រដ្ឋ​មន្ត្រី​​យុត្តិធម៌​​រំពឹង​​ថា​ បញ្ហា​​កក​ស្ទះ​​សំណុំ​រឿង​​នឹង​​ដោះ​ស្រាយ​​បាន​៧០​ភាគ​រយ​​រយៈ​៦​ខែ​​ខាង​មុខ​​

(កណ្ដាល) រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​«យុទ្ធនាការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ទូទាំង​ប្រទេស» នៅទីស្ដីការក្រសួងយុត្តិធម៌ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួង​យុត្តិធម៌​រំពឹង​ថា វិធានការ​ថ្មី​របស់​ខ្លួន​នឹង​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​បាន​រហូតដល់ ៧០ភាគរយ និង​ប្រកបដោយ​តម្លាភាព​នៅក្នុង​រយៈពេល​ត្រឹម ៦ខែ​ខាងមុខ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​«យុទ្ធនាការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ទូទាំង​ប្រទេស» នៅទីស្ដីការក្រសួងយុត្តិធម៌ នា​ថ្ងៃ​ចន្ទ​នេះ រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ថ្លែង​ថា យុទ្ធនាការ​នេះ​មាន​កិច្ចសហការ​ពី​ក្រសួង​ពាក់ព័ន្ធនានា ក្នុង​នោះក៏មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផង​ដែរ។

រដ្ឋមន្ត្រី​ថ្មី​រូប​នេះ អះអាង​ទៀត​ថា ការ​ដាក់ចេញ​វិធានការ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក​ថា ជា​មូលដ្ឋាន​គ្រឹះ​នៃ​វិធានការ​ថ្មីនេះ។

លោក កើត រិទ្ធ ថ្លែង​ថា៖ «ពាក្យ​បួន​ម៉ាត់​ដែល​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ បាន​ដាក់​នោះ គេ​ហៅថា ជាគម្រប់​នៃ​យុទ្ធនាការ​តែម្តង លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ»។

លោក កើត រិទ្ធ អះអាង​ទៀត​ថា វិធានការ​នេះ នឹង​ចូលរួម​ចំណែក​ពង្រឹង​សមត្ថភាព​ចៅក្រម និង​ព្រះរាជអាជ្ញា កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​ពន្លឿន​យុត្តិធម៌​ដល់​ជនជាប់ចោទ។

លោក កើត រិទ្ធ អះអាង​ផងដែរ​ថា បញ្ហា​កកស្ទះ​សំណុំរឿង​ដែល​បាន​កើតឡើង​នោះ មិន​ជាប់ពាក់ព័ន្ធ​នឹង​អំ​ពើ​ពុក​រលួយ​របស់​មន្ត្រី​តុលាការ​ទេ ដោយ​ថា បញ្ហា​នេះ​វា​កើត​ចេញពី​កង្វះ​ធនធានមនុស្ស បច្ចេកទេស ការ​កើនឡើង​នៃ​បទល្មើស​គ្រឿងញៀន និង​ការអនុវត្ត​នីតិវិធី​របស់​ព្រះរាជអាជ្ញា​មួយចំនួន។

បើ​តាម​លោក កើត រិទ្ធ ព្រះរាជអាជ្ញា​មាន​សិទ្ធិ ៣យ៉ាង​នៅក្នុង​ការអនុវត្ត​នីតិវិធី​ចោទប្រកាន់ ក្នុង​នោះ​មានការ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់ ការ​បង្ហាញ​ខ្លួ​នភ្លាមៗ និង​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ។

ប៉ុន្តែ លោក​ថា ការអនុវត្ត​ជាក់ស្តែង ព្រះរាជអាជ្ញា​ប្រើ​ជម្រើស​ទី៣ស្ទើរ​ទាំងអស់ ដែល​លោក​ថា ជា​មូលហេតុ​ធ្វើឱ្យកកស្ទះ ខណៈ​ច្បាប់​អនុញ្ញាតិ​តែ​បទឧក្រិដ្ឋ និង​បទមជ្ឈិម​ស្មុគស្មាញ​ប៉ុណ្ណោះ ទើប​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ។

លោក កើត រិទ្ធ អះអាង​ដែរ​ថា ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ វា​ត្រូវ​ផ្តើម​ចេញពី​កា​រប​ង្កើន​សមត្ថ​ភាពមន្ត្រី​តុលាការ​ជាមុន។

នាយករង​អង្គការ​លី​កាដ​ូ​ លោក អំ សំអាត និយាយ​ថា យុទ្ធនាការ​នេះ​បាន​ជួយ​កាត់បន្ថយ​បញ្ហា​មួយចំនួន​ក្នុង​ប្រព័ន្ធ​តុលាការ ប៉ុន្តែ មិនបាន​ធានា​យុត្តិ​ធម៌​សង្គម​ទេ បើ​គ្មាន​កំណែទម្រង់​ជា​ប្រព័ន្ធ​តប​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ​នោះ ពិសេស​អ្នកមាន​និន្នាការ​ប្រឆាំង។

លោក​ថា៖ «ខ្ញុំ​គិតថា ប្រព័ន្ធ​តុលាការ​នេះ បើ​យើង​ចង់​កែ ​ថាធ្វើ​ម៉េច​ឱ្យវា​ដំណើរការ​ទៅ​ដោយ​ប្រសិទ្ធភាព និង​យុត្តិធម៌ វា​ទាល់តែ​កែ​ប្រព័ន្ធ​តុលាការ​ទាំងមូល​ទៅជា​ឯក​រា​ជ្យ​ហ្មង អាហ្នឹង​បាន​ទៅរួច។ ប៉ុន្តែ បើ​យើង​បង្កើត​គណៈកម្មការ​ដើម្បី​ពន្លឿន​នីតិវិធី គឺ​គ្រាន់តែ​ជំរុញ​នៃ​ផ្នែក​មួយ​ទេ​ទាក់ទង​នឹង​នីតិ​វិធី​អី​ឱ្យតែ​វា​បាន​លឿន​ប៉ុណ្ណឹង​ទេ»។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី លើកឡើង​ថា ការ​បើក​ចំហ​ព័ត៌មាន រួម​ទាំង​យន្តការ​ឃ្លាំមើល​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ វា​នឹង​ជំរុញ​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​អំពើពុករលួយ​បាន​ប្រសើរ​ជាង​មុន និង​ជំរុញ​ដល់​ការ​ជម្រះ​ខ្លួន​ចេញ​ពី​បញ្ជី​ប្រ​ផះ​នៃ​ការ​លាង​លុយកខ្វក់​ពី​អន្តរជាតិ​ផង​ដែរ។

លោក ប៉ិច ពិសី ប្រាប់​ថា៖ «ព្រោះ​កាលណា​យើង​បើកចំហ​ព័ត៌មាន យើង​អាច​ចូលរួម​ទប់ស្កាត់​អំពើពុករលួយ ហើយ​ជំរុញ​ឱ្យស្ថាប័ន​សាធារណៈ នឹង​មាន​គណនេយ្យ​ភាព​ខ្ពស់​ជាង​មុន និង​អាច​ធ្វើឱ្យកម្ពុជា​ប្រែប្រួល​ក្នុង​ការ​ឱ្យពិន្ទុ​នៃ​ការ​វាយ​តម្លៃ​ផ្សេង​ៗ ដែល​យើង​ឃើញ​អង្គការ​អន្តរជាតិ​ច្រើន ដែលគេ​ធ្វើការ​វាយតម្លៃ​ពី​លទ្ធិប្រជាធិបតេយ្យ បញ្ហា​មួយ​ធំគឺ​យើង​ខ្វះ​តម្លាភាព​ហ្នឹងឯង»។

បើ​តាម​ក្រសួង​យុត្តិធម៌​ គិត​ត្រឹម​ថ្ងៃទី១៤ ខែមេសា​ឆ្នាំនេះ សំណុំរឿង​កកស្ទះ​នៅ​ទូទាំង​ប្រទេស រឿង​ព្រហ្មទណ្ឌ​មាន​ជិត ៤ម៉ឺន​ករណី (៣៩,១៥២​) និង​មាន​អ្នកជាប់ឃុំ​ជាង ១ម៉ឺន ២ពាន់​នាក់​(១២,៦៥១​)។

យុទ្ធនាការ​នេះ នឹង​ត្រូវ​ធ្វើឡើង​ចន្លោះ​ពី ៦ខែ ​ទៅ ៩ខែ ដោយ​គ្មាន​ការចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​ទេ ដោយ​ថា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យមានការ​ជ្រៀតជ្រែក​កិច្ចការ​តុលាការ។

គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project​) បាន​ចេញ​របាយការណ៍​កាលពី​ឆ្នាំ២០១៩ វាយតម្លៃ​ថា ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា មាន​នីតិរដ្ឋ​ទាប ដោយ​ឱ្យ​ពិន្ទុស្ថិតនៅ​ជិត​បាត​តារាង​ ជាប់លេខ ១១២ ក្នុងចំណោម ១១៣ប្រទេស។

របាយការណ៍​នេះ​បញ្ជាក់​ថា ចំណាត់ថ្នាក់​យុត្តិធម៌​របស់​កម្ពុជា​ ដោយសារតែ​មានការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល។

យ៉ាងណា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ អះអាង​ថា យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​នេះ ជា​ជំហាន​ឆ្ពោះទៅ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ