ស៊ើប​អង្កេត​៖ ទារក​​ដែល​​បៅ​​ទឹក​ដោះ​គោ​​មួយ​​ប្រភេទ​​កើត​ជំងឺ​ស្លេក​ស្លាំង​​

ទារកឈ្មោះ ហារី កំពុងគេងសម្រាកព្យាបាលជំងឺស្លេកស្លាំងដោយខ្វះជាតិដែកធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកុមារជាតិថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។ (ផ្ដល់ឱ្យ)

ឪពុក​ម្តាយ​ដែល​ជាស​មា​ជិ​កក្នុង​ក្រុម ​(Group​) ​ហ្វេសប៊ុក​ឈ្មោះ​ ក្រុម​អ្នកម្តាយ​ឆ្លាតវៃ​ កាលពី​អំឡុង​ខែមេសា ខ្លះ​បាន​បង្ហោះ​រូប​កូន​ព្យួរសេរ៉ូម អ្នកខ្លះ​បាន​បង្ហោះ​រូប​កូន​យំ ខណៈ​អ្នកខ្លះ​ទៀត​បង្ហោះ​រូប​កូន​ឈឺធ្ងន់​រហូត​បញ្ចូល​ឈាម អម​ដោយសារ​រៀបរាប់​ពី​ស្ថានភាព​ជំងឺ​របស់​កូន។ សមាជិក​ក្រុមដែល​មិន​មានកូន​ឈឺ​ បាន​សរសេរ​សារ​បង្ហាញ​ក្ដី​អាណិតអាសូរ​ និង​ផ្តល់​យោបល់​លើកទឹកចិត្ត​ជាដើម។

ក្នុង​វ័យ​ជាង​ម្ភៃ​ឆ្នាំ និង​ជា​ម្ដាយ​លើកដំបូង​ផង​នោះ អ្នកស្រី ច័ន្ទ ផល្គុន បាន​សម្រាល​បានកូន​ប្រុស​ម្នាក់ កាលពី​ចុងខែ​មិថុនា ​ឆ្នាំ២០១៩ ដោយ​ដាក់ឈ្មោះ​ហៅក្រៅ​ថា ហារី។ អ្នកស្រី​ឱ្យ​ដឹង​ថា​ តាំងពី​កើតមក ហារី ជា​ក្មេង​ម្នាក់​ដែល​រួសរាយ​មិនសូវ​ចេះ​ធ្វើទុក្ខ​ម្ដាយ​ឪពុក​ទេ ហើយក៏​មិនដែល​ឈឺថ្កាត់​ដែរ។ ប៉ុន្តែ​ នៅពេល​ទារក ហារី អាយុ​បាន​ជាង​ប្រាំ​ខែ ​គឺ​អំឡុង​ខែធ្នូ​ ឆ្នាំ២០១៩ គ្រូពេទ្យ​រក​ឃើញថា ហារី មាន​ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ ។

ទារកឈ្មោះ ហារី កំពុងគេងសម្រាកព្យាបាលជំងឺស្លេកស្លាំងដោយខ្វះជាតិដែកធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកុមារជាតិថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។ (ផ្ដល់ឱ្យ)

អ្នកស្រី ច័ន្ទ ផល្គុន រៀបរាប់​ប្រាប់​វី​អូ​ឌី​ថា ៖ «ខ្ញុំ​យកកូន​ទៅពេទ្យ​ទៅ គ្រូពេទ្យ​ពិគ្រោះ​ហ្នឹង​គាត់​ទាញភ្នែក​វា​មើល​ផង​អី​ផង គាត់​ប្រាប់​ថា ​គ្រូ​អត់​ហ៊ាន​ឱ្យ​ថ្នាំ​ទេ ទៅ​ខាង​សង្គ្រោះ​បន្ទាន់​ទៅ។ ទៅដល់​កន្លែង​សង្គ្រោះ​បន្ទាន់​ គ្រូពេទ្យ​ឆ្លេឆ្លា​បណ្ដោយ​! បូមឈាម អត់មាន​ឈាម​បូម​ទេ ចាក់​តាំង​សព្វ​ដៃ​សងខាង ដល់​ជើង​ត្រង់​ជិត​ភ្នែក​គោ​នោះ​បាន​មាន​ឈាមយក​ទៅ​វិភាគ។ ដល់​លទ្ធផល​មក ពេទ្យ​ប្រាប់​ខ្ញុំ​ថា ​កូន​ម៉ាក់​ឈាមធ្លាក់​ខ្លាំង​ណាស់​ ពេទ្យ​ឱ្យ​បញ្ចូល​ឈាម ដល់​បញ្ចូល​ឈាម​រួច បន្តោង​សា​រ៉ូម​រួច​បាន​ធូរ កូន​ខ្ញុំ​ចេះ​ក្រឡាប់ ខ្ញុំ​ និង​ប្ដី​ខ្ញុំ​សឹង​អង្គុយ​យំ​ទល់មុខគ្នា»។

ម្ដាយ​ម្នាក់ទៀត​ជា​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ អ្នកស្រី ឌី ប៉ូល​ី​ន បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា កូន​គាត់​ខ្វះ​គ្រាប់​ឈាមក្រហម ​(ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​) ហើយ​ត្រូវ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បញ្ចូល​ឈាម​ភ្លាម​ៗដើម្បី​សង្គ្រោះ​បន្ទាន់។ អ្នកស្រី ប្រាប់​វី​អូ​ឌី​ថា​កូន​គាត់​ចេញពី​មន្ទីរពេទ្យ​រួចហើយ​កាលពី​ថ្ងៃទី០៩ ខែឧសភា​កន្លង​ទៅ​ថ្មី​ៗនេះ ​បន្ទាប់ពី​សម្រាក​ព្យាបាល​ជាច្រើន​ថ្ងៃ​រួចមក។

អ្នកស្រី ឌី ប៉ូល​ី​ន មានប្រសាសន៍​ថា៖ «អា​អូន​ឥលូវ​រាង​ស្រួល​ហើយ គ្រូពេទ្យ​ពិនិត្យ​ឃើញ​គ្រាន់បើ។ ពេទ្យ​ឱ្យ​ចេញ​ហើយ។»

លោក សៅ សីហា ជា​បិតា​របស់​ទារក​ដែល​ទើប​មាន​អាយុ​ជាង ៥ខែ។ លោករៀបរាប់​ថា នៅពេល​ដែល​លោក​យកកូន​ទៅ​ចាក់​វ៉ាក់សាំង គ្រូពេទ្យ​ស្នើ​ឱ្យធ្វើ​ការពិនិត្យ​ឈាម​រក​មេរោគ ព្រោះតែ​ឃើញ​អាការទារក​ស្លេកស្លាំង។ លោក​បន្ត​ថា​ លទ្ធផល​ឈាម​នៅ​ពេទ្យ​ឯកជន​បង្ហាញថា​ទារកខ្វះ​ជាតិ​ដែក ​និង​ខ្វះ​គ្រាប់​ឈាមក្រហម​ ដែល​ត្រូវ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។

លោក សៅ សីហា ប្រាប់​ថា៖ «កូន​ខ្ញុំ​គាត់​ខ្វះ​ជាតិ​ដែក ​និង​គ្រាប់​ឈាមក្រហម​ខ្លាំង ដល់​ដំណាក់កាល Emergency យក​ទៅ​គន្ធ​បុប្ផា​ភ្លាម​ៗ។ ទៅពេល​ដល់​គន្ធបុប្ផា ពេទ្យ គេ​ធ្វើតេស្តឈាម​ម្ដងទៀត​ដើម្បី​បញ្ជាក់ ​ឃើញថា ​ខ្វះ​ជាតិ​ដែក​ និង​គ្រាប់​ឈាមក្រហម ពេទ្យ​បញ្ចូល​ឈាម ​និង​ឱ្យ​សម្រាក ២យប់​ អត់​ក្ដៅខ្លួន​អត់អី​ ទើប​គេ​ឱ្យ​ចេញពី​ពេទ្យ»។

វី​អូ​ឌី​បាន​ទាក់ទង​ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដើម្បី​ចង់​ដឹងពី​តួលេខ​កុមារ​កើតជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​នេះ ប៉ុន្តែ​ អគ្គនាយករង​មន្ទីរពេទ្យ​គន្ធបុប្ផា លោ​កស្ត្រា​ចារ្យ​វេជ្ជបណ្ឌិត ហេង សុទ្ធី ប្រាប់​ថា​ លោក​មិន​អាច​ឱ្យ​តួ​លេខ​នេះ​បានទេ។

ទោះជាយ៉ាងណា​ក្ដី​ ប្រភព​ដែល​គួរ​ឱ្យ​ទុកចិត្ត​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​ដែល​វី​អូ​ឌី​ទទួល​បាន​ បង្ហាញថា មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ទទួល​ទារក​កើតជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​ចំនួន ៣៤ករណី​ មក​សម្រាក​ព្យាបាលក្នុងរយៈពេល ៦ខែ ចាប់ពី​ខែកញ្ញា ​ឆ្នាំ២០១៩ ដល់​ខែកុម្ភៈ ​ឆ្នាំ២០២០។ ចំនួន​ករណី​កុមារ​ឈឺ​ជំងឺ​នេះ ​គឺ​កើតឡើង​ច្រើនជាងឆ្នាំ​ណាៗ​ទាំងអស់។

ពេទ្យកុមារជាតិ
មន្ទីរពេទ្យកុមារជាតិ។ រូបភាព៖ ហួត វុទ្ធី

ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ជាន សុផល មានប្រសាសន៍​ថា មន្ទីរពេទ្យ​កុមារ​ជាតិ ពិតជា​បាន​ទទួល​កុមារ​ច្រើន​នាក់​ដែល​កើតជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​នេះ​ប្រាកដ​មែន ប៉ុន្តែ​ ខាង​អ្នកជំងឺ​ភាគច្រើន​បាន​ជាសះស្បើយ​រួចហើយ ខណៈ​ដែល​កុមារ​មួយចំនួន​ទៀត​ត្រូវ​មក​ជួប​ពេទ្យ​តាមកាល​កំណត់។ 

វេជ្ជបណ្ឌិត ជាន សុផល បញ្ជាក់​ថា៖ «រឹតតែ​ពិសេស ​ក្មេង​អាយុ​ក្រោម ១ឆ្នាំ មាន​បញ្ហា​កង្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​ធ្វើ​ឱ្យ​ស្លេកស្លាំង​ ហើយរហូត​ទៅដល់​ត្រូវការ​ដាក់​ឈាម​ ទើប​អាច​ជួយ​ពួក​គាត់​បាន។ ក្មេង​ខ្លះ ២អាទិត្យ​ ក្មេង​ខ្លះ ៤អាទិត្យ ត្រូវ​មក​មើល​ឡើងវិញ​ ថា​វា​វិវត្ត​ទៅ​ល្អ​ហើយ​ឬនៅ វា​បាន​ធូរស្រាល​ហើយ​ឬនៅ​ថ្ងៃនេះ។ ដូចជា​ចេញពី​ពេទ្យ​អស់ហើយ។»

រោគសញ្ញា ​និង​មូលហេតុ​នាំ​ឱ្យ​កុមារ​កើតជំងឺ​ស្លេកស្លាំង

​វេជ្ជបណ្ឌិត​ជំនាញ​បង្ហាញថា ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ មិន​មាន​រោគសញ្ញា​អ្វី​គួរ​ឱ្យ​កត់សម្គាល់​បានទេ នៅដំណាក់កាល​ដំបូង។ ពេទ្យ​ជំនាញ អាច​កត់សម្គាល់ ​ឬដាក់​ការសង្ស័យ​ថា ក្មេង​កើតជំងឺ​នេះ​បាន ទៅតាម​អាការ​ស្លេកស្លាំង ពោល​គឺ​នៅពេល​ដែល​កុមារ​កើតជំងឺ​នេះ​រយៈពេល​ចន្លោះ​ពី១ខែ ​ទៅ២ខែ។ ដំណាក់កាល​នោះ ​គ្រូពេទ្យ​នឹងអាច​ធ្វើតេស្តឈាម ឱ្យ​ដឹង​ប្រាកដ​ដើម្បី​ព្យាបាល។

វេជ្ជបណ្ឌិត ជាន សុផល ឱ្យ​ដឹង​ថា ​ក្រុម​គ្រួសារ​កុមារ​មួយចំនួន​តែងតែ​យល់​ខុស​ និង​ស្មាន​ខុស​ថា កូនចៅ​របស់​ខ្លួន​មាន​សម្បុរ.ស តែ​ធាតុ​ពិត​ គឺ​កុមារ​នោះ​ស្លេកស្លាំង។

វេជ្ជបណ្ឌិត ជាន សុផល មានប្រសាសន៍​ថា៖ «ករណី​ភាព​ស្លេកស្លាំង​ឃើញ​បន្តិចបន្តួច​ ឪពុកម្ដាយ​កម្រ​យក​មក​ពេទ្យ​ណាស់ ក្នុងករណី​បន្តិចបន្តួច​ហ្នឹង ​គឺ​រក​ឃើញ​ដោយចៃដន្យ។ នៅពេល​ដែល​កូន​ហ្នឹង​ឈឺ​អី​ផ្សេង ​ឧទាហរណ៍​កូន​ហ្នឹង​រលាក​ផ្លូវដង្ហើម កូន​ហ្នឹង​មាន​បញ្ហា​រាគរូស ហើយ​ឪពុកម្ដាយ​យកកូន​មក​ពេទ្យ​ គ្រូពេទ្យ​ពិនិត្យ​ឃើញថា កូន​ហ្នឹង​ស្លេកស្លាំង ហើយ​ពិនិត្យ​ឈាម​ឃើញ​ក្នុង​ពេល​តែមួយ។ កុមារ​អស់នេះ​ងាយ​នឹង​ឈឺ​ណាស់ អាច​រាគរូស អាច​មាន​បញ្ហា​ផ្លូវដង្ហើម សរុប​មក​ក្មេង​ងាយ​នឹង​ឈឺ»។

លោក​បន្ត​ថា របប​អាហារ​មិន​ត្រឹមត្រូវ​ ខ្វះ​ជីវជាតិ​ដែក ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​កុមារ​កើតជំងឺ​ស្លេកស្លាំង​ដោយ​កង្វះ​ជីវជាតិ​ដែក​ធ្ងន់​ធ្ងន់​នេះ។

វេជ្ជ​បណ្ឌិ​ត ជាន សុផល ប្រាប់​ថា៖ «ក្មេង​ដែល​បៅ​ទឹកដោះគោ​ណាមួយ​ដែល​គ្មាន​ជាតិ​ដែក ឬដែល​ញ៉ាំ​អាហារ​ណាមួយ​ដែល​ខ្វះ​ជាតិ​ដែក វា​មិនមែន​ចេញ​រោគសញ្ញា​ស្អែក​ខានស្អែក​ទេ វា​នឹង​ចេញ​នៅ​ក្រោយ​ញ៉ាំ​ជាប្រចាំ​ហ្នឹង​ ពី​៤អាទិត្យ​ ទៅ៨អាទិត្យ។ ក្មេង​ដែល​ខ្ញុំ​ជួប​កន្លងទៅ ​ខ្លះ​ដល់៤ខែ ៥ខែ​នោះ ទើប​ឃើញ​មាន​សភាព​ធ្ងន់ធ្ងរ​មែនទែន»។ 

ទារក​មួយចំនួន​បៅ​ទឹកដោះគោម្សៅ Nutrilatt 1 បាន​ធ្លាក់ខ្លួន​ឈឺ​

លទ្ធផល​អង្កេត​ដោយក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ ដែល​ប្រភព​បាន​ផ្ដល់​ឱ្យ​វី​អូ​ឌី​ បង្ហាញថា កុមារ​ចំនួន ៣២នាក់ ប្រមាណ ៩៤​% (ក្នុងចំណោម ៣៤ករណី​) បាន​បៅ​ទឹកដោះគោ​ម៉ាក​ដូចគ្នា។ ២នាក់​ផ្សេង​ បៅ​ទឹកដោះគោ​ម៉ាក​ផ្សេង​ពីគ្នា។ លទ្ធផល​អង្កេត​បង្ហាញ​ដែរ​ថា កុមារ ៤នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ក្នុងចំណោម ៣២នោះ។ កុមារ ៤នាក់​ដែល​ឈឺធ្ងន់​នោះ មាន​ខ្លះ​ប៉ះពាល់​មុខមាត់ ខ្លះ​ប៉ះពាល់​ក្បាល ឈឺ​បង្ហើយ​ជាដើម។ ទោះជាយ៉ាងណា​ក្ដី ប្រភព​ពី​មន្ទីរពេទ្យ​កុមារ​ជាតិ​ សុំ​មិន​ប្រាប់​ឈ្មោះ​ទឹកដោះគោដែល​ទារក​ទាំង ៣២នាក់បៅ​នោះ​ឡើយ។

ប៉ុន្តែ ​អ្នកសារព័ត៌មាន​វី​អូ​ឌី​បាន​សាកសួរ​ទៅកាន់​ឪពុកម្ដាយ​របស់​ទារក ១៤នាក់ ​ក្នុងចំណោម ៣២នាក់​នោះ ដោយ​ពួក​គាត់​អះអាង​ដូចគ្នា​ថា ​កូន​គាត់​កើតជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​នេះ។ ពួក​គាត់​បញ្ជាក់​ដូចគ្នា​ថា​ កូន​របស់​ខ្លួន​សុទ្ធតែ​បៅ​ទឹកដោះគោម្សៅ​ម៉ាក Nutrilatt 1។ 

ឪពុកម្ដាយ​ទារក​ដែល​ឈឺ ហើយ​សម្រាក​ព្យាបាល​នៅ​កុមារ​ជាតិ បាន​សរសេរ​សារ​តវ៉ា​ជាច្រើន​ទៅកាន់​ក្រុមហ៊ុន​ទឹកដោះគោ Nutrilatt។ 

អ្នក​ដែល​បំបៅ​កូន​ដោយ​ទឹកដោះគោ Nutrilatt លេខ ១ តវ៉ា​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ទឹកដោះគោ​ឈ្មោះថា Nutrilatt Cambodia ។ ឪពុកម្ដាយ​ទាំងនោះ​លើកឡើង​ថា ទឹកដោះ​គោ​ម្សៅ Nutrilatt ជា​មូលហេតុបណ្ដាល​ឱ្យ​បុត្រធីតា​របស់​ពួក​គេ​ឈឺ​ជំងឺ​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ។ ឪពុកម្ដាយ​ទាំងនោះ​បាន​ទាមទារ​ឱ្យក្រុមហ៊ុន នុ​តទ្រី​លែ​តម៉ាស្ទ័រអិល​អិម ឆ្លើយតប ​និង​ដោះស្រាយ​បញ្ហា​នេះ។ 

អ្នកស្រី ច័ន្ទ ផល្គុន ជា​មនុស្សម្នាក់​ដែល​បាន​សរសេរ​ជជែក​តទល់​វែកញែក​ពី​ស្ថានភាព​ជំងឺ​កូនប្រុស​ដែល​បៅ​ទឹកដោះគោ Nutrilatt 1 នេះ។ អ្នកស្រី​ប្រាប់​វី​អូ​ឌី​ថា គាត់​ចាប់ផ្ដើម​បំបៅ​កូន​ដោយ​ទឹកដោះ​គោ​ម្សៅ Nutrilatt 1 តែមួយមុខ​គត់ តាំងពី​កូនប្រុស​មាន​អាយុ​ជាង ២ខែ។

អ្នកស្រី​ ច័ន្ទ ផល្គុន ប្រាប់​ថា៖ «ដំបូង​ អត់​ហ៊ាន​បន្ទោស​ទឹកដោះគោ​គេ​ទេ គិតថា​ ខ្លួនឯង​មាន​ជំងឺ​តំណ​ពូជ អា​ឈាមស​ស៊ី​ឈាមក្រហម​ម៉េច​នោះ ក៏​នាំ​ប្ដី​ប្រពន្ធ​ទៅ​ធ្វើតេស្ត​ លទ្ធផល​ចេញ​មក​អវិជ្ជមាន​ទាំងពីរ​ អត់មាន​ជំងឺ​តំណពូជ​ទេ។ គ្រូ​ពេទ្យគាត់​ប្រាប់​ថា ​កូន​ហ្នឹង​អត់មាន​បញ្ហា​ជំងឺតពូជ​ទេ អ្វី​ដែល​សំខាន់​នោះ​គឺ​កូន​បៅ​អី​? គ្រូពេទ្យ​សួរ​ថា កូន​ហ្អែងបៅ​អី ? ខ្ញុំ​ប្រាប់​ថា Nutrilatt គ្រូ​គាត់​ថា​ ខាង​ក្រសួង​បញ្ជា​មក​មន្ទីរពេទ្យ​អោយ​ពិនិត្យទឹកដោះគោ​ហ្នឹង​ ព្រោះ​លឺ​ថា​ ក្មេង​នៅ​គន្ធបុប្ផា​ក៏​ឈឺ​ខ្វះ​ជាតិ​ដែក​ច្រើន​ដែរ»។

អ្នកស្រី​បន្ត​ថា ខ្លួន​បាន​ជួប​ផ្ទាល់​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​លក់​ទឹកដោះគោនេះ​កាលពី​សប្ដាហ៍​មុន នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ​ក្នុង​ពេល​ដែល​បុគ្គលិក​ក្រុមហ៊ុន​នោះទៅជួប​ពេទ្យ​ដែរ។

ទន្ទឹម​នឹង​នេះ​ អតីត​អតិថិជន​ទឹកដោះគោ Nutrilatt លោក សៅ សីហា ប្រាប់​ថា ​គ្រួសារ​គាត់​ចំណាយ​ប្រាក់​ជាង ១រយ​ដុល្លារ​ក្នុង១ខែ​ ទិញ​ទឹកដោះគោ​ឱ្យ​កូន​បៅ។ លោក​ថា គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ផ្ដល់​យោបល់​ជូន​លោក ផ្ដល់ទឹកដោះគោ​ផ្សេង​ឱ្យ​កូន​ញ៉ាំជំនួស​វិញ។

លោក សៅ សីហា ប្រាប់​ថា៖ «កូន​ខ្ញុំ​អាយុ​ពី១ខែ​ ដល់ ៣ខែ​ហ្នឹង ​មឹ​មទឹ​កដោះ​គោ​ផង ​មឹ​មទឹកដោះ​ម៉ាក់​ផង ដល់​ក្រោយ​បី​ខែ​ ម៉ាក់​អត់មាន​ទឹកដោះ​ឱ្យ​ញ៉ាំ​ទេ ​ក៏​បៅ​ទឹកដោះគោ​សុទ្ធ ទឹកដោះគោ Nutrilatt លេខ១។ ពេទ្យ​គាត់​ផ្ដល់​យោបល់​ឱ្យ​ដូរ​ យើង​ដូរ​ទឹកដោះគោ​ហើយ នៅ​ដំណាក់កាល​តាមដាន​នៅឡើយ​ទេ ខាង​គន្ធបុប្ផា​គាត់​អោយ​ទៅ​ពិនិត្យ​ឈាម ២ខែ​ម្ដង តែ​ខ្ញុំ​ពិនិត្យ​ឈាម​ពេទ្យ​ផ្សេង ១ខែ​ម្តង​ទៀត​ ការពារ​បើសិន​កូន​មាន​បញ្ហា​អី​ យើង​ដឹងមុន»។

លោក សីហា បន្ត​ថា ​ក្រុមហ៊ុន​លក់​ទឹក​ដោះ​គោ​ នុ​តទ្រី​លែ​ត បាន​ទាក់ទង​យក​ទឹកដោះគោ​ពី​លោក​វិញ។

លោក សៅ សីហា និយាយ​ថា៖ «ទឹក​ដោះ​គោ​នុ​តទ្រី​លែ​តហ្នឹង នៅសល់​ជិត ២កំប៉ុង​ ខាង​បុគ្គលិក​ក្រុមហ៊ុន គេ​តេ​មក​ គេ​ប្រាប់​ថា គេ​យក​ទឹកដោះគោ​ទៅ​ពិនិត្យ​ តែ​មិនទាន់​ឃើញ​មក​យក​នៅឡើយ»។ 

យ៉ាងណាក៏ដោយ ក្រុមហ៊ុន​បាន​ប្រកាស​តាមរយៈ​មេធាវី​របស់​ខ្លួន​ថា ការផ្សាយ​ពី​ទារក​កើតជំងឺ ដោយសារ​បៅ​ទឹកដោះគោ​នេះ ជា​ព័ត៌មាន​មិន​ពិត និង​មាន​ចេតនា​ធ្វើ​ឱ្យ​ខូចឈ្មោះ​ក្រុមហ៊ុន ។

មេធាវី​របស់​ក្រុមហ៊ុន នុ​តទ្រី​លែ​តម៉ាស្ទ័​រអិល​អិម បញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី៦ ខែឧសភា​ថា៖ «ទឹកដោះគោ​របស់​ខ្លួន​មានការ​ទទួលស្គាល់​ត្រឹមត្រូវ ហើយ​ក្រុម​មេធាវី​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ក្នុង​ការស្រាវជ្រាវ​រក​ប្រភព​ព័ត៌មាន​មិន​ពិត»។

២ថ្ងៃក្រោយ​មក ​គឺ​នៅ​ថ្ងៃទី០៨ ខែឧសភា ក្រុមហ៊ុន​នេះ បាន​ប្រកាស​ម្ដងទៀត ​ដោយ​អះអាង​ថា ខ្លួន​បាន​យក​ទឹកដោះគោ​នេះទៅ​ពិនិត្យ​នៅ​ស្ថាប័ន​ចំនួន៤ រួមមាន​ មន្ទីរពិសោធន៍ ក្រសួងសុខាភិបាល វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​កម្ពុជា មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល។

ស្ត្រីជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​ទឹកដោះគោ Nutrilatt ដែល​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ខ្លួន​ផង​នោះ បាន​ប្រាប់​វី​អូ​ឌីតា​មទូ​រសព្ទ ខ្លួន​មិន​អាច​និយាយ​លម្អិត​បានទេ ដោយ​រង់ចាំ​លទ្ធផល​ចេញពី​មន្ទីរពិសោធន៍​សិន។

បុគ្គ​លិ​កនិយ​យថា៖ «រឿង​ទាំងអស់​ហ្នឹង​ មេ​ខ្ញុំ​កំពុង​ដោះស្រាយ គាត់​មិនទាន់​ឱ្យ​ឆ្លើយតប​ប្រាប់​អី​ទៅ​បងៗ​អ្នកកាសែត​ទេ រង់ចាំ​លទ្ធផល​ចេញ​មក​សិន ​បាន​ប្រាប់​បាន»។

ដំណើរការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ទឹកដោះគោ Nutrilatt​

ក្រុមហ៊ុន​ទឹកដោះគោ Nutrilatt ប្រកាសប្រាប់​អតិថិជន​របស់​ខ្លួន​ឱ្យ​អត់ធ្មត់​រង់ចាំ​មើល​លទ្ធផល​ទឹក​ពី​មន្ទីរពិសោធន៍​ជាមុន​សិន ដោយ​អំពាវនាវ​ឱ្យ​អតិថិជន​អត់ធ្មត់។

ទន្ទឹម​នឹង​ការ​រង់ចាំ​លទ្ធផល​ពិសោធន៍​នេះ ​ក្រុមហ៊ុន​នៅ​ដំណើរការ​លក់​ទឹកដោះ Nutrilatt 1 ជា​ធម្មតា ​និង​ថែមទាំង​ផ្សាយ​ពាណិជ្ជកម្ម​ផ្ដល់​រង្វាន់​សម្រាប់​អ្នកទិញ​ថែមទៀត​ផង។

កម្មវិធី​បន្ថែម​រង្វាន់​នេះ​ចាប់ផ្ដើម​នៅពេល​ទិញ​ទឹកដោះគោ​ពី ១កំប៉ុង​ឡើង​ទៅ។ ក្រុមហ៊ុន​នេះ​បន្ថែម​ទឹកដោះគោ​មួយ​កំប៉ុង ​បើសិនជា​អតិថិជន​ទិញ​ទឹកដោះគោ ៦កំប៉ុង។ មុន​ពេល​មាន​បាតុភាព​តវ៉ា​ពីសំណាក់​អតិថិជន ក្រុមហ៊ុន​ចែកចាយ​ទឹកដោះគោ​នេះ​បាន​អញ្ជើញ​តា​រា​ល្បី​ៗមួយចំនួន​មក​ផ្សាយ​ពាណិជ្ជកម្ម ដោយ​ភ្ជាប់​កិត្តិនាម​ទៅ​នឹង​ប្រទេស​សឹង្ហ​បុរី។

តារា​ស្រី​យ៉ាងហោចណាស់​បី​នាក់ បាន​លេចមុខ​ក្នុង​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​នៃ​ទឹកដោះគោ​នេះ​រួមមាន អ្នកនាង គង់ សុ​ជាតិ តារាភាពយន្ត​ និង​ជាពិធី​ការ​នី​ល្បីឈ្មោះ​ជាង​មួយ​ទសវត្ស​រ៍ អ្នកនាង​គង់ ចាន់​ស្រីមុំ តារា​សម្ដែង​ដែល​មាន​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់ និងជាពិសេស​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ប្រទេស ​អ្នកនាង ​ឱក សុគន្ធ​កញ្ញា ដែល​ទើបតែ​ផ្ដល់​កំណើត​ឱ្យ​កូនប្រុស​ម្នាក់​កាលពី​ឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្មពីម្សៅទឹកដោះគោ Nutrilatt​ នៅលើបណ្ដញសង្គមហ្វេសប៊ុក។ (Nutrilatt​)

វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ផ្សាយលើ​ហ្វេសប៊ុក​កាលពី ៧ខែមុន អ្នកស្រី គង់ សុ​ជាតិ បាន​ចេញមុខ​រៀបរាប់​ប្រាប់​អ្នកទស្សនា​ថា កូន​របស់​នាង​កើតជំងឺ​ខ្វះ​អង់ស៊ីម ​ហើយ​នាង​ជ្រើសរើស​ទឹកដោះគោ​នេះ​ឱ្យ​កូន​ទទួលទាន ​ព្រោះ​ទឹកដោះគោ​នេះ​ល្អ​ចំពោះ​កូន។

អ្នកនាង​បញ្ចប់​វីដេអូ​ដោយ​និយាយ​ពាក្យស្លោក​យីហោ​ទឹកដោះគោ​ថា៖ «នុ​តទ្រី​លែ​តផ្តល់​នូវ​ភាព​លូតលាស់ និង​ឆ្លាតវៃ នុ​តទ្រី​លែ​តជា​ផលិតផល​នាំចូល​ពី​ប្រទេស​សិង្ហបុរី​»។

ពាក្យ​ផលិតផល​សិង្ហបុរី​នេះ ជា​មូលហេតុ​មួយ​ដែល​នាំ​ឱ្យ​អ្នកស្រី ច័ន្ទ ផល្គុន ជ្រើស​យក​ទឹកដោះគោ​នេះ​ឱ្យ​កូន​ទទួលទាន។

អ្នកស្រី ច័ន្ទ ផល្គុន ប្រាប់​ថា៖ «ម្នា​ក់ៗ​គេ​ទុកចិត្ត​ទៅលើ​ពាក្យ​សាំងហ្គា​ពួរ ខ្ញុំ​ទិញ​ដោយ​ខ្ញុំ​គិត​ថា​ស្ដ​ង់ដា​រសាំងហ្គា​ពួរ​ វា​អាកាសធាតុ​ត្រូវគ្នា​អី​ត្រូវគ្នា​ជាមួយ​ខ្មែរយើង ខ្ញុំ​គិត​អីចឹង​ហើយ​ឱ្យ​កូន​បៅ​អាហ្នឹង»។

ចំណែក លោក សៅ សីហា វិញ​ អះអាង​ថា ខ្លួន​ឱ្យ​កូន​បៅ​ដោយសារមើលឃើញ​ការ​ពន្យល់​ពី​សារធាតុ​ចិញ្ចឹម​ក្នុង​សម្បក​កំប៉ុងទឹក​ដោះ ​និងតាម​ការផ្សាយ​ពាណិជ្ជកម្ម។

លោក សៅ សីហា ប្រាប់​ថា៖ «ជ្រើសរើស​ប្រើ​ទឹកដោះគោ​ហ្នឹង​ដោយខ្លួនឯង ​ព្រោះ​មាន​គេអ្នក​ស្គាល់គ្នា​ហ្នឹង​ឱ្យ​កូន​ប្រើ​ច្រើន ណាមួយ​ទៀត​តា​រា​ល្បី​ៗគាត់​មក​ប្រូ​ម៉ូត​ថា​ ឱ្យ​កូន​គាត់​ប្រើ​អាហ្នឹង​អីចឹង ខ្ញុំ​ និង​គ្រួសារ​ក៏​សម្រច​ឱ្យកូនមឹ​មទៅ»។

ក្នុង​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍​តាម​ខិត​ប័ណ្ណផ្សព្វ​ផ្សា​យមុនៗ ក្រុមហ៊ុន​សុទ្ធតែ​បាន អះអាង​ថា ផលិតផល​របស់​ខ្លួន​ជា​ផលិតផល​របស់​ប្រទេស​សិង្ហបុរី។ 

ក្រសួងសុខាភិបាល​សិង្ហបុរី ប្រកាស​ជា​សាធារណៈ​ថា ប្រទេស​ដែន​កោះ​មួយ​នេះ​អនុញ្ញាត​ឱ្យ​ទឹក​ដោះ​គោម្សៅចំនួន ៦ក្រុមហ៊ុន​ឱ្យ​លក់​លើ​ទីផ្សារ តែ​មិនឃើញ​មាន​ម៉ាក​ទឹកដោះគោ Nutrilatt នេះ​ឡើយ។

តាម​ឯកសារ​ដែល​វី​អូ​ឌី​ទទួល​បាន ​ទឹកដោះគោ​នេះ​មិនមែន​ជា​ផលិតផល​សិង្ហបុរី​ទេ ហើយក៏​មិន​មាន​ចរ​ាចរណ៍​នៅ​លើ​ទីផ្សារ​របស់​ប្រទេស​សិង្ហបុរី​ដែរ។

ទឹកដោះគោ​នេះ​ផលិត​នៅ​រោងចក្រ​មួយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ប៉ុន្តែ​ ចុះបញ្ជី​ក្រុមហ៊ុន​នៅ​ប្រទេស​សិង្ហបុរី។ បុគ្គលិក​ទីផ្សារ​របស់​ក្រុមហ៊ុន ថ្លែងប្រាប់​វី​អូ​ឌី​ថា ថ្វីត្បិតតែ​មិនមែន​ផលិត​នៅ​សិង្ហបុរី តែ​ជា​ផលិតផល​ផលិត​តាម​ស្តង់​ដា​រសិ​ង្ហ​បុរី។

បើ​តាមច្បាប់​ស្ដី​ពីកិច្ចការពារ​អ្នកប្រើ​ប្រាស់ ត្រង់​មាត្រា៣ លើកឡើង​ថា ជា​អំពើ​មិន​សុចរិត សំដៅ​ដល់​អំពើ​ណាមួយ​ក្នុង​ធុរកិច្ច​ដែល​អាច​បំភ័ន្ត​ ឬបោកបញ្ឆោត​អ្នកប្រើ​ប្រាស់ ទោះ​ដោយចេតនា​ ឬអចេតនា​ក្ដី។ អំពើរាប់​ថាមិន​សុចរិត​ទាំងនោះ រួមមាន ​ការផ្សាយ​ពាណិជ្ជកម្ម ការជំរុញ​ការ​លក់ ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​មានការ​ភ័ន្ត​ច្រឡំ​អំពី​ថ្លៃ តម្លៃ ឬគុណភាព​នៃ​ទំនិញ​ ឬសេវា។ល។

ច្បាប់​ស្ដី​កិច្ចការពារ​អ្នកប្រើ​ប្រាស់ ក៏បាន​ចែង​ពី​កម្រិត​ទោសទណ្ឌ​រាប់​តាំងពី​ការ​ពិន័យ​រដ្ឋបាល ព្រមាន​ជា​លាយលក្ខណ៍​អក្សរ ពិន័យ​ជា​ទឹកប្រាក់ និង​ដាក់​ពន្ធនាគារ ទៅតាម​ស្ថាន​ទម្ងន់ទោស​ដែល​តុលាការ​រក​ឃើញ។

ចំណាត់ការ​របស់​សមត្ថកិច្ច​ជំនាញ​ចំពោះរឿងនេះ​

របាយការណ៍​របស់ យូនី​សែ​ហ្វ​ប្រចាំ​នៅ​កម្ពុជា​ បង្ហាញថា អត្រា​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះគោ​កើនឡើង​ពីមួយឆ្នាំទៅមួយឆ្នាំ។

កាលពី​ឆ្នាំ២០១០ កម្ពុជា មាន​អត្រា​ទារក​អាយុ ៦ខែ ៧៤​% បាន​បៅ​ទឹកដោះម្តាយ ខណៈ​ក្មេង​ដែល​បៅ​ទឹកដោះគោ​មាន​ប្រមាណ ២៦​%។ ៤ឆ្នាំក្រោយ​មក នៅ​ឆ្នាំ២០១៤ អត្រា​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​ធ្លាក់ចុះ មក​ត្រឹម ៦៥​% នាំ​ឱ្យ​អត្រា​បំបៅ​កូន​ដោយ​ទឹកដោះគោ​កើនឡើង​រហូតដល់ ៣៥​% ។

វី​អូ​ឌី​មិនទាន់​អាច​ស្វែ​ករ​កព័ត៌មាន​ពី​ចំនួន​ក្រុមហ៊ុន​ទឹកដោះគោម្សៅ​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​នៅ​កម្ពុជា​ឡើយ។ ប៉ុន្តែ​ គេ​សង្កេតឃើញ​ថា ​នៅ​តាម​ផ្សារ​ តាម​ម៉ាត តាម​ឱសថស្ថាន​ទូទាំង​ប្រទេស​ ភាគច្រើន​បាន​ដាក់​តាំង​លក់​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក។

បន្ទាប់ពី​ទឹកដោះគោ Nutrilatt ត្រូវ​បាន​យក​ចូល​មន្ទីរពិសោធន៍ នៅ​ខាងក្រៅ​ទីផ្សារ​ឯណោះ​វិញ អ្នកលក់​នានា​នៅតែ​បន្ត​លក់​ទឹកដោះគោ​នេះ​ជា​ធម្មតា។

ម្ចាស់​ឱសថស្ថាន​មួយ​កន្លែងនៅ​ភ្នំពេញ​ ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​ប្រាប់​វី​អូ​ឌី​ថា ខ្លួន​នៅ​បន្ត​លក់​ជា​ធម្មតា​ ដោយសារតែ​មិនទាន់​បាន​ទទួល​ដំណឹង​ផ្លូវការ។

ឱសថការី​រូប​នេះ បញ្ជាក់​ថា​ ឪពុកម្ដាយ​ដែល​ធ្លាប់​បំបៅ​កូន​ដោយ​ទឹកដោះគោ​នេះ នៅតែ​មករកទិញ ពោល​គឺ​មិន​ងាយ​ហ៊ាន​ប្ដូរ​ទេ ដោយសារ​ខ្លាច​កូន​ឈឺ។

ឱសថការី​រូប​នេះ បញ្ជាក់​ថា៖ «អ្នកទិញ​ទឹកដោះគោ​ហ្នឹង​នៅ​ធម្មតា ព្រោះ​មិនទាន់​មាន​បញ្ហា ម៉ាក់ប៉ា​គ្រប់គ្នា​បើ​កូន​ស្រួល​ គាត់​មិន​ងាយ​ហ៊ាន​ប្ដូរ​ទឹកដោះគោ​ទេ ​ខ្លាច​ឈឺថ្កាត់។ ខ្ញុំ​ក៏​ចាំ​មើល​ដែរ បើ​ក្រសួង​គេ​ថា​ម៉េច​ៗនោះ នឹងអាល​យក​ទឹកដោះគោ​នេះ​ឱ្យ​ក្រុមហ៊ុន​វិញ។ ជា​ពេទ្យ​ផង ​អ្នកលក់​ផង មិន​ចង់ឱ្យ​ម៉ូយ​មាន​បញ្ហា​ទេ យើង​ដឹង​ស្រាប់​ហើយ បើ​គ្រួសារ​មួយ​មានកូន​ឈឺ​ ពិតជា​វ៉ល់​មិនខាន»។ 

ឪពុកម្ដាយ​មួយចំនួន​បាន​ផ្ញើសារ និង​ទូរសព្ទ​ទៅកាន់​ក្រុមហ៊ុន​ ដើម្បី​ចង់​ដឹង​លទ្ធផល​ពិសោធដែល​ក្រុមហ៊ុន​អះអាង​ថា ខ្លួន​បាន​យក​ទឹ​កដោះ​គោ​ទៅ​ពិសោធ​នោះ។

លោក សៅ សីហា ប្រាប់​ថា​ គាត់​ព្យាយាម​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ពី​បញ្ហា​នេះ​ បើ​ទោះជា​កូន​របស់​គាត់​ឈប់​បៅ​ទឹកដោះគោ​នេះ​ហើយ​ក្ដី។

លោក សីហា បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ឱ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​ចំពោះរឿងនេះ។ ហើយ​សូម​អំពាវនាវ​ឱ្យ​អាជ្ញាធរ​រាជរដ្ឋាភិបាល ​ពិសេសក្រសួង​ធ្វើការងារ​នេះ​ឱ្យ​មាន​តម្លាភាព​ និង​ប្រសិទ្ធ​ភាព»។

អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ទឹកដោះគោ Nutrilatt លោក​ ទឹម សុវណ្ណារ៉ា នៅ​ថ្ងៃទី១៩ ខែឧសភា​ ថ្លែងប្រាប់​វី​អូ​ឌី លោក​កំពុង​ចាំ​លទ្ធផល​ពិសោធន៍​សិន ​ទើប​អាច​បរិយាយ​លម្អិត​បាន ។

លោក ទឹម សុវណ្ណារ៉ា មានប្រសាសន៍​ថា៖ «ពួក​យើង​កំពុង​រង់ចាំ​លទ្ធផល​នៅ​ថ្ងៃទី២១ បន្ទាប់មក​ទៀត​ទើប​យើង​មាន​ចំណាត់ការ​បន្ត​ជាមួយ​ក្រសួងសុខាភិបាល។ ហើយ​រង់ចាំ​អនុសាសន៍​ពី​ពួក​គាត់​ [ក្រសួងសុខាភិបាល​] ថា តើ​យើង​ត្រូវ​ធ្វើអ្វី​បន្ត​ទៀត» ។

វី​អូ​ឌី​បាន​ទាក់ទង​ទៅ​ផ្នែក​កិច្ចការ​សាធារណៈ នៃ​ការិយាល័យ​អង្គការ​យូនី​សែ​ហ្វ​ប្រចាំ​នៅ​កម្ពុជា ប៉ុន្តែ​ មិន​មានការ​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ​​ទេ។

ចំណែក​នាយក​ការិយាល័យអង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី​វេជ្ជបណ្ឌិត លី អេ​ឡាន (LI​, Ailan​) ឆ្លើយ​តាមរយៈ​អ៊ី​ម៉ែ​លថា អ្នក​ស្រីមិន​អាច​អត្ថា​ធិប្បាយ​រឿង​នេះ​បានឡើយ​ដោយ​បង្វែរ​សំណួរ​ឱ្យ​សួរ​ផ្ទាល់​ទៅ​ក្រសួងសុខាភិបាល។

ប្រធាន​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា លោកស្រី​វេជ្ជបណ្ឌិត លី អៃ​លីន (Dr​. Li Ailan​) ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្ដន៍កូវីដ១៩ នៅទីស្ដីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លី អេ​ឡាន (LI​, Ailan​) ប្រាប់​ថា៖ «អរគុណ​ច្រើន​ចំពោះ​សារ​របស់​អ្នក។ ខ្ញុំ​ស្នើ​ឱ្យ​អ្នក​ទាក់ទង​ក្រសួងសុខាភិបាល​ដោយ​ផ្ទាល់​លើ​បញ្ហា​នេះ»។ 

អ្នកនាំពាក្យ ២រូប​នៃ​ក្រសួងសុខាភិបាល ​គឺ​អ្នកស្រី ​ឱ វណ្ឌ​ឌី​ន និង​លោក លី​សូ​វ៉ាន់ សុទ្ធតែ​ប្រាប់​ថា​ មិន​មាន​យោបល់​ចំពោះរឿងនេះ​ទេ។

ចំណែក​ឯរដ្ឋលេខាធិការ​ និង​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា លោក​សាស្ត្រា​ចារ្យវេជ្ជបណ្ឌិត ធា គ្រុយ មានប្រសាសន៍​ថា លោក​មិនបាន​ដឹងរឿង​នេះ​លម្អិត​ឡើយ ប៉ុន្តែ​ គ្រាន់តែ​ដឹង​ថា ក្រសួងសុខាភិបាល​កំពុងធ្វើការ​លើ​បញ្ហា​នេះ។

សាស្ត្រា​ចារ្យ​វេជ្ជបណ្ឌិត ធា គ្រុយ និយាយ​ថា៖ «ខ្ញុំ​អត់​អាច​បញ្ជាក់​អី​បានទេ ខាង​ពិសោធន៍​គេ​កំពុង​ធ្វើ​រឿង​ហ្នឹងហើយ។ ត្រូវ​ប្រយ័​ត្នប្រ​យែង​ដែរ បើ​ផ្សាយ​អី​មិនស្រួល​អី​ទៅ​ អាច​ខូចឈ្មោះ​ផលិតផល​គេ»។

នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម លោក សន ជ័យ ស្នើ​ឱ្យ​ផ្នែក​ពាក់ព័ន្ធ​សិក្សា​ស្រាវ​ជ្រាវរឿង​នេះ​ឱ្យ​បាន​ច្បាស់​ ដើម្បី​ការពារ​ជីវិត​កុមារ​កម្ពុជា។

លោក សន ជ័យ មានប្រសាសន៍​ថា៖ «ខ្ញុំ​យល់ថា ​រឿង​នេះ​ជា​បញ្ហា​មួយ​ដែល​ប៉ះពាល់​ទៅដល់​សុខភាព​កុមារ​ធ្ងន់ធ្ងរ​ យើង​ចង់ឱ្យ​មានការ​ទទួលខុសត្រូវ​ពីសំណាក់​ក្រុមហ៊ុន​ផលិត​ និង​ចែកចាយ​ទឹកដោះគោ​ហ្នឹង​ ឱ្យ​ពួក​គេ​ពិនិត្យ​គុណភាព​ឡើងវិញ​ និង​ទទួលខុសត្រូវ​នូវ​ទង្វើ​ខ្លួន។ បើសិនជា​មិន​ដោះស្រាយ​បញ្ហា​នេះ​តាម​រដ្ឋបាល ​ឬផ្លូវច្បាប់​ឱ្យ​ជ្រះស្រឡះ​ទេ​ យើង​បារម្ភថា ​កុមារ​កម្ពុជា​កាន់តែ​ច្រើន​ប្រឈម​នឹង​គ្រោះថ្នាក់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ