ពលរដ្ឋ​សម្រុក​ទៅ​ធ្វើ​ប័ណ្ណ​បើក​បរ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ មុន​ចាប់​ផ្ដើម​អនុវត្ត​ការ​ផាក​ពិន័យ​ថ្មី​

ប្រជាពលរដ្ឋបានមកប្រឡងយកប័ណ្ណបើកបរនៅអង្គភាពផ្តល់ប័ណ្ណបើកបរយានយន្ត និងមកប្តូរ ពន្យារប័ណ្ណនៅមណ្ឌលប្តូរ ពន្យារប័ណ្ណបើកបរ នៅផ្សារទំនើបអុីអនទី១ និង អុីអន២ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ (មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ)

ប្រជាពលរដ្ឋ​ជាច្រើន​មក​ពី​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា បាន​សម្រុក​ទៅ​ពន្យារ​ប័ណ្ណបើកបរ ឬប្តូរ​ប័ណ្ណបើកបរ​ថ្មី និង​យក​រថយន្ត​របស់​ពួក​គេ​ទៅ​ត្រួតពិនិត្យ​បច្ចេកទេស​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងខែ​មេសា​នេះ តែ​ពីរបី​ថ្ងៃ​ប៉ុណ្ណោះ​មុននឹង​សមត្ថកិច្ច​ចាប់ផ្ដើម​អនុវត្ត​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​បទល្មើស​ចរាចរណ៍។

ក្រុម​ពលរដ្ឋ​ទាំងនោះ បាន​ប្រាប់​ថា ពួក​គេ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ប៉ុន្តែ ពួក​គេ​បាន​ឈរ​រង់ចាំ​កកកុញ​ដោយ​ពុំ​បាន​រក្សា​គម្លាត​ពីគ្នា​យ៉ាងតិច ២ម៉ែត្រ ​ដូច​ទៅ​នឹង​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល​ដើម្បី​បង្ការ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នោះ​ឡើយ។

នៅជាន់ទី១ ក្នុង​ផ្សារ​ទំនើប​អ៊ី​អន១ ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ អ្នកស្រី ម៉ូត ពៅ និយាយ​ថា អ្នកស្រី​បាន​ទៅ​ស្នើសុំ​ផ្លាស់ប្ដូរ​ប័ណ្ណបើកបរ​ប្រភេទ​ថ្មី​នៅ​ទីនោះ​តាំងពី​ម៉ោង ១០ព្រឹក​ នា​ថ្ងៃទី៣០ ខែមេសា ប៉ុន្តែ អ្នកស្រី​ថា អ្នកស្រី​មិនទាន់​ទទួល​បាន​ប័ណ្ណបើកបរ​ថ្មី​នៅឡើយ​ទេរ​ហូត​ដល់ម៉ោង​ជិត ៥ល្ងាច​ថ្ងៃ​ដដែល​នេះ ដោយសារ​ពលរដ្ឋ​រាប់​រយ​នាក់​បាន​សម្រុក​ទៅ​ស្នើសុំ​ប័ណ្ណបើកបរ​ប្រភេទ​ថ្មី​ដូច​អ្នកស្រី​ដែរ។

ប្រជាពលរដ្ឋបានមកប្រឡងយកប័ណ្ណបើកបរនៅអង្គភាពផ្តល់ប័ណ្ណបើកបរយានយន្ត និងមកប្តូរ ពន្យារប័ណ្ណនៅមណ្ឌលប្តូរ ពន្យារប័ណ្ណបើកបរ នៅផ្សារទំនើបអុីអនទី១ និង អុីអន២ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ (មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ)

ពលរដ្ឋ​រូប​នេះ និយាយ​ថា រដ្ឋាភិបាល​មិន​គួរ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​ចេញ​អនុក្រឹត្យ​ផាកពិន័យ​ថ្មី​អនុវត្ត​លើ​ពលរដ្ឋ​ដែល​បើកបរ​ខុសច្បាប់​នោះ​ទេ ពីព្រោះ​ដំណាក់កាល​នេះ ពលរដ្ឋ​ដែល​មក​ធ្វើ​ប័ណ្ណបើកបរ​អាច​ប្រឈម​នឹង​ការ​ឆ្លង​ជំ​ងឺ​កូ​វីដ១៩។

អ្នកស្រី ម៉ូត ពៅ និយាយ​ថា៖ «ស្អែកនេះ គេ​ពិន័យ​ហើយ​ មែនទែន​ហើយ។ យើង​អត់​ចង់​ឱ្យខុស​ទេ ត្រូវតែ​តស៊ូ ប៉ុន្តែ យើង​សោក​ស្តាយ​ដែល​មានការ​ផាកពិន័យ ហើយ​អនុវត្ត​ចាប់ពី​ស្អែក​ទៅ​ក្នុង​កំឡុង​កូ​វីដ គ្រប់​ប្រទេស​លើ​ពិភពលោក​…គេ​ចាប់អារម្មណ៍​ គេ​លើកលែង​គ្រប់យ៉ាង រី​ឯយើង ​[រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​អនុវត្ត​] កើតឡើង​ក្នុង​កំឡុង​ពេលនេះ [កូ​វីដ១៩​]។ យើង​សោក​ស្តាយ​មែនទែន»។

ឈរ​រង់ចាំ​ស្នើសុំ​ក្នុងចំណោម​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត​ដែរ លោក រី វណ្ណា​រ៉ា ជា​ពលរដ្ឋ​មក​ពី​ស្រុក​ពារាំង ខេត្តព្រៃវែង និយាយ​ថា គាត់​មក​ស្នើសុំ​ពន្យារ​ប័ណ្ណបើកបរ​ថ្មី​នៅ​ផ្សារ​ទំនើប​អ៊ី​អន១ ដោយសារ​បារម្ភ​ខ្លាច​រង​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ នៅពេល​បើកបរ​ធ្វេសប្រហែស​ល្មើស​នឹង​ច្បាប់​ចរាចរណ៍។

លោក រី វណ្ណា​រ៉ា និយាយ​ថា៖ «ពីមុន​មក យើង​មិនបាន​ធ្វើ យើង​ចេះតែ​រវល់​នឹង​ការងារ យើង​ចេះតែ​ខ្ជិល​ធ្វើ ដល់ពេល​គេ​រឹត​បន្តឹង​ច្បាប់ យើង​ចេះ​ប្រឹង​មក​ធ្វើឱ្យលឿន​ដែរ ដើម្បីកុំឱ្យគេ​មាន​ការផាកពិន័យ»។

អ្នកស្រី ទូច ស្រីមុំ ប្រាប់​ថា ជា​អាជីវករ​ដឹក​បន្លែ​ពី​ស្រុក​ស្អាង ខេត្ត​កណ្ដាល មក​លក់​នៅ​រាជធានី​ភ្នំពេញ​ ជា​រៀងរាល់ថ្ងៃ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ អ្នកស្រី ស្រីមុំ បាន​ឆ្លៀត​ទៅ​ស្នើសុំ​ប្តូរ​ប័ណ្ណបើកបរ​ថ្មី​ពេញមួយថ្ងៃ​ ប៉ុន្តែ ប្រាប់​ថា មិនទាន់​ទទួល​បាន​នៅឡើយ​ទេ ដោយ​ត្រូវរង់ចាំ ដោ​សារ​តែ​លេខ​រង់ចាំ​របស់​អ្នកស្រី​ស្ថិតនៅ​លេខរៀង​ជិត ២០០។ 

អ្នកស្រី ទូច ស្រីមុំ និយាយ​ថា៖ «ពីមុន​ចេះតែ​ខ្លាច​ដែរ មុ​ខក្រោយ​ៗថា ប៉ូលី​សខ្លះ​គ្រប់​អស់ ក៏​គាត់​នៅតែ​កូ​រទារ​រកលុយ តែបើ​គេ ​[រដ្ឋាភិបាល​] ពង្រឹង​អនុវត្ត​ច្បាប់ យើង​មាន​សព្វគ្រប់​ហើយ ចាំ​មើល​ប៉ូលី​សចរាចរណ៍​ខ្លះ​ដែល​គាត់​ខូច ដែល​គាត់​ចាប់​កូរ​រកលុយ ចាំ​មើល​គាត់​សួររក​អ្វី​ទៀត ធ្វើតាម​ទាំងអស់»។

ប្រធានមន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំង ពិសិដ្ឋ សុំ​មិន​ធ្វើការ​បកស្រាយ​ជុំវិញ​ករណីនេះ ដោយ​បង្វែរ​សំណួរ​ឱ្យទៅ​សួរ​ខាង​ផ្នែក​ដឹកជញ្ជូន​វិញ។

ប្រធាន​នាយក​រដ្ឋ​ព័ត៌មាន​វិទ្យា និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន លោក ហ៊ា​ង សុទ្ធា​យុត្តិ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ​ថា ចំនួន​ពលរដ្ឋ​ដែល​បាន​ទៅ​ស្នើសុំ​ប័ណ្ណបើកបរ​ថ្មី ពន្យារ​ប័ណ្ណបើកបរ ឬក៏​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត បាន​កើនឡើង​ទ្វេដង​នៅក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ចុងក្រោយ​មកនេះ ដែល​ទាមទារ​ឱ្យ​មន្ត្រី​របស់ក្រ​សួង​បង្កើន​ម៉ោង​ធ្វើការងារ​ ដើម្បី​ផ្ដល់​សេវា​រហូតដល់​ម៉ោង ១១យប់ និង​នៅ​ថ្ងៃឈប់​សម្រាក​ផង​ដែរ។

លោក ហ៊ា​ង សុទ្ធា​យុត្តិ បានឱ្យ​ដឹង​ថា ក្រសួង​បាន​ចេញ​ប័ណ្ណបើកបរ​សរុប​ដល់ទៅ ៣,៤០៣សន្លឹក និង​បាន​ផ្ដល់​ការ​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត​ចំនួន ៨,៥៤៨គ្រឿង ​នៅក្នុង​រយៈពេល ២ថ្ងៃ​ចុងក្រោយ​នៃ​ខែមេសា​កន្លងមក​នេះ។ បើ​តាម​មន្ត្រី​រូប​នេះ ការ​ស្នើសុំ​ប័ណ្ណបើកបរ និង​ការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត បាន​កើនឡើង​យ៉ាង​គំហុក​ដល់ទៅ​ជាង ២០០ភាគរយ បើ​ធៀប​នឹង​តួលេខ​នៅ​ថ្ងៃ​ធម្មតា ​ដែល​មាន​ចំនួន​ត្រឹមតែ​ជាង ២ពាន់​គ្រឿង​ប៉ុណ្ណោះ។

លោក ហ៊ា​ង សុទ្ធា​យុត្តិ មានប្រសាសន៍​ថា៖ «នេះ​ដោយសារតែ​មានការ​រឹត​បន្តឹង​នូវ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​ទន្ទឹម​ហ្នឹង​ដែរ យើង​បាន​កែសម្រួល​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ស្ដីពី​ការ​ផាកពិន័យ​អន្តរកាល​ហ្នឹង ដែល​ការ​កែសម្រួល​ហ្នឹង ឱ្យ​វា​ត្រូវ​នឹង​បរិបថ និង​តម្រូវការ​ជាក់ស្ដែង​ក្នុង​សង្គម»។

លោក ហ៊ា​ង សុទ្ធា​យុត្តិ បាន​ទទួលស្គាល់​ថា ពិតជា​មាន​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ស្នើសុំ​ប័ណ្ណបើកបរ​យ៉ាង​គំហុក​បែបនេះ​មែន ជាពិសេស​នៅកន្លែង​ផ្ដល់​សេវា​ ស្ថិតនៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន ចំ​ពេល​ដែល​រដ្ឋាភិបាល​ណែនាំ​ឱ្យ​រក្សា​គម្លាត​សង្គម​ ជុំវិញ​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា។

លោក សុទ្ធា​យុត្តិ បានឱ្យ​ដឹង​ថា ឆ្លើយតប​នឹង​ក្ដី​បារម្ភ​នេះ ក្រសួង​បាន​ដាក់ចេញ​នូវ​សេចក្ដីណែនាំ​ពី​វិធី​បង្ការ​មួយចំនួន​ទៅដល់​មន្ត្រី​ប្រតិបត្តិ​របស់ក្រ​សួង និង​ទៅដល់​ប្រជាពលរដ្ឋ​ដែល​ទៅ​ស្វែងរក​សេវា​ផង​ដែរ ប៉ុន្តែ លោក​ក៏​ទទួលស្គាល់​ផង​ដែរ​ថា ពលរដ្ឋ​មួយចំនួន មិនបាន​អនុវត្ត​ទៅតាម​ការណែនាំ​ទាំងស្រុង​នោះ​ឡើយ។

លោក ហ៊ា​ង សុទ្ធា​យុត្តិ មានប្រសាសន៍​បន្ថែម​ថា៖ «យើង​សហការ​ជាមួយ​ផ្សារ​អ៊ី​អន​ម៉ល។ ប្រសិនជា​ទៅ​មើល​នៅ​ផ្សារ​អ៊ី​អន​ម៉ល គេ​មាន​គំនូស​សុវត្ថិភាព យើង​ដាក់ជា right queue [ចំណុច​តម្រង់​ជួរ​រង់ចាំ​] ត្រឹមត្រូវ​អ៊ីចឹង​ណា៎ ដើម្បី​ឱ្យ​គាត់​ចូលរួម​គោរព ហើយ​មាន​បុគ្គលិក​សន្តិសុខ ហើយ​មាន​បុគ្គលិក​ខាង​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ណែនាំ​ទៅ​គាត់។ ប៉ុន្តែ យើង​ដឹង​ហើយ កាលណា​មាន​តម្រូវការ​ច្រើន ការណែនាំ​មិនមែន​ជា​ការ​ចាប់បង្ខំ​ទេ។ យើង​ព្យាយាម​ណែនាំ​គាត់​ទៅ អ្នកខ្លះ​ក៏​ស្ដាប់​ទៅ អ្នកខ្លះ​ក៏​គាត់​មិនសូវ​បាន​ស្ដាប់ មិនសូវ​យកចិត្ត​ទុកដាក់​ដោយសារ​គាត់​មានការ​ភ័យ​បារម្ភ​ខ្លាំង»។

នាយក​ស្តីទី​នៃ​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ លោក គង់ រតនៈ និយាយ​ថា ដំណាក់កាល​នេះ ពលរដ្ឋ​មិន​ត្រូវ​បន្ទោស​រដ្ឋាភិបាល​នោះ​ទេ ដោយសារ​បញ្ហា​នៃ​ការ​មិន​គោរពច្បាប់​បណ្តាល​ឱ្យមនុស្ស​ស្លាប់ និង​រង​របួស​នៅតែ​បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ដដែល។

ដោយឡែក រឿង​ដែល​ពលរដ្ឋ​និយាយ​ថា ព្រួយបារម្ភ​ពី​ជំងឺ​កូ​វីដ១៩ នៅពេល​នាំគ្នា​ប្រជ្រៀត​ទៅ​សុំ​ពន្យារ ឬប្តូរ​ប័ណ្ណបើកបរ​ថ្មី​នោះ គួរតែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បីកុំឱ្យប៉ះពាល់​ដល់​សុខភាព។

លោក គង់ រតនៈ និយាយ​ថា៖ «បច្ចុប្បន្ន​ ជំងឺ​កូ​វីដ គាត់​គួរតែ​មានការ​ប្រុងប្រយ័ត្ន​ទ្វេដង ពីព្រោះ​អ្នក​ដែល​ទៅ​ធ្វើ​ប័ណ្ណបើកបរ​ជាមួយគ្នា​ច្រើន ហើយ​គាត់​ទៅ​ពន្យារ យើង​អត់​ដឹង​ថា សមាសភាព​មក​ពី​ខាងណា​ទេ សម្រាប់​យើង វា​ជា​ការ​ប្រថុយប្រថាន ប៉ុន្តែ អ្វី​ដែល​ចាំបាច់​ចំពោះមុខ គឺ​បញ្ហា​សុខភាព បើសិនជា​គាត់​មាន​បញ្ហា​សុខភាព បើ​ទោះជា​ប័ណ្ណ​បើក​បរ​ពន្យារ​មក បើសិនជា​គាត់​ឆ្លង​មេរោគ​កូ​វីដ ក៏​វា​អត់​គួរ​ក្នុង​ការ​វិនិយោគ​ [ទៅ​ធ្វើ​ប័ណ្ណបើកបរ​] ដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ