អ្នកនាំពាក្យ៖ បើ​​ចង់​​បំពាន​​សិទ្ធិ​ពល​រដ្ឋ រដ្ឋា​ភិបាល​​មិន​​ចាំ​បាច់​​ធ្វើ​​ច្បាប់​​គ្រប់​គ្រង​​ប្រទេស​​ក្នុង​​ភាព​​អាសន្ន​​នោះ​​ទេ​​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លើកឡើង​ថា ​ប្រសិនបើ​រដ្ឋាភិបាល​ចង់​បំពាន​សិទ្ធិពល​រដ្ឋ​មែន​នោះ រដ្ឋាភិបាល​មិន​ចាំបាច់​ពិបាក​ចំណាយពេល​ធ្វើ​ច្បាប់​នេះនោះ​ទេ ដោយ​ថា ​ការប្រកាស​រដ្ឋ​ក្នុង​ភាព​អាសន្ន​គឺ​រដ្ឋ​អាច​ដាក់ចេញ​វិធាន​ការ​ភ្លាម​ៗ មិន​ចាំបាច់​គិត​ពី​សិទ្ធិ​ទាំងនោះ​ទេ។

ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​ហើយ​កាលពី​សប្ដាហ៍​មុន ខណៈ​ពេលនេះ ​ច្បាប់​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិនិត្យ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ 

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​នេះ ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ លោក ជិន ម៉ា​លីន មានប្រសាសន៍​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​ គឺ​ធ្វើឡើង​ដើម្បី​បង្កើត​នូវ​ឧបករណ៍​គតិយុត្តិ​មួយ​ដែល​គ្រប់គ្រាន់​ ដើម្បី​អនុវត្តតាម​រដ្ឋធម្មនុញ្ញ ក៏ដូចជា​ការពារ​នូវ​សិទ្ធិ និង​ជីវិត​របស់​ពលរដ្ឋ ពង្រឹង​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។ 

លោក​បន្ថែម​ថា៖ «ជា​ការអនុវត្ត​​ទូទៅ ​បើសិនជា​រដ្ឋាភិបាល​ចង់​បំពាន​នូវ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ហើយ​រដ្ឋាភិបាល​ចង់​ធ្វើ​អី​តាមចិត្ត​នៅពេល​ដែល​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន រដ្ឋាភិបាល​មិន​ចាំបាច់​ធ្វើ​ច្បាប់​នេះនោះ​ទេ ពីព្រោះ​នៅពេល​គ្មាន​ច្បាប់ ​រដ្ឋាភិបាល​អាច​ធ្វើ​អី​បាន​គ្រប់យ៉ាង​ទាំងអស់ អាច​ដាក់ចេញ​នូវ​វិធានការ អាច​ធ្វើអ្វី​គ្រប់យ៉ាង​បាន​ទាំងអស់ ​បើសិន​គ្មាន​ច្បាប់។ ការរៀបចំ​ច្បាប់​នេះ​គឺ​ដើម្បី​កម្រិត​នូវ​សិទ្ធិ​សេរីភាព​របស់​រដ្ឋាភិបាល។ ច្បាប់​នេះ​បាន​កំណត់​ថា​រដ្ឋាភិបាល​អាច​ធ្វើ​អី​បាន និង​មិន​អាច​ធ្វើ​អី​បាន ហើយ​ត្រូវ​ទទួលខុសត្រូវ​យ៉ាងដូចម្ដេច​ខ្លះ។ អ៊ីចឹង​បើ​រដ្ឋាភិបាល​ចង់​ប្រើប្រាស់​អំណាច​របស់​ខ្លួន​គ្មាន​ដែន​កំណត់ ​ប្រហែលជា​រដ្ឋាភិបាល​នឹង​មិន​ធ្វើ​ច្បាប់​នេះនោះ​ទេ»។ 

យោង​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ មាត្រា ២២ថ្មី ចែងថា នៅពេល​ប្រជាជាតិ​ប្រឈមមុខនឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេសជាតិ​ស្ថិតនៅ​ក្នុង​ភាព​អាសន្ន ក្រោយពី​បាន​មតិ​ឯកភាព​ពី​នាយក​រដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា។ 

ទោះជាយ៉ាងណា ​សម្រាប់​លោក ជិន ម៉ា​លីន បាន​លើកឡើង​ថា ការ​ចែង​នេះ​គឺ​ត្រូវការ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​បន្ថែម ដើម្បី​គាំទ្រ ខណៈ​លោក​ថា​ កម្ពុជា​គួរតែ​មានច្បាប់​នេះ​តាំងពីឆ្នាំ១៩៩៣មក​ម៉្លេះ។ 

លោក​បន្ថែម​ថា៖ «ក៏ប៉ុន្តែ​ មាត្រា​នេះ​មិនបាន​ចែងថា ​ក្រោយពី​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ហើយ គឺ​ត្រូវ​គ្រប់គ្រង​ប្រទេសជាតិ​ដោយ​របៀបណា​នោះ​ទេ។ អ្នកណា​ត្រូវ​ធ្វើ​ស្អី​? រដ្ឋាភិបាល​ត្រូវ​ធ្វើ​ស្អី​ខ្លះ​? ប្រជាពលរដ្ឋ​មាន​កា​ត​ព្វ​កិច្ច​ធ្វើ​ស្អី​ខ្លះ​? អ្នក​ដែល​បំពាន ​ត្រូវ​មាន​វិធានការ​អ្វីខ្លះ ​អ៊ីចឹង​អត់មាន​ អត់​អាច​ធ្វើ​អី​កើត»។ 

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី២ ខែមេសា កន្លងទៅ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Right Watch បាន​ទាមទារ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទម្លាក់​ចោលការ​អនុម័ត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​វិញ​ ដោយ​ថា​ ច្បាប់​បាន​ផ្ដល់​អំណាច​ដល់រដ្ឋាភិបាល​យ៉ាង​ធំធេង​ក្នុង​ការ​កម្រិតនូវ​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ ដោយ​បាន​ដៅ​គោលដៅ​ជាស្រេច​ទៅលើ​សិទ្ធិមនុស្ស ប្រជា​ធិបតេយ្យ និង​ក្រុម​សារព័ត៌មាន។ 

ប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិមនុស្ស Human Right Watch លោក ប្រែ៊ត អា​ដាម (Brad Adams) បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា៖ «ជំនួស​ឱ្យ​ការ​អនុម័ត​ច្បាប់​ដើម្បី​ការពារ​សុខភាព​សាធារណៈ រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើប្រាស់​ការ​ការពារ​ជំងឺរាតត្បាត COVID​-19 ជា​លេស​ ដើម្បីប្រើអំណាច​គ្រប​ដណ្ដប់​លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ជីវភាព​ស៊ីវិល នយោបាយ សង្គម និង​ជីវិត​សេដ្ឋកិច្ច ដោយ​គ្មាន​ពេលកំណត់ ឬពិនិត្យ​ទៅលើ​ការរំលោភ​អំណាច​នោះ​ទេ»។

ប្រធាន​ក្រុម​មេធាវី​អមរិន្ទ​ លោក​មេធាវី សុក សំ​អឿន មានប្រសាសន៍​ថា ​វា​ជា​ការត្រឹមត្រូវ​ក្នុង​ការ​ធ្វើ​ច្បាប់​ដើម្បី​បំពេញបន្ថែម​ដល់​រដ្ឋធម្មនុញ្ញ តែ​លោក​យល់ថា សម្រាប់​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ ​ហាក់​នៅ​មិនទាន់​បំពេញ​គ្រប់គ្រាន់​ដល់​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ 

លោក​ សុក សំ​អឿន មានប្រសាសន៍​ថា៖ «បើ​យើង​មើល​រដ្ឋធម្មនុញ្ញ ហើយនិង​ច្បាប់​នេះ​ អត់មាន​ខុសគ្នា​អី​ផង។ អត់មាន​អី​ជា​ចម្លែក​ទេ ក្នុង​រដ្ឋធម្មនុញ្ញ​ចែងថា ​ព្រះមហាក្សត្រ​មានអំណាច​ប្រកាស​អាសន្ន​អ៊ីចឹង ក៏ប៉ុន្ដែ ​ក្នុង​ពេល​អាសន្ន​ហ្នឹង នីតិប្រតិបត្តិ​មានអំណាច​អី នីតិ​បញ្ញត្តិ​សល់​អំណាច​អី តុលាការ​សល់​អំណាច​អី​ គឺ​អត់មាន​ចែង​ទេ។ ហើយ​ច្បាប់​ភាព​អាសន្ន​នេះ ​ក៏​អត់​ចែង​ដែរ​ ដូច្នេះ​ មាន​ដូច​អត់មាន​អ៊ីចឹង។ ទោះបី​អត់មាន​ច្បាប់​ហ្នឹង ​ប្រសិនជា​ព្រះករុណា​លោក​ប្រកាស​តាម​រដ្ឋធម្មនុញ្ញ​ ក៏​អត់មាន​ខុស​អីដែរ»។

លោក​ជំរុញ​ឱ្យ​មានការ​បែងចែក​ឱ្យ​ច្បាស់​ពី​តួនាទី​នៃ​អំណាច​ទាំង៣ ក្នុង​ពេល​គ្រប់គ្រង​ភាព​អាសន្ន​ ដើម្បី​កុំឱ្យ​មានការ​បំពាន​អំណាច​ពី​អង្គ​នីតិប្រតិបត្តិ​ចំពោះ​អំណាច​ផ្សេងទៀត​នោះ។

សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ស្ថិតនៅ​ក្នុង​គ្រាអាសន្ន មាន ៥ជំពូក និង​មាន ១១មាត្រា បាន​ចែង​ពី​ការ​បង្កើន​អំណាច​រដ្ឋាភិបាល ហើយ​កាត់បន្ថយ​សិទ្ធិ​សេរីភាព​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ទូទៅ​នៅពេល​ដែល​ប្រទេស​ត្រូវ​បាន​ដាក់​ក្នុង​គ្រាអាសន្ន។ 

ការ​ហាមឃាត់​ក្នុង​ច្បាប់​នោះ​រួមមាន ហាមឃាត់ ឬកម្រិត​សិទ្ធិ​សេរីភាពក្នុង​ការ​ធ្វើដំណើរ ការ​ជួបជុំ ការ​ធ្វើសកម្មភាព​ការងារ ការ​ចេញពី​លំនៅ​ដ្ឋាន ឬទីសំណាក់។ ក្រៅពី​នេះ​ រដ្ឋ​ក៏​មាន​សិទ្ធិ​កំណត់​តម្លៃ​ទំនិញ និង​សេវា បិទ​ទីតាំង​សាធារណៈ ឬឯកជន​ណាមួយ ឃ្លាំមើល និង​តាមដាន​ទៅ​គ្រប់​ប្រព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍ ហាមឃាត់​ ឬកម្រិត​ការចែកចាយ ​ឬការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាជន និង​សង្គម។ 

ជាង​នេះ​ទៅទៀត​ រដ្ឋាភិបាល​អាច​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ក្នុង​ការអនុវត្ត​នូវ​វិធានការ​ទាំងនេះ​ផង​ដែរ។ 

ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី៩ ខែមេសា កន្លងទៅ ​ឧត្តម​ស្នងការ អ.ស.ប ទទួលបន្ទុក​សិទ្ធិមនុស្ស លោកស្រី មី​ស្យែល បាស្យេ​ឡេ​ត បាន​លើកឡើង​ពី​ក្ដី​បារម្ភ​ចំពោះ​ការប្រើ​ប្រាស់​អំណាច​រដ្ឋ​ក្នុង​ការ​ឆ្លើយតប​នឹង​វិបត្តិ​កូ​វីដ១៩ ដោយ​មិន​គិត​ពី​កាតព្វកិច្ច​សិទ្ធិមនុស្ស​ បន្ទាប់ពីលោកស្រី​ទទួល​បាន​ព័ត៌មាន​ជាបន្តបន្ទាប់​ពី​ការដាក់ទណ្ឌកម្ម និង​ការ​ចាប់ខ្លួន​អ្នកសារព័ត៌មាន និង​ប្រជាជន ដោយ​គ្រាន់តែ​ពួក​គេ​រាយការណ៍ និង​បញ្ចេញ​យោបល់​នៅ​លើ​បណ្ដាញ​សង្គម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ