ពលរដ្ឋ​​នៅ​​តាម​​ដង​​ស្ទឹង​សែន​​ខេត្ត​កំពង់ធំ​ប្រឈម​​នឹង​​កង្វះ​​ទឹក ក្រោយ​​ទឹក​ស្ទឹង​​រីង​ស្ងួត​​ដាច់​​នៅ​​តំបន់​​ខ្លះ​

ទិដ្ឋភាពដងស្ទឹងសែនដែលរីងស្ងួតហួតហែងអំឡុងរដូវប្រាំង ដើមខែឧសភា ឆ្នាំ២០២០។ (ពលរដ្ឋ)

ពលរដ្ឋ និង​អាជ្ញាធរ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បង្ហាញ​ការ​ព្រួយបារម្ភ​ដូចគ្នា​ថា ពលរដ្ឋ​រាប់ពាន់​គ្រួសារ​រស់នៅ​តាម​ដងស្ទឹង​សែន នឹង​ជាប់បំណុល​វ័ណ្ឌ​ក បើ​គ្មាន​ការ​ជួយសង្គ្រោះ​ទឹក​ទាន់ពេល។

លោក ព្រំ ឃុត ពលរដ្ឋ​រស់នៅ​ភូមិ​ពាម​គ្រែង ឃុំ​ក្តី​ដូង ស្ថិត​ក្នុង​ស្រុក​កំពង់ស្វាយ បា្រប់VODនៅ​ថ្ងៃនេះ​ថា ពលរដ្ឋ​រាប់ពាន់​គ្រួសារ​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់ និង​បារម្ភ​អត់​ទឹក​បូម​ដាក់​ស្រែ​ផង​ដែរ បន្ទាប់ពី​ទឹកស្ទឹង​សែ​នរីងស្ងួត​រហូត​ជិះ​ម៉ូតូ​ឆ្លង​បាន។

ទិដ្ឋភាពដងស្ទឹងសែនដែលរីងស្ងួតហួតហែងអំឡុងរដូវប្រាំង ដើមខែឧសភា ឆ្នាំ២០២០។ (ពលរដ្ឋ)

បុរស​រូប​នេះ អះអាង​ទៀត​ថា ត្រឹម ១សប្តាហ៍​ទៀត បើ​គ្មាន​ភ្លៀង​ធ្លាក់​ទេ ស្រូវ​រាប់ពាន់​ហិកតា​នឹង​ងាប់ ហើយ​ពលរដ្ឋ​នឹង​រក​ប្រាក់​សង​ត្រឡប់ទៅ​ធនាគារ​លែង​បាន។

លោក ព្រំ ឃុត ប្រាប់​ថា៖ «បើ​អត់មាន​ទឹក ស្រូវ​ងាប់​អស់ អ្នក​ជំពាក់​លុយ​អង្គការ​ក៏​ច្រើន ប្រជាពលរដ្ឋ​មានតែ​យំ​ទេ»។

មេឃុំ​ក្តី​ដូង លោក ថូ ថាំ បារម្ភ​ដែរ​ថា ត្រឹម ១០ថ្ងៃ​ទៀត សំណាប​ដែល​ទើបនឹង​ព្រោះ​រាប់ពាន់​ហិកតា​នឹង​ងាប់​អស់ លោក​ថា បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​ពល​រដ្ឋ​ជាប់បំណុល​ទ្វេដង ក្រៅពី​បញ្ហា​កូវីដ១៩។

លោក ថូ ថាំ ប្រាប់​ថា៖ «កូ​វីដ​ គាត់​រកស៊ី​អត់​បាន​ ខ្ចីគេ​បាទ! ឥលូវ ប្រសិនបើ​រាំង​ស្ងួតទៀត គាត់​យក​លុយ​អង្គការ​មក​ធ្វើស្រែ ដឹង​រាំង​ទៀត គាត់​ជំពាក់គេ​ពីរ​ជាន់ ហើយ​អត់​ដឹង​ទៅណា​ទេ»។

អភិបាលរងស្រុក​កំពង់ស្វាយ លោក ថន ពុទ្ធា អះអាង​ដែរ​ថា បញ្ហា​ទឹកស្ទឹង​សែន​រីងស្ងួត​ដល់​បាត់​ស្ទឹង​នេះ លោក​មិន​មាន​ទិ​ន្នន័យច្បាស់លាស់​ទេ ប៉ុន្តែ ថា ប៉ះពាល់​ពលរដ្ឋ​ចូល​ពាន់​គ្រួសារ។ មន្ត្រី​មូលដ្ឋាន​រូប​នេះ អះអាង​ទៀត​ថា បញ្ហា​នេះ​ ក្រុមការងារ​បាន​រក​ជំនួយ​ពី​មន្ត្រីខេត្ត ថ្នាក់​ជាតិ​ហើយ។

អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ អះអាង​ថា ចំណាត់ការ​ណាមួយ​ជួយសង្គ្រោះ​ទឹក​ មិនទាន់​ត្រូវ​បាន​ធ្វើឡើង​ទេ ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ លោក​ថា ផល​ប៉ះពាល់​ធំធេង​នឹង​មិនកើត​ឡើង​ទេ ដោយ​ថា រដូវភ្លៀង​បាន​មកដល់​ហើយ​ដែរ។

លោក សុខ លូ ប្រាប់​ថា៖ «នៅ​ស្ទឹងសែន​យើង​នេះ យើង​ឃើញថា ទឹកស្ទឹង​សែន​យើង​នេះ​រីង​ខុសពី​រាល់​ឆ្នាំ។ វិធានការ​ជា​រួម បើ​វា​អស់​ទឹក​ក្នុង​ស្ទឹង​ហើយ មិនទាន់​ដឹង​ធ្វើ​ម៉េច​ទេ ប៉ុន្តែ សង្ឃឹមថា រដូវវស្សា​បាន​មកដល់​ហើយនៅ​ប៉ុន្មាន​ថ្ងៃនេះ ​តាម​ឧតុនិយម​គា​ត់​ទស្ស​ន៍ទាយ​ក៏​មាន​ភ្លៀង​ធ្លាក់​ដែរ»។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​គ្រប់គ្រងគ្រោះ​មហ​ន្តរាយ លោក ឃុន សុខា អះអាង​ថា ករណី​កង្វះ​ទឹក​នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​នេះ ថ្នាក់​ជាតិ​ខាង​ធនធានទឹក និង​មន្ត្រី​ជំនាញ​ខេត្ត កំពុង​ចុះ​សិក្សា​ស្វែងរក​ដំណោះស្រាយ។

របាយការណ៍​ធនាគារពិភពលោក​ឆ្នាំ២០១៨ ឱ្យ​ដឹង​ថា កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​ ដោយសារ​បម្រែបម្រួល​អាកាសធាតុ​ក្នុង​ពិភពលោក។

របាយការណ៍​បញ្ជាក់​ថា ភាព​ងាយ​រងគ្រោះ​របស់​កម្ពុជា គឺ​ដោយសារ​ប្រទេស​នេះ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​នឹង​កត្តា​អាកាសធាតុ។

កាលពី​ឆ្នាំ២០១៨ ប្រទេស​កម្ពុជា​ជួប​គ្រោះ​ទឹកជំនន់​ទ្រង់​ទ្រាយ​ធំ ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១០ម៉ឺន​គ្រួសារ និង​នៅ​ឆ្នាំ២០១៩ បាតុភូត​អែ​លនី​ណូ ឬការប្រែប្រួល​នៃ​រលក​កម្ដៅ​លើ​ផែនដី បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ជួប​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ ដែល​ប៉ះពាល់​ស្រូវ ២ម៉ឺន​ហិ​កតា​នៅក្នុង​ខេត្ត​ចំនួន១៣​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ