សមាគម​​មីក្រូ​ហិរញ្ញ​វត្ថុ​​ថា ​ការ​​ពន្យារ​​សង​​ប្រាក់​​ផ្តល់​​អាទិភាព​​អ្នក​​ប៉ះ​​ពាល់​ធ្ងន់​​ធ្ងរ​​ពី​​កូ​វីដ​១៩​​

ការិយាល័យ ស្ថាប័ន ធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ។ (Matt Surrusco)

សមាគម​មីក្រូហិរញ្ញវត្ថុ អះអាង​ថា អតិថិជន ឬកូនបំណុល​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វីដ១៩ នឹង​ទទួល​បាន​លក្ខខណ្ឌ​ពន្យារ​សង​ប្រាក់ ត្រឡប់​មក​ម្ចាស់បំណុល​វិញ។

ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុង​ងី ឱ្យVODដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ជាគោល​ការណ៍​ គ្រប់​សមាជិក​ទាំងអស់​របស់​សមាគម គេ​នឹង​សម្រួល​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ១៩នេះ ប៉ុន្តែ​ ពួក​គេ​នឹង​ជួយ​អ្នកណា​ដែល​ប៉ះពាល់​ធ្ងន់​មុនគេ។ លោក កាំង តុង​ងី ឱ្យដឹងទៀត​ថា អ្នកទទួល​បាន​លក្ខខណ្ឌ​នេះ អាច​បង់​តែ​ការប្រាក់ ឬអាច​ផ្អាក​សង​ទាំង​ដើម​តែម្តង តាម​ករណី​ជាក់ស្តែង ។

លោក​ថា៖ «ករណី​ធ្ងន់ [ប៉ះពាល់​ពី​កូ​វីដ១៩​] គឺជា​ករណី​ដែល​អតិថិជន​ហ្នឹង​គាត់​មាន​ចំណូល​តែមួយ​ប្រភព ហើយ​មួយ​ប្រភព​ហ្នឹង​ប៉ះពាល់​ទាំងស្រុង។ ឧទាហរណ៍ ចំណូល​គាត់​ធ្លាប់​បាន​មួយ​ខែ ៥០០ដុល្លារ ធា្ល​ក់​នៅសល់​តែ ១០០ដុល្លារ អ៊ីចឹង គាត់​គ្មាន​លទ្ធភាព​បង់​ដូចធម្មតា​ទេ។ អ៊ីចឹង​ក្នុង​ចំណូល​គាត់​ធ្លាក់​ចុះ​បែបហ្នឹង គាត់​អាច​ទៅ​ជួប​មីក្រូហិរញ្ញវត្ថុ​ដែល​គាត់​ទទួល​ប្រាក់កម្ចី​ហ្នឹង ដើម្បី​ជជែក​ជាមួយ​គេ​ ដោះស្រាយ​រក​វិធី​សង ឬពន្យា​រពេ​លយ៉ាង​ម៉េចទៅ​តាម​លទ្ធភាព​ជាក់ស្តែង»។

ទោះជា​យ៉ាងណា ​មន្ត្រី​ជាន់ខ្ពស់​នៅ​សមាគម​មីក្រូហិរញ្ញវត្ថុ​រូប​នេះ បញ្ជាក់​ថា ជម្រើស​នៃ​ការយោគយល់​នេះ មិនមែន​មានន័យថា គ្រប់​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ត្រូវ​តែ​បន្ធូ​របន្ថយ និង​ពន្យារពេល​សង​គ្រប់​អតិថិជន​នោះ​ទេ អាស្រ័យ​លើ​ករ​ណី​មួយ​ៗចាំបាច់​ប៉ុណ្ណោះ។

ដោយឡែក កាលពី​ថ្ងៃទី២៧ ខែមីនា ធនាគារជាតិនៃកម្ពុជា ​បាន​ចេញ​សេ​ចក្តី​ណែនាំឱ្យដោះស្រាយ​បញ្ហា​វិបត្តិ​កូ​វីដ១៩នេះ ផ្តោត​លើ​វិស័យ​អាទិភាព៤ មាន​វិស័យ​ទេសចរណ៍ កាត់ដេរ ដឹកជញ្ជូន និង​សំណង់។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី៩ ខែមីនា បាន​បញ្ជា​ផ្ទាល់មាត់ទៅ​មន្ត្រី​ពាក់ព័ន្ធ​ឱ្យអន្តរាគមន៍​បន្ទាន់​ទៅ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ សម្របសម្រួល​ដក​ការប្រាក់ ឬពន្យារ​ការ​សង​ប្រាក់​ត្រឡប់​វិញ សម្រាប់​កម្មករ​ដែល​បាត់បង់​ការងារ ដោយសារ​ជំងឺ​កូ​វីដ១៩។

នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ លោក ផល វ៉ាន់​ឌី ប្រាប់ VOD កាលពី​ថ្ងៃ៩ ខែមីនា​ ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ២០១៩ អ្នកប្រើ​ប្រាស់​កម្ចី ឬកូនបំណុល​មាន​ជាង ២លាន​នាក់ ក្នុង​នោះ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​មាន​ពី១៥ ទៅ២០ភាគរយ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ លោក មឿន តុលា បង្ហាញ​ការយល់ឃើញ​ថា ការ​រង់ចាំ​ការវាយតម្លៃ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ទើប​ទទួល​បាន​លក្ខខណ្ឌ​ពន្យារ​ការ​សង​ប្រាក់ ជា​សារ​មិន​ច្បាស់លាស់​មួយ នៅតែ​ជា​បន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​កូនបំណុល​ដដែល ដោយ​ថា ឥទ្ធិពល​កូ​វីដ១៩ ពេលនេះ វា​បាន​បង្ក​ផល​ប៉ះពាល់​ដល់​គ្រប់​វិស័យ រួម​ទាំង​កសិករ​ផង។

លោក​ថា៖ «កម្មករ​ដែល​រដ្ឋ​ប្រកាស​ឱ្យ ៧០ដុល្លារ​ក្នុង១ខែហ្នឹងក៏​ដោយ ក៏ប៉ុន្តែ​ បើ​យើង​មើលទៅ ៧០ដុល្លារ​ហ្នឹង​មិន​អាច​ធ្វើឱ្យគាត់​មានលទ្ធភាព​សន្សំ​លុយ​រហូតដល់​សង​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​នេះ​ដែរ។ ការ​ឆ្លើយតប​ហ្នឹង ​ខ្ញុំ​គិតថា ​ដូចជា​មិនទាន់​ច្បាស់លាស់»។

លោ​ក មឿន តុលា បង្ហាញ​ការ​ព្រួយបារម្ភ​ថា ជម្លោះ​សង្គម​វា​នឹងអាច​កើតឡើង បើ​ការ​ដោះស្រាយ​មិន​ឆ្លើយតបទៅនឹង​ទំហំ​បញ្ហា​ដែល​បាន​កើតឡើង​ក្នុង​សង្គម។

អង្គការ​លី​កាដ​ូ និង​សមាគម​ធាងត្នោត​ កាលពី​ខែសីហា ឆ្នាំ២០១៩ បាន​ចេញ​របាយការណ៍​មួយ វាយតម្លៃ​ថា បំណុល​មីក្រូហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា ជាដើម​ចម​ជំរុញ​ឱ្យ​មានការ​រំលោភសិទ្ធិ​មនុស្សជា​លក្ខណៈ​ប្រព័ន្ធ​ធ្ងន់ធ្ងរ។ របាយការណ៍​បាន​រិះគន់​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​ស្ថាប័ន «ជញ្ជក់ឈាម» មិន​អនុវត្ត​តាម​គោលការណ៍​ក្រមសីលធម៌​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី។

ប៉ុន្តែ ប៉ុន្មាន​ថ្ងៃក្រោយ​មក ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ រួម​ទាំង​រដ្ឋាភិបាល​ផង បាន​ចាត់ទុក​របាយការណ៍​នោះ​ថា គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ និង​គ្មាន​ភាព​ត្រឹមត្រូវ។

យ៉ាងនេះ​ក្តី គេហ​ទំ​ព័រ​ថ្មី​ៗបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី២០ ខែមេសា​នេះ​ថា សមាគម​មីក្រូហិរញ្ញវត្ថុ​អម្រឹត កំពុង​ផ្ដល់​ការ​ពន្យារ​ការ​សង​ដល់​អតិថិជន​ជាង ១២ម៉ឺន​នាក់ ដែល​ជួប​ការ​លំបាក​ខ្លាំង ដោយសារ​ជំងឺ​កូ​វីដ​-១៩ រយៈ​ពេល​ពី៣ ទៅ៦ខែ។ បើ​តាម​ការ​ចុះផ្សាយ រយៈពេល៣ ទៅ៦ខែ​នេះ កូន​បំ​ណុល​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង បាន​ពន្យារ​សង​ត្រឡប់​វិញ​ទាំង​ការប្រាក់ និង​ប្រាក់ដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ