កម្ពុជា​​បើក​​ឱ្យ​​អ្នក​​ដំណើរ​​មក​​ពី​​​ប្រទេស​​​៦​​​​អាច​​ចូល​​កម្ពុជា​​បាន​​វិញ​​​ហើយ​​ក្រោម​​លក្ខ​ខណ្ឌ​​ផ្សេងៗ​

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

កម្ពុជា​បាន​សម្រេច​បើក​ឱ្យ​ជន​បរទេស​មក​ពី​ប្រទេស​ចំនួន ៦ ​មក​ពី​តំបន់​អឺរ៉ុប អាមេរិក​ខាង​ជើង និង​អាស៊ី អាច​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​វិញ​បាន​ហើយ​ ដែល​នេះ​គឺ​ជា​សេចក្ដី​សម្រេច​កើត​ឡើង​ក្រោយ​ពី​កម្ពុជា​រក​ពុំ​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ហើយ​អ្នក​ជំងឺ​កូវីដ១៩​ទាំង​អស់​នៅ​កម្ពុជា បាន​ជា​សះ​ស្បើយ​ឡើង​វិញ​អស់​ហើយ។

កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​សរុប ១២២​ករណី​ ចាប់​តាំង​ពី​ចុង​ខែ​មករា​កន្លង​មក ក្នុង​នោះ​បាន​រក​ឃើញ​លើ​ពលរដ្ឋ​កម្ពុជា ៥១​នាក់ និង​ជន​បរទេស​ ៧១​នាក់ ហើយ​ក្រសួង​សុខាភិបាលបញ្ជាក់ថា ​ករណី​ឆ្លង​ភាគ​ច្រើន​លើស​លប់ត្រូវ​បាន​នាំ​ចូល​ពី​បរទេស។

ខណៈ​ដែល​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​កាន់​តែ​ច្រើន​នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​មីនា​កន្លង​មក​នោះ កម្ពុជា​ក៏​បាន​សម្រេច​ហាម​ឃាត់​ជន​បរទេស​មក​ពី​ ៦​ប្រទេស ​ធ្វើ​ដំណើរ​ចូល​មក​​កម្ពុជា។ ជន​បរទេស​​ដែល​កម្ពុជា​ហាម​ឃាត់​នោះ មាន​​ជន​បរទេស​មក​ពី​ប្រទេស​អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និង​អាមេរិក។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល បាន​ប្រកាស​លុប​ចោល​បម្រាម​ដែល​បាន​ហាម​ឃាត់​ជន​បរទេស​មក​ពី​ប្រទេស​ទាំង ៦​ខាង​លើ​នេះ។

ទោះជាយ៉ាងណា ក្រសួង​បញ្ជាក់​ថា គ្រប់​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ទាំង​អស់ ក្នុង​នោះ​រួម​ទាំង​ពលរដ្ឋ​កម្ពុជា​ផង​ដែរ ត្រូវ​មាន​លិខិត​ពិនិត្យ​សុខភាព​ដែល​បញ្ជាក់​ថា គ្មាន​មេរោគ​កូវីដ១៩ ​ដែល​ចេញ​ដោយ​ប្រទេស​សាម៉ីនៅ​ក្នុង​រយៈ​ពេល ៧២​ម៉ោង។

ជាង​នេះ​ទៅ​ទៀត ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ដំណើរ​ជា​ជន​បរទេស ត្រូវ​មាន​ធានា​រ៉ាប់​រង​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​យ៉ាង​តិច ៥​ម៉ឺន​ដុល្លារ​ អំឡុង​ពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​គោរពតាម​វិធានការ​កំណត់​ដោយ​អាជ្ញាធរ​កម្ពុជា។

យ៉ាង​ណា ក្រសួង​បញ្ជាក់​ថា លក្ខខណ្ឌ​ត្រង់​ចំណុច​ទី​ពីរ​នេះ ត្រូវ​បាន​លើក​លែង​ចំពោះ​មន្ត្រី​ការទូត​តំណាង​ឱ្យ​ប្រទេស​នានា និង​មន្ត្រី​អង្គការ​អន្តរជាតិ ដែល​កាន់​ទិដ្ឋាការ​ទាំង​ ២​ប្រភេទ​របស់​កម្ពុជា។

ក្រសួង​សុខាភិបាល​បញ្ជាក់​ទៀត​ថា រាល់​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ទាំង​អស់ រួម​ទាំង​ពលរដ្ឋ​កម្ពុជា​ផង​ដែរ នឹង​ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​​ដាច់​ដោយ​ឡែក​រយៈ​ពេល​ ១៤​ថ្ងៃ​នៅ​ក្នុង​«មណ្ឌល​រង់ចាំ» ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩។

នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​មីនា​កន្លង​មក ប្រទេស​ធំៗ​ទាំង ៥​ នៅ​តំបន់​អឺរ៉ុប មាន​អ៊ីតាលី អេស្ប៉ាញ បារាំង និង​អាល្លឺម៉ង់។ របាយការណ៍​អង្គការ​សុខភាព​ពិភព​លោក នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា បង្ហាញ​ថា អ៊ីតាលី​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ដល់​ទៅ​ជាង ២​ម៉ឺន​ករណី ហើយ​មាន​មនុស្ស​ស្លាប់​ដល់​ទៅ​ជាង ១,៤៤១​នាក់ ខណៈ​ដែល​អេស្ប៉ាញ​តាម​ពី​ក្រោយ​អ៊ីតាលី មាន​​​អ្នក​ឆ្លង​ជិត ៦​ពាន់​នាក់ និង​អ្នកស្លាប់ ១៣៦​នាក់។

នៅ​ឯ​ប្រទេស​បារាំង​វិញ មនុស្ស​ដល់​ទៅ ៤,៤៦៩​នាក់​ បាន​ឆ្លង​វីរុស​កូរ៉ូណា​នៅពាក់​កណ្ដាល​ខែ​មីនា​កន្លង​មក ខណៈ​មនុស្ស​ស្លាប់​ដោយសារ​វីរុស​មាន​ចំនួន ៩១​នាក់។ នៅ​អាល្លឺម៉ង់ មាន​មនុស្ស​ជិត ៤​ពាន់​នាក់ បាន​ឆ្លង​វីរុស ហើយ​វា​បាន​សម្លាប់​មនុស្ស ៨​នាក់។

អំឡុង​ពេល​នោះ​ដែរ អ៊ីរ៉ង់​រក​ឃើញ​អ្នក​ឆ្លង​វីរុស​នេះ​ដល់​ទៅ​ជិត ១៣,០០០​នាក់ ហើយ​អ្នក​ស្លាប់​កើន​ឡើង​ដល់ជិត ៦០៨​នាក់ ខណៈ​ដែល​អាមេរិក​រក​ឃើញ​អ្នក​ឆ្លង​ ១,៦៧៨​នាក់ និង​អ្នក​ស្លាប់ ៤១​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ