បទ​​យក​ការណ៍៖ កម្មករ​​ផ្លាស់​វេន​​គ្នា​​ដេក​​ក្រោម​​តង់​​យាម​​មុខ​រោងចក្រ​​មួយ​​រង់​ចាំ​​សំណង​​

តង់ខាងមុខរោងចក្រ Dignity ក្នុងសង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលកម្មកររោងចក្រយាមពេលថ្ងៃ និងសម្រាកនៅពេលយប់។ (ហ៊ុន សិរីវឌ្ឍន៍/ ០១ ឧសភា ២០២០)

«ពេលយប់​ យើង​មាន​ហានិភ័យ​ដូចជា មាន​សត្វ មាន​មនុស្ស ដែល​អាច​ញៀន​ថ្នាំ ញៀន​ស្រា ក្មេងពាល​អី មក​អុកឡុក​ មាន​ញឹកញាប់។ អ៊ីចឹង​ហើយ​មួយ​យប់ៗ គាត់​គេង​អត់​លក់​ទេ​! គាត់​ត្រូវតែ​លេង​អី​បន្ដិចបន្ដួច​សម្រាប់​កំដរគ្នា​មួយ​យប់​ទល់​ភ្លឺ​អ៊ីចឹង​ណា។ ពេលខ្លះ​មាន​ឡាន​ធំៗ បើកលឿន​ៗ រង្គើ ស្ញើប​ភ័យ​ព្រួយ​ខ្លាំង​ណាស់ ហើយ​ជាពិសេស​ពេល​ភ្លៀង​ខ្លាំង​ ពួក​យើង​គេង​នៅ​ហ្នឹង​អត់​កើត​ទេ យើង​ទៅ​សុំ​សំ​យ៉ា​បផ្ទះ​អ្នកជិតខាង​ឈរ​សម្រាក​អី​អញ្ចឹង​ទៅ ដោយសារ​យើង​មើល​ទិដ្ឋភាព​តង់​ហ្នឹង​ វា​អត់​អាច​ទប់​ភ្លៀង​ខ្យល់​អី​បាន​ខ្លាំង​ទេ ជួនកាល​កណ្ដាល​អាធ្រាត្រ​យើង​ត្រូវ​រើ​អី​វ៉ាន់​ទៅ​សុំ​សំ​យ៉ា​បផ្ទះ​គេ​សម្រាក​មួយ​យប់​ពីរយប់​អី​អ៊ីចឹង​ទៅ»។

ខាងលើនេះ​ជា​ការ​រៀបរាប់​របស់​កម្មករ​ផ្នែក​កាត់​ព្រុយ អ្នកស្រី សួរ សុ​ជាតិ អាយុប្រមាណ​ជាង ៣៧ឆ្នាំ ដែល​បរិយាយ​ពី​ការ​លំបាក​នៃ​ការរស់នៅ​ក្រោម​ដំបូល​តង់​មុខ​រោងចក្រ Dignity knitter Limited ស្ថិត​ក្នុង​សង្កា​ត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ 

រោងចក្រ Dignity knitter Limited ដែល​មានកម្ម​ករ​ជាង ១ពាន់​នាក់​ បាន​ប្រកាស​បិទទ្វារ​រោងចក្រ​របស់​ខ្លួន​នៅ​ថ្ងៃទី៧ ខែមេសា កន្លងទៅ ដោយ​ពុំ​មានការ​ជូនដំណឹង​ដល់​កម្មករ​ជាមុន ខណៈ​ប្រាក់ខែ​កម្មករ​ត្រូវ​បាន​រោងចក្រ​នេះ​បើក​ឱ្យ​​រអាក់រអួល​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ២០១៩ មកម៉្លេះ។ 

បើ​តាមកម្ម​ករ ពួក​គាត់​មាន​គ្នា​ជាង ១០០នាក់ ​ចាប់ផ្ដើម​ធ្វើការ​ឆ្លាស់​វេន​គ្នាដេក​យាម​មុខ​រោងចក្រ​នេះ ដោយសារ​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ព្យាយាម​ដឹក​សម្ភារ​ចេញពី​រោងចក្រ​ពីសំណាក់​ថៅកែ​រោងចក្រកាលពី​ខែមករា​កន្លងទៅ។ 

តង់ខាងមុខរោងចក្រ Dignity ក្នុងសង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលកម្មកររោងចក្រយាមពេលថ្ងៃ និងសម្រាកនៅពេលយប់។ (ហ៊ុន សិរីវឌ្ឍន៍/ ០១ ឧសភា ២០២០)

កម្មករ​ផ្នែក​អ៊ុត​នៅ​រោងចក្រ Dignity knitter Limited លោក​ ចឹក ប៊ុ​នសាន អាយុប្រមាណ ៣៥ឆ្នាំ ដែល​បាន​ដើរចេញ​ពី​ក្នុង​រោងចក្រ​ដែល​លែង​ដំណើរការ​ហើយ​នោះ ​ក្នុងទឹក​មុខរាប​ស្មើ បាន​ដាក់​កៅអី​ចុះ​អង្គុយ​ក្រោម​តង់​ដែល​កម្មករ​បាន​ចង​ឡើង​ដើម្បី​ដេក​យាម បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន VOD ថា៖

«ក្រុមហ៊ុន​នៅក្នុង​អំឡុង​ពេល​ខែ១ ខែ២ ខែ៣ គឺ​គាត់​ព្យាយាម​ដឹក​អីវ៉ាន់​ចេញ​ ដឹក​ដូចជា​ម៉ាស៊ីន​ដូចជា​អី​ចេញ​អ៊ីចឹង​ណា។ អ៊ីចឹង​ ពួក​ខ្ញុំ​ដែល​គាត់​មិនបាន​បើកលុយ​ដែល​ជំពាក់​ក្នុង​ខែ១២ ខែ១ និង​ខែ២ ដែល​ក្រុមហ៊ុន​អត់​បាន​បើក​ឱ្យ​ អីចឹង​ពួក​ខ្ញុំ​ត្រូវការ​ដេក​យាម​នៅមុខ​រោងចក្រ​ ដើម្បី​ឱ្យ​ពួក​គាត់​បើកលុយ​ឱ្យ​ពួក​ខ្ញុំ​សិន អ៊ីចឹង​ហើយ​បាន​ជា​ពួក​ខ្ញុំ​ដេក​យាម​ជា​រៀងរាល់ថ្ងៃ​ដល់​ខែ​ប្រាំ​នេះ»។

បើ​តាម​លោក ចឹក ប៊ុ​នសាន ជីវិត​ក្រោម​ដំបូង​តង់​នេះ​មិន​ងាយស្រួល​នោះ​ទេ​ ដោយសារ​ត្រូវ​ប្រឈម​នឹង​បញ្ហា​សុខភាព និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​ជាដើម។

កំពុង​អង្គុយ​លើ​កន្ទេល​ផ្ទាល់​នឹង​ដី ក្រោម​តង់​នៅមុខ​រោងចក្រ Dignity កម្មករ​រោងចក្រ​ផ្នែក​ផុង​ភ្ជាប់ អ្នកស្រី សូត្រ ស៊ី​ណេត អាយុប្រមាណ ៣២ឆ្នាំ មានប្រសាសន៍​ប្រាប់ VOD ថា ពេលយប់​ឡើង​ កម្មករ​ត្រូវ​តភ្ជាប់​ភ្លើង​ដែល​តភ្ជាប់​ពី​ផ្ទះ​អ្នក​នៅ​ជិត​រោងចក្រ ខណៈ​ការប្រើ​ប្រាស់​បន្ទប់ទឹក​ក៏​ត្រូវ​ដើរទៅ​ផ្ទះ​អ្នក​នៅ​ជិត​រោងចក្រ​ដើម្បី​សុំ​ប្រើប្រាស់​ផង​ដែរ។ 

អ្នកស្រី សូត្រ ស៊ី​ណេត៖ «ភ្លើង​សុំ​តគីឡូ​ពី​បង​ជិតខាង​ ហើយ​រៃលុយ​គ្នា​ដាក់​អ៊ីចឹង​ទៅ បន្ទប់ទឹក​ទៅ​សុំ​បន្ទប់​ជិតខាង​ហ្នឹង​ទៅ ជា​ពិសេស​បង​គាត់​នៅ​ជិត​ហ្នឹង​ គាត់​អាច​បើក​បាន ២៤ម៉ោង។ គាត់​អត់​ប្រកាន់​ទេ គេ​ថា ​គាត់​ក៏​ជា​កម្មករ​រោងចក្រ​ដូច​ពួក​យើង​ដែរ​ អ៊ីចឹង​គាត់​អាច​បើក​បាន​ពេល​ដែល​ពួក​ខ្ញុំ​ចេញចូល ​ពេល​ដែល​សម្រាក​ពេលយប់​ព្រលប់​អ៊ីចឹង»។

ម៉ោង​ប្រមាណ៦ និង៣០នាទី បន្ទាប់​ទម្លាក់​គ្រែ​សម្រាប់​ដេក​យាម និង​ក្រោយពី​ហូប​មី​កញ្ចប់​ស្រុះ​ជាមួយ​សាឡាត់​ដែល​ទិញ​ពី​ផ្សារ​មុខ​រោងចក្រ ដែល​មុ​ខម្អូ​បនេះ​ស្ទើរតែ​ជា​អាហារ​ប្រចាំ​ពេលល្ងាច​របស់​កម្មករ​ដែល​យាម​មុខ​រោងចក្រ​នេះ​ទៅ​ហើយ។

កម្មករ​បម្រើការ​ផ្នែក​ប៉ះ​នៅ​រោងចក្រ Dignity នេះ រយៈពេល ១៤ឆ្នាំហើយ ​អ្នកស្រី សៅ រុន អាយុ ៣៥ឆ្នាំ​ បានឱ្យ VOD ដឹង មានប្រសាសន៍​ថា ក្រុម​កម្មករ​សុទ្ធតែ​មាន​បន្ទប់​ជួល​រៀងខ្លួន តែ​ដោយ​បារម្ភ​ពី​ការ​មិន​បើក​ប្រាក់​ឱ្យ​កម្មករ ក៏ដូចជា​ការពារ​កុំឱ្យ​រោងចក្រ​ដឹក​សម្ភារចេញ​ដោយ​គ្មាន​ការព្រមព្រៀង​ជាមួយ​កម្មករ។ ដូច្នេះ​ ពួក​គាត់​ត្រូវតែ​មក​យាម​មុខ​រោងចក្រ​នេះ ដោយ​ចាត់ទុកថា​ជា​ការ​ដេកយាម​ដើម្បី​ការពារ​ទ្រព្យរបស់​ខ្លួន​ផង​ដែរ។

អ្នកស្រី សៅ រុន៖ «ធម្មតា​ទេ ​មនុស្សយើង​បើសិនជា​នៅក្នុង​បន្ទប់​យ៉ាង​ម៉េច យើង​នៅ​បារម្ភ​ភ័យខ្លាច ​ចុះ​ទម្រាំ​ពួក​ខ្ញុំ​មក​ដេក​នៅ​នេះ​ តែងតែមាន​ការ​ភ័យ​ព្រួយ​ខ្លាច ដូចជា​ឥលូវនេះ ​វា​សំបូរ​អ្នក​ញៀន​ថ្នាំ​ច្រើន ​ទាស់​តែ​យើង​មើល​មិនឃើញ។ តែ​ធ្វើ​ម៉េច ​ដើម្បី​ការពារ​របស់​នៅក្នុង​ហ្នឹង​ដូចជា​ការពារ​លុយ​របស់​យើង​ដែរ​ យើង​ត្រូវតែ​យាម។ […] ប៉ុន្មាន​ថ្ងៃមុន​នេះ ​មាន​ភ្លៀង​ យើង​អត់​ទាន់​មាន​គ្រែ​អ៊ីចឹង​ទេ ពួក​គាត់​សម្រាក​នៅនឹង​សាប​ហ្នឹង​ ដល់​ភ្លៀង​មក​អ៊ីចឹង​ ដូច​ថា​អ្នកខ្លះ​ទប់​ឆ័ត្រ​ទៅ​ខ្លះ​ក៏​ឈរ​អ៊ីចឹង​ទៅ​ គឺ​អត់​បាន​សម្រាក​ទេ ហ្នឹង​ដើម្បី​អី​ គឺ​ដើម្បី​លុយ។ មិនដឹង​ថា ​ថ្ងៃណា​គេ​គិតគូរ​ឱ្យ​ អ៊ីចឹង​ក៏​ចេះតែ​បែបហ្នឹង​ទៅ។ មាន​សត្វ​មានអី​រំខាន​ តែ​ធ្វើ​ម៉េច យើង​មានតែ​ទ្រាំ​ បើ​មិន​ទ្រាំ​គឺ​យើង​វា​អត់ ដូច្នេះ​គឺ​មានតែ​ទ្រាំ»។ 

បើ​តាមកម្ម​ករ​ រោងចក្រ​នេះ​នៅ​ជំពាក់​ថ្លៃឈ្នួល​កម្មករ​រយៈពេល ២ខែ ប្រាក់​ដំណាច់ឆ្នាំ និង​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ។ ការ​មិន​បើក​ឱ្យ​កម្មករ​នេះ​ បាន​ធ្វើ​ឱ្យ​កម្មករ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​ជា​ខ្លាំង ដោយសារ​ខ្វះខាត​ចំណូល និង​ត្រូវ​ដោះស្រាយ​បំណុល​ដែល​ខ្លួន​ជំពាក់គេ​ទៀត។

អ្នកស្រី សូត្រ ស៊ី​ណេត មានប្រសាសន៍​ប្រាប់ VOD ថា​ បច្ចុប្បន្ន​ ប្រភព​ចំណូល​របស់​គ្រួសារ​អ្នកស្រី​ គឺមានតែ​មួយ​គត់​ពី​ប្ដី​អ្នកស្រី ​ដែល​ត្រូវ​ទៅ​ស៊ីឈ្នួល​ធ្វើ​សំណង់​ឱ្យ​គេ ដោយ​អ្នកស្រី​ត្រូវ​ចូលរួម​យាម​មុខ​រោងចក្រ​នេះ រង់​ចាំ​ដំណោះស្រាយ ខណៈ​បំណុល​ត្រូវ​បាន​ជំពាក់គេ​កាន់តែ​ច្រើន។ 

អ្នកស្រី​បន្ថែម​ថា៖ «រាល់ថ្ងៃ​បំណុល​ជុំ​ទិស ដើរ​ខ្ចីគេ​ដើម្បី​បង់ ខ្ចី​ពី​អ្នកនេះ​ទៅ​សង​អ្នកនោះ ខ្ចី​ពី​អ្នកនោះ​ទៅ​សង​អ្នកនេះ ​អ៊ីចឹង​បំណុល​ចាប់ផ្ដើម​កើនឡើង​ហើយ។ សុំ​ឱ្យ​គាត់ ​[រដ្ឋ​] ចាប់ផ្ដើម​គិត​ពី​រឿង​នេះ​ផង​ ព្រោះអី​ខាង​កម្មករ​រោងចក្រ ​គឺ​គាត់​វេទនា​អ៊ីចឹង»។ 

រោងចក្រ ឌី​កនើ​ធី នី​តធើរ លីមីត​ធី​ត (Dignity Knitter Limited​) បាន​បើក​ដំណើរការ​នៅ​ឆ្នាំ២០០៤ ដែល​មានកម្ម​ករ​សរុប ១០៤៩នាក់ និង​មាន​ម្ចាស់​ជា​ជនជាតិ​ចិន។ 

VOD បាន​ព្យាយាម​ផ្ញើ​សារ​អេឡិចត្រូនិច​ទៅកាន់​ម្ចាស់​រោងចក្រ Dignity Knitter Limited លោក Yu Shenxu ដល់ទៅ​ពីរ​លើក ដើម្បី​សុំ​ការ​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ​តែ​មិន​មានការ​ឆ្លើយតប​នោះ​ទេ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ ហៅ​កាត់ ស៊ី​ខៅ​ឌូ លោក គង់ អាទិត្យ មានប្រសាសន៍​ប្រាប់ VOD ថា រោងចក្រ Dignity Kinitter Limited បាន​បិទ​ដោយ​មិន​មានប្រកាស​តាមផ្លូវ​ច្បាប់​ត្រឹមត្រូវ​នោះ​ទេ ដែល​ជាហេតុ​ធ្វើ​ឱ្យ​កម្មករ​ផ្ទុះ​ការ​តវ៉ា។ លោក​បន្ថែម​ថា ការ​នៅតែ​បណ្ដែត​បណ្ដាយ​ឱ្យ​កម្មករ​នៅ​ដេក​មុខ​រោងចក្រ​នេះ ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​កម្មករ ក៏ដូចជា​មុខមាត់​របស់​រដ្ឋាភិបាល​ផង​ដែរ។

លោក​ គង់ អាទិត្យ៖ «សម័យ​កូ​វីដ​ផង គាត់​ប្រឈម​នឹង​សុខភាព សុវត្ថិភាព​គាត់​ផង ហើយ​វា​ក៏​មាន​រូបភាព​មិនល្អ​ដែល​មើលទៅ​ថា​ រឿង​ហ្នឹង​មិនទាន់​ដោះស្រាយ​បាន ​ហើយ​ធ្វើ​ឱ្យ​កម្មករ​នៅ​យាម​អី​អ៊ីចឹង​ ដែលប៉ះពាល់​ដល់​មុខមាត់​របស់​រាជរដ្ឋាភិបាល​ ក៏ដូចជា​ប្រទេសជាតិ​យើង​ដែរ ប្រសិនជា​រឿងរ៉ាវ​នៅតែ​ប្រឈមមុខ​យូរ​អ៊ីចឹង»។ 

អនុប្រធាន​ផ្នែក​អន្តរាគមន៍ និង​ដោះស្រាយ​បាតុកម្ម​កូដកម្ម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួងការងារ លោក អ៊ូ រតនា ដែល​ចុះ​ដោះស្រាយ​ករណី​វិវាទ​ការងារ​នៅ​រោងចក្រ Dignity Knitter Limited បញ្ជាក់​ប្រាប់ VOD កាលពី​ថ្ងៃទី៨ ខែឧសភា ​ថា ​ករណី​រោងចក្រ Dignity ត្រូវ​បាន​ក្រុម​ថៅកែ​រោងចក្រ​សម្របសម្រួល​ថា ​នឹង​ដោះស្រាយ​ផ្ដល់​សំណង​ជូន​កម្មករ​នៅ​ថ្ងៃទី៣០ ខែឧសភានេះ​ហើយ ដែល​លោក​ថា ​ជា​សញ្ញា​វិជ្ជមាន​នៃ​ដំណោះស្រាយ​សម្រាប់​ក្រុម​កម្មករ។ 

លោក​ អ៊ូ រតនា៖ «លទ្ធផល ​គឺ​គាត់​បាន​ឯកភាព​គ្នា​ទាំង​អស់​ហើយ​ ហើយភាគី​ទាំងពីរ​សន្យា​បើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗនៅ​ថ្ងៃ៣០ ឧសភា​នេះ​ហើយ»។ 

សំណង​ដែល​រោងចក្រ Dignity នឹង​ផ្ដល់​ឱ្យ​កម្មករ​ជាង ១ពាន់​នាក់​នោះ​ រួមមាន ​ថ្លៃ​ប្រាក់ខែ​ចុងក្រោយ ប្រាក់​ជូនដំណឹង ប្រាក់​ឈប់សម្រាក​ប្រចាំឆ្នាំ និង​ប្រាក់ដំណាច់​បណ្ដេញចេញ។ 

បើ​តាម​មន្រ្តី​ដោះស្រាយ​វិវាទ​នៅ​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ លោក ស៊ាង យ៉ូ​ត បាន​ប្រាប់ VOD កាលពី​ថ្ងៃ២១ ខែមេសា​កន្លងទៅ សំណង​ដែល​រោងចក្រ​ត្រូវ​សង​ដល់​កម្មករ​ទាំង​ជាង ១ពាន់​នាក់​នោះ​ មិន​តិច​ជាង ១លាន ៥០ម៉ឺន​ដុល្លារ​នោះ​ទេ។ 

ទោះជាយ៉ាងណា​ សម្រាប់​តំណាង​កម្មករ​ដែល​នៅ​រង់ចាំ​មុខ​រោងចក្រ Dignity អ្នកស្រី សួរ សុ​ជាតិ ថា​ពួក​គាត់​នឹង​មិន​បញ្ឈប់​ការ​ដេក​យាម​មុខ​រោងចក្រ​ទេ​ ដរាបណា​រោងចក្រ​នៅ​មិនទាន់​ផ្ដល់​សំណង​ដែល​បាន​សន្យា​ជូន​ពួក​គាត់។ 

អ្នកស្រី សួរ សុ​ជាតិ៖ «ប្រសិនជា​ក្រុមហ៊ុន បើកលុយ​ឱ្យ​នៅ​ថ្ងៃ៣០ពិតមែន ឬក៏​ថ្ងៃណាមួយ​តាម​កិច្ច​ព្រមព្រៀង​មែន ពេល​ហ្នឹង​ពួក​ខ្ញុំបាន​លុយ ​ពួក​ខ្ញុំ​ត្រលប់​ទៅផ្ទះ​វិញ​អស់ហើយ។ និយាយទៅ​កន្លងមក​ គាត់​អត់​គោរព​កិច្ច​ព្រមព្រៀង​ជាច្រើន​ដង​មក​ហើយ មិនមែន​ថា​ម្ដង​ទេ គាត់​ធ្លាប់​មិន​គោរព​កិច្ច​ព្រមព្រៀង ឬកិច្ច​សន្យា​អី​មួយ​អ៊ីចឹង។ ពួក​ខ្ញុំ​អត់មាន​ទំនុកចិត្ត​លើ​ក្រុមហ៊ុន ទោះបីជា​រឿង​ហ្នឹង​ដល់​ក្រសួង​ក៏ដោយ​ តែ​មានការ​កែប្រែ​ច្រើន​ក្នុង​រឿង​ហ្នឹង។ ពួក​យើង​មានការ​ពិបាក​ដែរ ហើយ​ពួក​យើង​នៅតែ​ដេក​យាម​រហូត​មាន​ដំណោះស្រាយ»


ចំណាំ​៖ «ការស្រាវជ្រាវ​នេះ​ ផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ