ស្ថាន​ទូត​​កម្ពុជា​​នៅ​​ម៉ាឡេ​ស៊ី​​ប្រាប់​​ទៅ​​ពលរដ្ឋ​​ឱ្យ​​រក​​លិខិត​បញ្ជាក់​​សុខភាព​​មុន​​វិល​ត្រឡប់​​មក​​មាតុភូមិ​​

ពលរដ្ឋខ្មែរអង្គុយរងចាំនៅព្រលានយន្តហោះម៉ាឡេស៊ី ខណៈជើងយន្តហោះត្រលប់មកកម្ពុជាវិញ​ត្រូវបានបិទ កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ (Royal Embassy of Cambodia to Malaysia)

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ប្រាប់​ឱ្យ​ពលករ សិស្ស​-និស្សិត​ជាង ១០០នាក់ ឱ្យ​ស្វែងរក​ការ​បញ្ជាក់​សុខភាព​ពី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​ជាមុន មុននឹង​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិលត្រឡប់​មក​ប្រទេសកំណើត​វិញ។ 

ក្នុង​សេចក្ដីជូនដំណឹង​របស់​ខ្លួន​ចុះ​ថ្ងៃទី២១ ខែឧសភា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ប្រាប់​ទៅ​ពលករ​-ពល​ការិនី សិស្ស​-និស្សិត​ចំនួន ១៤៣នាក់ ដែល​ខក​ខានត្រឡប់​មក​កម្ពុជា​កាលពី​ថ្ងៃទី៧ ខែមេសា​កន្លងមក ហើយ​ពួក​គាត់​មាន​គោល​បំណង​ចង់​ត្រឡប់​មក​ប្រទេសកំណើត​វិញ​នោះ ត្រូវ​បញ្ជាក់​សុខភាពថា​គ្មាន​ជំងឺ​កូ​វីដ១៩ ពី​អាជ្ញាធរ​ម៉ាឡេស៊ី​ក្នុងរយៈពេល ៧២ម៉ោង​ជាមុន​សិន។

ស្ថានទូត​ថា ពលករ​-ពល​ការិនី សិស្ស​-និស្សិត ដែល​បាន​ត្រឡប់​មកដល់​កម្ពុជា ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​រង់ចាំ ដើម្បី​ធ្វើតេស្ត​បញ្ជាក់​រក​កូ​វីដ១៩ និង​រង់ចាំ​លទ្ធផល​ពី​មន្ទីរពិសោធន៍​ប៉ាស្ទ័រ។ ស្ថានទូត​ដដែល​ថា ប្រសិនបើ​ការ​ធ្វើតេស្ត​រក​មេរោគ​អវិជ្ជមាន​នោះ ពួក​គាត់​ទាំងអស់គ្នា​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ធ្វើ​ចត្តាឡីស័​ករយៈពេល ១៤ថ្ងៃ នៅ​តាម​ផ្ទះ​ៗរៀងខ្លួន ក្រោម​ការ​ត្រួតពិនិត្យ​ពីអាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សុខាភិបាល ដោយធ្វើ​តេ​ស្ត​ម្ដងទៀត​នៃ​ថ្ងៃទី១៣ នៃ​ការ​ធ្វើ​ចត្តាឡីស័​ក។ 

ស្ថានទូត​បញ្ជាក់​ថា បច្ចុប្បន្ន​ កម្ពុជា​បាន និង​កំពុង​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ដែល​មាន​គម្រោង​បើក​ជើងហោះហើរ​ឡើងវិញ​ ម៉ាឡេស៊ី​-កម្ពុជា នៅក្នុង​ខែកក្កដា​ខាងមុខនេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី៧ ខែមេសា បាន​ថ្លែង​ថា ការ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខែ្មរ​ចំនួន ១៥០នាក់ ចូល​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​នេះ ដោយ​លោក​បារម្ភ​ខ្លាច​អ្នក​ទាំងនោះ​មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩។ លោក ហ៊ុន សែន អំពាវនាវ​ទៅ​ពលរដ្ឋខ្មែរ​ទាំង ១៥០នាក់ បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​សិន ដើម្បី​ការពារ​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ពី​កូ​វីដ១៩។

និស្សិត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​ខកខាន​ក្នុង​ការ​ត្រឡប់​មក​កម្ពុជា លោក ស្លះ សា​ព្រី បាន​ប្រាប់​វី​អូ​ឌីតា​មឆាត​នៅ​ថ្ងៃនេះ​ថា លោក និង​អ្ន​កផ្សេង​ៗទៀត​បាន​ដាក់​លិខិតឆ្លងដែន សំបុត្រ​យន្តហោះ និង​លិខិតអនុញ្ញាត​ចេញ​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី ទៅ​ខាង​ស្ថានទូត​កម្ពុជា​ហើយ ដោយ​រង់ចាំ​តែ​ថ្ងៃ​ជូនដំណឹង​ឱ្យ​ពួក​គាត់​ពិនិត្យ និង​ថ្ងៃ​ត្រឡប់​មក​កម្ពុជា​វិញ​តែប៉ុណ្ណោះ។

លោក​បន្ត​ថា ពួក​គាត់​ទាំងអស់គ្នា​មិន​មាន​ប្រាក់​សម្រាប់​ចំណាយ​ថ្លៃ​ពិនិត្យ​សុខភាព​នោះ​ទេ ប៉ុន្តែ លោក​ថា ពួក​គាត់​បាន​ស្នើសុំ​ស្ថានទូត​ឱ្យ​ជួយ​ដោះស្រាយ​ចំពោះរឿងនេះ​រួចហើយ។

លោក ស្លះ សា​ព្រី ប្រាប់​ថា៖ «សំបុត្របញ្ជាក់​សុខភាព គឺ​ពួក​ខ្ញុំ​បាន​សុំ​ទៅ​ស្ថានទូត ឱ្យ​គាត់​ជួយ​ដោះស្រាយ​ឱ្យ​អ៊ីចឹង ព្រោះថា ពួក​យើង​មិនដឹង​ទៅ​ធ្វើ​កន្លែងណា​អ៊ីចឹង ហើយ​មិនដឹង​ធ្វើ​អស់​ប៉ុន្មាន ហើយ​មិន​មាន​លុយ​ទៀត។ អ៊ីចឹង ពួក​យើង​បាន​សុំរួចហើយ ហើយ​ស្ថានទូត​គេ​ថា ចាំ​ដោះស្រាយ​ឱ្យ គេ​ថា​អ៊ីចឹង។ រាល់ថ្ងៃ យើង​ចាំ​ចម្លើយ​ពី​ស្ថានទូត គាត់​ប្រាប់​ម៉េច ​យើង​ធ្វើ​អ៊ីចឹង»។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ (Central​) លោក ឃុន ថា​រ៉ូ ចាត់ទុក​ការ​ជួយ​អន្តរាគមន៍​ជា​រឿង​ល្អ ប៉ុន្តែ ប្រសិន​រដ្ឋាភិបាល​មិន​ជួយ​ចេញ​ថវិកា​លើ​ថ្លៃពិនិត្យ​សុខភាព និង​ថ្លៃ​សំបុត្រ​យន្តហោះ លោក​ថា ពួក​គាត់​នៅតែ​ជាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ដដែល ដោយសារ ពួក​គាត់​ម្នា​ក់ៗ​គ្មាន​ប្រាក់​នោះ​ទេ។

លោក ឃុន ថា​រ៉ូ ប្រាប់​ថា៖ «អ៊ីចឹង​ ករណី​ក្នុង​បន្ទុក​នៃ​ការ​ចំណាយ​សម្រាប់​ទទួល​បាន​នូវ​ការ​ត្រួតពិនិត្យ​សុខភាព ហើយនិង​បន្ទុក​នៃ​ការ​ចំណាយ​ទិញ​សំបុត្រ​យន្តហោះ​ទៀត​ហ្នឹង ខ្ញុំ​គិតថា កាន់តែ​បន្ថែម​បន្ទុក​ធ្ងន់ធ្ងរ​ដល់​ពួក​គាត់​ទៀត។ អ៊ីចឹង​ ដំណោះស្រាយ​ហ្នឹង គឺ​មានតែ​រាជរដ្ឋាភិបាល​ទេ ក្នុង​ការ​ជួយ​ដល់​ពួក​គាត់​ហ្នឹង»។

គិត​ចាប់ពី​ចុងខែ​មករា​មក កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​លើ​មនុស្ស​សរុប ១២២នាក់​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ មនុស្ស​សរុប ១២២នាក់ ក្រសួងសុខាភិបាល​ប្រកាស​ថា ព្យាបាល​ជាសះស្បើយ​អស់ហើយ។ 

ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានសម្រេច​បើក​ឱ្យ​ជនបរទេស​មក​ពី​ប្រទេស​អ៊ី​រ៉ុង អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បា​រំាង និង​អាមេរិក អាច​ធ្វើដំណើរ​ចូល​មក​កម្ពុជា​បាន​វិញ បន្ទាប់ពី​កម្ពុជា​រក​មិនឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មីទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ