មនុស្ស​ស្និ​ទ្ធ​នឹង​​លោក​ កឹម សុខា ថា​អតីត​​មេ​​បក្ស​​ប្រឆាំង​​ជជែក​​ពី​​ប្រយោជន៍​ជាតិ​​ជា​មួយ​ លោក​ ហ៊ុន សែន​

​អតីត​មេ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពិភាក្សា និងសួរសុខទុក្ខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃចូលរួមរំលែកទុក្ខវិញ្ញាណក្ឋន្ធមហាឧបាសិកា ប៊ុន ស៊ាងលី ដែលត្រូវម្ដាយក្មេករបស់លោក ហ៊ុន សែន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។ (FN)

មន្ត្រី​ស្និទ្ធ​នឹងអតីត​មេដឹកនាំ​បក្ស​ប្រឆាំង អះអាង​ថា លោក កឹម សុខា បាន​ជជែក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​ប្រយោជន៍ជាតិ​ក្នុង​ជំនួប​ដ៏​កម្រ​មួយ ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃអង្គារ​កន្លងមក​នេះ។

អតីតប្រធាន​គណបក្ស​ង្គ្រោះ​ជាតិ លោក កឹម សុខា និង​មនុស្ស​ស្និទ្ធ​មួយចំនួន​ទៀត រួម​ទាំង​លោក មុត ចន្ថា ផង បាន​ចូល​គោរព​វិញ្ញាណក្ខន្ធ​សព​ម្តាយក្មេក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តម្កល់​នៅ​ភូមិគ្រឹះ​ជិត​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ​កន្លងមក​នេះ។

លោក មុត ចន្ថា រៀបរាប់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃម្សិលមិញ​ថា ការដែល​លោក កឹម សុខា ទៅ​គោរព​វិញ្ញាណក្ខន្ធ​នេះ ​ជា​ការ​ប្រកាន់​ខ្ជាប់​នូវ​មនោសញ្ចេតនា​ប្រកបដោយ​ភាតរភាព​ ព្រហ្មវិហារ​ធម៌ និង​ស្មារតី​ខ្មែរ​តែមួយ​ ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​មានទុក្ខ​លំបាក។

លោក មុត ចន្ថា អះអាង​ទៀត​ថា៖ «នា​ឱកាស​នោះ សម្តេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម កឹម សុខា បាន​ជួប​សំណេះសំណាល​គ្នា​អស់​រយៈពេល​ជិត ៥០នាទី អំពី​សុខទុក្ខ និង​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ»។

លោក មុត ចន្ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​លើ​ខ្លឹមសារ​ដែល​លោក​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​នេះ​ទេ នៅពេល​សួរ​ថា តើ​ការ​សំណេះសំណាល​នោះ​ផ្តោត​លើ​បញ្ហា​អ្វីខ្លះ ដែល​លោក​អះអាង​ថា ជា​ប្រយោជន៍ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នោះ។

លោក កឹម សុខា កំពុង​តតាំង​ក្តី​នៅ​តុលាការ​នៅឡើយ ​ជុំវិញ​សំណុំរឿង​ចោទ​ថា ឃុបឃិតជាមួយ​សហរដ្ឋអាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល តាម​បណ្តឹ​ងរ​បស់​រដ្ឋាភិបាល។

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​សភា ​កាលពី​រាត្រី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះ​របស់​លោក ​ស្ថិត​ក្នុង​ខណ្ឌទួលគោក។

ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង ក៏​ចំ​ពេល​គណបក្ស​នេះ​ទទួល​បាន​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែល​ទៅ​នឹង​គណបក្សប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​របស់​លោក ហ៊ុន សែន ផង​ដែរ​ ក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ កាលពី​ឆ្នាំ២០១៧។

សហរដ្ឋអាមេរិក​ធ្លាប់​ជំរុញ​ឱ្យ​ដោះលែង​លោក កឹម សុខា ដើម្បី​ធានា​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​អះអាង​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ជា​មនុស្ស​ស្អាតស្អំ​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ទាំង​អយុត្តិធម៌​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ