ពលរដ្ឋ​៩​រូប​​ត្រូវ​​សន្តិ​សុខ​​ខណ្ឌ​ដូន​ពេញ​​ឃាត់​ខ្លួន​១០​ម៉ោង ​ជុំវិញ​​ការ​​ស្នើ​សុំ​​អន្តរា​គមន៍​​ពី​រ​ដ្ឋ​​

ប្រជាសហគមន៍​មាន​ជម្លោះដីធ្លី​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ មកដាក់ញត្តិនៅក្រសួងសុខាភិបាល ដើម្បីសុំអន្តរាគមន៍ដោះស្រាយបញ្ហាផ្សេងៗក្នុងរដូវកាលកូវីដ១៩ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

តំណាង​ពលរដ្ឋ ៩នាក់ មក​ពី​សហគមន៍​មាន​ជម្លោះដីធ្លី​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​សួរចម្លើយ​ជាង ១០ម៉ោង​កាលពី​ថ្ងៃម្សិលមិញ ខណៈ​ដែល​តំណាង​ពលរដ្ឋ​ទាំងនោះ​ឡើង​មក​ដាក់​ញត្តិ​នៅ​តាម​ស្ថាប័នរដ្ឋ​មួយ ដើម្បី​ស្នើ​ទៅ​រដ្ឋ​ាភិបាល​ឱ្យ​ចេញ​វិធានការ​ជាក់លាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​អំឡុង​ពេល​មាន​ជំងឺ​កូ​វីដ១៩។

អ្នកស្រី ផាវ ញើង ដែល​អះអាង​ថា ជា​តំណាង​ពលរដ្ឋ​មក​ពី​ខេត្តកោះកុង ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា តំណាង​ពលរដ្ឋ ៩រូប ​មក​ពី​ខេត្តកោះកុង ខេត្តស្វាយរៀង ខេត្ត​ត្បូងឃ្មុំ ខេត្តកណ្តាល កំពង់ស្ពឺ និង​ខេត្ត​ផ្សេងទៀត បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​សុខា​ភិបាល ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ផ្សេង​ៗទៀត​កាលពី​ម្សិលមិញ​នេះ។

តំណាង​ពលរដ្ឋ​រូប​នេះ អះអាង​ថា ពួក​គាត់​ត្រូវ​បាន​ក្រុម​សន្តិសុខ និង​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​នៅ​ម៉ោង​ប្រហែល ១រសៀល ​អំឡុង​ពេល​ប្រមូលផ្ដុំ​ដា​ក់ញ​ត្តិ​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ហើយ​បាន​នាំ​យក​ទៅ​សួរចម្លើយ​នៅ​សាលា​ខណ្ឌ​រហូតដល់​ម៉ោង ១០យប់។ អ្នកស្រី​បន្ថែម​ថា អាជ្ញាធរ​ខណ្ឌដូនពេញ បាន​បង្ខំ​ពួក​គាត់​ឱ្យ​ផ្ដិតមេដៃ​លើ​កិច្ចសន្យា មុននឹង​​ត្រូវ​បាន​ដោះលែង​មកវិញ។

អ្នកស្រី ផាវ ញើង ប្រាប់​ថា៖ «ខ្ញុំ​សោក​ស្តាយ​ដែល​យើង​មាន​អាជ្ញាធរ​មិន​គោរពច្បាប់​សិទ្ធិមនុស្ស និង​កតិកាសញ្ញា​ស្តី​ពី​សិទ្ធិមនុស្ស ច្បាប់​រដ្ឋធម្មនុញ្ញ។ អ៊ីចឹង ថ្ងៃក្រោយ ​ប្រសិនបើ​ពួក​គាត់​ឃើញ​ពួក​ខ្ញុំ​ធ្វើ​អី​ក៏ដោយ សូម​ឱ្យ​ពួក​គាត់​គោរព​សិទ្ធិមនុស្ស​ផង ព្រោះ​គាត់​ក៏​ជា​មនុស្ស ខ្ញុំ​ក៏​មនុស្ស​ដែរ មិនមែន​ឆ្កែ​ទេ»។

តំណាង​ពលរដ្ឋ​នៅ​សហគមន៍​មួយ​ក្នុង​រាជធានី​ភ្នំពេញ អ្នកស្រី នី សណ្តោស ប្រាប់​ថា អ្នកស្រី​ក៏​ត្រូវ​បានអាជ្ញាធរ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ដែរ​ ហើយ​អ្នកស្រី​ថា អាជ្ញាធរ​បាន​សួរចម្លើយ​ពួក​គាត់​អំពី​មូលហេតុ​នៃ​ការ​ដើរ​ញត្តិ និង​សួររក​អ្នក​នៅ​ពីក្រោយ រួម​ទាំង​ស្ថាប័ន​ដែល​ពួក​គាត់​ជំ​ពាក់​បំណុល​ផង​ដែរ។

អ្នកស្រី នី សណ្តោស បន្ត​ថា ក្រោយ​សួរ​ចម្លើយ​ជាង ១០ម៉ោង អភិបាលខណ្ឌ​ដូច​ពេញ លោក សុខ ពេញ​វុធ បានឱ្យ​តំណាង​ប្រជាពលរដ្ឋ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ធ្វើសកម្មភាព​ក្នុង​រដូវ​កាល​ជំងឺ​កូ​វីដ១៩នេះ និង​តម្រូវ​ឱ្យ​តំណាង​ពលរដ្ឋ​ចូល​ទៅ​បំភ្លឺ​នៅពេល​អាជ្ញាធរ​កោះហៅ​ផង​ដែរ។

អ្នកស្រី សណ្ដោ​ស បន្ថែម​ថា៖ «កាលពី​ម្សិលមិញ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​រង​សម្ពាធ​ច្រើន។ ត្បិត​គាត់​អត់​បាន​វាយ​ដំ ឬធ្វើបាប​ខ្ញុំ​ក៏ដោយ ប៉ុន្តែ ខ្ញុំ​ហាក់​កំពុង​រង​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​ខ្ញុំ​គិតថា ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​មិនទាន់​ចេញ​ផង ពួក​ខ្ញុំ​ត្រូវ​បាន​រឹតត្បិត​យ៉ាងនេះ​ហើយ ចុះ​ទម្រាំដល់​ពេល​មានច្បាប់​ហ្នឹង​ទៀត តើ​ពួក​ខ្ញុំ​ទៅជា​យ៉ាងណា​ទៅវិញ»។

តំណាង​ពលរដ្ឋ​ម្នាក់ទៀត​មក​ពី​ខេត្ត​កំពង់ស្ពឺ លោក ស៊ឹង សុខុម មិន​ត្រូវ​បានអាជ្ញាធរ​ខណ្ឌ​ដូន​ឃាត់ខ្លួន​នោះ​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ លោក​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ជោរ ក្នុង​ស្រុក​ឱរាល់ ហៅ​លោក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នៅ​ម៉ោង ២រសៀល​ថ្ងៃនេះ។

លោក ស៊ឹង សុខុម ឱ្យ​ដឹង​ថា សំ​ណើ​ដែល​ដាក់​តាម​ស្ថាប័ន​មួយចំនួន​នោះ​គឺ ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនា​គារ​ពន្យា​រពេ​លប​ង់​ដើម និង​ការប្រាក់ ហើយ​ចុះ​ចែក​អាល់កុល ម៉ាស់ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អំពី​វិធីការ​ពារ​ជំងឺ​កូ​វីដ១៩ ខណៈ​ដែល​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំងនោះ កំពុង​ជួប​បញ្ហា​ខ្វះខាត​ដោយសារ​បញ្ហា​ជំងឺ​មួយ​នេះ។

លោក សុខុម បន្ថែម​ថា៖ «ខ្ញុំ​អត់មាន​ខុស​អី​ផង។ ខ្ញុំ​គ្រាន់តែ​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទៅលើ​ផ្នែក​មីក្រូហិរញ្ញវត្ថុ ដោយ​សុំ​ពន្យារ​ពេល​នៃ​ការ​បង់​បំណុល​របស់​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណឹង និង​សុំ​ឱ្យ​ក្រសួងសុខាភិបាល​ជួយ​ផ្តល់​ម៉ាស់ អាល់កុល ជែល ដល់​សហគមន៍​ក្រីក្រ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​ហ្នឹង។ តែ​ប៉ុន្មាន​ចំណុច​ហ្នឹង ខ្ញុំ​គ្មាន​ធ្វើ​អី​ខុស​ផង»។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពីអ​ភិបាល​ខណ្ឌ​ដូច​ពេញ លោក សុខ ពេញ​វុធ បានទេ​ពាក់ព័ន្ធ​ករណីនេះ ​ដោយ​ទូរសព្ទ​ចូល ប៉ុន្តែ អ្នកទទួល​ទូរសព្ទ​ប្រាប់​ថា លោក​កំពុង​ជាប់រវល់​ប្រជុំ​មិន​អាច​ឆ្លើយ​បាន។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស លោក ស៊ឹង សែន​ករុណា មានប្រសាសន៍​ថា ពេល​ដែល​ប្រជាពលរដ្ឋ​មាន​បញ្ហា​ផ្សេង​ៗ ហើយ​ពួក​គេដាក់​ញត្តិ​ជូន​រដ្ឋាភិបាលដើម្បី​សុំអន្តរាគមន៍ជួយ​ដោះស្រាយ​នោះ វា​ជា​មធ្យោបាយ​ដោយសន្តិវិធី​ល្អ​មួយ និង​តាមផ្លូវ​ច្បាប់ ដោយ​លោក​ថា វា​មិនបាន​ធ្វើ​ឱ្យ​ប៉ះពាល់ ឬធ្វើ​ឱ្យ​ចលាចល​អ្វី​ដល់​សង្គម​នោះ​ទេ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​រូប​នេះ បាន​ចាត់ទុក​ករណី​អាជ្ញាធរ​ឃាត់ខ្លួន និង​កោះហៅ​ពលរដ្ឋ​ទៅ​សួរចម្លើយ​នេះ ​ជា​ការ​គំរាមកំហែង​ទៅលើ​ស្មារតី និង​រំលោភសិទ្ធិ​របស់​ប្រជាពលរដ្ឋ។

លោក ស៊ឹង សែន​ករុណា បន្ថែម​ថា៖ «បើ​យើង​ពិនិត្យមើល​សេរីភាព​មូលដ្ឋាន ​ការ​បញ្ចេញមតិ ការ​ជួបជុំ​ដាក់​ញត្តិ​របស់​ពួក​គាត់​ហ្នឹង គឺ​ពួក​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ ដើម្បី​ទាមទារ​ឱ្យ​ស្ថាប័ន​របស់​រដ្ឋ​ឱ្យ​ដោះស្រាយ។ អ៊ីចឹង បើ​យើង​ប្រើ​មធ្យោបាយ​ចាប់​ឃាត់ខ្លួន និង​បន្ត​ហៅ​ទៅ​សាកសួរ​នេះ វា​ជា​កា​គំរាមកំហែង​ទៅលើ​ស្មារតី​អ្នក​ដែល​ធ្វើការ​ទាមទារ​ទាំងអស់​ហ្នឹងហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ