ថៃ​ដោះ​លែង​ពលករ​ខ្មែរ​១៤​នាក់​ក្នុង​ចំណោម​១៧​នាក់​ដែល​ល្មើស​បម្រាម​​រដ្ឋា​ភិបាល​​ថៃ​

សមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរប្រុសស្រីចំនួន ១៧នាក់ ខណៈពេលដែលពួកគេប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹងនៅមុនបន្ទប់ជួល ដោយបំពានបម្រាមរបស់រដ្ឋាភិបាលថៃដែលហាមមិនឱ្យមានការជួបជុំ​សេពគ្រឿងស្រវឹងអំឡុងពេល​ចូលឆ្នាំ ថ្ងៃទី​១៤​ ខែ​មេសា​ ឆ្នាំ​២០២០ ​ស្ថិត​ក្នុង​ភូមិ​១២​ ឃុំ​ខ្លងលួង​ ស្រុក​ខ្លងលួង​ ខេត្ត​ផាធុមថានី​ ប្រទេស​ថៃ​។ (ហ្វេសប៊ុក ប្រាក់ ភក្ត្រា Prak Pheaktra)

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ពលករខ្មែរចំនួន ១៤នាក់ ក្នុងចំណោម ១៧នាក់ ដែលត្រូវបានអាជ្ញាធរថៃដោះលែងវិញ ក្រោយពេលពួកគេយល់ព្រមបង់ប្រាក់​ពិន័យចំនួន ៤ម៉ឺនបាត ឬស្មើជាង ១២០០ដុល្លារ សម្រាប់មនុស្សម្នាក់ ចំពោះការល្មើសបម្រាមរបស់ប្រទេសនេះកន្លងមក។

​ពួកគេទាំង ១៧នាក់ ត្រូវបានសមត្ថកិច្ចខេត្តផាធុមថានី ប្រទេសថៃ ចាប់ខ្លួនពាក់ព័ន្ធនឹងបញ្ហាល្មើសបម្រាមប្រទេសនេះ ដែលមិនអនុញ្ញាតឱ្យសេពគ្រឿងស្រវឹង​អំឡុងបុណ្យចូលឆ្មាំថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា ពលករខ្មែរចំនួន ១៤នាក់ ត្រូវបានអាជ្ញាធរថៃដោះលែងកាលពីសប្តាហ៍មុន និងបានអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅកន្លែងស្នាក់នៅក្នុងប្រទេសនេះវិញ ក្រោយពេលពួកគេយល់ព្រមបង់ប្រាក់ពិន័យម្នាក់ ៤ម៉ឺនបាត តាមការទាមទាររបស់ថៃ។

លោកបន្តថា វិធានការល្មើសបម្រាមនេះធ្វើឡើងសម្រាប់ពលរដ្ឋទូទៅ រួមទាំងជនជាតិថៃផងដែរ។ ដោយឡែក ពលករខ្មែរ ៣នាក់ទៀត ដែលមិនទាន់បង់ប្រាក់ពិន័យ លោកថា អាជ្ញាធរថៃនឹងបញ្ជូនសំណុំរឿងរបស់ពួកគេទៅតុលាការបន្តទៀត។

លោក កុយ គួង មានប្រសាសន៍ថា ខាងមន្ត្រីស្ថានទូតខ្មែរនៅប្រទេសថៃ ក៏បានតាមដានករណីនេះជាប្រចាំផងដែរ។

លោកបន្ថែមថា៖ «៣នាក់ទៀត មិនព្រមបង់ [ប្រាក់ពិន័យ ៤ម៉ឺនបាត] ទេ គេ [អាជ្ញាធរថៃ] នឹងយកឡើងទៅតុលាការថា គួរតែឱ្យគាត់បង់របៀបណាៗ។ អីចឹងនៅសល់តែ ៣នាក់ហ្នឹងទេ។ [ប្រាក់ ៤ម៉ឺនបាតនោះ] ជាលទ្ធភាពរបស់ពួកគាត់ ព្រោះពួកគាត់ធូរធាដែរ»។ 

មន្ត្រីគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central)  លោក ឃុន ថារ៉ូ យល់ឃើញថា ​ពលករ ៣នាក់ទៀត ដែលថៃមិនទាន់ដោះលែង រដ្ឋាភិបាលកម្ពុជា​អាចសម្របសម្រួលជាមួយរដ្ឋាភិបាលថៃតែម្តង ត្បិតកន្លងមកក៏ធ្លាប់មានយន្តការរដ្ឋ និងរដ្ឋដោះស្រាយបញ្ហាទាំងនេះដែរ។

លោកបន្តថា៖ «ចំពោះពួកគាត់ហ្នឹង ខ្ញុំគិតថា មានតែវិធានការរដ្ឋហ្នឹងទេ ដែលអាច​ក្នុងការជួយអន្តរាគមន៍​ ក្នុងកាលៈទេសៈ ដែលមានបញ្ហាប្រឈមសេដ្ឋកិច្ច​ដោយមិនមានប្រាក់ក្នុងការបង់ទៅ អាជ្ញាធររបស់ប្រទេសថៃហ្នឹង​ អាហ្នឹងក្នុងនាមរដ្ឋ យើងត្រូវគិតហ្មង។ ការផ្តល់ការគាំពារក្នុងកម្រិតថវិកាប៉ុណ្ណឹង មិនមែនជារឿងធំដុំសម្រាប់រាជរដ្ឋាភិបាលនោះទេ» 

កាលពី​ថ្ងៃទី១២ ខែមេសា រដ្ឋាភិបាល​ថៃ​បាន​ដាក់​បម្រាម​លើ​ការ​លក់​គ្រឿងស្រវឹង ឬសេព​គ្រឿងស្រវឹង ព្រមទាំង​បញ្ជា​ឱ្យ​បិទ​ហាង ឬដេ​ប៉ូល​ក់​ស្រា និង​ស្រា​បៀរ​នៅ​ទូទាំង​ប្រទេស​ថៃ ក្នុង​អំឡុង​រដូវ​បុណ្យចូលឆ្នាំ​ថ្មី ដើម្បី​បញ្ចៀស​ការ​ជួបជុំ និង​ប្រមូល​ផ្តុំគ្នា​ផឹក​គ្រឿងស្រវឹង​ ដែល​នាំ​ឱ្យ​មានការ​រីក​រាលដាល​នៃ​កូ​វីដ១៩។

យ៉ាងនេះ​ក្តី ​ពីរ​ថ្ងៃក្រោយ​ដាក់​បម្រាម​នេះ សមត្ថកិច្ច​ថៃ​ខេត្ត​ផា​ធុម​ថា​នី បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ​ប្រុសស្រី​ចំនួន ១៧នាក់ កាលពី​ល្ងាច​ថ្ងៃទី១៤ ខែមេសា ដោយរកឃើញថា​ ពួក​គេ​ប្រមូល​ផ្តុំគ្នា​ផឹក​គ្រឿងស្រវឹង​នៅមុខ​បន្ទប់​ជួល​របស់​ខ្លួន ល្មើសនឹងបម្រាមរដ្ឋាភិបាលដែលដាក់ចេញកាលពីថ្ងៃទី១២ ខែមេសានោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ