អតីត​​បុគ្គ​លិ​ក​សណ្ឋាគារ​ ហ្គ្រេដ​ឌូ​ក ព្រមាន​​ប្តឹង​​ទៅ​​តុលាការ​ បើ​​ថៅកែ​​នៅ​តែ​​មិន​​ធ្វើ​តាម​​សេចក្ដី​បង្គាប់​​ក្រុម​ប្រឹក្សា​​អាជ្ញា​កណ្ដាល​​

ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke​ បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា និង​បិទផ្លូវនៅមុខ​សណ្ឋាគារ​ផ្ទាល់ ដើម្បី​ទាមទារ​ការ​ទូទាត់ប្រាក់​សំណង​ ទៅតាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាលកាលពី​ខែកុម្ភៈ ឆ្នាំ២០២០។ (ណាត សុភាព)

តំណាង​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke បានឱ្យ​ដឹង​ថា ពួក​គេ​គ្រោង​ធ្វើបាតុកម្ម​ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃស្អែក​នេះ និង​គ្រោង​ប្ដឹងទៅតុលាការ បន្ទាប់ពី​ថៅកែ​មិន​គោរព​ទៅតាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​កាលពី​ជាង ៥ខែមុន។

ប្រធាន​សហព័ន្ធ​សហជីពកម្មករ និយោជិតវិស័យ​ទេសចរណ៍​កម្ពុជា​ប្រចាំ​នៅ​សណ្ឋាគារ The Great Duke លោក ទូច កុសល ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ជាង ៥ខែ​ហើយ ដែល​ម្ចាស់​សណ្ឋាគារ​មិនព្រម​ទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ​ជាង ១៥០នាក់។

លោក​បន្ត​ថា នៅ​អំឡុង​ពេល​ជាង ៥ខែ​កន្លងទៅនេះ​ ក្រសួងការងារ​ក៏បាន​កោះហៅ​ភាគី​ទាំងពីរ​ជាថ្មី​ទៀត​ នៅ​​ថ្ងៃទី១៥ ខែឧសភា​នេះ ចូលរួម​ដោះស្រាយ​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ម្តង​ទៀត ដោយ​ឱ្យភាគី​ថៅកែ​ទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​អតីត​បុគ្គលិក​ចំនួន ៣ចំណុច ដើម្បី​បញ្ចប់​ជម្លោះ ប៉ុន្តែ ភាគី​ថៅកែ​មិនព្រម​ចូលខ្លួន​មក​ដោះស្រាយ​នោះ​ទេ។

ករណីនេះ លោក កុសល បញ្ជាក់​ថា នៅ​ថ្ងៃស្អែក​ ទី២១ ខែឧសភា​ ក្រុម​អតីត​បុគ្គលិក​សណ្ឋាគារ​នេះ នឹង​ធ្វើបាតុកម្ម​នៅមុខ​សណ្ឋាគារ​ជាថ្មី​ទៀត បើ​នៅតែ​មិន​មាន​ដំណោះស្រាយ។

លោក​មានប្រសាសន៍​ថា៖ «ចាំ​មើល​ស្អែក ​យើង​នឹង​តវ៉ា ប្រសិនបើ​មាន​ដំណោះស្រាយ ពួ​កយើង​អត់​ប្តឹង​ទេ។ បើ​អត់មាន​ដំណោះស្រាយ ពួក​យើង​នឹង​ប្តឹង​ទៅ​តុលាការ​បន្ត​ទៀត»។

មេធា​វី​របស់​សណ្ឋាគារ The Great Duke លោក លី តៃ​សេង មានប្រសាសន៍​ថា ដើមចម​ដែល​នាំឱ្យសណ្ឋាគារ​មិនទាន់​ទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​អតីត​បុគ្គលិក ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ១៩ ធ្វើឱ្យសណ្ឋាគារ​រកចំណូល​មិនបាន។

ប៉ុន្តែ មេធាវី​រូប​នោះ​បញ្ជាក់​ថា លោក​ស្វាគមន៍​ភាគី​អតីត​បុគ្គលិក​ប្តឹង​ទៅ​តុលាការ​ឱ្យដោះស្រាយ​តាមច្បាប់ ជាជាង​ធ្វើបាតុកម្ម​នៅ​តាម​ដងផ្លូវ។

លោក​មានប្រសាសន៍​ថា៖ «សំណូមពរ​ថា ស្នើ​ឱ្យគាត់​ចូលរួម​ដោះស្រាយ​តាម​នីតិ​វិ​ធីច្បាប់​ទៅ។ ការដែល​គាត់​យក​ជម្រើស​ដែល​ដើរតាម​ផ្លូវ ធ្វើបាតុកម្ម​តាមផ្លូវ​ មិនមែន​ជា​ជម្រើសតាមច្បាប់​ទេ»។ 

អនុប្រធាន​ផ្នែក​អន្តរាគមន៍ និង​ដោះស្រាយ​បាតុកម្ម​កូដកម្ម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួងការងារ លោក អ៊ូ រតនា សុំ​មិន​ធ្វើការ​បកស្រាយ​ជុំវិញ​ករណីនេះ ដោយ​លោក​ថា ជាប់រវល់​ប្រជុំ។

ចំណែក​ អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ បាន​ប្រាប់​តាម​តេឡេក្រាម​នៅ​ថ្ងៃនេះ​ថា ក្រសួង​មាន​សិទ្ធិ​ត្រឹមតែ​សម្របសម្រួល និង​អំពាវនាវ​ឱ្យនិយោជក​អនុវត្ត​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អា​ជ្ញា​ណ្តា​លតែ​ប៉ុណ្ណោះ។ លោក​ថា បើ​ភាគី​មិនព្រម​ធ្វើតាម​ការសម្រប​សម្រួល​ទេ ពួក​គេ​មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ​ចាត់វិធានការ​ច្បាប់​បន្ត​ទៀត។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់​ត្រា​ល់​) លោក មឿន តុលា មានប្រសាសន៍​ថា តាមផ្លូវ​ច្បាប់​ ក្រសួងការងារ​ត្រូវ​ចាប់បង្ខំ​ឱ្យភាគី​សណ្ឋាគារ​អនុវត្ត​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល។ លោក​ថា បើ​ក្រសួង​មិន​ដោះស្រាយ​បញ្ហា​ឱ្យមាន​តម្លាភាព​ទេ ជា​គំរូ​មិនល្អ​ដល់​អ្នកមាន​ជម្លោះ​ផ្សេង​ៗទៀត ​រវាង​ភា​គី​និយោ​ជិត និង​និយោជក។

លោក​ផ្តល់​ជា​អនុសាសន៍​ថា៖ «បើសិនជា​គេ​ [និយោជក​] រំលោភច្បាប់​ណាមួយ ហើយ​មាន​សហជីព​ប្តឹង​ទៅ​ក្រសួងការងារ ឆ្លងកាត់​ការ​ផ្សះ​ផ្សារ ឈាន​ទៅដល់​អាជ្ញា​កណ្តាល គេ​ [និយោជក​] មិន​ខ្វល់​នឹង​សេចក្តី​បង្គាប់​ជាប់​កាតព្វកិច្ច ឬមិន​ជាប់​កាតព្វកិច្ច​ទេ តែ​ចុងក្រោយ​ គេ​អត់​អនុវត្ត អីចឹង​សេចក្តី​បង្គាប់​វា​ទៅជា​ក្រដាស​មួយដុំ​ឥតប្រយោជន៍។ ចំណុច​ទីពីរ ​រឿង​ផលវិបាក​រយៈពេល​វែង វា​ធ្វើឱ្យរំលោភ​ទៅលើ​ច្បាប់​ស្តី​ពី​ការងារ​ផង រំលោភ​ទៅលើ​រដ្ឋធម្មនុញ្ញ​ផង រំលោភ​ទៅលើ​អនុសញ្ញា​ស្នូល​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ដែល​កម្ពុជា​យើង​បាន​ផ្តល់​សច្ចាប័ន​យក​មក​អនុវត្ត»។

សណ្ឋាគារ The Great Duke ឬអតីត​សណ្ឋាគារ​ អាំង​ទែ​កុង​ទី​ណង់​តាល់ (InterContinental​) បាន​ប្រកាស​បិទ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន កាលពី​ថ្ងៃទី៣១ ខែធ្នូ កាលពី​ឆ្នាំមុន បន្ទាប់ពី​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​អស់​រយៈពេល ២៣ឆ្នាំ។

ក្រោយពី​បិទទ្វារ មិនទាន់​ទូទាត់ប្រាក់​អតីតភាព​ការងារ ធ្វើ​ឱ្យ​អតីត​បុគ្គលិក​នៅ​សណ្ឋាគារ​នេះ នាំគ្នា​ធ្វើញត្តិ​ដាក់​ទៅ​ស្ថាប័នរដ្ឋ ដូចជា ក្រសួងការងារ ខុទ្ទកាល័យ​រដ្ឋាភិបាល និង​ដាក់​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ដើម្បី​ជួយ​អន្តរាគមន៍​ផង​ដែរ។

រហូតដល់​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ប្រធាន​លេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​កណ្តាល បាន​ចេញ​សេចក្តី​សម្រេច​ជូនដំណឹង​ទៅ​ភាគី​កម្មករ​និយោជិត និង​ភាគី​និយោជក ដើម្បី​ឱ្យ​និយោជក​ផ្តល់​សំណង​ដល់​កម្មករ​នូវ​ប្រាក់​ដំណាច់​ទូទាត់​ជួស​ការ​ជូនដំណឹង​មុន និង​ប្រាក់​រំលឹក​អតីតភាព​ការងារ​មុន​ឆ្នាំ២០១៩ ដោយ​យក​ប្រាក់ឈ្នួល​គោល និង​ប្រាក់​បន្ទាប់បន្សំ​មក​គណនា​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ