វិភាគ៖ តើ​​ច្បាប់​​ដាក់​​ប្រទេស​​ក្នុង​​គ្រា​អាសន្ន​​នឹង​​អនុវត្ត​​ក្នុង​​សេ​​ណា​​រី​​យ៉ូ​​បែប​​ណា​​?​

លោក ហ៊ុន សែន និងកូនប្រុស ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិត​ក្នុង​គ្រាអាសន្ន​ដែល​មាន ៥ជំពូក និង​មាន ១២មាត្រា ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​ប្រមុខរដ្ឋ​ស្តីទី និង​ជា​អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា លោក សាយ ឈុំ កាលពី​ថ្ងៃទី២៧ ខែមេសា ស្រប​ពេល​ព្រះមហាក្សត្រ​អវត្តមាន​ក្នុង​ប្រទេស ដោយ​ព្រះអង្គ និង​សម្តេច​ម៉ែ បាន​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន។

ការ​ធ្វើ​ច្បាប់​នេះ គឺ​ប្រើ​ពេល​ប្រមាណ ១ខែ​ប៉ុណ្ណោះ ចាប់តាំងពី​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ​(Covid​-19​) ជា​បន្ដ​បន្ទាប់ ដែល​ធ្វើឱ្យរដ្ឋាភិបាល​ខិតខំ​ធ្វើ​ច្បាប់​នេះ ក្រោម​ហេតុផល ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺរាតត្បាត​នេះ ប្រសិនបើ​ស្ថានភាព​គ្រប់គ្រង​លែង​បាន។ ប៉ុន្ដែ ច្បាប់​នេះ​ក៏​រង​ការរិះគន់​ថា ផ្តល់​សិទ្ធិ​អំណាច​ច្រើនលើស​លប់ឱ្យ​រដ្ឋាភិបាល ព្រោះតែ​បទប្បញ្ញត្តិ​នៅក្នុង​ច្បាប់​នេះ​ ទូលំទូលាយ​ពេក និង​មិន​ច្បាស់លាស់​ជាដើម។

ទោះជាយ៉ាងណា ស្ថានភាព​ជំងឺ​កូ​វីដ១៩ នៅ​កម្ពុជា​ បច្ចុប្បន្ន​ មាន​ភាព​ធូរស្រាល ត្បិត​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន ១២០នាក់​ហើយបាន​ជាសះស្បើយ និង​ចាកចេញ​ពី​មន្ទីរពេទ្យ​ គិត​ត្រឹម​ថ្ងៃទី៤ ខែឧសភា ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ដែល​រក​ឃើញ​នៅ​កម្ពុជា ១២២នាក់ នៅសល់​តែ ២ទៀត​នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​នៅ​តាម​មន្ទីរពេទ្យ។ ជាង​នេះ​ទៀត រយៈពេល​ជាង ២០ថ្ងៃ​មកនេះ​ កម្ពុជា​ប្រកាស​ពី​ការ​រក​មិនឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មីទៀត​នោះ​ដែរ។

សំណួរ​ថា តើ​ស្ថានភាព​ជំងឺរាតត្បាត​នេះ​អាច​ជា​មូលហេតុ​នៃ​ការអនុវត្ត​ច្បាប់​នេះ​ឬទេ​? ហើយ​តើ​ច្បាប់​នេះ​នឹង​យក​ទៅ​ប្រើ​ក្នុង​សេ​ណា​រី​យ៉ូ​បែប​ណា​នា​ពេល​ខាងមុខ​?

ខ្លឹមសារ​ក្នុង​ច្បាប់​នេះ បញ្ជាក់​ថា ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន អាច​ធ្វើ​ទៅ​បាន​ដោយ​ព្រះមហាក្សត្រ​ជា​អ្នក​ប្រទាន​ដំណឹង​ទៅ​សាធារណៈ ដែល​មានការ​ស្នើ​ឡើង​ពី​ឥស្សរជន​នយោបាយ ៣រូប រួមមាន ​នាយក​រដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា។

បន្ថែម​ពីនេះ ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​អាច​ធ្វើទៅបាននៅពេល​ប្រជាជាតិ​ប្រឈមមុខនឹង​គ្រោះថ្នាក់​ដូចជា សង្រ្គាម ឬការឈ្លានពាន​ពី​កម្លាំង​បរទេស បញ្ហា​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ​បណ្តាល​មក​ពី​ជំងឺឆ្លង ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ និង​សណ្តាប់​ធ្នាប់​សាធារណៈ ព្រមទាំង​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ជាដើម។

យ៉ាងនេះ​ក្តី ក្រុម​អ្នកវិភាគ​សង្គម​មើលឃើញ​ថា រដ្ឋអំណាច​បាន​ចាប់​យក​ឱកាស​នៃ​ជំងឺ​កូ​វីដ១៩ ដើម្បី​បង្កើត​ច្បាប់​នេះ ដែល​ក្លាយជា​ប្រយោជន៍​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​ក្នុង​ការ​រក្សា​ ឬផ្ទេរអំណាច​របស់​ខ្លួន។

អ្នកវិភាគ​នយោបាយ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស លោក គឹម សុខ បង្ហាញ​ទស្សនៈ​ថា ច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ក្នុង​គ្រាអាសន្ន​នេះ មិនមែន​បង្កើត​ឡើង​ក្នុង​ហេតុផល​ទប់ទល់​ស្ថានការណ៍​ជំងឺ​កូ​វីដ១៩ទេ ប៉ុន្តែ រដ្ឋាភិបាល​លោក​ ហ៊ុន សែន យក​ស្ថានភាព​ជំងឺ​កូ​វីដ១៩ ដើម្បី​បង្កើត​ច្បាប់​នេះ សម្រាប់​ជា​ឧបករណ៍​ផ្ទេរអំណាច​របស់​ខ្លួន​ក្នុង​គ្រា​ចាំបាច់​ណាមួយ​មកដល់​ប៉ុណ្ណោះ។

លោក គឹម សុខ មានប្រសាសន៍​ថា៖ «លោក ហ៊ុន សែន ប្រើ​ស្ថានការណ៍​កូ​វីដ ដើម្បី​ផលិត​ច្បាប់​នេះ​ឡើង អាច​ទុក​ប្រើជា​ឧបករណ៍​ផ្ទេរអំណាច ប្រសិនបើ​ផ្លូវ​ផ្ទេរអំណាច​ទៅកាន់​កូនប្រុស មាន​ឧបសគ្គ​ធំ​ពេក។ ជាពិសេស ​វិបត្តិ​ដណ្តើម​គ្នា​ធ្វើនាយ​ករ​ដ្ឋ​មន្ត្រី រហូតដល់​ដោះស្រាយ​មិន​ចេញ​នៅក្នុង​ផ្ទៃក្នុង​គណបក្សប្រជាជន​កម្ពុជា។ ការដែល​លោក ​ហ៊ុន សែន ត្រូវ​ចេញច្បាប់​នេះ​ឱ្យ​ប្រញាប់​បំផុត ពីព្រោះ​ពេលវេលា​នៃ​ការផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនប្រុស​របស់​គាត់​ក៏​មិន​ទៀងទាត់​ដែរ»។ 

ស្រដៀងគ្នា​នេះ ​សាស្ត្រា​ចារ្យ​ផ្នែកការ​ទូត និង​កិច្ចការ​ពិភពលោក​នៃ​សកលវិទ្យាល័យ Occidental នៅ​សហរដ្ឋអាមេរិក លោក​បណ្ឌិត អៀ សុផល ឱ្យ​ដឹង​ថា វា​ច្បាស់​ណាស់​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ត្រៀម​ទុក​សម្រាប់​ហេតុផល​ផ្សេងទៀត ក្រៅ​ពី​ហេតុផល Covid​-19 ។ 

លោក​ថា ហេតុផល​កូ​វីដ១៩ គ្រាន់តែ​សម្រាប់​លាក់បាំង​រឿងរ៉ាវ ​ឬគោលបំណង​ពិត​ប្រាក​ដប៉ុណ្ណោះ ប៉ុន្តែ​ ហេតុផល​ពិតប្រាកដ​នឹង​កើតឡើង​នៅពេល​ក្រោយ ក្នុង​ស្ថានការណ៍​ចាំបាច់​ដែល​ត្រូវ​ប្រកាស​ប្រើ​ច្បាប់​នេះ ​ក្រោម​ហេតុផល​ណាមួយ​ក្រោម​លេស​សន្តិសុខ និង​សណ្តាប់​ធ្នាប់​ជាតិ រួម​ទាំង​បញ្ហា​នៃ​ការ​ស្នង​អំណាច​ផង​ដែរ។

លោក​បន្ត​ថា៖ «គណបក្សប្រជាជន​មើលឃើញ​ប្រយោជន៍​ពី​ការប្រើ​ប្រាស់​វិបត្តិ Covid​-19 ជា​លេស ​ដើម្បី​អនុម័ត​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាព​អាសន្ន ហើយ​យើង​នឹង​ចាំ​មើល​ថា ក្រោយពេល​ប្រកាស​ឱ្យ​អនុវត្ត​ដោយហេតុ​ផល​ក្លែងបន្លំ មិន​មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ Covid​-19 ទេ។ វា​ប្រហែលជា​ត្រូវ​ធ្វើជា​មួយ​បញ្ហា​ជាបន្តបន្ទាប់​សម្រាប់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃណាមួយ។ ថ្ងៃ​នោះ​អាច​នឹង​មកដល់​ឆាប់​ជាង​អ្វី​ដែល​យើង​បានដឹង។» 

នៅមុន​ពេល​ច្បាប់​នេះ​ចេញ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ពោល​គឺ​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩ ក្នុង​ប្រទេស​កាលពី​ខែមករា​រហូតមកដល់​ពាក់កណ្តាល​ខែមេសា សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​មិន​តិច​ជាង ៤០នាក់​នោះ​ទេ ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ជំងឺ​នេះ។

អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹ​មខឿន អះអាង​ថា គិត​ត្រឹម​ថ្ងៃទី១៥ ខែមេសា មាន​មនុស្ស​ចំនួន ៤២នាក់​ហើយ​ត្រូវ​បាន​ចាប់ខ្លួន និង​ណែនាំ ក្នុង​នោះ​មនុស្ស​ចំនួន ២២នាក់ ត្រូវ​បាន​បញ្ជូន​សំណុំរឿង​បន្ត​ទៅ​តុលាការ។ 

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Right Watch) មើលឃើញ​ថា ក្រុម​មនុស្ស​ដែល​ចាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការ ភាគច្រើន​ជា​អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ។ 

ជាមួយគ្នា​នេះ មុន​ពេល​ច្បាប់​នេះ​ប្រកាស​ឱ្យ​ប្រើ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រមាន​ចាប់ខ្លួន​អតីតមន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្តព្រៃវែង ស្វាយរៀង និង​សមាជិកសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ខេត្ត​កំពង់ឆ្នាំង ​ជាដើម។ ក្រោយ​សារ​ព្រមាន​ទាំងនោះ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​ពួក​គេ​ជាបន្តបន្ទាប់។ 

ដោយឡែក ​កាលពី​ថ្ងៃទី៣០ ខែមីនា លោក​ ហ៊ុន សែន ក៏បាន​ព្រមាន​ចាប់ខ្លួន​នាយករង​អង្គការ​លី​កាដូ លោក អំ សំអាត ដោយ​លោក​អះអាង​ថា បើ​ទោះបី​កម្ពុជា​មិនទាន់​ដាក់​ក្នុង​គ្រាអាសន្ន​ក៏ដោយ ក៏​លោក​អាច​ចាប់ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ញាត់​គុក​បាន​ដែរ។ 

បន្ថែម​ពីនេះ ចាងហ្វាង​សារព័ត៌មាន​អន​ឡាញ TVFB លោក សុវណ្ណ រិទ្ធី ក៏​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី៧ ខែមេសា ក្រោយពេល​ដកស្រង់​សម្តី​លោកនាយក​រដ្ឋមន្ត្រី ដែល​ប្រាប់​ទៅ​អ្នក​រត់​ម៉ូតូឌុប​ឱ្យ​លក់​ម៉ូតូ​ចាយវាយ​ក្នុង​ស្ថានការណ៍​កូ​វីដ១៩សិន ត្បិត​រដ្ឋ​គ្មាន​លទ្ធភាព​ជួយ​នោះ​ឡើយ។

មួយថ្ងៃ​បន្ទាប់ពី​ការ​ចាប់ខ្លួន​លោក រិទ្ធី ក្រសួងព័ត៌មាន​ក៏បាន​ចេញ​លិខិត​លុប​អាជ្ញាប័ណ្ណ​សារព័ត៌មាន​មួយ​នេះ ក្រោម​ហេតុផល​នៃ​ការផ្សាយ​ព័ត៌មាន​បង្ក​ភាព​ចលាចល​ដល់សង្គម​ធ្ងន់ធ្ងរ​ដែល​មិន​អាច​អត់ឱនឱ្យ​បាន។ 

ទោះបីជា​យ៉ាងនេះ​ក្តី កាលពី​ថ្ងៃទី២២ ខែមេសា អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន អះអាង​ថា​ ជា​រឿង​ចាំបាច់​បំផុត​ក្នុង​ការបង្កើត​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ ដែល​បង្កើត​ឡើង​ស្របតាម​គោលការណ៍​នៃ​ច្បាប់​ជាតិ និង​អន្តរជាតិ​ ដើម្បី​ពង្រឹង​នីតិរដ្ឋ ពុំមែន​ជា​ការបង្កើត​ឡើង​ដើម្បី​រំលោភសិទ្ធិ​មនុស្ស ឬការពារ​អំណាច និង​ផ្ទេរអំណាច​នោះ​ឡើយ។

លោក ជិន ម៉ា​លីន ក៏បាន​ហៅ​ក្រុម​អ្នករិះគន់​ច្បាប់​នេះ​ថា ជា​រឿង​មិន​យល់​ពី​ខ្លឹមសារ​នៃ​ច្បាប់ អយុត្តិធម៌​សម្រាប់​កម្ពុជា និង​ជា​ការរិះគន់​ដែល​មាន​ចរិ​តនយោបាយ។

លោក ជិន ម៉ា​លីន មានប្រសាសន៍​ថា៖ «ទី១ ជា​ការរិះគន់​ដែល​មិន​យល់​ច្បាស់​ពី​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់​របស់​យើង ដូចជា​ ការរិះគន់​របស់​អ្នកជំនាញ​ការអន្តរជាតិ​មួយចំនួន​ អាច​គាត់​មិនទាន់​យល់​ច្បាស់​ពី​ខ្លឹមសារ​នៃ​ច្បាប់​នេះ ហើយដោយ​គាត់​មានការ​ព្រួយបារម្ភ​ជ្រុល ដែល​ធ្វើ​ឱ្យ​ពួក​គាត់​រិះគន់​ខុសពី​ខ្លឹមសារ និង​គោលបំណង​នៃ​ច្បាប់​នេះ។ ការរិះគន់​ទី២ គឺជា​ការរិះគន់​ដែល​មាន​ចរិតជា​នយោបាយ បានន័យ​ថា រិះគន់​ដោយ​មិន​យក​ភ្នែក​មើល ដោយ​មិនខ្ចី​មើល មិនខ្ចី​អាន ដោយ​មិនដឹង​ថាច្បាប់​នេះ​បែរមុខ​ទៅណា​ផង មិនដឹង​ថា​ច្បាប់​នេះ​សរសេរ​ម៉េច​ផង ក៏​ប៉ុន្តែ​ រិះ​គន់​ដើម្បី​កេង​ចំណេញ​នយោបាយ។ បែរជា​បង្វែរ​ទៅជា​រឿង​ប្រមូល​អំណាច រៀបចំផែនការ​ផ្ទេរអំណាច​ឯណា​ណោះ​ឆ្កុយ ដែល​ខុសពី​ខ្លឹមសារ និង​គោលបំណង​នៃ​ច្បាប់​នេះ»។

លោក​មើលឃើញ​ថា បើ​ស្ថានភាព​ជំងឺ​កូ​វីដ១៩ ធូរស្រាល​ដូច​បច្ចុប្បន្ន គ្មាន​ហេតុផល​ណា​ចាំបាច់​ដើម្បី​ប្រើប្រាស់​ច្បាប់​នេះ​ទេ ប៉ុន្តែ​ ការប្រើ​ប្រាស់​ច្បាប់​នេះ​ទៅ​បាន ក្នុង​ស្ថានភាព​ជាតិ​ប្រឈម​គ្រោះថ្នាក់ ដែល​ឥស្សរ​ជន​នយោបាយ​ជាន់ខ្ពស់​បី​រូប​ជា​អ្នកស្នើ​ឡើង និង​ស្នើ​បញ្ចប់​ទៅវិញ រួមមាន ​នាយក​រដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា និង​ប្រទេស​ព្រឹទ្ធសភា ខណៈ​មនុស្ស​ទាំង​បី​រូប​បច្ចុប្បន្ន​ជា​ប្រធាន​កិត្តិយស ប្រធាន និង​អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា ប្រៀបបានទៅ​នឹង​មនុស្ស​តែម្នាក់​ប៉ុណ្ណោះ។

កាលពីដើម​ខែមេសា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Right Watch) លើកឡើង​ថា ​លោក ហ៊ុន សែន បាន​ចាប់​យក​ឱកាស​នៃ​ជំងឺ​កូ​វីដ១៩ ជា​លេស​បង្កើត​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដើម្បី​ក្តោប​ក្តាប់​អំណាច​យ៉ាង​ពេញដៃ គ្រប់គ្រង​ទៅលើ​សិទ្ធិស៊ីវិល នយោបាយ សង្គម និង​សេដ្ឋកិច្ច។ 

អ្នកវិភាគ​នយោបាយ​មួយ​រូប​ទៀត លោក ឯម សុវណ្ណ​រ៉ា យល់ឃើញ​ថា ការបង្កើត​ឱ្យ​មានច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ គឺប្រសើរ​ជាង​អត់មាន ប៉ុន្តែ​ លោក​ថា ​ច្បាប់​នេះ​ហាក់​អំណោយផលដល់​បក្ស​កាន់អំណាចច្រើនជាង​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល។ 

លោក​មានប្រសាសន៍​ថា៖ «ច្បាប់​នេះ​មាន​លក្ខណៈ​អំណោយផល​ដល់​គណបក្ស​នយោបាយ​ដែល​ដឹកនាំ​ប្រទេស​ហ្នឹង​ជាង​គណ​បក្ស​ផ្សេង​ៗនៅ​ក្រៅ​រដ្ឋាភិបាល។ អីចឹង​ប្រសិនបើ​នៅក្នុង​រូបភាព​អ្នកនយោបាយ​មានការ​គុំកួន ការសងសឹក​ដូច​នៅ​ហ្វីលីពីន កាលពី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ហ្នឹង​បាន​សម្លាប់​អ្នកនយោបាយ​មួយចំនួន​ក៏​ច្រើន​ដែរ។ អាហ្នឹង​ក៏​ជា​ក្តី​បារម្ភ​ក្នុង​ការអនុវត្ត​គោលការណ៍​ច្បាប់​ដែរ។ ធ្វើ​ម៉េច​ឱ្យ​មានប្រសិទ្ធភាព ​[អនុវត្ត​ច្បាប់​គ្រាអាសន្ន​] ហើយ អាច​រក្សា​អត្ថ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្រើន​ផង»។ 

សម្រាប់​លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ លើកឡើង​ថា​ ច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ជា​ការ​ពង្រឹង​អំណាច​ដែល​អាច​ឈាន​ទៅ​រក​ភាព​ផ្តាច់​ការត្រូវ​ជាង​និយាយ​ថា ​ច្បាប់​នេះ​ដើម្បី​ពង្រឹង​នីតិរដ្ឋ ឬអំណាចច្បាប់ ត្បិត​តាម​និយមន័យ​របស់​អង្គការ​សហ​ប្រជា​ជា​ជាតិ ធា​តុ​ផ្សុំ​មួយ​នៃ​នីតិរដ្ឋ គឺ​ច្បាប់​ត្រូវការ​ពារ​សិទ្ធិមនុស្ស។ ផ្ទុយទៅវិញ ច្បាប់​នេះ ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ដើម្បី​រឹតត្បិត​សិទ្ធិមនុស្ស។

យ៉ាងណាក៏ដោយ​ចុះ គេ​នៅ​រង់ចាំ​មើល​ថា ​តើ​លទ្ធភាព​នៃ​ការប្រកាស​អនុវត្ត​ច្បាប់​នេះ អាច​ធ្វើ​ទៅ​បាន​ក្នុង​រូបភាព​ណាខ្លះ និង​ក្នុង​សេ​ណា​រី​យ៉ូ​បែប​ណា​នោះ គឺមានតែ​ពេលវេលា​ទេ ទើប​អាច​កំណត់​ជាក់លាក់​បាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ