កម្មករ​ជាង​២​ពាន់​នាក់​នៅ​ស្វាយរៀង​ត្រូវ​បាន​ថៅកែ​ព្យួរ​ការងារ ក្រោម​ហេតុ​ផល​គ្មាន​អ្នក​បញ្ជា​ទិញ​

ក្រុមកម្មកររោងចក្រ យូលី ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ករណីថៅកែព្យួរការងារកម្មករ ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។ (Los seng អ្នកស្រាវជ្រាវ)

កម្មករ​-កម្មការិនី​ជាង ២ពាន់​នាក់​ បម្រើការ​ងារ​នៅ​រោងចក្រ​មួយ ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង ត្រូវ​បាន​ថៅកែ​ព្យួរការងារ​ ក្រោម​ហេតុផល​គ្មាន​អ្នកបញ្ជា​ទិញ។

អនុប្រធាន​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ យូ​លី (You Li​) លោក ពុំ សុ​គុន្ធី ប្រាប់​វី​អូ​ឌី​ថា ថៅកែ​រោងចក្រ​ យូ​លី​ បាន​ព្យួរការងារ​កម្មករ​ជាង ២ពាន់​នាក់​ទៀត​ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី១ ខែឧសភា ដល់​ថ្ងៃទី៣០ ខែ​មិថុនា​ខាងមុខ ដោយ​ថៅកែ​អះអាង​ថា ការ​ព្យួរការងារ​កម្មករ​ក្នុង​ចំនួន​ច្រើន​នេះ ​ដោយសារ​គ្មាន​ការ​បញ្ជាទិញ។

អនុប្រធាន​សហជីព​រូប​នេះ​ឱ្យដឹង​ថា រយៈពេល​ព្យួរការងារ​នេះ គឺ​កម្មករ​ទទួល​បាន​ប្រាក់​ឧប​ត្ថ​ម្ភ ៧០ដុល្លារ​តាម​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល ដោយ​ក្នុង​នោះ​ថៅកែ​ចេញ ៣០ដុល្លារ និង​រដ្ឋាភិបាល​ចូលរួម​ចំណែក ៤០ដុល្លារ។

លោក ពុំ សុ​គុន្ធី បន្ត​ថា ការ​ព្យួរការងារ​នេះ​នឹង​ធ្វើឱ្យកម្មករ​ជួប​ការ​លំបាក​ច្រើន​ក្នុង​ការ​ចំ​ណាយ​ផ្សេង​ៗក្នុង​គ្រួសារ​របស់​ពួក​គេ ដោយ​ថា ប្រាក់​ឧប​ត្ថ​ម្ភត្រឹម ៧០ដុល្លារ​នោះ មិន​អាច​ជួយ​ទ្រទ្រង់​ជីវភាព​កម្មករ​អំឡុង​ព្យួរការងារ​បាន​ស្រួល​ឡើយ។

លោក​បន្ថែម​ថា៖ «តាមពិត​បើ​យើង​ពិនិត្យមើល យើង​ឃើញ​មានផល​ប៉ះពាល់​ច្រើន ដោយសារ​ចំណូល​របស់​ពួក​គាត់​អំឡុង​ពេល​ព្យួរការងារ​នេះ​ គឺ​បាន​តិចណាស់ ព្រោះ​ការ​ផ្គត់​ផ្គង់​គ្រួសារ​របស់​គាត់​ គឺ​អត់​បាន​គ្រប់គ្រាន់។ អ៊ីចឹង​ ពួក​គាត់​មានការ​ត្អូញ​ត្អែ​រខ្លាំង ហើយ​អ្នក​ខ្លះគាត់​មាន​យក​លុយ​ពី​ខាង​ធនាគារ​មក​ប្រើប្រាស់​ដែរ។ អ៊ីចឹង ​ពួក​គាត់​លំបាក​ខ្លាំង»។

ប្រធាន​រដ្ឋបាល​រោងចក្រ យូលី (You Li​) លោក សេក ប៊ុ​នធឿន ប្រាប់​វី​អូ​ឌី​ថា រោងចក្រ​ពិតជា​បានព្យួ​រការងារ​កម្មករ​ជាង ២ពាន់​នាក់​ពិតមែន និង​ត្រៀម​ព្យួរ​បន្ថែម​ទៀត ប្រសិនបើ​នៅតែ​គ្មាន​ការ​បញ្ជាទិញ។

ប្រធាន​រដ្ឋបាល​រោងចក្រ​រូប​នេះ ឱ្យដឹង​ថា ដោយសារ​គ្មាន​ការ​បញ្ជាទិញ​នេះ កាលពី​សប្តាហ៍​មុន​រោងចក្របាន​បញ្ចប់​កិច្ចសន្យា​ការងារ​កម្មករ​ជាង ២០០នាក់​ម្តង​ទៅ​ហើយ។

លោក​បន្ថែម​ថា៖ «និយាយរួម​ទៅ អត់មាន​ការ​បញ្ជាទិញ​ហ្នឹង​តាំងពី​កើតមាន​ជំងឺ​កូ​វីដ១៩ម៉្លេះ។ ការ​បញ្ជាទិញ​ហ្នឹង ​វា​កាត់បន្ថយ​ច្រើន។ រោងចក្រ​ខ្ញុំ​អាច​នឹង​មានការ​ព្យួរការងារ​កម្មករ​បន្ថែម​ទៀត ពីព្រោះ​បច្ចុប្បន្ន​ហ្នឹង​អត់មាន​ការងារ​ធ្វើ​ហ្មង»។

ប្រធានមន្ទីរ​ការងារ​ខេត្តស្វាយរៀង លោក អ៊ូ សា​ខឿន មានប្រសាសន៍​ថា រោងចក្រ ​យូ​លី​ បាន​ព្យួរ​ការ​ងា​កម្មករ​ក្នុង​ចំនួន​ច្រើន​នេះ​ពិតមែន។ លោក​ថា លោក​បាន​ឱ្យមន្ត្រី​ចុះ​សម្របសម្រួល និង​ពិនិត្យ​លើ​ភាព​ត្រឹមត្រូវ​នៃ​លក្ខខណ្ឌ​ព្យួរការងារ​នោះ​រួចហើយ ដើម្បីឱ្យកម្មករ​ទទួល​បាន​ប្រាក់​ឧប​ត្ថ​ម្ភត្រឹ​មត្រូវ​ទៅ​តាមការកំណត់​របស់​រដ្ឋាភិបាល។

លោក​បន្ថែម​ថា៖ «ហើយ​ខ្ញុំ​បាន​ឱ្យមន្ត្រី​ចុះទៅ​សង្កេត​ណែនាំ ដើម្បីឱ្យគាត់​បំពេញ​លក្ខខណ្ឌឱ្យបាន​ត្រឹមត្រូវ​តាម​ការកំណត់​របស់ក្រ​សួង ព្រោះ​គាត់​នៅក្នុង​វិស័យ​កាត់ដេរ។ អ៊ីចឹង​ បើ​គាត់​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​តាម​ការកំណត់​របស់ក្រ​សួង​ការងារ​ កម្មករ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ទាំងអស់​ហ្នឹងហើយ​ [លុយ ៧០ដុល្លារ ​អំឡុង​ព្យួរការងារ​]»។

កាលពី​ថ្ងៃទី៤ ខែឧសភា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) ឱ្យដឹង​ថា កម្មករ​ប្រមាណ​ជិត ២០ម៉ឺន​នាក់ នឹង​ត្រូវ​ព្យួរការងារ ប្រសិនបើ​នៅតែ​គ្មាន​ការ​បញ្ជាទិញ ខណៈ​ដែល​រោងចក្រ ១៨០ បាន​ព្យួរការងារ​កម្មករ និង​រោងចក្រ​ប្រមាណ ៦០ទៀត កំពុង​ឈាន​ទៅ​រក​ការ​ព្យួរការងារ​ដែរ​នោះ។

កាលពី​ថ្ងៃទី១ ខែឧសភា ក្រុម​សហជីព​មក​ពី​វិ​ស័យ​ផ្សេង​ៗ បាន​ដាក់​លិខិត​មួយ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក្សា​ការ​ផ្តល់​ប្រាក់ឈ្នួល​គោល​ប្រចាំខែ​យ៉ាងតិច ៦០ភាគរយ ជូន​កម្មករ ដោយ​រដ្ឋាភិបាល​ចេញ ២០ភាគរយ និង​និយោជក​ចេញ ៤០ភាគរយ នៃ​ប្រាក់ឈ្នួល​គោលរបស់​កម្មករ​គ្រប់​វិស័យ នៅ​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។

ក្រុម​សហជីព​ទាំងនោះ អះអាង​ថា ប្រាក់​ឧប​ត្ថ​ម្ភត្រឹម ៧០ដុល្លារ​ មិន​អាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​កម្មករ​បាន​គ្រប់គ្រាន់​ឡើយ។

យោង​តាម​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា រោងចក្រ យូ​លី (You Li​) ជា​រោងច​ក្រ ផលិត​ខោអាវ​ទ្រនាប់​បុរស​នារី និង​សម្លៀកបំពាក់​កុមារ ហើយ​មានកម្ម​ករ​សរុប ៤៩៦៤នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ