សំណើ​​ច្បាប់​​ដាក់​​ប្រទេស​​ក្នុង​​គ្រា​អាសន្ន​​ចូល​ជា​ធរមាន ​ទោះ​បី​​រង​​ការ​រិះ​គន់​​ពី​​មន្ត្រី​​សិទ្ធិ​មនុស្ស UN​

ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ និងពលរដ្ឋដែលធ្វើការនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្របពេលដែលកងកម្លាំងប្រដាប់អាវុធនៅយាមការពារនៅតំបន់នោះ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋាភិបាល​បាន​ប្រកាស​សុពលភាព​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ទោះ​មានការ​រិះគន់​ថា ច្បាប់​នេះ បង្ក​គ្រោះថ្នាក់​ដល់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក៏ដោយ។

ច្បាប់​នេះ ត្រូវ​បាន​ប្រមុខរដ្ឋ​ស្តីទី លោក សាយ ឈុំ ចុះហត្ថលេខា​កាលពី​ថ្ងៃទី២៩ ខែមេសា​ម្សិលមិញ​នេះ ប្រកាសឱ្យប្រើ​ក្នុង​ស្ថានភាព​ប្រញាប់។

ច្បាប់​ដែល​រង​ការរិះគន់​នេះ ស្ថាប័ន​កំពូល​របស់​ជាតិ​មាន​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ផង ប្រើ​ពេល​តែ ១៩ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​រដ្ឋសភា​យល់ព្រម​ទាំងស្រុង​កាលពី​ថ្ងៃទី១០ ខែមេសា។

ច្បាប់​នេះ​មាន ៥ជំពូក និង ១២មាត្រា។ មាត្រា ៥ នៃ​ច្បាប់​នេះ រដ្ឋាភិបាល​អាច​កម្រិត​សិទ្ធិ ការ​ធ្វើដំណើរ ការ​ជួបជុំ សកម្មភាព​ការងារ មុខរបរ ដកហូត​ការគ្រប់គ្រង ការចាត់ចែង​ទ្រព្យសម្បត្តិ និង​គ្រប់គ្រង​មធ្យោបាយ​ព័ត៌មាន​ជាដើម។

ទោ​សប្ប​ញ្ញ​ត្តិ​វិញ អ្នកប្រឆាំង​នឹង​វិធានការ​នេះ អាច​ជាប់ពន្ធ​នា​គារ​ពី ១ឆ្នាំ ដល់ ១០ឆ្នាំ​ តាម​ស្ថាន​ទម្ងន់ទោស ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី ១លាន ដល់ ១០០លាន​រៀល ករណី​រក​ឃើញថា បាន​បង្ក​ឱ្យ​មាន​ចលាចល​សង្គម ​និង​សន្តិសុខជាតិ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន កាលពី​ថ្ងៃទី២០ ខែមេសា បាន​អះអាង​ថា ច្បាប់​នេះ​បង្រួម​អំណាច​រដ្ឋ តែ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា។

ប៉ុន្តែ អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា ស្មី​ត ចាត់ទុក​ច្បាប់​នេះ​ថា ជា​ឧបសគ្គ​បង្ក​គ្រោះ​ថា្នក់​ដល់​សិទ្ធិមនុស្ស។

ក្នុង​សេចក្ដីថ្លែង​ការណ៍​កាលពី​ថ្ងៃទី១៧ ខែមេសា លោកស្រី​លើកឡើង​ថា៖ «ច្បាប់​គ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​នេះ រំលោភ​សិទ្ធ​ឯកជន រឹតត្បិត​ការ​បញ្ចេញមតិ​ដោយសេរី និង​ធ្វើ​ឱ្យ​ការ​ជួប​ប្រជុំ​ដោយសន្តិវិធី​ក្លាយជា​បទល្មើស​ព្រហ្មទណ្ឌ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ