តុលាការ​​ឃុំ​ខ្លួន​​អតីត​​នាយក​​ស្ថានីយ​​វិទ្យុ​ និង​​គេហ​​ទំ​ព័រ​រិ​ទ្ធិ​សែន​ ដែល​តែង​​ផ្សាយ​​រឿង​​ជម្លោះ​​ដី​​ខេត្ត​​កំពង់​ឆ្នាំង​​

លោក សុខ ឧត្ដម ម្ចាស់​ស្ថានីយ​វិទ្យុ 99.75MHz និង​គេហទំព័រ «រិទ្ធិ​សែន» នៅ​ខេត្ត​កំពង់ឆ្នាំង។ (រិទ្ធិសែន ព័ត៌មាន)

ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង បានសម្រេច​ឃុំខ្លួន​អតីត​នាយក​ស្ថានីយ​វិទ្យុ FM 99.75MHz និង​គេហ​ទំ​ព័រ រិ​ទ្ធិ​សែន ​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន ក្រោម​បទចោទប្រកាន់​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។ 

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ លោក ឈួន ស៊ី​វិន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ចៅក្រម​ស៊ើបសួរ​ លោក ផាន់ ឡេង បានសម្រេច​ឃុំខ្លួន​លោក សុខ ឧត្ដម នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន បន្ទាប់ពី​ធ្វើការ​សាកសួរ​រួច។ លោក​បន្ត​ថា លោក សុខ ឧត្ដម ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ករណី​ដែល​លោក​បាន​ចុះ​ញុះញង់​ និង​បំផុសបំផុល​ប្រជាពលរដ្ឋ​ឱ្យធ្វើ​ការ​តវ៉ា ។

លោក​ថា៖ «លោក​ សុខ ឧត្តម បាន​ញុះញង់ ​និង​បំផុសបំផុល​ប្រជាពលរដ្ឋ​ឱ្យធ្វើ​ការ​តវ៉ា ដោយ​ចោទប្រកាន់​ថា អាជ្ញាធរ​យក​ដី​បន្ទាយទាហាន និង​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ធ្វើ​ឱ្យ​ភាន់ច្រឡំ​ ធ្វើបាត់​បង់​ជំនឿ​លើ​អាជ្ញាធរ​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​សន្តិសុខ​សង្គម»។

លោក ឈួន ស៊ី​វិន អះអាង​ថា ដើមបណ្ដឹង​ដែល​ប្ដឹង​អតីត​នាយក​ស្ថានីយ​វិទ្យុ FM 99.75MHz និង​គេហ​ទំ​ព័រ រិ​ទ្ធិ​សែន លោក សុខ ឧត្ដម នោះ គឺ​មេបញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង លោក នូរ សំរិទ្ធ។

ម្ចាស់​ស្ថានីយ​វិទ្យុ 99.75MHz និង​គេហទំព័រ «រិទ្ធិ​សែន» នៅ​ខេត្ត​កំពង់ឆ្នាំង លោក សុខ ឧត្ដម ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ សមត្ថកិច្ច​ចាប់ខ្លួន​លោក សុខ ឧត្ដម ធ្វើឡើង​បន្ទាប់ពី​លោកចុះទៅ​ឡាយ​ផ្ទាល់​រឿង​ប្រជាពលរដ្ឋ​តវ៉ា នៅមុខ​សាលាឃុំ​ជៀប កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិត​ក្នុង​ស្រុក​ទឹកផុស ដែល​ប្រជាពលរដ្ឋ​ចោទ​ថា អាជ្ញាធរ​បាន​ដកហូត​ដីធ្លី​របស់​ពួក​គេ។

អ្នកសារព័ត៌មាន​កម្ពុជា ២រូប​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​ស្ថាប័ន​សារព័ត៌មាន​អន​ឡាញចំនួន ៣ ត្រូវ​បាន​ក្រសួងព័ត៌មាន​សម្រេច​លុបចោល​អាជ្ញាប័ណ្ណ​ជាបន្តបន្ទាប់​ចាប់តាំងពី​ដើមខែ​មេសា​កន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ