អ្នក​ឃ្លាំ​មើល​​ហៅ​​ការ​​រឹត​​បន្តឹង​​ច្បាប់​​ចរាចរណ៍​​ពេល​នេះ ​បាន​​ដាក់​បន្ទុក​​បន្ថែម​​ទៅ​លើ​​ពល​រដ្ឋ​​ងាយ​​រង​គ្រោះ​​

សកម្មភាពផាកពិន័យលើអ្នកបើកបរដែលប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ នាដើមខែឧសភា ឆ្នាំ២០២០។ (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

អ្នកឃ្លាំមើល​មួយចំនួន ហៅ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរ​ណ៍ពេលនេះ​ថា វា​បាន​ដាក់បន្ទុក​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​បាត់បង់​ប្រាក់ចំណូល​ដោយសារ​ការ​គំរាមកំហែង​ពី​កូ​វីដ១៩នោះ។

រដ្ឋាភិបាល បាន​បញ្ជា​ឱ្យ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ចាប់ពី​ថ្ងៃទី១ ខែឧសភា​សប្ដាហ៍​មុន​មក ហើយ​ច្បាប់​ថ្មី​នះ បាន​ដំឡើង​ការ​ផាកពិន័យ​ច្រើនជាង​មុន​សម្រាប់​អ្នក​ដែល​សមត្ថកិច្ច​គិតថា បាន​ប្រព្រឹត្ត​កំហុស​ល្មើសច្បាប់​ចរាចរណ៍។

អ្នកប្រើ​ប្រាស់​ផ្លូវ ត្រូវ​យក​តាម​ជាមួយ​នូវ​ច្បាប់ដើម ដូច​ជា​ ប័​ណ្ណសម្គាល់​យានយន្ត លិខិតបញ្ជាក់​គុណភាព​យានយន្ត​ ហៅថា​ ឆៀក និង​ប័ណ្ណបើកបរ ​ជាដើម។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិម​អេង និយាយ​ថា លោក​គាំទ្រ​វិធានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ ប៉ុន្តែ លោក​ថា វិធានការ​នេះមិន​គួរ​ធ្វើ​ចំ​ពេល​ប្រជាពលរដ្ឋ​កំពុង​បាត់បង់​ប្រាក់ចំណូលដោយសារ​កូ​វីដ១៩ដូច​ពេលនេះ​ទេ។

លោក យង់ គិម​អេង មានប្រសាសន៍​ថា៖ «ដំណាក់កាល​ដែល​យើង​កំពុងតែ​ជួប​វិប​ត្តិកូ​វីដ ដែល​ប្រជាពលរដ្ឋ​មិន​អាច​ប្រកបមុខរបរ​ប្រក្រតី​ភាព​ឡើងវិញ​បាន​នៅឡើយ​នោះ វា​ជា​បញ្ហា​ប្រឈម​មួយ​ធំ​ណាស់»។

ការ​រឹត​បន្តឹង​ច្បាប់ វា​បាន​ជំរុញ​ឱ្យមាន​កំណើន​អ្នកប្រើ​ប្រាស់​ផ្លូវថ្នល់​សម្រុក​ទៅ​ធ្វើ​ឯកសារ ដើម្បី​គេច​ផុត​ពី​ការ​ខាតបង់ប្រាក់​ផាកពិន័យ​ពី​សមត្ថកិច្ច។

លោក យង់ គិម​អេង ហៅ​ចរន្ត​នេះ​ថា ជា​ហានិភ័យ​របស់​ប្រជាពលរដ្ឋ ដែល​អាច​ប្រឈមមុខនឹង​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ ដែល​លោក​ថា ការអនុវត្ត​ច្បាប់​បែបនេះ មិនបាន​ធានា​ពី​សុខុមាលភាព​សង្គម​ទេ។

លោក​ថា៖ «ពីមុន​ គ្នា​មិនទៅ​ធ្វើ​ ព្រោះ​គ្នា​ខ្លាច​កូ​វីដ ដល់​ឥឡូវ​ធ្វើ​ម៉េច​ដើម្បី​បញ្ចៀស​ការ​ផាកពិន័យ ​ត្រូវតែ​ទៅ​ធ្វើ ដល់ទៅ​ធ្វើ​ វាក​កកុញ​នៅកន្លែង​ធ្វើ​នៅកន្លែង​ឯកសារ​ហ្នឹង​ វា​បង្ក​ហានិភ័យ​សម្រាប់​កូ​វី​ដទេ ​ឬក៏​ថា​ កម្ពុជា​ហ្នឹង​លែង​មាន​កូ​វីដ​ហើយ អានេះ​ជា​រឿង​សំខាន់ណាស់»។

មួយវិញទៀត ការ​រឹត​បន្តឹងច្បាប់​ចរាចរណ៍​នេះ ធ្វើឡើង​ចំ​ពេល​ដែល​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ប្រមាណ ១០ម៉ឺន​នាក់​ បានបាត់បង់​ការងារ ដោយសារ​រោងច​ក្រ​ជាង ១៣០ ព្យួរការងារ នេះ​បើ​តាម​ក្រសួងការងារ។

ពលករ​ចំណាកស្រុក​ជិត ៩ម៉ឺន​នាក់​ដែល​ធ្វើការ​នៅ​ថៃ ​ចូល​មក​ស្រុកកំណើត​អំឡុង​ចូលឆ្នាំ​ខ្មែរ នេះ​បើ​តាម​ក្រសួងសុខាភិបាល ដែល​ពួក​គេ​ទាំងនោះ​កំពុង​បាត់បង់​ចំណូល​ដូចគ្នា។

អ្នកធ្វើការ​នៅ​វិស័យ​សេវា​កម្សាន្ត​ប្រមាណ​ជាង ៨ម៉ឺន​នាក់ កំពុង​បាត់បង់​ប្រាក់ចំណូល​ដោយសារ​រដ្ឋាភិបាល​ប្រកាស​បិទ​ខារ៉ាអូខេ ក្លឹប​កម្សាន្ត​ នៅ​ទូទាំង​ប្រទេស​ កាលពី​ថ្ងៃទី១៧ ខែមេសា ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩។ នេះ​បើ​តាម​ការ​អះអាង​របស់​សហជីព​ក្នុង​វិស័យ​នេះ។

ជាង​នេះ​ទៅទៀត ​ពលរដ្ឋ ២លាន ៥សែន​នាក់ កំពុង​ជួប​ការ​លំបាក​រក​ប្រាក់​សង​ត្រឡប់ទៅ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​វិញ ក្រោយ​កម្ពុជា​រង​ការ​គំរាម​កំហែង​ពី​កូ​វីដ១៩។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កាលពី​ចុងខែ​មីនា។

អ្នកធ្វើការ​នៅ​សណ្ឋាគារ ផ្ទះសំណាក់ បាន​បាត់បង់​ការងារ វិស័យ​ដឹកជញ្ជូន កសិកម្ម និង​អ្នករក​ស៊ី​នៅ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ច្រើន​ពាន់​នាក់​ផ្សេងទៀត បាន​អះអាង​មក​ថា ប្រាក់ចំណូល​ពួក​គេ​បាន​ធ្លាក់ចុះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បង្ហាញ​ការយល់ឃើញ​ប្រហាក់​ប្រហែល​ដែរ ប៉ុន្តែ លោក​ថា រដ្ឋាភិបាល​មិន​គួរ​ជំរុញ​ប្រសិទ្ធភាព​ច្បាប់ ហើយ​ភ្លេច​គិត​ពី​បញ្ហា​ក្រពះ​ពលរដ្ឋ​ទេ។

លោក មឿន តុលា មានប្រសាសន៍​ថា៖ «យុទ្ធសាស្ត្រ​មួយ​ដែលគេ​ធ្វើសង្គ្រាម​ឈ្នះ​កូ​វីដ១៩នេះ គឺ​គេ​លើកទឹកចិត្ត​ឱ្យពលរដ្ឋ​រក្សា​គម្លាត​សង្គម។ អ៊ីចឹង​បាន​ខ្ញុំ​ថា រឿង​ដែល​សំខាន់ គឺ​ទាល់តែ​យើង​ឱ្យអាទិភាព​បញ្ហាក្រពះ​ឱ្យ​ខ្លាំង»។

លោក មឿន តុលា បន្ថែម​ថា ការ​រឹត​បន្តឹង​ច្បាប់​ភ្ជាប់នឹង​ការ​បង្កើន​ប្រាក់​ផាកពិន័យ ចំ​ពេល​ពលរដ្ឋ​ប្រឈម​នឹង​បញ្ហា​ក្រពះ វា​បាន​បង្កើត​ជា​ចម្ងល់​ទៅលើ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​តប​តាម​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​ការធានា​សិទ្ធិ​រស់រាន​មានជីវិត​របស់​ពលរដ្ឋ ។

បើ​តាម​អនុក្រឹត្យ​ថ្មី អ្នកបើកបរ​ល្មើស​គំនូស​សញ្ញា ភ្លើង និង​ច្បាប់​ចរាចរណ៍ នឹង​ត្រូវ​ផាកពិន័យ​យ៉ាង​ទាប​បំផុត ៦ម៉ឺន​រៀល រហូតដល់​ចំនួន ៨០ម៉ឺន​រៀល​ សម្រាប់​អ្នកបើកបរ​ម៉ូតូ។ សម្រាប់​អ្នកប្រើ​ប្រាស់​រថយន្ត ពួក​គេ​នឹង​ត្រូវ​រង​ការ​ផាក​យ៉ាង​ទាប​បំផុត ៧ម៉ឺន ៥ពាន់​រៀល រហូតដល់​ខ្ពស់​បំផុត ២លាន ៤សែន​រៀល។

អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី គាំទ្រ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ដោយ​ថា ​ប្រទេស​ណា​ក៏​គេ​រឹត​បន្តឹង​ច្បាប់​ដែរ។ ប៉ុន្តែ លោក​ថា បើ​ច្បាប់​បង្កើន​ការ​ផាកពិន័យ​នេះ អនុវត្ត​ចំ​ពេល​ពលរដ្ឋ​ប្រឈម​បញ្ហា​ក្រពះ វា​បាន​ដើរ​ផ្ទុយ​ទៅ​នឹង​សារ​នយោបាយ​ដែល​ធ្លាប់​អះអាង​កន្លងទៅ។

លោក មាស នី មានប្រសាសន៍​ថា៖ «មួយទៀត ​រដ្ឋាភិបាល​តែងតែមាន​ប្រសាសន៍​ថា ទុក្ខ​កង្វល់​​របស់​ពលរដ្ឋ​ជា​ទុក្ខ​កង្វល់​របស់​រដ្ឋាភិបាល​ ដឹង​សុខទុក្ខ​របស់​ពលរដ្ឋ។ ប៉ុន្តែ​ ដល់ពេល​ពលរដ្ឋ​រាប់​លាន​នាក់​កំពុង​អត់​ការងារ​ធ្វើ​ វា​ទៅជា​យក​ច្បាប់​ចរាចរ​ណ៍មក​អនុវត្ត​នៅ​កណ្តាល​ទី។ ខ្ញុំ​និ​យាយ​នេះ ​មិន​មែន​ខ្ញុំ​ប្រឆាំង​នឹង​ច្បាប់​ចរាចរ​ណ៍ទេ ​ខ្ញុំ​គាំទ្រ»។

ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ប្រាក់​ដែល​បាន​ពី​ការ​ផាកពិន័យ​នេះ ៧០ភាគរយ​ សម្រាប់​កងកម្លាំង​ដែល​ចុះ​អនុវត្ត ២៥ភាគរយ​ សម្រាប់​អង្គភាព និង ៥ភាគរយ​ ចូល​ថវិកាជាតិ។

អ្នកបើកបរ​រថយន្តឈ្នួល លោក ម៉ៅ ឆន អះអាង​ថា ការដែល​ច្បាប់​តម្រូវឱ្យមាន​ឯកសារ​ដើម អ្នកជួល​រថយន្ត ឬអ្នកស៊ីឈ្នួល​បើកបរ​មួយចំនួន​ អាច​នឹង​បាត់បង់​ការងារ បើ​ម្ចាស់​រថយន្ត​មិនព្រម​ប្រគល់​ឯកសារ​ដើម​ឱ្យ ដោយសារ​បារម្ភ​ពី​ការ​បាត់​រថយន្ត​នោះ។

លោក ម៉ៅ ឆន និយាយ​ថា៖ «បើសិន​ខាង​ថៅកែ​ក្រុមហ៊ុន​ គេ​មិន​ទុកចិត្ត​អ្នកបើកបរ​ទាំងអស់​ហ្នឹង​ គេ​អាច​បញ្ឈប់ ឬក៏​ផ្អាក​ដំណើរការ​មួយ​រយៈ»។

VOD មិន​អាច​ទាក់ទង​អគ្គស្នង​ការ​រងនគរបាលជាតិ​ទទួលបន្ទុកផែនសណ្ដាប់ធ្នាប់ចរាចរណ៍​ លោក ហ៊ឹម យ៉ាន ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​ចម្ងល់​នេះ​បានទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​ថ្ងៃ​ចន្ទ​នេះ។

ប៉ុន្តែ កាលពី​ថ្ងៃទី៣០ ខែមេសា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ហៅ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ពេលនេះ​ថា ជា​វិធានការ​ឆ្លើយតបទៅនឹង​គ្រោះអាសន្នដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​គំហុក​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ទោះជា​យ៉ាងនេះ​ក្តី លោក យង់ គិម​អេង យល់ថា ការ​តម្លើង​ការ​ផាកពិន័យ​តែមួយមុខ មិន​អាច​ទប់ស្កាត់​គ្រោះអាសន្ន​ចរាចរណ៍​កន្លងទៅ​បានទេ បើ​រដ្ឋាភិបាល​មិន​ទប់ស្កាត់​ការប្រើ​ប្រាស់​គ្រឿងស្រវឹង គ្រឿងញៀន និង​បញ្ជ្រាប​ចំណេះដឹង​ដល់​ពលរដ្ឋ​ឱ្យចេះ​យោគយល់​ក្នុង​ពេល​បើកបរ​ដែរ​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ