កម្ម​ករ​រោង​ចក្រ​​មួយ​​នៅ​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​​ថា គ្មាន​​លុយ​​ឱ្យ​​ថ្លៃ​​បន្ទប់​​ជួល​​

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ សឺ​ពី​យ៉ា (SEPIA​) ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កាកាប បាន​នាំគ្នា​តវ៉ា​មុខ​រោងចក្រ ទាមទារ​ទៅ​ថៅកែ​ឱ្យ​បើកប្រាក់​ឈ្នួល​ជូន​ពួក​គេ​តាមកាល​កំណត់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។ (CAM POST)

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ​មួយ នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ បាន​ផ្ទុះ​ការ​តវ៉ា ​ក្រោយពី​ថៅកែ​បើកប្រាក់​ឈ្នួល​ជូន​ពួក​គេ​យឺតយ៉ាវ ​ហើយ​ថា ពេលនេះ​ពួក​គាត់​ជួប​ការ​លំបាក មិន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​អាហារ​ហូប និង​ឱ្យ​ថ្លៃ​បន្ទប់​ជួល​ទេ ខណៈ​លុយ​ដែល​រដ្ឋ​សន្យា​ផ្តល់ ៧០ដុល្លារ​ពេល​ព្យួរការងារ​នោះ​ ក៏​មិន​ទទួល​បាន​ដែរ។

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ សឺ​ពី​យ៉ា (SEPIA​) ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កាកាប បាន​នាំគ្នា​តវ៉ា​មុខ​រោងចក្រ​ចំនួន ២ថ្ងៃហើយ ​តាំងពី​ម្សិលមិញ​ និង​ថ្ងៃនេះ ដើម្បី​ទាមទារ​ទៅ​ថៅកែ​ឱ្យ​បើកប្រាក់​ឈ្នួល​ជូន​ពួក​គេ​តាមកាល​កំណត់។

កម្មការិនី​ផ្នែក​តុ​កាត់ ​អ្នកស្រី ហែម សេរី​សុភាព ដែល​អះអាង​ថា បម្រើការ​ងារ​នៅ​រោងចក្រ​ សឺ​ពី​យ៉ា ៨ឆ្នាំ​ ប្រាប់​វី​អូ​ឌី​មុខ​រោងចក្រ​ថា ថៅកែបាន​ព្យួរការងារ​កម្មករ​រយៈពេល ១ខែ​ហើយ តាំងពី​ថ្ងៃទី១៤ ខែមេសា ដោយ​កំណត់​ចូល​វិញ​នៅ​ថ្ងៃទី១៧ ខែឧសភា​ខាងមុខនេះ។

កម្មការិនី​រូប​នេះ​អះអាង​ថា រយៈពេល​ព្យួរ​ការ​ងា​រយៈពេល ១ខែ គឺ​ថៅកែ​មិនទាន់​បើកប្រាក់​ឈ្នួល​អំ​ឡុង​ពេល​ព្យួ​រការងារ​នោះ​ជូន​កម្មករ​នៅឡើយ​ទេ ខណៈ​ដែល​ថ្ងៃកំណត់​បើកប្រាក់​ឈ្នួល​នោះ បាន​រំលង​ផុត​ទៅ​រយៈពេល ៤ថ្ងៃហើយ។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​សុំ​ឱ្យខាង​ក្រសួង​ហ្នឹង គាត់​ពន្លឿន​ចុះ​មក​ចរចាជាមួយ​ខាង​រោងចក្រ ដោយ​ជំរុញ​ទៅ​ខាង​រោងចក្រ​ពន្លឿន​ការ​ដោះស្រាយ​ជាមួយ​ពួក​ខ្ញុំ​ ដោយសារ​ពួក​ខ្ញុំ​លំបាក​មែនទែន​រាល់ថ្ងៃ​នេះ ការងារ​ក៏​អត់មាន​ធ្វើ ហើយ​ត្រូវ​មក​រង​់ចាំ​ការ​ដោះស្រាយ​អីចឹង​រហូត។ ហើយ​សម្រាប់​ផល​លំបាក​ពួក​ខ្ញុំ​ហ្នឹង គឺ​អត់​លុយ​បង់ថ្លៃ​ផ្ទះ អត់​លុយ​ទិញ​របស់​ញ៉ាំ​ប្រចាំថ្ងៃ និង​តម្រូវការ​​ចំណាយ​ផ្សេង​ៗទៀត»។

លោក ហួន ហ៊ី​ម ដែល​អះអាង​ថា ជា​តំណាង​កម្មករ​ បាន​ប្រាប់​វី​អូ​ឌី​ថា ក្រោយ​ប្រកាស​ព្យួរការងារ​កម្មករ​ទាំងអស់ គឺ​ថៅកែ​បាន​សន្យា​បើកលុយឱ្យនៅ​ថ្ងៃទី៩ ខែឧសភា​នេះ ប៉ុន្តែ​ ពេល​ដល់​ថ្ងៃកំណត់​បើក​ហើយ គឺ​ថៅកែ​បាន​សុំ​ពន្យារពេល​បើកលុយ​នោះ​ឱ្យកម្មករ​នៅ​ថ្ងៃទី២ ខែមិថុនា​វិញ ប៉ុន្តែ​ កម្មករ​មិនព្រម​នោះ​ទេ ទើប​ផ្ទុះ​ការ​តវ៉ា។

តំណាង​កម្មករ​រូប​នេះ​ឱ្យដឹង​ថា ពាក់ព័ន្ធ​វិវាទ​ការងារ​នេះ គឺ​ក្រុម​កម្មករ​បាន​ប្តឹង​ទៅ​ក្រ​សួ​ងការ​ងារ​រួចហើយ​កាល​ពី​ម្សិលមិញ ​ដើម្បី​សុំ​អន្តរាគមន៍​ពី​ក្រសួង​ជួយ​ដោះស្រាយ ខណៈ​កម្មករ​មួយចំនួន​កំពុង​ខ្វះ​លុយ​បង់ថ្លៃ​បន្ទប់​ជួល និង​ការ​ចំ​ណាយ​ផ្សេង​ៗប្រចាំថ្ងៃ​ក្នុង​គ្រួសារ។

លោក​បន្ថែម​ថា៖ «ពីព្រោះ​កម្មករ ​ពួក​គាត់​កំពុង​អត់​លុយ​បង់ថ្លៃ​ផ្ទះ​ជួល ទឹក​ភ្លើង​ទេ។ គាត់​ចាំតែ​មក​បើកប្រាក់ខែ​យក​ឱ្យ​ផ្ទះ​ជួល​គេ ពីព្រោះ​គាត់​សម្រាក​ពី​ការងារ​កន្លះ​ខែ​ហើយ។ អ្នកខ្លះ​ត្រូវ​ម្ចាស់ផ្ទះ​ជួល​បណ្តេញ​ចេញ ហើយ​រើ​អីវ៉ាន់​ទៅ​សិន និង​អ្នកខ្លះ​ក៏​នៅ​រង់​ចាំ​សិន​ទៅ»។

បើ​តាមលោក ហួន ហ៊ី​ម រោងចក្រ សឺ​ពី​យ៉ា មានកម្ម​ករ​ប្រហែល ៦០០នាក់ ត្រូវ​បាន​ថៅកែ​ព្យួរការងារ​ទាំងអស់គ្នា ​តាំងពី​ថ្ងៃទី១៤ ខែមេសា។ លោក​ថា លុយ ៧០ដុល្លារ​ដែល​រដ្ឋាភិបាល​ប្រកាស​ផ្តល់​ឱ្យកម្មករ​អំឡុង​ពេល​ព្យួរការងារ​នោះ គឺ​កម្មករ​មិនទាន់​ទទួល​បាន​នៅឡើយ​ទេ។

វី​អូ​ឌី​មិន​អាច​សុំ​ការ​បញ្ជាក់​ពីប្រធាន​រដ្ឋបាល​រោងចក្រ សឺ​ពី​យ៉ា ដែល​កម្មករ​ប្រាប់​ថា​ ឈ្មោះ ថេន បានទេ​ ដោយ​ទូរសព្ទ​ចូល​គ្មាន​អ្នកទទួល។ 

ប៉ុន្តែ​ អ្នកគ្រប់គ្រង​ទូទៅ​នៅ​រោងចក្រ​នេះ លោក ណៃ ឌឿន ប្រាប់​វី​អូ​ឌី​ថា មូលហេតុ​ដែល​រោងចក្រ​បើកលុយឱ្យកម្មករ​យឺតយ៉ាវ​នេះ​ ដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ និង​អ្នកបញ្ជា​ទិញ​មួយចំនួន​មិនទាន់​សង​លុយ​ត្រឡប់​មកវិញ ក្រោយ​ទទួល​បាន​ទំ​និញរួច​ហើយ។

អ្នក​គ្រប់គ្រង​ទូទៅ​រូប​នេះ អះអាង​ថា ក្រុមហ៊ុន​អាច​នឹង​បន្ត​ព្យួរការងារ​កម្មករ​បន្ត​ទៀត ប្រសិនបើ​នៅតែ​គ្មាន​ការ​បញ្ជាទិញ​តទៅទៀត​នោះ។

លោក​បន្ថែម​ថា៖ «ក្រុមហ៊ុន​អត់​ទាន់​មានលទ្ធភាព​បង់លុយ​ឱ្យកម្មករ​នៅ​ឡើ​យទេ ដោយសារ​ម្ចាស់​ខោអាវ​ហ្នឹង​គេ​សន្យា​វេ​លុយ​ឱ្យ​ចុងខែ ៥ហ្នឹង។ អីចឹង​ហើយ​បាន​ជា​ខាង​ក្រុមហ៊ុន​សុំ​ពន្យារ​ពេល​បើកលុយឱ្យកម្មករ​ដល់​ចុងខែ ៦ហ្នឹង។ បើសិនជា​គ្មាន​ភ្ញៀវ​បញ្ជាទិញ​ទេ ប្រហែលជា​អាច​ឈប់សម្រាក​បន្ត​ទៀត ឬក៏​បន្ត​ព្យួរការងារ​កម្មករ​ទៀត»។

កាលពី​ថ្ងៃទី៨ ខែឧសភា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) បាន​លើកឡើង​ថា ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ផ្សេងទៀត​នៅ​កម្ពុជា កំពុង​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​គ្មាន​អ្នកបញ្ជា​ទិញ ខណៈ​ដែល​ជំងឺ​កូ​វីដ១៩ កំពុងរីក​រាលដាល។

សមាគម​មួយ​នេះ អះអាង​ថា ដោយសារ​ឧស្សាហកម្ម​នេះ​រងគ្រោះ​ធ្ងន់ធ្ងរ​ពេក បាន​ធ្វើឱ្យរោងចក្រ​ចំនួន ១៨០ បាន​ព្យួរ​ផលិតកម្ម​របស់​ខ្លួន ខណៈ​រោងចក្រ​ចំនួន ៦០ផ្សេងទៀត នឹង​ព្យួរ​ផលិតកម្ម​របស់​ខ្លួន​នៅពេល​ខាងមុខ​ដែរ ដោយសារ​មិន​អាច​ទ្រទ្រង់​បាន​នូវ​បន្ទុក​ចំណាយ​របស់​រោងចក្រ ខណៈ​ចំណូល​របស់​ពួក​គេ​កាន់តែ​ធ្លាក់ចុះ​ខ្លាំង។

កាលពី​ថ្ងៃទី៧ ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា អំឡុង​ពេល​ព្យួរការងារ កម្មករ​ត្រូវ​ទទួល​បាន​ប្រាក់ ៧០ដុល្លារ ប៉ុន្តែ ​ក្រុម​សហជីព​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក្សា​ការ​ផ្តល់​ប្រាក់ឈ្នួល​គោល​ប្រចាំខែ​យ៉ាងតិច ៦០ភាគរយ ជូន​កម្មករ ដោយ​រដ្ឋាភិបាល​ចេញ ២០ភាគរយ និង​និយោជក ៤០ភាគរយ នៃ​ប្រាក់ឈ្នួល​គោល​របស់​កម្មករ​គ្រប់​វិស័យ នៅ​អំឡុង​ពេល​នៃ​ការ​ព្យួរការងារ​នោះ ដោយ​ពួក​គេ​អះអាង​ថា ប្រាក់​ឧប​ត្ថ​ម្ភត្រឹម ៧០ដុល្លារ​នោះ មិន​អាច​ទ្រ​ទ្រង់ជីវភាព​កម្មករ​បាន​សមរម្យ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ