សកម្មជន គង់ រ៉ៃយ៉ា មិន​រំពឹង​ទទួល​បាន​យុត្តិធម៌​ក្នុង​សំណុំ​រឿង​បោះ​ពុម្ព​អាវ​យឺត​ភ្ជាប់​រូបថត​លោក កែម ឡី

យុវជន គង់ រ៉ៃយ៉ា ចេញពីសាលាកំពូល ត្រឡប់ទៅកាន់ ពន្ធនាគារព្រៃសវិញ បន្ទាប់ពីសាវនាការ ២៨ តុលា ២០១៩។ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

យុវជន​ គង់ រ៉ៃយ៉ា ដែល​ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​ដល់​ទៅ ៤​ឆ្នាំ​ក្រោម​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ពុម្ព​អាវ​យឺត​មាន​រូបថត​អ្នកវិភាគ​ លោក កែម ឡី និង​សម្ដី​របស់​លោក​នោះ​ និយាយ​ថា រូប​គេ​មិន​រំពឹង​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ នៅ​ពេល​សាល​ក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ខែ​ក្រោយ​នេះ។

លោក សំ សុខគង់ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក គង់ រ៉ៃយ៉ា បាន​ប្រាប់​ថា ចៅក្រម​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា បាន​បិទ​បញ្ចប់​សវនការ​សំណុំ​រឿង​ចោទ​ប្រកាន់​លោក រ៉ៃយ៉ា នៅ​ថ្ងៃ​ពុធ​នេះ ប៉ុន្តែ សកម្មជន​រូប​នេះ ពុំ​មាន​វត្តមាន​នៅ​តុលាការ​នោះ​ឡើយ។

ក្នុង​សារ​តប​មក​កាន់​វីអូឌី​នៅ​ថ្ងៃ​ពុធ​នេះ លោក រ៉ៃយ៉ា ប្រាប់​ថា លោក​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ហើយ​មិន​អាច​ត្រឡប់​មក​កម្ពុជា​ទាន់​ពេល​សវនាការ​នោះ​ឡើយ ដោយសារ​តែ​ការ​បិទ​ព្រំដែន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​កូវីដ១៩។

សកម្មជន​រូប​នេះ​និយាយ​ថា លោក​មិន​មាន​សុទិដ្ឋិនិយម​ចំពោះ​សាល​ក្រម​ដែល​លើក​ពេល​ប្រកាស​នេះ​ទេ។

លោក រ៉ៃយ៉ា និយាយ​ថា​៖ «ខ្ញុំ​គិត​ថា នឹង​មិន​មាន​យុត្តិធម៌​សម្រាប់​ខ្ញុំ​ទេ ព្រោះ​​ករណី​នេះ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ ហើយ​[ការ​បោះ​ពុម្ព​អាវ​យឺត]​មិន​មែន​ល្មើស​នឹង​ច្បាប់​ព្រហ្ម​ទណ្ឌ​ទេ។ ប្រសិន​ស្ថានការណ៍​នយោបាយ​ល្អ​ប្រសើរ សំណុំ​រឿង​ខ្ញុំ​ក៏​អាច​ធូរ​ស្រាល​ផង​ដែរ ប៉ុន្តែ នយោបាយ​នៅ​កម្ពុជា​កាន់​តាន​តឹង សំណុំ​រឿង​ខ្ញុំ​ក៏​តាន​តឹង​ដែរ»

មេធាវី លោក សំ សុខគង់ ប្រាប់​ថា លោក រ៉ៃយ៉ា ត្រូវ​បាម​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៩ មួយ​ថ្ងៃ​មុន​ខួប ៣​ឆ្នាំ​នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី ហើយ​ក្រោយ​មក​សកម្មជន​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍» និង​​​ត្រូវ​បាន​ចោទ​ពី​បទ​​«ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម»។ បទ​ចោទ​ប្រកាន់​នេះ បាន​កើត​ឡើង​ក្រោយ​ពី​សកម្មជន​រូប​នេះ​បាន​ផ្សព្វផ្សាយ​លក់​អាវ​នៅ​លើ​អនឡាញ ដើម្បី​រំឭក​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​​ដ៏​លេច​ធ្លោ​។

លោក រ៉ៃយ៉ា ត្រូវ​បាន​កាត់​ទោស​ក្រោម​បទ​ចោទ​ប្រកាន់​ដូច​នេះ​ម្ដង​រួច​មក​ហើយ​នៅ​ក្នុង​សំណុំ​រឿង​ផ្សេង​មួយ​ទៀត​កាល​ពី​ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​ដាក់​ពន្ធនាគារ ១៨​ខែ ក្រោយ​ពី​អំពាវ​នាវ​ឱ្យ​មាន​«បដិវត្តន៍​ពណ៌»។ ប្រសិន​បើ​​ត្រូវ​បាន​កាត់​ទោស​នៅ​ក្រោម​បទ​ចោទ​ប្រកាន់​ដដែល​នេះ​ជា​ថ្មី​ម្ដង​ទៀត សកម្មជន​រូប​នេះ​នឹង​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​ដល់​ទៅ ៤​ឆ្នាំ ជា​កម្រិត​ខ្ពស់​បំផុត​សម្រាប់​បទ​ល្មើស​ញុះ​ញង់។

នៅ​ពេល​លោក រ៉ៃយ៉ា ត្រូវ​បាន​ដោះ​លែង​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ប្រាប់​វីអូឌី​ថា សកម្មជន​រូប​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ មិន​អាច​ផ្លាស់​ប្ដូរ​អាសយដ្ឋាន​លុះត្រា​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ ឬ​ក៏​មិន​អាច​បង្ហោះ​សារ​អ្វី​នៅ​លើ​បណ្ដាញ​សង្គម​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ទៅ​លើ​គាត់​បាន​ឡើយ។

លោក សុខគង់ បាន​ប្រាប់​នៅ​ពេល​នោះ​ថា សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្ដី​លោក ត្រូវ​បាន​តុលាការ​បដិសេធ​កាល​ពី​មុន ប៉ុន្តែ ក្រោយ​មក​ត្រូវ​បាន​តុលាការ​យល់​ព្រម​ដោយសារ​បញ្ហា​សុខភាព​របស់​គាត់ ហើយ​ដោយសារ​គាត់​ជា​និស្សិត​ ត្រូវ​មើល​ថែ​គ្រួសារ និង​សន្យា​បង្ហាញ​ខ្លួន​នៅ​ពេល​តុលាការ​កោះ​ហៅ។

លោក សុខគង់ ប្រាប់​ថា​៖ «គាត់​សន្យា​នឹង​ចៅក្រម​ថា គាត់​មិន​រត់​គេច​ទេ ហើយ​គាត់​សន្យា​បង្ហាញ​ខ្លួន​គ្រប់​ពេល​ដែល​ចៅក្រម​ចង់​ឱ្យ​គាត់​បង្ហាញ​ខ្លួន​នៅ​តុលាការ»

លោក សុខគង់ ប្រាប់​ថា កាល​បរិច្ឆេទ​ជំនុំ​ជម្រះ​សំណុំ​រឿង​កូន​ក្ដី​របស់​លោក ដំបូង​ឡើយ​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​ធ្នូ​កន្លង​មក ប៉ុន្តែ ត្រូវ​បាន​លើក​ពេល​ទៅ​វិញ ដោយសារ​លោក រ៉ៃយ៉ា និង​សាក្សី​អវត្តមាន។ បើ​តាម​លោក សុខគង់ លោក រ៉ៃយ៉ា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នា​ពេល​នោះ​ថា លោក​ឈឺ។

មេធាវី​បាន​និយាយ​ថា លោក រ៉ៃយ៉ា បាន​ចាក​ចេញ​ពី​កម្ពុជា​មិន​យូរ​ទេ​ក្រោយ​ពី​លោក​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ លោក​មិន​អាច​បញ្ជាក់​ពេល​ជាក់​លាស់​បាន​ឡើយ។

លោក សុខគង់ បន្ថែម​ថា កូន​ក្ដី​របស់​លោក​មិន​មាន​បំណង​ញុះ​ញង់​ពលរដ្ឋ​ជាមួយ​នឹង​អាវ​យឺត​នោះ​ឡើយ ដោយ​ថា វា​ជា​សកម្មភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ ហើយ​ក៏​ជា​ឱកាស​ធ្វើ​ការ​រក​ស៊ី​ផង​ដែរ។

មេធាវី​បញ្ជាក់​ថា កូន​ក្ដី​របស់​លោក​គ្រាន់​តែ​ចង់​រំឭក​ការ​ចង​ចាំ​អ្នក​វិភាគ​នយោបាយ​ក្នុង​ផ្លូវ​វិជ្ជា​មាន​ប៉ុណ្ណោះ ហើយ​តុលាការ ឬ​នរណា​ម្នាក់ មិន​អាច​ទៅ​យល់​ន័យ​ដើម​នៃ​ពាក្យ​សម្ដី​លោក កែម ឡី ដែល​បោះ​ពុម្ព​នៅ​លើ​អាវ​យឺត​នោះ​ឡើយ។

រូបថត​លោក កែម ឡី ត្រូវ​បាន​បោះ​ពុម្ព​ស​ខ្មៅ​នៅលើ​អាវ​យឺត​​ផ្នែក​ខាង​មុខ ហើយ​នៅ​ផ្នែក​ខាង​ក្រោយ​មាន​សម្រង់​សម្ដី​លោក​ដែល​សរសេរ​ថា​ «ប្រសិន​បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ អ្នក​នឹង​រង​គ្រោះ គ្រាន់​តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ»។

លោក សុខគង់ និយាយ​ថា ការពិត​នៃ​ករណី​នេះ និង​ការ​ចោទ​ប្រកាន់ មិន​ស៊ី​សង្វាក់​គ្នា​សោះ ដោយសារ​ភស្តុតាង​ផ្អែក​លើ​ខ្លឹមសារ​សម្ដី​របស់​លោក កែម ឡី ដែល​មិន​ដឹង​ថា មាន​ន័យ​អ្វី​ច្បាស់​លាស់​នោះ​ឡើយ។

មេធាវី​ប្រាប់​ថា​៖ «សម្រាប់​ខ្លឹមសារ​នៅ​លើ​អាវ បណ្ឌិត​ កែម ឡី អាច​មាន​ន័យ​អ្វី​ផ្សេង​ខុស​ពី​ហ្នឹង។ អ៊ីចឹង​ហើយ វា​អាច​មាន​ន័យ​វិជ្ជមាន ឬ​អាច​មាន​ន័យ​អហិង្សា»

នៅ​ពេល​សាក​សួរ​ថា តើ​លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ឬ​យ៉ាង​ណា​នោះ លោក រ៉ៃយ៉ា ប្រាប់​ថា៖ «ខ្ញុំ​ត្រូវ​រង់ចាំ​មើល​សិន​ថា តើ​ថៃ និង​កម្ពុជា​បើក​ច្រក​ព្រំដែន​​វិញ​ឬ​យ៉ាងណា ហើយ​ខ្ញុំ​ក៏​ត្រូវ​រង់ចាំ​មើល​​ថា តើ​សាលក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ រក​ឃើញ​ថា​ ខ្ញុំ​មាន​កំហុស ឬ​ក៏​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ»។

សាល​ក្រម​នៃ​សំណុំ​រឿង​នេះ នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា​ខាង​មុខ៕

អត្ថបទ​នេះ​ត្រូវ​បាន​ប្រែ​សម្រួល​ដោយ លោក វ៉ា សុភានុត ពី​អត្ថបទ​ដើម​នៅ​លើ VOD English
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ