អតីត​​បុគ្គលិក​​សណ្ឋា​គារ​ The Great Duke ​បន្ត​​ធ្វើ​បាតុកម្ម​​ទាម​ទារ​​ឱ្យ​ថៅកែ​​ទូទាត់​ប្រាក់​​អត្ថ​​ប្រយោជន៍​​ផ្សេង​ៗ​

អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke ​ជិត ១០០នាក់ ​ប្រមូល​ផ្តុំ​តវ៉ា​នៅមុខ​សណ្ឋាគារ ទាមទារ​ឱ្យ​ពន្លឿន​ការទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករសរុប​​ជាង ១៥០នាក់ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ (ណាត សុភាព)

តំណាង​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke នាំគ្នា​ជិត ១០០នាក់ ​ប្រមូល​ផ្តុំ​តវ៉ា​នៅមុខ​សណ្ឋាគារ ទាមទារ​ឱ្យ​ពន្លឿន​ការទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ​ជាង ១៥០នាក់ ដើម្បី​បញ្ចប់​ជម្លោះ។

កាលពី​ថ្ងៃទី២០ ខែកុម្ភៈ​ក្នុង​ឆ្នាំនេះ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បាន​ចេញ​សេចក្តី​សម្រេច​តម្រូវ​ឱ្យ​ថៅកែ​សណ្ឋាគារ​ទូទាត់ប្រាក់​សំណង​ចំនួន ៣ចំណុច ទៅតាម​ការ​ទាមទារ​របស់​អតីត​បុគ្គលិក​សណ្ឋាគារ​នេះ ដែល​សេចក្ដីសម្រេច​នេះ មិន​ត្រូវ​បាន​ភាគី​ថៅកែ​អនុវត្ត​តាម​នោះ​ឡើយ​រហូតមកដល់​ថ្ងៃនេះ។

ក្រុម​អតីត​បុគ្គលិក​សណ្ឋាគារ បាន​ប្រមូលផ្ដុំ​តវ៉ា​ជាច្រើនលើក​រួចមក​ហើយ ហើយក៏​បាន​នាំ​យក​ញ្ញ​ត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​នានា​របស់​រដ្ឋ​ ដូចជា ក្រសួងការងារ ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ផង​ដែរ ដើម្បី​ទាមទារ​ឱ្យ​ភាគី​ថៅកែ​សណ្ឋាគារ​អនុវត្ត​តាម​សេចក្ដីបង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រចាំ​នៅ​សណ្ឋាគារ The Great Duke លោក ទូច កុសល និយាយ​ថា ពួក​គេ​មិន​ចង់​នាំគ្នា​ប្រមូល​ផ្តុំ​តវ៉ា​នៅមុខ​សណ្ឋាគារ​នោះ​ទេ ប៉ុន្តែ លោក​ស្នើ​ទៅ​ម្ចាស់​សណ្ឋាគារ​ពន្លឿន​ដោះស្រាយ​ជូន​ពួក​គេ​ឱ្យបាន​ឆាប់ ដើម្បី​បញ្ចប់​ជម្លោះ។

លោក​មានប្រសាសន៍​ថា៖ «គាត់​មិនមែន​ចង់​មក​តវ៉ា​ឱ្យល្បី​នៅក្នុង​សារព័ត៌មាន​ទេ គាត់​ចង់បាន​លុយ បាន​លុយ​ហើយ​គាត់​ឈប់​ហើយ ខ្ញុំ​សុំ​អំពាវនាវ​ថា បើសិន​ចង់​បញ្ចប់​ភាព​រញ៉េរញ៉ៃ ក្រុមហ៊ុន​គួរតែ​ទូទាត់​ មាន​ចេត​នា មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ហ្នឹង ទូទាត់​សំណង​ឱ្យកម្មករ​ វាចប់ហើយ»។

តំណាង​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke អ្នកនាង ឆោម សម្ផស្ស ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ជាង ៥ខែ​ហើយដែល​ម្ចាស់​សណ្ឋាគារ​មិនព្រម​ទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ​ជាង ១៥០នាក់។ ករណីនេះ ពួក​គេ​នាំគ្នា​តវ៉ា​នៅមុខ​សណ្ឋាគារ ដើម្បី​ទាមទារ​ឱ្យថៅកែ​ពន្លឿន​ការ​ទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ​ឱ្យបាន​ឆាប់ ខណៈ​ពួក​គេ​អះអាង​ថា បច្ចុប្បន្ន​នេះ កំពុង​ជួប​បញ្ហា​ប្រឈម​នឹង​ជីវភាព​គ្រួសារ។

អ្នកនាង ឆោម សម្ផស្ស និយាយ​ថា៖ «និយាយទៅ​ បើសិនជា​គាត់​ [ម្ចាស់​សណ្ឋាគារ​] មិន​ចេញ​មក​ដោះស្រាយ​ឱ្យសំណង​ដល់​ពួក​ខ្ញុំ​ទេ គឺទី​មួយ​ យើង​បង់​ធនាគារ ដូច​ខ្ញុំ​ជួលផ្ទះ​គេ ថ្លៃ​ទឹក ភ្លើង ញ៉ាំអី ការ​ចំណាយ​រាល់ថ្ងៃ វា​ប៉ះ​បាល់​ខ្លាំង»។

វី​អូ​ឌី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក លី តៃ​សេង និង​មេធាវី ២រូប​ទៀត​ដែល​ជា​មេធា​វីតំណាង​ភាគី​ថៅកែ​សណ្ឋាគារ The Great Duke បានទេ​នៅ​រសៀល​ថ្ងៃនេះ។ 

អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ បាន​ថ្លែងប្រាប់​អតីត​បុគ្គលិក​ទាំងនោះ​ថា នឹង​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គេ​នៅ​សប្តាហ៍​ក្រោយនេះ។

លោក ហេង សួរ មានប្រសាសន៍​ថា៖ «យើង​បាន​ជម្រាប​តាំងពី​ព្រឹក​មក​ថា សុំ​បងប្អូន​រំសាយ​ទៅ ដោយសារតែ​ក្រសួង​នឹង​ខិតខំ​រក​ថវិកា ដើម្បី​ដោះស្រាយ​ជូន​ [អតីត​បុគ្គលិក​ជាង ១៥០នាក់​] មុន ហើយនឹង​ធ្វើការងារ​ជាមួយ​ម្ចាស់​សណ្ឋាគារ​តាម​ក្រោយ ហើយ​ពេលវេលា​យើង​ព្យាយាម​ដោះស្រាយ​ធ្វើ​ម៉េច​ទូទាត់​ជូន​បងប្អូន​នៅ​សប្តាហ៍​ក្រោយ»។

ក្រោយ​លោក ហេង សួរ បាន​ថ្លែង​សន្យា​បែបនេះ ក្រុម​អតីត​បុគ្គលិក​សណ្ឋាគារ​បានសម្រេច​រំសាយ​ការ​តវ៉ា ហើយ​លោក កុសល ប្រាប់​ថា សហជីព​រង់ចាំ​ដំណោះស្រាយ​ពី​ខាង​ក្រសួង​នៅ​សប្ដាហ៍​ក្រោយ​សិន មុននឹង​សម្រេច​ថា ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ ឬយ៉ាងណា​នោះ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់​ត្រា​ល់​) លោក មឿន តុលា មានប្រសាសន៍​ថា លោក​គាំ​ទ្រការសន្យា​របស់​លោក ហេង សួរ ចំពោះមុខ​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke ប៉ុន្តែ លោក​ថា បើ​ក្រសួង​មិន​ដោះស្រាយ​តាម​ការសន្យា​ទេ នឹង​ធ្វើឱ្យ​ពួក​គេ​អស់ជំនឿ​លើ​ក្រសួង​ផង​ដែរ។

លោក មឿន តុលា ប្រាប់​ថា៖ «បើសិនជា​ក្រសួង​សន្យា​ហើយ យើង​រង់ចាំ​មើល​ ថា​តើ​នឹង​មាន​ដំណោះស្រាយ​ក្នុង​មួយ​សប្តាហ៍​ទៀត​អត់ បើសិន​អត់ទេ​ វា​អាច​ធ្វើឱ្យ​អ្វី​ដែល​ជា​ការសន្យា​របស់ក្រ​សួង​ វា​សាប​រលាប សម្រាប់កម្មករ ឬសម្រាប់បុគ្គលិក​និយោជិត»។

ក្នុង​ការឆ្លើយតប​នឹង​សំណួរ​វី​អូ​ឌីកា​លពី​ថ្ងៃម្សិលមិញ​នេះ មេធាវី​តំណាង​ឱ្យ​ថៅកែ​សណ្ឋាគារ The Great Duke លោក លី តៃ​សេង បាន​ប្រាប់​ថា សណ្ឋាគារ​នេះ បាន​បិទទ្វារ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន ក្រោយពី​រកចំណូល​មិនបាន​ដោយសារតែ​វិបត្តិ​កូ​វីដ១៩។

ទោះជាយ៉ាងណា សណ្ឋាគារ The Great Duke ឬអតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណង់​តាល់ (InterContinental​) បាន​ប្រកាស​បិទ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​កាលពី​ថ្ងៃទី៣១ ខែធ្នូ កាលពី​ឆ្នាំមុន បន្ទាប់ពី​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​អស់​រយៈពេល ២៣ឆ្នាំ។ ការប្រកាស​បិទ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​សណ្ឋាគារ​នេះ បាន​កើតឡើង​មុន​ប្រទេស​កម្ពុជា​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដំបូង​នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ