ជន​​ដើម​​នៅ​​មណ្ឌល​គិរី​​ទាម​ទារ​​បន្ត​​គ្រប់​គ្រង​​ដី​​ដែល​​ពួក​​គាត់​​ធ្វើ​ស្រែ​​ចំការ​​

ស្ដ្រីម្នាក់ក្នុងចំណោមជនជាតិដើមភាគតិចដែលរស់នៅឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ពីការស្នើសុំការដោះស្រាយបញ្ហាដីស្រែចំការដែលអាជ្ញាធរបានហាមឃាត់ដាំដំណាំដោយថាជាដីស្ថិតក្នុងតំបន់អភិរក្ស ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។ (សុី ថា ដេលី ប្រេកឃីងញ៉ូ)

ជនជាតិ​ដើម​ភាគតិច​មក​ពី​ភូមិ​ចំនួន ២ នៃ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី តវ៉ា​ទាមទារ​សិទ្ធិបន្ត​គ្រប់គ្រង និង​បង្កបង្កើនផល​ដើម្បី​ចិញ្ចឹមជីវិត ក្រោយ​ក្រសួងបរិស្ថាន​ដកហូត​ដី​ទាំងនោះ​មកវិញ​ ដោយ​អះអាង​ថា ជា​ដី​នៅក្នុង​តំបន់​អភិរក្ស។

តំណាង​ជនជាតិ​ដើម​ភាគតិច ​រស់នៅ​ភូមិ​អូ​អាម​ និងភូមិ​អូរ​ណា ស្ថិតនៅ​ឃុំ​ស្រែ​ខ្ទុ​ម លោក ប៊ុ​ន ណាត អះអាង​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ជនជាតិ​ដើម​ភាគតិចគួយ ពូន​ង ប្រមាណ ២៥០នាក់ បាន​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​សាលាស្រុក​កែវសីមា ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ​បញ្ហា​ពួក​គាត់ បន្ទាប់ពី​ក្រសួងបរិស្ថាន​ហាមឃាត់​ពួក​គាត់​មិន​ឱ្យដាំដំណាំ និង​ធ្វើស្រែ​នៅ​លើ​ដី​ចាស់​ដែល​ធ្លាប់​អាស្រ័យផល​កន្លងមក។ 

លោក​បន្ត​ថា ក្រសួងបរិស្ថាន​មិន​ឱ្យ​ពួក​គា​ត់​ដំា​ដំណាំ និង​ធ្វើស្រែ​ចំការ​បន្ត​ទៀត ដោយ​ថា ដី​ដែល​ពួក​គាត់​អាស្រ័យផល​នោះ ស្ថិតនៅក្នុង​តំបន់​ការពារ។ 

លោក ប៊ុ​ន ណាត បន្ត​ថា បើ​ក្រសួងបរិស្ថាន​មិន​ឱ្យ​ពួក​គា​ត់​ដំាំ​ដុះ​លើ​ដី​នោះ​បន្ត​ទេ លោក​ថា ពួក​គាត់​នឹង​ជួប​ផល​លំបាក​ខ្លាំង។

លោក​ថា៖ «មិនបាន​អាស្រ័យផល គឺថា​គ្មាន​អី​រស់​តែម្ដង គឺ​ស្លាប់ ដោយសារវា​អត់មាន​ប្រាក់ចំណូល។ តំបន់​នេះ​ សង្ឃឹម​ទៅលើ​ផ្ទៃដី​ដាំដុះ បង្វិលទុន​ទិញ​អង្ករ​ហូប​ប្រចាំថ្ងៃ យើង​ធ្វើស្រែ ចំការ ហើយ​បើ​គេ​មិន​ឱ្យ​យើង​ធ្វើ​ទាំង​ស្រែ​ចំការ មិន​ឱ្យ​ទទួលផល ដាំដំឡូង​មី​ផង បាន​អី​ហូប ហើយ​ប្រជាជន​មួយចំនួន​ខ្ចី​លុយ​មីក្រូ​ហិ​រញ្ញវត្ថុដើម្បី​មក​ធ្វើ​ដំណាំ​ហ្នឹង ហើយ​គេ​មិន​ឱ្យធ្វើ​ទៀត ឥលូវ​គាត់​បាន​លុយ​អី​សង​ធនាគារ​វិញ ហើយ​ចំណាកស្រុក​ទៅ​ខាងណា​ក៏​គេ​បិទ ទៅ​វៀ​តណាម​ក៏​បិទ ទៅ​ថៃ​ក៏​បិទ​ យើង​ចេញទៅ​ណា​មិន​រួច​ទេ»។

ពលរដ្ឋ​ម្នាក់ទៀត លោក សន សុខុម លើកឡើង​ដែរ​ថា ពួក​គាត់​ធ្វើស្រែ និង​ដាំដំណាំ​នៅ​លើ​ដី​នោះ​តាំងពី​ឆ្នាំ២០១៣ មក​ម៉្លេះ ប៉ុន្តែ​ អាជ្ញាធរ​មិនដែល​ចុះទៅ​ហាមឃាត់​ឡើយ។ លោក​បន្ត​ថា ក្រសួង​បាន​ចុះទៅ​ហាមឃាត់​ ដោយ​មិន​ឱ្យ​ពួក​គា​ត់​ដំាំ​ដុះ​បន្ត​ទៀត ចាប់តាំងពី​ខែមេសា​កន្លងមក​ម៉្លេះ។ ​

ពួក​គាត់​ធ្លាប់​ស្នើសុំ​ទៅ​អាជ្ញាធរ​ឃុំ និង​ស្រុក ​ជួយ​រក​ដំណោះស្រាយ​ចំនួន ២លើក​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ហាក់ដូចជា​មិន​អើពើ​ចំពោះរឿងនេះ ទើប​ថ្ងៃនេះ ពួក​គាត់​បាន​នាំគ្នា​ប្រមូលផ្ដុំ​នៅមុខ​សាលាស្រុក​ទៀត។

លោក​ថា៖ «សុំ​ឱ្យ​ពួក​ខ្ញុំ​បាន​ចូល​ដំា ​រដូវវស្សា​ជិត​មកដល់​ហ្នឹង ព្រោះ​បរិស្ថាន​គេ​មិន​ឱ្យ​យើងខ្ញុំ​ទាំងអស់គ្នាចូល​ដាំដំឡូង​ទេ យើង​ចូល​កាត់​ស្មៅ​អីហ្នឹង ​គេ​ចាប់។ ឥលូវហ្នឹង ពួក​យើងខ្ញុំ​អត់មាន​ការងារ​អី​ធ្វើ​ទេ នៅ​អង្គុយ​រង់ចាំ​គេ​រក​ដំណោះស្រាយ​យូរ​ពេក។ អ៊ីចឹង​ យើងខ្ញុំ​ធ្វើ​ក្បួន ដើម្បី​ឱ្យ​ឃុំ ស្រុក និង​ខេត្ត​ ជួយ​រក​ដំណោះស្រាយ​ឱ្យ​ពួក​យើងខ្ញុំ​បាន​ដាំ​ឱ្យ​ទាន់​រដូវ បើសិនជា​ផុត​រដូវ​ ដាំ​អត់​ដុះ ឆ្នាំក្រោយ​ពួក​យើងខ្ញុំ​គ្មាន​អី​ទេ»។

មេ​ឃុំ​ខ្ទុម លោ​ក ប៊ុត សំអ៊ែល មានប្រសាសន៍​ថា រឿង​នេះ លោក​បាន​បញ្ជូន​ទៅ​អាជ្ញាធរ​ថ្នាក់លើ​ដោះស្រាយ​ហើយ។

លោក​ថា៖ «អ៊ីចឹង​ សួរ​ទៅ​សាលាស្រុក​ គេ​បកស្រាយ [ព្រឹកមិញ​គាត់​ចូល​ឃុំ​ហើយ​] គាត់​ទៅ​សាលាស្រុក។ អាហ្នឹង​សម្រាប់​ថ្នាក់​ឃុំ​ធ្វើ​ចប់ ហើយ​បញ្ជូន​ទៅ​ថ្នាក់លើ​រួចអស់ហើយ គ្រាន់តែ​កិច្ច​អន្តរាគមន៍​ខាងលើ ដោះស្រាយ​ចេញ​មិន​ចេញ​ មិនទាន់​បានដឹង​ទេ។ អ៊ីចឹង ​ខ្ញុំ​សុំ​និយាយ​ប៉ុណ្ណឹង​ទេ»។

វី​អូ​ឌី​មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពីអ​ភិបាល​ស្រុក​កែវសីមា លោក នួន សា​រ៉ន បានទេ ដោយ​ទូរសព្ទ​មិន​អាច​ទាក់ទង​បាន។ 

ដោយឡែក ​អ្នកនាំពាក្យ​ខេត្តមណ្ឌលគិរី លោក សុខ សារ៉ា មា​នប្រ​សាសន៍​ថា លោក​មិនទាន់​បានដឹង​រឿង​នេះ​ទេ ដោយ​លោក​ឱ្យទៅ​សួរ​នាយក​រដ្ឋបាល​សាលាខេត្ត លោក ហៀក សុ​ផាន។

វី​អូ​ឌី​មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​នាយក​រដ្ឋបាល​សាលាខេត្ត លោក ហៀក សុ​ផាន បានទេ ដោយ​ទូរសព្ទ​ចូល​គ្មាន​អ្នកទទួល។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក នេត្រ ភក្ត្រា មានប្រសាសន៍​ថា ការដែល​ក្រសួង​​ហាមឃាត់​មិនឱ្យ​ពលរដ្ឋ​ដាំដំណាំ ដោយសារទីតាំងនោះ​ស្ថិតនៅ​ក្នុង​តំបន់​អភិរក្ស​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន។ 

អ្នកសម្របសម្រួល​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី​ លោក គ្រើ​ង តុលា​ចាត់ទុក​ការ​មិន​អនុញ្ញាត​ឱ្យ​ជនជាតិ​ដើម​ភាគតិច​អាស្រ័យផល​លើ​ដី​នោះ​ថា រំលោភសិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ភូមិបាល។ លោក​ស្នើ​ទៅ​ក្រសួងបរិស្ថាន​ពិចារណា ដោយ​កាត់​ឆ្វៀលដី​នោះ​ចេញ។

លោក​ថា៖ «បរិស្ថាន​គួរតែ​ពិចារណា​ឡើងវិញ ពាក់ព័ន្ធ​ច្បាប់​ទាំងអស់ ​ដូចជា រដ្ឋធម្មនុញ្ញ ពលរដ្ឋ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ស្មើ​ៗគ្នា ហើយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច​នៃ​ប្រទេស​របស់​ខ្លួន ចុះបើ​សិន​ជា​ប្រជាពលរដ្ឋ​មិនទៅ​បោះឆ្នោត ​តើ​ធ្វើ​ម៉េច? នេះ​ជា​ចំណុច​មួយ​គួរតែ​ពិចារណា។ យើង​គួរ​គិត​ពី​នយោបាយ​ផង យើង​គិត​ពី​ការ​អភិវឌ្ឍ​សង្គម​ផង យើង​គួរ​គិតដល់​ផល​ប៉ះពាល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ផង យើង​មិនមែន​យក​ច្បាប់​មួយ​ទៅ​អនុវត្ត​ ហើយ​ភ្លេច​មើល​ច្បាប់​មួយទៀត​ទេ»។

ជនជាតិ​ដើម​ដែល​នាំគ្នា​តវ៉ា​ទាំងនេះ បានឱ្យ​ដឹង​ថា ពួក​គាត់​ឃើញ​ដី​នោះ​ទំនេរ​ ក៏​នាំគ្នា​ដាំដុះ​តាំងពី​ឆ្នាំ២០១៣មក ហើយ​ពេល​ដែល​ពួក​គាត់​នាំគ្នា​ដាំដុះ​នោះ ​មិន​មានការ​ហាមឃាត់​ពី​អាជ្ញាធរ​ទេ ហើយក៏​មិនបាន​ដឹង​ថា ទីនោះ​ជា​ដី​តំបន់​អភិរក្ស​ដែរ ទើបតែ​នៅដើម​ឆ្នាំ២០២០នេះ​អាជ្ញាធរ​ចេញ​មករា​រាំង។ ជនជាតិ​ដើម​ទាំងនេះ ​ក្នុង​មួយ​គ្រួសារ​កាន់កាប់​ដី​តំបន់​នោះ ៣ ទៅ ៤ហិ​កតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ