នាយ​ផ្នែក​ចរាចរណ៍​ខេត្ត​កំពង់ធំ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​បន្ថែម​ក្រោយ​បើក​បរ​ទាំង​ស្រវឹង

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​កំពង់ធំ ត្រួត​ពិនិត្យ​សណ្ដាប់​ធ្នាប់​ចរាចរណ៍​នៅ​ផ្លូវ​ជាតិ​លេខ៦ នៅ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០។ (ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ)

មន្ត្រី​នគរបាល​ជាតិ​ជាន់​ខ្ពស់ បាន​ឱ្យ​ដឹង​ថា នាយផ្នែក​ចរាចរណ៍​នៅ​ខេត្ត​កំពង់ធំ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​បន្ថែម​ពី​មន្ត្រី​ជំនាញ បន្ទាប់​ពី​មន្ត្រី​នគរបាល​រូប​នេះ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​សម្រេច​ផ្អាក​ពី​ការងារ​ជា​បណ្ដោះ​អាសន្ន​ដោយសារ​តែ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ចរាចរណ៍។

ក្នុង​សេចក្ដី​សម្រេច​មួយ​ចេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន សម្រេច​​ផ្អាក​ការងារ​​នាយ​ផ្នែក​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក រុំ សុវិជ្ជា ជា​បណ្ដោះ​អាសន្ន។

អ្នកនាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់វីអូឌីនៅថ្ងៃនេះថា មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​កំពង់ធំ​រូប​នេះ ត្រូវ​បាន​មេ​នគរបាល​ជាតិ​សម្រេច​ដាក់​ពិន័យ​បែប​នេះ បន្ទាប់​ពី​​គាត់​បាន​បើក​បរ​ក្រោម​ឥទ្ធិពល​​គ្រឿង​ស្រវឹង បណ្ដាល​ឱ្យ​បុក​រនាំង​បរិវេណ​រូប​សំណាក​លោក​តា​អាចារ្យ​លាក់ កាល​ពី​ម៉ោង​ជាង ៩​យប់​ថ្ងៃ​ទី​១៥ ខែ​ឧសភា។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា លោក រុំ សុវិជ្ជា ថែម​ទាំង​បាន​ស្រែកជេរប្រមាថអភិបាលខេត្តកំពង់ធំ លោក សុខ លូ នៅទីតាំង​កើតហេតុថា មិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាតតាមដងផ្លូវ ទើបឱ្យគាត់ជួបគ្រោះថ្នាក់។

លោក ឆាយ គឹមខឿន ប្រាប់ថា៖ «ទោះបីជាមន្ត្រីនគរបាលចរាចរណ៍ក៏ដោយ មន្ត្រីកងកម្លាំងប្រភេទណាក៏ដោយខុសច្បាប់ចរាចរណ៍ត្រូវបានផាកពិន័យ និងអនុវត្តច្បាប់ដូចប្រជាពលរដ្ឋទូទៅដែរ»។​​

លោក គឹមខឿន បញ្ជាក់ថា ថ្នាក់ដឹកនាំនឹងចាត់មន្ត្រីជំនាញស្រាវជ្រាវ ហើយពិចារណាបន្ថែមទៀតថា ត្រូវបញ្ចប់មុខតំណែងរបស់នាយការិយាល័យចរាចរណ៍ផ្លូវគោក​រូបនេះ​តែម្តង ឬផ្អាកការងារជាបណ្ដោះអាសន្នតែប៉ុណ្នឹង។

បន្ថែមពីនេះ លោក គឹមខឿន អះអាងថា លោក រុំ សុវិជ្ជា ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក  ស ខេង ចេញលិខិតព្រមានម្តងមកហើយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០  ដោយសារតែធ្វេសប្រហែស​ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។

ក្រៅ​ពី​នាយ​ផ្នែក​ចរាចរណ៍​រូប​នេះ ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក អ៊ុក កសុល និង​ស្នងការ​រង ៣​រូប​ទៀត មាន​លោក ទិត សំណាង ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ លោក វ៉ា ចាន់កុសល ទទួល​បន្ទុក​ផ្នែក​នគរបាលសេដ្ឋកិច្ច និង​លោក អ៊ឹម សុគឿន ទទួល​បន្ទុក​ផ្នែក​ធន​ធាន​មនុស្ស ក៏​ត្រូវ​បាន​រដ្ឋ​មន្ត្រី​មហាផ្ទៃ​ចេញ​លិខិត​ព្រមាន​ព្រម​គ្នា​ផង​ដែរ ក្រោម​មូលហេតុ​ធ្វេស​ប្រហែស​ក្នុង​ការ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ