ក្រសួង​ព័ត៌មាន​សម្រេច​លុប​ចោល​អាជ្ញា​បណ្ណ​សារព័ត៌មាន​អនឡាញ​មួយ​ទៀត​ក្នុង​ខែ​នេះ​

និមិត្តសញ្ញារបស់សារព័ត៌មានចក្រវាល ធី​វី អន​ឡាញ (CKV TV Online)។ (CKV)

សារព័ត៌មាន​អន​ឡាញ​មួយ ត្រូវ​បាន​ក្រសួង​សម្រេច​លុបចោល​អាជ្ញា​បណ្ណ​នៅ​ថ្ងៃនេះ ដោយ​ថា សារព័ត៌មាន​មួយ​នេះ បាន​រំលោភ​យ៉ាង​«ធ្ងន់ធ្ងរ»លើ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​បំពាន​លើ​កិច្ចសន្យា។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ ក្រសួងព័ត៌មាន​បានសម្រេច​លុបចោល​អាជ្ញា​បណ្ណ​របស់​គេហទំព័រ​សារព័ត៌មាន​ចក្រវាល ធី​វី អន​ឡាញ (CKV TV Online​) ដែល​មាន​លោក ចាន់ ឫទ្ធី ជា​ចាងហ្វាង​នៃ​គេហទំព័រ​សារព័ត៌មាន​អន​ឡាញ​មួយ​នេះ។

ក្រសួង​បាន​អះអាង​ថា ម្ចាស់​គេហទំព័រ​សារព័ត៌មាន​មួយ​នេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស​វិជ្ជាជីវៈ​សារព័ត៌មាន​យ៉ាង​«ធ្ងន់ធ្ងរ» ដែល​ធ្វើ​ឱ្យប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បំពាន​លើ​កិច្ចសន្យា។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួងព័ត៌មាន លោក យ៉ែម ណយ បានឱ្យ​ដឹង​ថា ក្រសួង​បាន​ចេញ​សេចក្ដីណែនាំ​ចំនួន ២លើក​រួចមក​ហើយ ព្រមទាំង​មាន​កិច្ចសន្យា​ជា​លាយលក្ខណ៍​ថែមទៀត ដើម្បី​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​វិជ្ជាជីវៈ ប៉ុន្តែ លោក​ថា សារព័ត៌មាន​អន​ឡាញ​មួយ​នេះ នៅតែ​បន្ត​ផ្សាយ​គ្មាន​វិជ្ជាជីវៈ​ដដែល។

មន្ត្រី​ក្រសួងព័ត៌មាន​រូប​នេះ បន្ថែម​ថា ក្រសួង​បានសម្រេច​បែបនេះ ក្រោយពី​មាន​មតិ​រិះគន់​ពី​បណ្ដា​ក្រុម​អ្នកសារព័ត៌មាន​ផ្សេងទៀត ដែល​លោក​ថា មានការ​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ។

លោក យ៉ែម ណយ មានប្រសាសន៍​ថា៖ «បើ​ក្រសួងព័ត៌មាន​នៅតែ​ឱ្យ​គាត់​ធ្វើ​អ៊ីចឹង​ [អនុញ្ញាត​ឱ្យ​សារព័ត៌មាន​បន្ត​ផ្សព្វផ្សាយ​] វា​ខូច​តម្លៃ​អ្នកកាសែត​គេ​ត្រឹមត្រូវ»។

ចាងហ្វាង​គេហទំព័រ​សារព័ត៌មាន​ចក្រវាឡ លោក ចាន់ ឫទ្ធី បាន​ទទួលស្គាល់​ថា លោក​ពិតជា​ទទួល​បានការ​ណែនាំ​ពី​ក្រសួងព័ត៌មាន​ចំនួន ២លើក​រួចមក​ហើយ។ ក្នុង​កិច្ចសន្យា​ចុះ​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លោក ចាន់ ឫទ្ធី ត្រូវ​បាន​មន្ត្រី​ក្រសួងព័ត៌មាន លោក យ៉ែម ណយ ណែនាំ​លើកទីមួយ​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ និង​មួយ​លើក​ទៀត​នៅ ១៨ថ្ងៃក្រោយ​មក។

លោក ចាន់ ឫទ្ធី ប្រាប់​ថា លោក​ស្នើ​ទៅ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ ឱ្យ​ផ្ដល់​ឱកាស​ដល់​លោក​ជាថ្មី ដើម្បី​លោក​បាន​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សង្គម។ លោក​អះអាង​ថា ការ​ផ្សព្វផ្សាយ​របស់​លោក​នា​ពេល​កន្លងមក គឺ​ដើម្បី​ជួយ​កែ​លម្អ​សង្គម និង​ជា​ការ​ផ្ដល់​ដំណឹង​ដល់​ថ្នាក់ដឹកនាំ។

លោក ចាន់ ឫទ្ធី ប្រាប់​ថា៖ «ប៉ុន្តែ ខ្ញុំ​គ្រាន់តែ​សំណូមពរ​ដល់​ឯកឧត្ដម​រដ្ឋមន្ត្រី​ សូមមេត្តា​ជួយ ដើម្បី​ឱ្យ​ខ្ញុំ​មានឱកាស​បង្ហាញ​ព័ត៌មាន​ពិត ផ្សាយ​ពិត​ដល់​ប្រមុខ​ដឹកនាំ ជាពិសេស​ប្រជាពលរដ្ឋ​យើង​បន្ត​ទៀត។ ខ្ញុំបាទ​សូម​ស្នើសុំ​ឯកឧត្ដម​រដ្ឋមន្ត្រី​ មេត្តា​ផ្ដល់​អាជ្ញាបណ្ណ​ដល់​ខ្ញុំបាទ​ឡើងវិញ»។

នេះ​គឺជា​គេហទំព័រ​សារព័ត៌មាន​ទីពីរ​ហើយ ដែល​ត្រូវ​បាន​ក្រសួង​សម្រេច​លុបចោល​អាជ្ញា​បណ្ណ បន្ទាប់ពី​ការលុបចោល​អាជ្ញា​បណ្ណ​គេហទំព័រ​សារព័ត៌មាន​អន​ឡាញ TVFB ក្រោយ​ការ​ចាប់ខ្លួន​លោក សុវណ្ណ រិទ្ធី ចាងហ្វាង​គេហទំព័រ​សារព័ត៌មាន​មួយ​នេះ​កាលពី​ថ្ងៃទី៧ ខែមេសា​នេះ។

លោក យ៉ែម ណយ បានឱ្យ​ដឹង​បន្ថែម​ថា ក្រសួងព័ត៌មាន​កំពុង​ត្រួតពិនិត្យ​ទៅលើ​អ្នក​កាន់​អាជ្ញាបណ្ណ​ជិត២០០ ដែល​លោក​ថា មិនបាន​ដំណើរការ​គេហទំព័រ​សារព័ត៌មាន​នោះ​ឡើយ ហើយ​បែរជា​យក​ទៅ​ដំណើរ​ការជាមួយ​ទំព័រ​ហ្វេសប៊ុក​តែប៉ុណ្ណោះ។

លោក យ៉ែម ណយ មានប្រសាសន៍​បន្ត​ថា៖ «ក្រសួង​កំពុង​អង្គុយ​ចាំ​មើល​គេហទំព័រ​ខ្លះ​ដែល​សុំ​អាជ្ញាបណ្ណ​ព័ត៌មាន ប៉ុន្តែ ពេល​បាន​អាជ្ញាបណ្ណ​ទៅ គាត់​អត់​ទៅ​ផ្សាយ​ក្នុង​គេហទំព័រ​ទេ។ គាត់​បង្កើត​តែ​ផេ​ក ឬអា​ក់ខោន​ផ្ទាល់ខ្លួន។ អាហ្នឹង​ ក្រសួង​ពិនិត្យ​ឃើញ​ជិត២០០ ហើយ​កំពុង​លុបចោល​វិញ ព្រោះ​គាត់​សុំ​អាជ្ញាបណ្ណ​បង្កើត​គេហទំព័រ​សារព័ត៌មាន​អ៊ីចឹង តែ​គាត់​អត់​ទៅ​បង្ហោះ​គេហទំព័រ​ទេ គាត់​ទៅ​បង្ហោះ​ក្នុង​ផេ​កគេហទំព័រ​ផ្ទាល់។ អាហ្នឹង​វា​ខុស។ ឥឡូវ​កំពុង​ឆែក​ទៅ​ជិត២០០អង្គភាព​ហើយ ក្រសួង​កំពុង​មាន​វិធានការ​ដកហូត​យក​មកវិញ»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ​(ខេម​បូ​ចា​) លោក ណុប វី លើកឡើង​ថា ក្រសួងព័ត៌មាន​មិន​គួរ​លុបចោល​អាជ្ញាបណ្ណ​ទាំងស្រុង​របស់​សារព័ត៌មាន​អន​ឡាញ​មួយ​នេះ​ទេ ដោយ​លោក​ថា អ្នកសារព័ត៌មាន​គ្រាន់តែ​ព្រឹត្ត​ខុស​នឹង​ក្រមសីលធម៌​វិជ្ជា​សារព័ត៌មាន​ប៉ុណ្ណោះ។

លោក ណុប វី មានប្រសាសន៍​ថា៖ «ជា​រួម យើង​មិន​គាំទ្រ​នូវ​ការអនុវត្ត​នូវ​សកម្មភាព ឥរិយាបថ​ទាំងឡាយ​ណា​ដែល​ប្រាសចាក​នឹង​ក្រមសីលធម៌​ទេ ប៉ុន្តែ ក៏​គួរតែ​មាន​តម្លាភាព​នៅក្នុង​ការអនុវត្ត​នូវ​គោលការណ៍ ឬក៏​សេចក្ដីណែនាំ ពីព្រោះ​កន្លងមក ខ្ញុំ​បានឃើញ​ថា មាន​ស្ថាប័ន​ទូរទស្សន៍​អី​ខ្លះ​ហ្នឹង គាត់​ប្រើប្រាស់​ពាក្យពេចន៍​ប្រមាថ​កាតទាន​ច្រើន​ដែរ​ហ្នឹង ហើយ​ខ្ញុំ​មិនសូវ​ជា​ឃើញ​ចេញ​ជាគោល​ការណ៍​ណែនាំ​អី​ទៅដល់​ពួក​គាត់​នោះ​ទេ។ អ៊ីចឹង​ហើយ កន្លែង​នេះ ការអនុវត្ត​ស្មើភាព​ក៏​គួរតែ​ក្រសួង​ពិនិត្យ​ពិចារណា​ឡើងវិញ​ផង​ដែរ»។

របាយការណ៍​ប្រចាំឆ្នាំ២០២០ របស់​អង្គការ​អ្នករាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន (RSF​) ដែល​ទើប​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន បង្ហាញថា សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់ចុះ​មួយ​លេខ​ថែមទៀត​មក​នៅ​ចំណាត់​ធ្លាក់ ១៤៤ នៅ​ឆ្នាំនេះ ​នៅក្នុងចំណោម ១៨០ប្រទេស​នៅ​លើ​ពិភពលោក។ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​វិញ កម្រិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ទាប​ជាង​ថៃ ម៉ាឡេស៊ី ឥណ្ឌូ​នេ​ស៊ី ហ្វីលីពីន លើកលែងតែ​សិង្ហបុរី វៀតណាម ប៊្រុយ​ណេ និង​ឡាវ​ប៉ុណ្ណោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ