ក្រសួង​ព្រមាន​ចាប់​បង្ខំ​ម្ចាស់​សណ្ឋាគារ​ The Great Duke ទូទាត់​ប្រាក់​ជូន​បុគ្គលិក​

មន្ត្រីជាន់ខ្ពស់ក្រសួងការងារព្រមានចាត់វិធានការច្បាប់លើម្ចាស់សណ្ឋាគារ The Great Duke មានទីតាំងក្នុងរាជធានីភ្នំពេញ បើមិនព្រមទូទាត់ប្រាក់អតីតភាពការងារជូនអតីតកម្មករ និងបុគ្គលិក​ តាមសេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល កាលពី​ខែកុម្ភៈ ឆ្នាំ២០២០។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅរសៀលថ្ងៃអង្គារនេះ អនុប្រធាន​ផ្នែក​អន្តរាគមន៍ និង​ដោះស្រាយ​បាតុកម្ម​កូដកម្ម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួងការងារ លោក អ៊ូ រតនា បានប្រាប់វីអូឌីថា ភាគីសណ្ឋាគារ The Great Duke ​និយាយថា មិនមានលទ្ធភាពសងប្រាក់អតីតភាពការងារចំនួន ៣ចំណុចទៅឱ្យកម្មករ និងបុគ្គលិកជាង ១៥០នាក់ តាមសេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នោះទេ។

ករណីនេះ លោក រតនា បញ្ជាក់ថា ក្រសួងទុកពេលឱ្យភាគីសណ្ឋាគារ The Great Duke ពិចារណារកប្រាក់សងភាគីកម្មករ នៅត្រឹមថ្ងៃសុក្រទី១៥ ខែឧសភានេះ ជាលើកចុងក្រោយ ​តាមរយៈការប្រជុំសម្រេចនៅថ្ងៃដដែលវេលាម៉ោង ៩ព្រឹក។

ទោះជាយ៉ាងណា ប្រភពដដែលអះអាងថា ចាប់ពីថ្ងៃស្អែកនេះទៅ ក្រសួងក៏ចាត់ក្រុមការងារអធិការកិច្ចចុះស្រាវជ្រាវសណ្ឋាគារ The Great Duke ដើម្បីឈានដល់ការចាប់បង្ខំឱ្យអនុវត្តតាមសេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល កាលពី​ខែកុម្ភៈ ឆ្នាំ២០២០ផងដែរ។

លោកមានប្រសាសន៍ថា៖ «យើងកំពុងចាត់វិធានការទៅតាមផ្លូវច្បាប់ហើយ យើងអត់រង់ចាំដល់ថ្ងៃសុក្រទេ តែយើងក៏មានការបើកផ្លូវឱ្យមានការចរចា ដើម្បីបើកប្រាក់ជូនកម្មករតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល»។

បុគ្គលិក​ផ្នែក​ចុងភៅ​នៅ​សណ្ឋាគារ The Great Duke អ្នកនាង ឆោម សម្ផស្ស បង្ហាញការសោកស្តាយដែលភាគីសណ្ឋាគារ The Great Duke និយាយថា គ្មានលទ្ធភាពទូទាត់ប្រាក់អតីតភាពការងារជូនកម្មករ។ ប៉ុន្តែ អ្នកនាងសង្ឃឹមថា ក្រសួងការងារនឹងធ្វើការងារឈរលើគោលការណ៍អព្យា​ក្រឹត្យ ដើម្បីរកយុត្តិធម៌ជូនកម្មករ។

អ្នកនាងមានប្រសាសន៍ថា៖ «និយាយពីអារម្មណ៍ជឿជាក់ថា ៥០% លើ៥០% [ដែលក្រសួងការងារជួយឱ្យម្ចាស់សណ្ឋាគារទូទាត់សំណងដល់កម្មករ] ប៉ុន្តែ នៅតែជឿជាក់លើក្រសួងដែលបានដាក់កំហិតឱ្យក្រុមហ៊ុន [ទូទាត់សំណងដល់កម្មករ] ខ្លាំងដែរ»។

ភ្លាមៗ វីអូឌី មិនអាចសុំការបំភ្លឺពីតំណាងសណ្ឋាគារ The Great Duke ​បានទេនៅល្ងាចថ្ងៃនេះ។

សណ្ឋាគារ The Great Duke ឬអតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណង់​តាល់ (InterContinental​) បាន​ប្រកាស​បិទ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​ កាលពី​ថ្ងៃទី៣១ ខែធ្នូ​ កាលពី​ឆ្នាំមុន បន្ទាប់ពី​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​អស់​រយៈពេល ២៣ឆ្នាំ។ 

ក្រោយពី​បិទ​ទ្វារ ​មិនទាន់​ទូទាត់ប្រាក់​អតីតភាព​ការងារ ធ្វើ​ឱ្យ​អតីត​បុគ្គលិក​នៅ​សណ្ឋាគារ​នេះ នាំគ្នា​ធ្វើញត្តិ​ដាក់​ទៅ​ស្ថាប័នរដ្ឋ ដូចជា ក្រសួងការងារ ខុទ្ទកាល័យ​រដ្ឋាភិបាល និង​ដាក់​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ ដើម្បី​ជួយ​អន្តរាគមន៍​ផង​ដែរ។

រហូតដល់​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ប្រធាន​លេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​កណ្តាល​ បាន​ចេញ​សេចក្តី​សម្រេច​ជូន​ដំណឹងទៅ​ភាគី​កម្មករ​និយោជិត និង​ភាគី​និយោជក ដើម្បី​ឱ្យ​និយោជក​ផ្តល់​សំណង​ដល់​កម្មករ​នូវ​ប្រាក់ដំណាច់​ទូទាត់​ជួស​ការ​ជូនដំណឹង​មុន និង​ប្រាក់​រំលឹក​អតីតភាព​ការងារ​មុន​ឆ្នាំ២០១៩ ដោយ​យក​ប្រាក់ឈ្នួល​គោល និង​ប្រាក់បន្ទាប់បន្សំ​មក​គណនា​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ