ឪពុក​​ម្តាយ​​សិស្ស​​បារម្ភ​​កូន​​ធ្លាក់​ខ្លួន​​ចូល​​ក្រុម​​គ្រឿង​ញៀន​​ពេល​​សាលា​​បន្ត​​បិទ​ទ្វារ​​

បុរសម្នាក់ជិះម៉ូតូចេញពីច្រកទ្វារវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ឪពុក​ម្តាយ​មួយចំនួន​នៅ​តាម​ជនបទ​ដែល​កូន​រៀន​សាលា​រដ្ឋ​ បង្ហាញ​ក្តី​បារម្ភ​ថា កូន​ពួក​គាត់​រៀន​តាម​ទូរទស្សន៍​ ឬតាម​ទូរសព្ទ​មិនបាន​ផល​ល្អ​ទេ ហើយ​តែង​នាំគ្នា​លេង​ច្រើន​តាម​ក្រុម​ ដែល​បារម្ភ​ខ្លាច​ធ្លាក់ខ្លួន​ប្រើប្រាស់​គ្រឿងញៀន ខណៈ​នៅ​តាម​ស្រុកភូមិ​ពួក​គាត់​មាន​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ស្រាប់។

ម្តាយ​សិស្ស​ម្នាក់នៅ​ស្រុក​កោះធំ​ ខេត្តកណ្តាល អ្នកស្រី ភា និយាយ​ថា អំឡុង​ពេល ២ខែ​ចុងក្រោយ​នេះ កូន​ៗរបស់​គាត់​ដែល​រៀន​ថ្នាក់​ទី៨ និង​ថ្នាក់​ទី៥ មិនបាន​ទៅរៀន​ដូចសព្វដង​នោះ​ទេ ដោយសារតែ​ក្រសួង​អប់រំ​ប្រកាស​បិទ​សាលារៀន​មួយ​រយៈ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។

អ្នកស្រី ភា បង្ហាញ​ការ​ព្រួយបារម្ភ​ថា បើ​ក្រសួង​អប់រំ​នៅតែ​បន្ត​បិទ​បែបនេះ អាច​ធ្វើ​ឱ្យកូន​ៗគាត់ រួម​ទាំង​ក្មេង​ៗមួយចំនួន​ទៀត​នៅក្នុង​ភូមិឃុំរបស់​គាត់ ធ្លាក់ខ្លួន​ប្រើប្រាស់​គ្រឿងញៀន និង​អាច​ប្រព្រឹត្តអំពើ​ល្មើស​ច្បាប់​ផ្សេង​ៗទៀត។

អ្នកស្រី​បង្ហាញ​ការ​ព្រួយបារម្ភ​ដូចនេះ​ថា៖ «គាត់​ទំនេរ​ច្រើន ដ៏ពេលទំនេរ​ច្រើន ​ធ្វើឱ្យគាត់​មាន​ពេលវេលា​ដើរ ខ្លាច​លេងល្បែង លេង​បៀរ គ្រឿងញៀន ឬមួយ​ជួប​មិត្ត​ភក្តិមិនល្អ​ ផឹកស៊ី វា​អត់មាន​កន្លែងណា​មួយ​ល្អដំណើរការធ្វើឱ្យទៅ​ផ្លូវ​ល្អ​កើត»។

អ្នកស្រី ញឹម ខុម រស់នៅ​ស្រុក​ព្រៃ​កប្បាស ខេត្តតាកែវ ដែល​មានកូន​ប្រុស​ពីរ​នាក់​រៀន​ថ្នាក់​ទី២ និង​ថ្នាក់​ទី៨ និយាយ​ថា ចាប់ពី​ថ្ងៃ​ដែល​ក្រសួង​អប់រំ​ប្រកាស​បិទ​សាលារៀន​បណ្តោះអាសន្ន ធ្វើឱ្យ​កូន​របស់​គាត់​ប្លែក​ជាង​មុន និយាយ​មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ​នោះ​ទេ មួយ​ថ្ងៃ​ៗលេង​តែ​ហ្គេម​ និង​ដើរទៅ​ផ្ទះ​គេ និង​ជួបជុំ​មិត្ត​ភក្តិ​ជាដើម។ 

ករណី​ទាំងនេះ អ្នកស្រី ស្នើ​ទៅ​ក្រសួង​អប់រំបើក​សាលារៀន​វិញ ដើម្បីឱ្យកូន​គាត់ និង​ក្មេង​ៗទៀត បាន​ចូលរៀន​យកចំណេះ​ដឹង​ជួយ​ដល់​គ្រួសារ និង​សង្គមជាតិ​ឱ្យរីក​ចំរើន។

អ្នកស្រី​ស្នើ​ដូចនេះ​ថា៖ «ចង់​ឱ្យបើក ​[សាលា​] រៀន​វិញ ក្រែង​អនាគត​បាន​ធ្វើការ​បាន​លុយ​ជួយ​គ្រួសារ ទិញ​នេះ ទិញ​នោះ​ខ្លះទៅ យើង​អត់ មានតែ​ចំណេះ​ហ្នឹងហើយ​ជួយ​ដល់​សង្គម ជួយ​គ្រួសារ ជួយ​ដល់​ជាតិ​យើង​ទាំងអស់គ្នា»។

អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក ឌី ខាំ​ប៉ូល​ី មានប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ក្រសួង​មិនទាន់​មាន​គម្រោង​បើក​សាលារៀន​ឡើងវិញ​នោះ​ទេ។ ប៉ុន្តែ​ លោក​ថា ក្រសួង​ក៏បាន​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត អំពី​បញ្ហា​នេះ​ដែរ តែ​ក្រសួងសុខាភិបាល​ធ្លាប់​បញ្ជាក់​ថា សាលារៀន​បើក​ឡើងវិញ​បាន លុះត្រាតែ​ស្ថានភាព​ជំងឺ​កូ​វីដ១៩ មានការ​ថមថយ ឬស្ងប់ស្ងាត់​ទៅវិញ។ 

ដោយឡែក ទាក់ទង​រឿង​ដែល​ឪពុក​ម្តាយ​សិស្ស​មួយចំនួន​ព្រួយបារម្ភ​ខ្លាច​កូន​ដើរលេង​មិនសូវ​ចូលផ្ទះ​នោះ លោក ខាំ​ប៉ូល​ី ក៏បាន​អំពាវនាវ​ទៅ​ឪពុក​ម្តាយ​ទាំងនោះ ធ្វើការ​អប់រំ ណែនាំ​ឱ្យ​កូន​រៀន​តាម​អន​ឡាញ ឬមើល​ទូរទស្សន៍​ដែល​ក្រសួង​ចាក់​ផ្សាយ ទើប​ទទួលផល​វិជ្ជមាន។

លោក​អំពាវនាវ​ដូចនេះ​ថា៖ «អ្វី​ដែល​មាតាបិតា​គួរ​ចូលរួម​នៅពេល​នេះ ធ្វើ​ម៉េច​ជួយ​ថែទាំ​កូនចៅ ឱ្យបាន​ល្អ ចៀសវាង​ការ​ចេញក្រៅ​ដែល​មាន​ហានិភ័យ​ខ្ពស់ ហើយ​ទីពីរ​ចូលរួម​ជួយ​តាមដាន​ការសិក្សា​រៀនសូត្រ​របស់​កូន តាម​ទូរទស្សន៍​ក្តី តាមវិទ្យុ​ក្តី យើង​ទទួលស្គាល់​ទាំងអស់គ្នា​ថា​ ការសិក្សា​បែប​ទម្រង់​ថ្មីនៅក្នុង​រយៈពេល​ដ៏​ខ្លី ហើយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស វា​ប្រាកដ​ណាស់​នឹង​ជួយ​បញ្ហា​ប្រឈម​មួយចំនួន»។

និយាយ​ជា​រួម ពលរដ្ឋ​នៅ​ស្រុក​កោះធំ និង​ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ និយាយ​ប្រហាក់​ប្រហែលគ្នា​ថា ការ​បើកបង្រៀន​តាម​អន​ឡាញ កូនសិស្ស​នៅ​តាម​បណ្តា​ខេត្ត​ដាច់ស្រយាល​មួយចំនួន ជាពិសេស​កូន​របស់​ពួក​គាត់​នៅ​ស្រុកស្រែ គឺ​ឪពុក​ម្តាយ​មិន​មាន​លុយ​ទិញ​ទូរសព្ទ​ទំនើប​ឱ្យ​កូន​រៀន​នោះ​ទេ ដោយសារ​បញ្ហា​ជីវភាព​ក្រីក្រ។ ចំណែក​អ្នកខ្លះ​ដែល​មានលទ្ធភាព​ ក៏​បញ្ជាក់​ថា កូន​គាត់​រៀន​មិន​ចេះ​ទេ។

សកម្មភាព​នៃ​ការ​ថត​វីដេអូ​បង្រៀន សម្រាប់​ចាក់​ផ្សាយ​ក្នុង​វេទិកា​អប់រំ​ឌីជីថល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រព័ន្ធ​ទូរទស្សន៍​ជាតិ​កម្ពុជា ទទក២ និង App របស់​ក្រសួង​ព័ត៌មាន ក្នុង​គោលដៅ​លើក​កម្ពស់​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK)

គ្រឿងញៀន​បច្ចុប្បន្ន​បាន​ក្លាយជា​ក្តី​កង្វល់​ធំ​របស់​មាតាបិតា ក៏ដូចជា​រដ្ឋាភិបាល។ របាយការណ៍​ក្រសួងមហាផ្ទៃ​ គិត​ត្រឹម​ខែឧសភា ​ឆ្នាំ២០២០នេះ មាន​អ្នកជាប់ឃុំ​ជិត ៤ម៉ឺន​នាក់ ក្នុង​នោះ ១ភាគ៣ ឬ​ស្មើ​ជាង ១ម៉ឺន​នាក់​ ពាក់ព័ន្ធ​គ្រឿងញៀន។ នៅ​សប្តាហ៍​មុន ​ដោយសារ​បញ្ហា​ចង្អៀត​ខ្លាំង​នៅកន្លែង​ឃុំឃាំង ​ក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្តិធម៌​ក៏ប្រជុំ​គ្នា​រក​ដំណោះស្រាយ។ 

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុ​ក ឆា​យ៉ា​វី មានប្រសាសន៍​ថា នៅ​ថ្ងៃនេះ លោកស្រី​បាន​ចាត់​ក្រុមការងារ​ឱ្យផ្ញើ​លិខិត​ទៅ​ក្រសួង​អប់រំ ដើម្បី​សុំ​ឱ្យបើក​សាលារៀន​ឡើងវិញ​ផង​ដែរ។ លោកស្រី​ក៏​បង្ហាញ​ការ​ព្រួយបារម្ភ​ដូច​ឪពុក​ម្តាយ​សិស្ស​មួយចំនួន ដែល​ថា ​ខ្លាច​កូន​មិនបាន​រៀន​ នាំគ្នា​ប្រព្រឹត្ត​អំពើខុស​ច្បាប់​ជាដើម។

ចំណែក រឿង​កម្មវិធី​របស់ក្រ​សួង​អប់រំ​ដែល​ដាក់ឱ្យបង្រៀន​តាម​អន​ឡាញ ជាពិសេស​លើ​បណ្តាញ​សង្គម​នោះ មិន​ទទួល​បានផល​វិជ្ជមាន​ច្រើន​នោះ​ទេ ដោយសារ​ឪពុក​ម្តាយ​សិស្ស​ខ្លះ​គ្មាន​លទ្ធភាព​ទិញ​ទូរសព្ទ​ទំនើប​ឱ្យកូន​រៀន និង​កន្លែង​ខ្លះ​នៅ​តំបន់​ដាច់ស្រយាល​មិន​មាន​សេវា​ជាដើម។

លោកស្រី​និយាយ​ថា៖ «ការ​រៀន​អន​ឡា​ញ សេវា​ទូរសព្ទ​ [កន្លែង​ខ្លះ​] អត់​ដំណើរការ សូម្បីតែ​កន្លែង​ខ្ញុំ​ជិត​បង្កើយ​ មើល​អត់​ឃើញ​ផង ទម្រាំ​នៅ​តំបន់​ដាច់ស្រយាល​ទៀត។ ទីពីរ ការ​ប្រឈម​របស់​ពួក​គាត់ ឪពុក​ម្តាយ មាន​លុយ​ឯណា​នឹង​ទិញ​ទូរសព្ទ​ទំនើប ដែល​មើល​ឃើញ​អ៊ី​នធឺ​ណិត​ឱ្យសិស្ស កូន​ៗគាត់ ហើយ​ឥលូវកំពុង​ជួប​វិបត្តិ​កូ​វីដ​ផង ឥលូវ​មក​ចំ​ការអនុវត្ត​ច្បាប់​ចរាចរ​ណ៍ទៀតធ្វើឱ្យពួក​គាត់​ក្រីក្រ​កាន់តែ​ក្រីក្រ​ទៅ»។

លោក ប៉ា ចន្ទ​រឿន អ្នកឃ្លាំមើល​ពី​ការអភិវឌ្ឍ យល់ឃើញ​ថា បើ​មិន​មាន​ដំណោះស្រាយ​អ្វី​ផ្សេង ខណៈ​សាលារៀន​បិទទ្វារ នោះ​សិស្ស​អាច​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ នាំ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គ្រួសារ​ និង​សង្គមជាតិ។

លោក ប៉ា ចន្ទ​រឿន៖ «ប្រសិនជា​សកម្មភាព​នៃ​ការប្រើ​ប្រាស់​សេព​គ្រឿងស្រវឹង និង​គ្រឿងញៀន​វា​ខ្លាំងពេក វា​អាច​ធ្វើឱ្យប៉ះពាល់​ទាំង​សុខភាពផ្លូវកាយផ្លូវចិត្តយុវជន ដែល​ជា​សិស្សានុសិស្ស​របស់​យើង លើស​ពីនេះ​ទៀត ​បន្ទាប់ពី​គាត់​ញៀន​គ្រឿងញៀន និង​គ្រឿងស្រវឹង​ហើយ គាត់​អាច​បង្ក​ជា​បញ្ហា អំពើ​ហិង្សា​ ការ​លួច ការ​ប្លន់ រហូតដល់​មានការ​វាយដំ​គ្នា​ឱ្យ​រង​របួស ក៏ដូចជា​គ្រោះថ្នាក់​ចរាចរណ៍។»

កាលពី​ចុងខែ​មេសា​ ឆ្នាំ២០២០ អង្គការ​អន្តរជាតិ​ប្រមាណ ១០ រួមមាន​ទាំង វើល​វី​សិន​ (World Vison​) សេវ ឌឹ ឆៀ​លត្រេន ​(Save The Children​) និង​ឆៀល​ហ្វា​ន់ ​(ChildFund​) ជាដើម បាន​ចេញ​របាយការណ៍ដោយ​បង្ហាញ​ក្តី​បារម្ភ​ថា ក្នុងអំឡុងពេល​តំបន់ និង​ពិភពលោក​បិទ​សាលារៀន​ដោយសារ​មេរោគ​កូ​វី​ដនេះ ​ធ្វើ​ឱ្យ​មានអំពើហិង្សា​លើ​សិស្សសាលា​ ពិសេស​សិស្ស​ស្រី​ នៅក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ​កើនឡើង​ពី៣០ ទៅ៥០​%។

ទិន្នន័យ​ស្ថិតិ​ចងក្រង​ដោយ​ក្រសួង​អប់រំ​ឆ្នាំ​សិក្សា២០១៩ បង្ហាញថា កម្ពុជា​មាន​គ្រឹះស្ថាន​អប់រំ​ចំណេះ​ទូទៅ និង​មត្តេយ្យ​សាធារណៈ​ចំនួន​ជាង ១៣៣០០ ក្នុង​នោះ សាលារៀន​នៅ​តំបន់​ទីប្រជុំជន​មាន ១៤២២ និង​សាលារៀន​នៅ​ទី​ជនបទ​មាន ១១ ៨៧៨។

សាលារៀន​ទាំងអស់​បាន​ចាប់ផ្ដើម​បិទទ្វារ​តាំងពី​ថ្ងៃទី១៦ ខែមីនា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ១៩។ ជាង​មួយ​ខែក្រោយ​មក គឺ​នៅ​ថ្ងៃទី១៧ ខែមេសា ក្រសួង​អប់រំ​បាន​ប្រកាស​ពន្យារពេល​ចូលរៀន​ឡើងវិញ ដោយ​មិនទាន់​កំណត់កាល​បរិច្ឆេទ​ចូលរៀន​នៅឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ