កម្ពុជា​​ត្រូវ​​បាន​ស្នើ​​ដាក់​​ក្នុង​​បញ្ជី​​ប្រទេស​​ដែល​​អឺរ៉ុប​​ត្រូវ​​បង្កើន​​ការ​​ត្រួត​ពិនិត្យ​​លើ​​ការ​​លាង​លុយ​កខ្វក់​

ទិដ្ឋភាពអគារធំៗ និងចរាចរណ៍តាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ កាលពីខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

​ប្រទេស​កម្ពុជា​ត្រូវ​បាន​ស្នើ​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​នៃ​បណ្ដា​ប្រទេស​ដែល​សហភាព​អឺរ៉ុប​ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​លើ​ការ​លាងលុយកខ្វក់។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ Reuters កាលពី​ពីរ​ថ្ងៃមុន។

ទីភ្នាក់ងារសារព័ត៌មាន​អង់គ្លេស​មួយ​នេះ បាន​ចុះផ្សាយ​ថា គណៈកម្មការ​អឺរ៉ុប មានបំណង​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​របស់​ខ្លួន​ទៅលើ​បណ្ដា​ប្រទេស​នានា ដែល​ប្រឈមមុខនឹង​ការ​លាងលុយកខ្វក់ ហើយ​ដើម្បី​ត្រួតពិនិត្យ​ឱ្យ​បាន​តឹង​រ៉ឹង​លើ​ឧក្រិដ្ឋ​កម្ម​ហិរញ្ញវត្ថុ​នេះ សហភាព​អឺរ៉ុបស្នើ​បង្កើត​ស្ថាប័ន​ថ្មី​មួយ។

Reuters បាន​ចុះផ្សាយ​បែបនេះ​ផ្អែកលើ​ខ្លឹមសារ​នៃ​សំណើ​ឯកសារ​នានា ដែល​ទីភ្នាក់ងារសារព័ត៌មាន​មួយ​នេះ​ទទួល​បាន ហើយ​គ្រោង​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

បើ​តាម​សេចក្ដីរាយការណ៍​នេះ ប្រទេស​កម្ពុជា ត្រូវ​បាន​លើកឡើង​ផង​ដែរ​នៅក្នុងចំណោម​ប្រទេស ១១ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក ដែល​ត្រូវ​បាន​ស្នើ​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​នៃ​ប្រទេស​ «ដែល​បង្ក​ការ​គំរាមកំហែង​ខ្លាំង​ទៅដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប» ដោយសារ​បរាជ័យ​ក្នុង​ការ​លុបបំបាត់​ការ​លាងលុយកខ្វក់ និង​ការ​ផ្ដល់​លុយ​គាំទ្រ​ដល់​ចលនា​ភេរវកម្ម។

បើ​តាម Reuters វិធានការ​ថ្មីនេះ​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែតុលា​ខាងមុខនេះ ដោយសារ​បញ្ហា​ដែល​បណ្ដាលមកពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នា​ពេល​បច្ចុប្បន្ន​នេះ។

នៅពេល​សំណើ​នេះ​ត្រូវ​បាន​អនុម័ត ធនាគារ ក្រុមហ៊ុន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​សវនា​កម្ម​ផ្សេង​ៗ នឹង​ជាប់​កាតព្វកិច្ច​ដែល​តម្រូវ​ឱ្យ​ពិនិត្យមើល​ឱ្យ​បាន​ខ្លាំង​ថែមទៀត​ទៅលើ​អតិថិជន​របស់​ពួក​គេ ដែល​មាន​ទំនាក់ទំនង​នឹង​បណ្ដា​ប្រទេស​ស្ថិត​ក្នុង​សំណើ​នេះ។ ក្រុមហ៊ុន​នានា​នៅ​តាម​បណ្ដា​ប្រទេស​ស្ថិត​ក្នុង​បញ្ជី​នេះ ក៏​នឹង​ត្រូវ​ហាមឃាត់​លើ​ការ​ទទួលយក​មូលនិធិ​ពី​សហភាព​អឺរ៉ុប​ផង​ដែរ។

Reuters រាយការណ៍​បន្ថែម​ថា សព្វថ្ងៃ​នេះ ប្រទេស​ដែល​ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​សហភាព​អឺរ៉ុប​រួចហើយ​នោះមាន ​អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ាគីស្ថាន ស៊ីរី យេ​ម៉ែ​ន កូរ៉េខាងជើង អ៊ូហ្គាន់ដា វ៉ានូ​ទូ ដែនដី​ទ្រីនីដាត និង​តូ​បា​ហ្កូ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង សុំ​មិន​បកស្រាយ​ទេ ហើយ​បង្វែរ​ឱ្យទៅ​សួរ​ខាងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​វិញ។ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច លោក មាស សុខ​សេន​សាន អះអាង​ថា ជាប់​ប្រជុំ។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ងឺ ច័ន្ទ​ផល ចាត់ទុក​ការ​ចុះផ្សាយ​របស់ Reuters អាច​ជា​ការ​ភាន់​ច្រឡំ ដោយ​ថា មិន​មានការ​ស្នើ​បែបនេះ​ទេ តែថា កម្ពុជា​ត្រូវ​បាន​គេដាក់​ចូលក្នុង​បញ្ជី​ប្រផេះ​តាំង​ឆ្នាំ២០១៥។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ បញ្ជាក់​ថា បញ្ហា​នេះ ​រដ្ឋាភិបាល​បាន​ធ្វើ​ច្បាប់​មួយចំនួន​រួចហើយ និង​បាន​ពង្រឹង​វិធានការ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ជនល្មើស​មួយចំនួន ដែល​នាំ​លុយ​ខុសច្បាប់​ចូល​កម្ពុជា ឆ្លើយតបទៅនឹង​លក្ខ​ខណ្ឌ​ទំា​ងនោះ​ហើយ។

លោក​ថា៖ «អត់មាន​ព្រឹត្តិ​ការណ៍​អី​ថ្មី​ទេ អាហ្នឹង​គ្រាន់​ថា យើង​ខិត​ខំធ្វើ​ទៅតាម​លក្ខខណ្ឌ​ដែលគេ​ឱ្យ​យើង​ធ្វើ​ វា​តែ​ប៉ុណ្ណឹង​ទេ»។

អគ្គ​នាយ​ក​ដ្ឋាន​អន្តោប្រវេសន៍ លោក គៀត ច័ន្ធថា​រិទ្ធ មានប្រសាសន៍​ថា មកដល់ពេលនេះ កម្ពុជា​បង្ក្រាបបាន ៤ទៅ ៥ករណី និង​រឹបអូស​បាន​លុយ​ខុសច្បាប់ប្រមាណ ៧លាន ៤សែន​ដុល្លារ។

អ្នកវិភាគ​នយោបាយ លោក ឯម សុ​វណ្ណ​រ៉ា បង្ហាញ​ការ​ព្រួយបារម្ភ​ថា បើ​កម្ពុជា​ត្រូវ​ដាក់​ចូលក្នុង​បញ្ជីខ្មៅ​នៃ​ការ​លាងលុយកខ្វក់​មែន វា​នឹង​ជួប​ហានិភ័យ​ដល់​វិស័យ​ធនាគារ និង​ការ​ទាក់ទាញ​អ្នក​វិនិយោគ។

លោក​ថា៖ «គេដាក់​យើង​ក្នុង​បញ្ជីខ្មៅ យើង​ពិបាក​ក្នុង​ការ​ចរាចរ​លុយ ដូចជា​ផ្ទេរ​លុយ ឬហិរញ្ញប្បទាន​ចុះឡើង​ដើម្បី​វិនិយោគ​ហ្នឹង គឺ​អ្នក​វិនិយោគ​ទាំងឡាយ​ គេ​ពិបាក​មករ​កស៊ី​ជាមួយ​យើង​ណាស់។ កាលណា​មករ​កស៊ី​ជាមួយ​យើង ​ត្រូវ​បាន​គេ​អង្កេត​រក​ប្រភព​លុយ​ហ្នឹង​មក​ពី​ណាៗ រក​ភាព​ច្បាស់លាស់។ អាហ្នឹង​គេ​ហៅថា កម្រិត​មិន​ស្មើភាព​លើឆាកអន្តរជាតិ»។

សំណើ​វិធានការ​នេះ នឹង​ចូលជាធរមាន​នៅ​ខែតុលា​ខាងមុខ។ ចំណែក​ស្ថាប័ន​ត្រួតពិនិត្យ​ថ្មី នឹង​ត្រូវ EU រៀបចំឡើង​នៅ​ឆ្នាំ២០២៣​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ