ឋ និង​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​បាន​ប្រព្រឹត្ត​កំហុស។

លោក​បន្ថែម​ថា៖ «យើង​ឃើញ​ហើយ ​បញ្ញត្តិក្នុង​ច្បាប់​ចរាចរណ៍​ទាក់​ទង​ជាមួយ​ករណី​ស្រវឹង ប្រសិនជា​ការវាស់វែង​ទៅ ឃើញ​កម្រិតជាតិ​ស្រវឹង​របស់​គាត់​លើស​ពី ០,៣៩ មានន័យថា ចាប់ពី ០,៤០ទៅ​ក្នុង​មួយ​លីត្រ​ខ្យល់​ហ្នឹង គឺ​គាត់​ត្រូវ​ប្រឈម​ជាមួយនឹង​ការ​ពិន័យ​ជា​ប្រាក់ និង​ការ​ជាប់ពន្ធ​នាគារ​ជាដើម។ អីចឹង​ សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​ឃើញ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ទាក់​ទងជាមួយ​ច្បាប់​ដែល​គាត់​បា​នប​ញ្ញត្តិថ្មី​ហ្នឹង ប៉ុន្តែ​ បើ​គាត់​អត់​ធ្វើ​ទេ​ ប្រជាពលរដ្ឋ​ច្បាស់ជា​យល់ថា​រដ្ឋាភិបាល​លំអៀង​ក្នុង​ការអនុវត្ត​ច្បាប់»។

ក្នុង​មាត្រា១០ថ្មី នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចែង​ថា បុគ្គល​ទាំងឡាយ​ណា​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ដែល​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី ០,៤០មី​លី​ក្រាមក្នុង​មួយ​លី​ត្រខ្យល់ ឬចាប់​ពី ០,៨០ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើង​ទៅ ត្រូវ​ផា​កពិន័យ​ចាប់ពី​មួយ​លាន​រៀល​ដល់​បួន​លាន​រៀន។

ក្នុងករណី​ជនល្មើស​ធ្លាប់​ទទួលរង​ការ​ផាកពិន័យ​រួច​ម្តង​ហើយ ប៉ុន្តែ​ នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើស​នេះ​ទៀត​ក្នុងរយៈពេល ៦ខែ ចាប់​គិត​ពី​ការ​ពិន័យ​លើក​មុន គឺ​ត្រូវ​បញ្ជូន​ទៅសាលាដំបូង ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជាធរមាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ