កម្មករ​​រោង​ចក្រ​​កាត់​ដេរ​​ស្ថិត​​ក្នុង​​ស្ថាន​ភាព​​បាត់​បង់​​ការ​ងារ​ ភ័យ​ខ្លាច​​ចំពោះ​​ការ​​ឆ្លង​វីរុស​ និង​​បន្ទុក​​បំណុល​​

កម្មការិនីរោងចក្រមួយនៅ កម្ពុជា ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤។ (ILO)

ស្ថិត​ក្នុង​វ័យ ៤៧ឆ្នាំ ឈុន សុ​វាត បាន​ចូល​បម្រើការ​ងារ​ក្នុង​រោងចក្រ​កាត់ដេរ​អស់​រយៈពេល​ជាយូរមកហើយ។ ប្រាក់ចំណូល​ថេរ​ដែល​មាន​ចំនួន​តិច​ជាង ២០០ដុល្លារ​ក្នុង​មួយ​ខែ ធ្វើ​ឱ្យ​គាត់​ត្រូវ​យក​ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ចំនួន ៦,០០០ដុល្លារ ដើម្បី​ចំណាយ​លើ​តម្លៃ​ផ្ទះ​មួយ​ខ្នង​នៅ​ខេត្តតាកែវ។ ប៉ុន្តែ ដោយសារ​រោងចក្រ​ដែល​គាត់​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​ផ្អាក​ដំណើរការ​យ៉ាងហោចណាស់​ក៏​រហូតដល់​ចុងខែ​មិថុនា​នោះ ទើប​ពេលនេះ បំណុល​ជា​ក្តី​កង្វល់​សម្រាប់​អ្នកស្រី សុ​វាត។

ការ​រីក​រាលដាល​នៃ​វីរុស​កូ​វីដ១៩ និង​ការ​ដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក ធ្វើ​ឱ្យ​រោងចក្រ​ជាង ១០០កន្លែង ត្រូវ​ផ្អាក​ដំណើរការ​នៅ​ឆ្នាំនេះ ចំណែក​អ្នកស្រី សុ​វាត ក៏ដូចជា​កម្មករ​កាត់ដេរ​ដទៃទៀត​ដែល​ត្រូវ​បាន​ព្យួរការងារ​ផង​ដែរ កំពុង​ជួបប្រទះ​ការ​លំបាក​ក្នុង​ការ​រិះរក​វិធី​ដោះបំណុល។

អ្នកស្រី សុ​វាត និយាយ​ថា៖ «យើង​ចង់ឱ្យ​អម្រឹត​ពន្យារពេល​បង់ប្រាក់​ដល់​ពួក​យើង ព្រោះ​ប្រាក់ខែ​ដែល​ទទួល​បាន​ពី​រោងចក្រ​គឺ​មិន​ទៀង​ដូចមុន​ទៀត​ឡើយ»។

ការ​ថ្លែង​នេះ គឺ​សម្តៅ​លើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ដែល​ជា​គ្រឹះស្ថាន​ផ្ដល់​កម្ចី​ធំជាង​គេ​មួយ​ក្នុងចំណោម​គ្រឹះ​ស្ថាន​ធំៗ​ផ្សេងទៀត​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ផ្អែកលើ​ទំហំ​កម្ចី។

អ្នកស្រី សុ​វាត និយាយ​ថា គាត់​ប្រហែលជា​ត្រូវលក់​ដីស្រែ​របស់​គ្រួសារ​គាត់ ដែល​នឹង​ធ្វើ​ឱ្យ​គាត់​កាន់តែ​បាត់បង់​លទ្ធភាព​សង​ប្រាក់កម្ចី​ថម​ទៀត។

សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​ជាប់បំណុល​ដែល​រក​ប្រាក់ចំណូល​បាន​តិច​ជាង​មុន ​ដោយសារ​ត្រូវ​បាន​ព្យួរការងារ​ពាក់ព័ន្ធ​នឹង​ការ​រីក​រាលដាល​នៃ​មេ​រោ​គកូ​រ៉ូ​ណា​នោះ បំណុល​ដែល​ពួក​គេ​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គឺជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ធំជាង​មេរោគ​ទៅទៀត ទើប​នាំ​ឱ្យ​មនុស្ស​មួយចំនួន​ពិចារណា​ចង់​លក់​ទ្រព្យរបស់​ខ្លួន​មុននឹង​ត្រូវ​គេ​រឹបអូស។

កម្មការិនីម្នាក់ ប្រើម៉ាស៊ីន ដេរនៅក្នុងរោងចក្រមួយនៅ កម្ពុជា ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤។ (ILO)

ទោះបី​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​ឱ្យ​អ្នក​ផ្តល់​ប្រាក់កម្ចី​ទុក​ពេល និង​អនុញ្ញាត​ពន្យារ​ការ​បង់ប្រាក់​ក្នុង​ពេល​កំណើន​សេដ្ឋកិច្ច​យឺតយ៉ាវ ហើយ​វិស័យ​ហិរញ្ញវត្ថុ​ក៏​គាំទ្រ​ចំពោះ​សកម្មភាព​នេះ​ក៏ដោយ ក៏​ពុំ​ទាន់​ឃើញ​មាន​គោលការណ៍​ជាក់លាក់​ណាមួយ​លេចឡើង​នៅឡើយ​ទេ ហើយ​អ្នក​ផ្តល់​ប្រាក់កម្ចី​ក៏​មិនទាន់​មាន​កាតព្វកិច្ច​ក្នុង​ការ​ជួយ​សម្រួល​ផល​លំបាក​ដល់​អ្នក​ជាប់បំណុល​នៅឡើយ​ដែរ។

បញ្ហា​ទាក់ទង​នឹង​បំណុល​របស់​កម្មករ​ជាច្រើន​មិនមែន​ជា​រឿង​ថ្មី​ទេ

យោង​តាម​របាយការណ៍​ឆ្នាំ២០១៩ ពី​អង្គការ​សិទ្ធិមនុស្ស​ចំនួន​ពីរ បានឱ្យ​ដឹង​ថា បំណុល​ដែល​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា បាន​បណ្ដាល​ឱ្យ​មាន «ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ» បង្ក​ឱ្យ​មាន «ការ​គំរាមកំហែង​គួរ​ឱ្យ​កត់សម្គាល់» ចំពោះ​គ្រួសារ​ជាប់បំណុល​ដែល​កាន់កាប់​ដីធ្លី ហើយ​ជាប់ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​ឱ្យ​លក់​ដីធ្លី ពលកម្ម​កុមារ ចំណាកស្រុក​ដើម្បី​រក​ប្រាក់​សងបំណុល និង​អសន្តិសុខ​ស្បៀង។

ទោះបី​ថ្នាក់ដឹកនាំ និង​មន្រ្តី​ផ្នែក​ឧស្សាហកម្ម​កាត់​ ​បាន​ច្រានចោល​លទ្ធផល​របាយការណ៍​នេះ ឬអះអាង​ថា របាយការណ៍នេះគឺជា​ការបំផ្លើស​ក្តី អ្នក​សរសេរ​របាយការណ៍​របស់​អង្គការ​លី​កាដ​ូ និង​សមាគម​ធាងត្នោត (STT​) បាន​សន្និដ្ឋាន​ថា ការរំលោភ​សិទ្ធិ «បង្កើត​ឱ្យ​មាន​ធាតុផ្សំ​សំខាន់​មួយ​នៃ​គំរូ​អាជីវកម្ម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា»

កាលពីមុន ការ​ផ្តល់​ឥណទាន​ខ្នាត​តូច គឺជាការ​ផ្តល់​កម្ចី​ក្នុង​ទំហំ​តិចតួច​ដល់​អ្នកខ្ចី​ដែល​មាន​ប្រាក់ចំណូល​ទាប ដែល​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ដែរ ទោះបី​អាច​ការ​ផ្ដល់​កម្ចី​របៀប​នេះមាន​ហានិភ័យ​ចំពោះ​អ្នក​ផ្តល់​កម្ចី​យ៉ាងណាក្ដី។ ប៉ុន្តែ បច្ចុប្បន្ន វិស័យ​នេះ​បាន​ប្រែក្លាយ​ជា​ឧស្សាហកម្ម​ដែល​រកបាន​ប្រាក់ចំណេញ​រាប់ពាន់​លាន​ដុល្លារ​ទៅវិញ។

បើ​យោង​តាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA​) បានឱ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា អ្នកខ្ចី​ប្រាក់​ជាង ២.២លាន​នាក់ បាន​ជំពាក់ប្រាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រមាណ ៧.៣ពាន់​លាន​ដុល្លារ​ ក្នុង​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ២០១៩។

អង្គការ​លី​កាដ​ូ និង​សមាគម​ធាងត្នោត កត់សម្គាល់​ថា ទោះបី​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​មើលទៅ​ហាក់​មាន​ស្ថានភាព​ល្អ​ប្រសើរ​ពី​ខាងក្រៅ​ក៏​ពិតមែន​ ដោយមាន​អត្រា​ឥណទាន​មិន​ដំណើរការ ឬជាប់​គាំង​ទារ​ត្រឡប់​វិញ​មិនបាន មានត្រឹមតែ ១.៨ភាគរយ​នៅ​ចុងឆ្នាំ២០១៨ ប៉ុន្តែ ស្ថានភាព​នេះ អាច​សម្រេច​បាន​ដោយ​ការ​បង្ខំ​ឱ្យ​អ្នកខ្ចី​លក់​ទ្រព្យរបស់​ខ្លួន ដើម្បី​អាច​សងបំណុល​បាន​ទាន់ពេល​វេលា។

បើ​តាម​របាយការណ៍​ឆ្នាំ២០១៩ បានឱ្យ​ដឹង​ថា កំណើន​កម្ចី​ខ្នាត​តូច បាន​កើន​លើស​ទំហំ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ទៅទៀត។ ទំហំ​កម្ចី​របស់​វិស័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន មាន​ចំនួន​លើស​ពី ៨០ភាគរយ​នៃ​ចំនួន​គ្រួសារ ហើយ​អ្នកខ្ចី​ជាច្រើន​បាន​យក​កម្ចី​ផ្លូវការ ឬក្រៅផ្លូវការ​បន្ថែម ដើម្បី​មក​ដោះបំណុល​ផ្សេងទៀត។

រូបក្រាហ្វិចបង្ហាញពីទំនាក់ទំនងបំណុលមីក្រូហិរញ្ញវត្ថុ និងកម្មកររោងចក្រកាត់ដេរនៅកម្ពុជា

ទន្ទឹម​នឹង​នេះ នៅ​ប្រទេស​កម្ពុជា​មានតែ​វិស័យ​កាត់ដេរ និង​ស្បែកជើង​ប៉ុណ្ណោះ​ដែល​មាន​ប្រាក់ឈ្នួល​អប្បបរមា​កើនឡើង​ជាបន្តបន្ទាប់​ពី ៨០ដុល្លារ​ក្នុង​មួយ​ខែ​ក្នុង​ឆ្នាំ២០១៣ ដល់ ១៩០ដុល្លារ​ក្នុង​មួយ​ខែ​នៅក្នុង​ឆ្នាំនេះ។

តំណាង CMA ម្នាក់ បាន​លើកឡើង​ថា កម្មករ​កាត់ដេរ​ជាប់បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យ៉ាងតិច ១នាក់​ក្នុងចំណោម​កម្ចី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៥ ក្នុង​ប្រទេស គិត​ត្រឹម​ដំណាច់ឆ្នាំ​កន្លងទៅ។

អ្នកស្រី សុ​វាត ដែល​ជា​កម្មការិនី​កាត់ដេរ​ដែល​ត្រូវ​ព្យួរការងារ បាន​ប៉ាន់ប្រមាណ​ថា អ្នក​ដែល​ធ្វើការ​ជាមួយ​គាត់​ភាគច្រើន​នៅ​រោងចក្រ Canteran Apparel សុទ្ធតែ​ជា​អ្នក​ជាប់បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប៉ុន្តែ បាន​កត់សម្គាល់​ថា ពួក​គាត់​ហ៊ាន​ប្រថុយ​នឹង​ការខ្ចី​ប្រាក់​ក៏​ព្រោះតែ​ការងារ​នៅ​រោងចក្រ​របស់​ពួក​គាត់​ហាក់​មាន​ស្ថិរភាព។ ពេលខ្លះ ពួក​គាត់​មួយចំនួន​អាច​ខ្ចីប្រាក់​បន្តិចបន្តួច​ពីគ្នា ដើម្បី​ទប់ទល់​នឹង​ការកាត់បន្ថយ​ម៉ោង​ការងារ និង​ថ្លៃឈ្នួល​ដែល​បណ្តាល​មក​ពី​ការ​ថយ​ចុះ​ផលិតកម្ម តែ​បញ្ហា​នេះ​នឹង​ទប់​លែង​បាន​នៅពេល​កម្មករ​ជាច្រើន​ទៀត​ត្រូវ​បាត់បង់​ការងារ​ធ្វើ។

អ្នកស្រី សុ​វាត ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ គាត់​នឹង​អស់ប្រាក់ គ្មាន​អាហារ​ហូបចុក គ្មាន​ផ្ទះសម្បែង ប៉ុន្តែ គាត់ និង​មិត្ត​រួមការ​ងារ ក៏​ភ័យខ្លាច​ចំពោះ​ការ​ឆ្លង​វីរុស​នៅពេល​ធ្វើការ​ផង​ដែរ។

គាត់​បាន​និយាយ​ថា៖ «ពួក​យើង​ចង់ឱ្យ​រដ្ឋាភិបាល​បិទ​ [រោងចក្រ​] បណ្តោះអាសន្ន ពីព្រោះ​ហានិភ័យ​នៃ​ការ​ឆ្លង​កំពុង​កើនឡើង។ បើ​មានកម្ម​ករ​ណា​ម្នាក់​ឆ្លង​មេរោគ​នេះ ពួក​យើង​គ្រប់គ្នា​ក៏អាច​ប្រឈម​នឹង​ការ​ឆ្លង​ដែរ ដូច្នេះ ពួក​យើង​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ធ្វើអន្តរាគមន៍ និង​ជួយ​ពន្យារពេល​សង​ចំពោះ​ប្រាក់កម្ចី​ពួក​យើង​ដែល​ខ្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ»។

ខ្ញុំ​នឹង​ព្យាយាម​រក​ប្រាក់​ឱ្យ​អស់ពី​លទ្ធភាព

មាន​ប្រជាជន​កម្ពុជា​ជាង ៨សែន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី កំពុងធ្វើការ​នៅក្នុង​រោងចក្រ​កាត់ដេរ​ប្រមាណ ១,៥០០កន្លែងនៅ​ទូទាំង​ប្រទេស។ តាម​ការ​រំពឹង​ទុក ទិដ្ឋភាព​នៃ​ការបាត់បង់​ការងារ​ធ្វើ​ក្នុង​ចំនួន​ដ៏​ច្រើន​នេះ នឹង​បង្ក​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាពរស់នៅ​របស់​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ និង​ឧស្សាហកម្ម​មួយ​ដែល​ក្នុង​ឆ្នាំ២០១៨ រក​ប្រាក់ចំណូល​បាន ១០ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ

កាលពីដើម​ខែមេសា​នេះ អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ បាន​ថ្លែង​ថា មាន​រោងចក្រ​ចំនួន ១១០ បាន​ស្នើសុំ​រដ្ឋាភិបាល​ដើម្បី​ផ្អាក​ដំណើរការ ដោយមាន​កម្មករ​ប្រមាណ ៩៦,០០០នាក់​ដែល​ត្រូវ​រង​ផល​ប៉ះពាល់។

យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ឆ្នាំ២០១៩ បានឱ្យ​ដឹង​ថា វិស័យ​កាត់ដេរ និង​ស្បែកជើង​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា ដោយសារ​ការនាំចេញ​របស់​ឧស្សាហកម្ម​នេះ​មាន​ចំនួន​ច្រើនជាង ២ ភាគ ៣ នៃ​ការនាំចេញ​ទំនិញ​សរុប​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១៨កន្លងមក។

ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​រឹត​បន្តឹង​ការ​ធ្វើដំណើរ និង​ចេញ​បទបញ្ជា​ឱ្យ​បិទនូវ​សាលារៀន សារមន្ទីរ រង្គសាល រោងភាពយន្ត កន្លែង​ហាត់​កីឡា កាស៊ីណូ កន្លែង​ម៉ាស្សា​នៅ​ទូទាំង​ប្រទេស និង​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​ទៅកាន់​ព្រះបរមរាជវាំង ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វីដ១៩ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​រោងចក្រ​នៅតែ​បន្តដំណើរ​ការ​ដដែល។ នៅពេល​ប្រកាស​ផ្អាក​ថ្ងៃឈប់​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​នា​សប្តាហ៍​នេះ លោក ហ៊ុន សែន បាន​មានប្រសាសន៍​ថា ទីកន្លែង​មាន​«សុវត្ថិភាព​បំផុត» សម្រាប់​ពលរដ្ឋ គឺ​នៅកន្លែង​ធ្វើការ

ប៉ុន្តែ កាលពីដើម​ឆ្នាំនេះ លោកនាយក​រដ្ឋមន្រ្តី​ក៏បាន​ស្នើ​ឱ្យ​ស្ថាប័ន​ផ្តល់​ឥណទាន​ពន្យារពេល​សង​ប្រាក់​ជូន​បុគ្គលិក​ដែល​ត្រូវ​បាន​ព្យួរការងារ និង​បន្ថយ​អត្រា​ការប្រាក់​ផង​ដែរ។ ធនាគារជាតិនៃកម្ពុជា​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គំនិត​នេះ ដោយ​រួមមាន​ទាំង​ការ​ផ្តល់ «ភាព​បត់បែន» ដល់​កម្មករ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វីរុស​កូ​វីដ១៩ ក៏ប៉ុន្តែ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​មិនទាន់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅឡើយ​នូវ​ជម្រើស​ច្បាស់លាស់​ក្នុង​ការរៀបចំ​ឥណទាន​ឡើងវិញ ​សម្រាប់​អ្នក​ដែល​ជួបប្រទះ​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច។

ការិយាល័យ ស្ថាប័ន ធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ។ (Matt Surrusco)

ក្នុង​ខណៈ​ពេលនេះ សេដ្ឋកិច្ច​ជាតិ​ក៏​ដូច​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ផង​ដែរ ត្រូវ​បាន​រំពឹង​ថា នឹង​មានការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅក្នុង​ឆ្នាំនេះ។ ទាំង​ធនាគារពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បន្ទាប​ការព្យាករ​កំណើន​សេដ្ឋកិច្ច ​(GDP​) របស់​កម្ពុជា ​មក​នៅ​ត្រឹម​ចន្លោះ​ពី ២.៣ ទៅ ២.៥ភាគរយ​ សម្រាប់​ឆ្នាំ២០២០ នៅពេល​ដែល​ជំងឺរាតត្បាត​គំរាមកំហែង​ដល់​ឧស្សាហកម្ម​សំ​ខាន់​ៗ។ ធនាគារពិភពលោក ថែមទាំង​បាន​លើកឡើង​ថា កំណើន​សេដ្ឋកិច្ច​អាច​នឹង​ធ្លាក់ចុះ​មក​នៅ​ត្រឹម ១ភាគរយ​ក្នុង​រូបភាព​ដ៏​អាក្រក់​មួយ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​ថ្លែង​ថា ខណៈ​រដ្ឋាភិបាល​ខិតខំ​ក្នុង​ការទិញ​នូវ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ដើម្បី​អាច​ឱ្យ​កម្មករ​មួយចំនួន​វិលត្រឡប់​ទៅ​ធ្វើការ​វិញ រោងចក្រ​មួយចំនួន​កំពុង​បាត់បង់​ការ​បញ្ជាទិញ​ដោយសារ​តម្រូវការ​លក់រាយ​អន្តរជាតិ​មានការ​ធ្លាក់ចុះ ហើយ​ក្រុមហ៊ុន​ខ្លះ​មិន​គោរព​កិច្ចសន្យា និង​មិន​បង់ថ្លៃ​បញ្ជាទិញ​ទំនិញ​ឡើយ។

លោក អាត់ ធន់ បាន​លើកឡើង​ថា៖ «កម្មករ​មួយចំនួន​កំពុង​រង់ចាំ​រោងចក្រ​បើក​ដំណើរការ​វិញ មួយចំនួន​កំពុង​រង់ចាំ​ការ​ជួយ​ពី​រាជរដ្ឋាភិបាល ចំណែក​កម្មករ​ជាច្រើន​ផ្សេងទៀត​កំពុង​ស្វែងរក​ការងារ​ផ្សេង។ ប៉ុន្តែ ពួក​គាត់​មិន​អាច​ធ្វើដំណើរ​ទៅ​ស្រុកក្រៅ​ដើម្បី​ទៅ​រក​ការងារ​ធ្វើ​ទេ ដោយ​មូលហេតុ​គ្មាន​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ សំណង់ ឬវិស័យ​សេវាកម្ម និង​ឧស្សាហកម្ម។ បើដូច្នេះ តើ​ពួក​គាត់​គួរ​ធ្វើ​ដូចម្ដេច​?»។

កម្មករ​ជាច្រើន ពួក​គេ​មិនសូវ​មាន​ជម្រើស​ឡើយ មានតែ​ចាកចេញ​ពី​រោងចក្រ ហើយ​ត្រឡប់ទៅ​ផ្ទះ​វិញ។

នោះ​ហើយ​ជា​អ្វី​ដែល​អ្នកនាង ចើម សុ​ខុន បាន​ជួបប្រទះ​នៅក្នុង​ខែមករា​កន្លងមក នៅពេល​ដំណើរការ​នៅ​រោងចក្រ Dignity Knitter ត្រូវ​បាន​ផ្អាក​ជា​បណ្តើរ​ៗដោយសារ​បញ្ហា​វីរុស​កូ​វីដ១៩។ ផលិតកម្ម​នៅ​រោងចក្រ​មួយ​នេះ​ដែល​ស្ថិតនៅ​ក្នុង​ខេត្តកណ្តាល បាន​បញ្ឈប់​ជាស្ថាពរ​នៅ​ថ្ងៃទី០២ ខែមីនា ហើយ​អ្នកនាង សុ​ខុន បាន​និយាយ​ថា គាត់​ទទួល​បាន​ប្រាក់ខែ​តែ​ពាក់កណ្តាល​នៃ​ប្រាក់ឈ្នួល​ចំនួន ១៩០ដុល្លារ​ប៉ុណ្ណោះ​រហូតដល់​ខែកុម្ភៈ ប៉ុន្តែ មិន​ទទួល​បាន​ប្រាក់​អតីតភាព​ការងារ​ទេ។

អ្នកនាង សុ​ខុន បាន​លើកឡើង​ថា បុគ្គលិក​ដែល​បម្រើការ​យូរ​ជាងគេ គឺជា​អ្នក​ដែល​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​មុនគេ។

បន្ទាប់ពី​សង​ត្រឡប់​អស់​រយៈពេល​មួយឆ្នាំ​មក គាត់​បាន​សង​ប្រាក់​ចំនួន ១,៥០០ដុល្លារ​នៃ​ប្រាក់កម្ចី ៦,០០០ដុល្លារ​ដែល​គាត់​បាន​ខ្ចី​ពី​គ្រឹះស្ថាន​អម្រឹត។ ប៉ុន្តែ បន្ទាប់ពី​បាត់បង់​ការងារ​ក្នុង​ខែមករា​ឆ្នាំនេះ​មក អ្នកនាង សុ​ខុន ព្រួយបារម្ភ​ថា គ្រប់យ៉ាង​អាច​នឹង​ក្លាយជា​រឿង​អសារបង់។

អ្នកនាង សុខន បាន​និយាយ​ថា៖ «កម្មករ​ជាច្រើន​កំពុង​ត្រឡប់ទៅ​ផ្ទះ​ទាំង​មិន​ទទួល​បាន​សំណង ពីព្រោះ​ថៅកែ​រោងចក្រ​បាន​រត់ចោល។ ឥឡូវ ខ្ញុំ​ធ្វើការ​ជា​កម្មករ​សំណង់​នៅពេល​ថ្ងៃ ឯពេលយប់​ធ្វើការ​ជា​អ្នក​រត់​តុ»។

ទោះបី​យ៉ាងណា គាត់​សង្កេតឃើញ​ថា មានការ​ប្រជែង​ដណ្តើម​ការងារ​ទាំងនេះ​ជា​ខ្លាំង ដោយសារ​ពលករ​ចំណាកស្រុក​ដែល​បាត់បង់​ការងារ​ធ្វើ​រាប់ពាន់​នាក់​បាន​វិលត្រឡប់​មក​កម្ពុជា​ពី​ប្រទេស​ថៃ​វិញ​កាលពី​​ថ្មី​ៗនេះ។

ពេលថ្ងៃ​រកចំណូល​បាន ៧.៥ដុល្លារ​ក្នុង​មួយថ្ងៃ​ពី​ការងារ​សំណង់ និង ៥ដុល្លារ​ក្នុង​មួយ​យប់​ពី​ការងារ​នៅ​ភោជនីយដ្ឋាន អាច​ឱ្យ​អ្ន​ងនាង សុ​ខុន​ មាន​សុវត្ថិភាព​ពេលនេះ ប៉ុន្តែ មិនដឹង​ថា ការងារ​ទាំងនេះ​អាច​ឱ្យ​គាត់​ធ្វើ​បាន​រហូតដល់​ពេលណា​ឡើយ។

អ្នកនាង សុ​ខុន ប្រាប់​ថា៖ «ខ្ញុំ​នឹង​ព្យាយាម​រក​ប្រាក់ ខ្ញុំ​នឹង​ធ្វើការងារ​គ្រប់យ៉ាង​ដើម្បី​រក​ប្រាក់​មក​សង [អម្រឹត​] ដើម្បី​កុំឱ្យ​ពួក​គេ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​យើង ប៉ុន្តែ យើង​បាន​ចាប់ផ្តើម​លក់​មាន់ ជ្រូក និង​គោ​របស់​យើង​ដើម្បី​សងបំណុល​ហើយ និង​បារម្ភ​ពី​ការបាត់បង់​ដី​របស់​យើង​ផង។ ប្រសិនបើ​ពួក​គេ​រឹបអូស​ដី​របស់​យើង យើង​មិនដឹង​ថាត្រូវ​ទៅ​ទីណា​ទេ»។

គាត់​បន្ថែម​ថា គាត់​ត្រូវ​សងបំណុល​ចំនួន ១៨០ដុល្លារ​ក្នុង​មួយ​ខែ ដោយ​គាត់​បង់​ពាក់កណ្តាល ឯបងប្អូន​របស់​គាត់​ជា​អ្នក​បង់ ៩០ដុល្លារ​ទៀត។

ខាង​គ្រឹះស្ថាន​អម្រឹត​មិនបាន​ឆ្លើយតប​នឹង​សំណើសុំ​ការ​អត្ថា​ធិប្បាយ​ទេ។

កាលពី​ឆ្នាំ២០១៧ អ្នកស្រី សូ​នី ឌី​ណា ដែល​ជា​បុគ្គលិក​អាយុ ៣៤ឆ្នាំ​ នៅ​រោងចក្រ​កាត់ដេរ Wai Full ស្ថិតនៅ​ក្នុង​ខេត្ត​កណ្ដាល បាន​ខ្ចីប្រាក់​ចំនួន ១០,០០០ដុល្លារ​ ពី​ហត្ថា​កសិករ​លីមីត​ធី​ត (HKL​) ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ផង​ដែរ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ឥណទាន​មិនទាន់​សង​ចំនួន​ជាង ១ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ខែមករា​កន្លង​មក​ថ្មី​ៗនេះ។ អ្នកស្រី ឌី​ណា បាន​ប្រើ​កម្ចី​នេះ​ដើម្បី​បើក​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​មួយ ប៉ុន្តែ គាត់​ទទួល​បាន​កម្ចី​នេះ​ដោយ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ផ្ទះ​របស់​គាត់​ដាក់ជា​ទ្រព្យ​បញ្ចាំ។

ក្រោយ​ទទួល​កម្ចី​បាន​ជិត ២ឆ្នាំទៅ​ហើយ​នោះ ភោជនីយដ្ឋាន​របស់​គាត់​ក៏​ត្រូវ​បិទទ្វារ​នៅ​ចុងឆ្នាំ២០១៨ទៀត ឥឡូវ​គាត់​មានតែ​ពឹងផ្អែក​លើ​ប្រាក់ខែ​របស់​ប្តី​ដើម្បី​ដោះបំណុល និង​តម្រូវការ​ក្នុង​គ្រួសារ។ ប្ដី​របស់​គាត់​គឺជា​តន្រ្តី​ករ​ម្នាក់​សម្រាប់កម្មវិធី​នានា ហើយ​លទ្ធភាព​រក​ប្រាក់​របស់​គាត់​ក៏​ត្រូវ​រង​ការ​ប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​វីរុស​កូ​វីដ១៩ ដែរ។

អ្នកស្រី ឌី​ណា និយាយ​ថា៖ «នៅពេល​នេះ យើង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ពីព្រោះ​រោងចក្រ​បាន​បិទទ្វារ ហើយ​មិនដឹង​ថា ខាង​រោងចក្រ​នឹង​ផ្តល់​សំណង​ដល់​យើង ឬអត់​ឡើយ។ យើង​មិន​មាន​ប្រាក់​ដើម្បី​សងបំណុល​ទេ ហើយ​ខ្ញុំ​គិតថា [ម្ចាស់បំណុល​] នឹង​រឹបអូស​យក​ផ្ទះ​របស់​យើង​មិនខាន»។

គាត់​បាន​បន្ថែម​ទៀត​ថា គាត់​មិនដែល​ខកខាន​ក្នុង​ការ​បង់ប្រាក់​ឡើយ និង​តែងតែ​កាត់បន្ថយ​ចំណាយ​គ្រួសារ​ដើម្បី​បំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​របស់​គាត់​សង​ត្រឡប់ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ។

បន្ទាប់ពី​បាន​ស្តាប់​ឮសំណើ​របស់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កាលពីដើម​ខែមីនា​ ចំពោះ​ការ​ពន្យារពេល​ប្រមូល​បំណុល​មក អ្នកស្រី ឌី​ណា ប្រាប់​ថា គាត់​មាន​ក្តី​សង្ឃឹម និង​បាន​ទូរសព្ទ​ទៅ​ខាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ ដើម្បី​សាកសួរ​ថា តើ​ពួក​គេ​នឹង​ធ្វើតាម​សំណើ​របស់​លោកនាយក​រដ្ឋមន្រ្តី​ដែរ​ឬទេ។ ប៉ុន្តែ មន្រ្តី​ឥណទាន​បាន​ប្រាប់​គាត់​ថា ពួក​គេ​នឹង​នៅតែ​ប្រមូល​ទាំង​បំណុល​ដើម និង​ការប្រាក់​ដដែល។

យ៉ាងណាមិញ លោក ហួត អៀង​តុង ជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កិស​ករ បាន​បញ្ជាក់​ថា កម្មករ​កាត់ដេរ​ដែល​ជំពាក់បំណុល មិន​គួរ​ព្រួយបារម្ភ​ទេ ក្រុមហ៊ុន​របស់​លោក​នឹង​មិន​រឹបអូស​ទ្រព្យសម្បត្តិ ឬដីធ្លី​របស់​អ្នកខ្ចី​ក្នុងអំឡុងពេល​មានការ​រាតត្បាត​ពី​វីរុស​កូ​វីដ១៩ ឡើយ។

លោក អៀង​តុង មានប្រសាសន៍​ថា៖ «យើង​នឹង​មិន​ប្រមូលប្រាក់​ពី​អ្នក​ដែល​គ្មាន​ចំណូល​នោះ​ទេ។ រហូត​មកទល់​ពេលនេះ យើង​មាន​អតិថិជន​ដែល​ជា​អ្នកខ្ចី​ប្រាក់​ច្រើនជាង ១,០០០នាក់​ហើយដែល​បាន​ទូរសព្ទ​មក ហើយ​យើង​ក៏​កំពុងតែ​វិភាគ​អំពី​ស្ថានភាព​នេះ​ដែរ។ យើង​កំពុង​សិក្សា​អំពី​លទ្ធភាព​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ»។

វណ្ណៈ​ជា​បុគ្គលិក​ធ្វើការ​ឱ្យ​គេ

កាលពី​ខែកុម្ភៈ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា កម្មករ​កាត់ដេរ​ដែល​ត្រូវ​បាន​ព្យួរការងារ​នឹង​ទទួល​បាន​ប្រាក់ ៦០ភាគរយ​នៃ​ប្រាក់ឈ្នួល​អប្បបរមា​ចំនួន ១៩០ដុល្លារ​របស់​ខ្លួន។ ប្រាក់ឈ្នួល​ដែល​បាន​សន្យា ១១៤ដុល្លារ ក្នុង​នោះ​មាន ៧៦ដុល្លារ​ទទួល​បាន​ពី​ភាគី​ថៅកែ​រោងចក្រ និង ៣៨ដុល្លារ​ទៀត​ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល ប៉ុន្តែ ក្រោយមក​ សមាគម​ឧស្សាហកម្ម​កាត់ដេរ (GMAC​) បាន​លើកឡើង​ថា លំហូរ​ចេញ​នៃ​សាច់ប្រាក់​ដ៏​ច្រើន និង​ការ​បង្អាក់ដំណើរ​ការ បណ្តាល​ឱ្យ​រោងចក្រ​ពុំ​មានលទ្ធភាព​ផ្តល់​ប្រាក់ឈ្នួល​ដល់​កម្មករ​ដែល​ត្រូវ​បាន​ព្យួរការងារ​រហូត​នោះ​ឡើយ។

បន្ទាប់មក លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា កម្មករ​ដែល​ត្រូវ​បាន​ព្យួរការងារ​ទាំងអស់​នឹង​ទទួល​បាន​ប្រាក់ឈ្នួល​ចំនួន ៧០ដុល្លារ​ក្នុង​មួយ​ខែ ​ដោយ ៤០ដុល្លារ​បាន​មក​ពី​ខាង​រដ្ឋាភិបាល និង ៣០ដុល្លារ​ទៀត ​បាន​មក​ពី​ភាគី​ថៅកែ​រោងចក្រ។

លោក ឃុន ថា​រ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ការងារ និង​សិទ្ធិមនុស្ស ឬហៅ​កាត់​ថា សង់​ត្រា​ល់ (Central​) បាន​ថ្លែង​ថា នេះ​ជា​ការ​ប៉ះពាល់​ដល់​លទ្ធភាព​កម្មករ​ក្នុង​ការ​សងបំណុល ជាពិសេស​អង្គការ​នេះ បាន​ប៉ាន់ប្រមាណ​ថា​ ប្រាក់ចំណូល​ប្រហែល​ពាក់កណ្តាល​របស់​កម្មករ​កាត់ដេរ ត្រូវ​បាន​ប្រើ​សម្រាប់​ទូទាត់​សង​ប្រាក់កម្ចី។

លោក ថា​រ៉ូ បាន​លើកឡើង​ថា ការ​បង្កើន​ហានិភ័យ​បំណុល​មិនមែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​វិស័យ​កាត់ដេរ។

លោក​និយាយ​ថា៖ «វណ្ណៈ​បុគ្គលិក​ជា​អ្នកធ្វើការ​ឱ្យ​គេ គឺ​បែបនេះ​ហើយ»។

លោក មឿន តុលា ជានា​យក​ប្រតិបត្តិ​របស់​អង្គការ​សង់​ត្រា​ល់ បាន​ថ្លែង​ថា ចំណាត់ការ​ពី​រដ្ឋាភិបាល គឺ​ត្រូវការ​ជាបន្ទាន់។

លោក តុលា មានប្រសាសន៍​ថា៖ «ប្រជាជន​មិន​មាន​លុយកាក់​ឡើយ ប្រសិនបើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធ្វើការ​រឹបអូស​ពី​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វីរុស​កូ​វីដ១៩ នោះ​នឹង​បង្ក​ជា​វិវាទ​ធំ»។

លោក​បន្ត​ថា៖ «យើង​ជួប​ជាមួយ​កម្មករ​ជា​រៀងរាល់​ខែ។ ក្នុង​នោះ​មាន​ជាង ៩០ភាគរយ​នៃ​អ្នក​ដែល​យើង​បាន​ជួប​សំណេះសំណាល ពួក​គេ​ជាប់បំណុល។ ពួក​គាត់​ភាគច្រើន​ប្រគល់​សិទ្ធិ​កាន់កាប់​ដី​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដូច្នេះ ប្រសិនបើ​គ្មាន​ចំណាត់ការ​ពី​រដ្ឋាភិបាល​ទេ ប្រទេស​កម្ពុជា​នឹង​ប្រឈមមុខនឹង​វិបត្តិ​សង្គម»។

លោក តុលា បាន​បន្ថែម​ទៀត​ថា កម្មករ​ក៏​មានការ​ព្រួយបារម្ភ​រឹតតែ​ខ្លាំង​ដែរ​អំពី​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​នៅកន្លែង​ធ្វើការ​ផង​ដែរ។

កម្មករ​ជាច្រើន​ប្រមាណ ៦០នាក់ ធ្វើដំណើរ​ក្នុង​ឡាន​តែមួយ​ទៅមក​រោងចក្រ ហើយក៏​ដូចគ្នា​នេះ​ដែរ សម្រាប់​ចម្ងាយ​ជិត​គ្នា​ដែល​កម្មករ​កាត់ដេរ​ម្នា​ក់ៗ​ត្រូវ​ធ្វើការ​រាល់ថ្ងៃ ចំពោះ​អ្នក​នៅ​មានការ​ងារ​ធ្វើ​ត្រូវ​ប្រឈម​រវាង​ការ​ប្រថុយ​ផ្នែក​សុខភាព ឬការ​ប្រថុយប្រថាន​អាយុជីវិត​របស់​ខ្លួន។

ថវិកា​សង្រ្គោះ​សម្រាប់​អ្នក​ផ្តល់​ប្រាក់កម្ចី​?

កាលពី​ចុងខែ​មីនា ​ធនាគារជាតិនៃកម្ពុជា (NBC​) បាន​ចេញ​សារាចរ​ជាធរមាន​ដែល​ស្នើ​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងអស់ រួម​ទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធ្វើការ​រៀបចំ​ឥណទាន​ឡើងវិញ​សម្រាប់​អតិថិជន​ក្នុង​វិស័យ​អាទិភាព​ដូចជា​ វិស័យ​ទេសចរណ៍ សំណង់ ដឹកជញ្ជូន និង​ផលិតកម្ម​សម្លៀកបំពាក់​ ជាដើម។ ទោះជា​យ៉ាងនេះ​ក្តី ក៏​សេចក្តី​ជូនដំណឹង​នេះ ទុក​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​អ្នក​កំណត់​ថា តើ​អតិថិជន​ណា​ដែល​កំពុង​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ពិតប្រាកដ។

លោក គា បូ​រ៉ា​ន់ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA​) និង​ជានា​យក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ប្រាប់​ថា៖ «សារាចរ​នេះ​មិនបាន​ចែងថា ស្ថាប័ន​ហិរញ្ញវត្ថុ​ត្រូវតែ ​[ធ្វើអ្វី​] នោះ​ទេ។ គោលការណ៍​ណែនាំ គឺ​សម្រាប់​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ [ធ្វើការ​] តាម​គោលការណ៍​របស់​ខ្លួន និង​មើលតាម​ស្ថានភាព​របស់​អតិថិជន​ម្នា​ក់ៗ» ។

លោក បូ​រ៉ា​ន់ បាន​លើកឡើង​ថា នៅ​កម្ពុជា មាន​អតិថិជន​ដែល​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន ២.២៤លាន​នាក់ រួម​ទាំង​សហគ្រាស​ខ្នាត​តូចបំផុត ឬតូច និង​សហគ្រាស​ខ្នាត​មធ្យម ដែល​មាន​ទំហំ​កម្ចី​ជាមធ្យម ៣,២៦៥ដុល្លារ។ ប៉ុន្តែ ប្រាក់កម្ចី​នៅ​តាម​ជនបទ​ភាគច្រើន គឺ​ទាប​ជាង ១,០០០ដុល្លារ​ទេ។

ប្រធាន​សមាគម​វិស័យ​មីក្រូហិរញ្ញវត្ថុ​រូប​នេះ បាន​មានប្រសាសន៍​ថា លោក​ជឿជាក់​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​យកចិត្ត​ទុកដាក់​ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វីរុស​កូ​វីដ១៩។

លោក​បាន​មានប្រសាសន៍​ថា៖ «យើង​នឹង​បន្ត​ឃ្លាំមើល​ស្ថានការណ៍​នេះ​ឱ្យ​បាន​ដិតដល់ ហើយ​សមាជិក CMA ក៏បាន​យល់ព្រម​ផ្តល់​ជម្រើស​ចំពោះ​ការរៀបចំ​ឥណទាន​ឡើងវិញ ​សម្រាប់​អតិថិជន​ដែល​ពិតជា​រង​ការ​ប៉ះពាល់​លើ​ប្រាក់ចំណូល​របស់​ខ្លួន​ បណ្តាល​មក​ពី​ការ​ផ្អាក​ដំណើរការ​រោងចក្រ​ផង​ដែរ»។

នៅពេល​ចោទសួរ​ថា តើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ប៉ុន្មាន​នៅក្នុង​សមាគម​ដែល​នឹង​ធ្វើតាម​គោលការណ៍​ណែនាំ​របស់ NBC លោក បូ​រ៉ា​ន់ បាន​មានប្រសាសន៍​ថា លោក​គិតថា គ្រឹះស្ថាន​ទាំងអស់​នឹង​ធ្វើតាម ប៉ុន្តែ លោក​ក៏បាន​បញ្ជាក់​ដែរ​ថា គោលការណ៍​មិនមែន​ជា​បទបញ្ជា​ឱ្យ​បញ្ឈប់​ការ​ប្រមូលប្រាក់​បំណុល​នោះ​ទេ ប៉ុន្តែ ជា​ជម្រើស​មួយ​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

លោក Milford Bateman អ្នកនិពន្ធ​សៀវភៅ «ហេតុអ្វីបានជា​មីក្រូហិរញ្ញវត្ថុ​មិន​ដំណើរការ​? ការ​កើនឡើង​នៃ​ការបំផ្លាញ​លទ្ធិ​សេរីនិយម​សម័យថ្មី» មើលឃើញ​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​ជា​ចំ​ណុច​សក្តា​នុ​ពល​សម្រាប់​ការ​ធ្វើ​កំណែទម្រង់។

លោក​ប៉ាន់ស្មាន​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺជា​ឧស្សាហកម្ម​មួយ​ដែល​រក​ប្រាក់ចំណេញ​បាន​ច្រើន​បំផុត​នៅក្នុង​ប្រទេស ដែល​មានតម្លៃ​ប្រមាណ ១០ពាន់​លាន​ដុល្លារ

លោក Bateman បាន​បកស្រាយ​ថា៖ «ទោះបីជា ADB [ធនាគារ​អភិវឌ្ឍន៍​អាស៊ី​] ឬធ​នា​គារ​ពិភពលោក​ អាច​ជួយ​សម្រួល​ដល់​អន្តរាគមន៍​តូ​តឹម ដោយសារ​ហេតុផល​មនោគមវិជ្ជា​យ៉ាងណា​សម្រាប់​វិប​ត្តិ​មុន​ៗ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ​ត្រូវ​បាន​ផ្អាក​ដំណើរការ​បន្ទាប់ពី​ពួក​គេ​ធ្វើការ​រឹបអូស​ដី ដូច្នេះ ​រដ្ឋា​ភិ​បា​កកម្ពុជា​អាច​នឹង​ផ្អាក​ដំណើរការ​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ទាមទារ​ឱ្យ​មានការ​ផ្លាស់​ប្តូរ ប៉ុន្តែ អ្នក​បញ្ចុះបញ្ចូល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​អ្នកមាន​ឥទ្ធិពល និង​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ទប់ទល់​នឹង​ការកែទម្រង់»។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីន​ហួ បានឱ្យ​ដឹង​ថា លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មានប្រសាសន៍​ថា រដ្ឋាភិបាល​មាន​ថវិកា​ចន្លោះ​ពី ៨០០លាន​ដុល្លារ​ ទៅ ២ពាន់​លាន​ដុល្លារ ដើម្បី​ទុកបម្រុង​សម្រាប់​ទប់ទល់​ការ​រាតត្បាត​នៃ​វីរុស និង​កំពុង​ពិចារណា​លើ​ថវិកា​សង្គ្រោះ​ពី ៥០០លាន​ដុល្លារ​ទៅ ៦០០០លាន​ដុល្លារ​ សម្រាប់​វិស័យ​ហិរញ្ញវត្ថុ។ ក្រសួងហិរញ្ញវត្ថុ​ បាន​បដិ​សេធ​ធ្វើ​អត្ថា​ធិប្បាយ​ចំពោះ​ការ​ចំណាយ​លើ​ថវិកានេះ​ទេ។

លោក Bateman ស្នើ​ថា ចាំបាច់​ត្រូវ​មាន​បទប្បញ្ញត្តិ​រឹងមាំ​បន្ថែម​ទៀត ដើម្បី​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ព្រម​គោរព​តាម។ ធនាគារពិភពលោក សម្គាល់​ឃើញថា កាលពី​ឆ្នាំមុន វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស ដោយ​ទាំងទ្រព្យសម្បត្តិ និង​កម្ចី​មាន​កំណើន​ក្នុង​អត្រា​ប្រចាំឆ្នាំ​ជាង ៤០ភាគរយ​ចាប់តាំងពី​ឆ្នាំ២០០៧មក។

តាម​ការ​កត់សម្គាល់​របស់​លោក Bateman ឃើញថា មានការ​ណែនាំ​ពីអ​ត្រា​ការប្រាក់​ដែល​បាន​កំណត់​ក្នុង​ឆ្នាំ២០១៧ និង​អនុស្សារ​ណៈ​នៃ​ការ​ផ្តល់​ប្រាក់កម្ចី​ឆ្នាំ២០១៦ ដែល​ចុះហត្ថលេខា​ដោយ​សមាជិក CMA ដោយ​ចែងថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​គួរ​ផ្តល់​ប្រាក់កម្ចី​ដល់​អតិថិជន​ដែល​មាន​ប្រាក់កម្ចី​សកម្ម​ពីរ​រួចហើយ​នោះ​ទេ។ យោង​តាម​លោក Bateman គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នឹង​បន្ថែម​តម្លៃ​ថ្មី​បន្ទាប់ពី​ខ្លួន​ត្រូវ​បាន​បង្ខំ​ឱ្យ​គិត​អត្រា​ការប្រាក់​ទាប។

លោក Bateman និយាយ​ថា៖ «ខ្ញុំ​គិតថា អ្នក​នឹង​ឃើញ​រដ្ឋាភិបាល​បរទេស​ដាក់​សម្ពាធ​លើ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឱ្យ​ផ្អាក​ដំណើរការ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប៉ុន្តែ អាច​នឹងជា​ដំណោះស្រាយ​មួយ ប្រសិនបើ​លោក​ផ្អាក​ដំណើរការ​គ្រឹះស្ថាន​ទាំងនោះ ហើយ​ផ្តល់​ចំណែក​ដល់​ប្រជាជន​កម្ពុជា»។

លោក​រំពឹង​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​រួមបញ្ចូល​គ្នា ប្រសិនបើ​មានការ​ទាមទារ​ឱ្យធ្វើ​កំណែទម្រង់​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ឧបត្ថម្ភធន​ពី​រាជរដ្ឋាភិបាល​កម្ពុជា ហើយក៏​កត់សម្គាល់​ផង​ដែរ​ថា ការ​រឹបអូស​យក​ដី​ធ្លី​ស្ងាត់​ៗទំនងជា​អាច​កើតមាន​ក្នុង​វិបត្តិ​កូ​វីដ១៩។

លោក Bateman និយាយ​បន្ត​ថា៖ «ឥឡូវ​ច្បាស់​ណាស់​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​មានផល​វិជ្ជមាន​ដូចដែល​បាន​សន្យា​ក្នុង​ឆ្នាំ២០០៣ឡើយ នៅពេល​គម្រោង​មីក្រូហិរញ្ញវត្ថុ​ដែល​ដឹកនាំ​ដោយ​សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​នៅក្នុង​ប្រទេស​កម្ពុជា ជា​លទ្ធផល គឺ​មានតែ​ធ្វើ​ឱ្យ​បុគ្គល​ម្នា​ក់ៗ​ជំពាក់បំណុល​ប៉ុណ្ណោះ»។

លោក​បន្ត​ថា៖ «ផ្នែក​មីក្រូហិរញ្ញវត្ថុ​គួរតែ​ជា​អ្នកជួយ​ជ្រោមជ្រែង​ពលរដ្ឋ​ក្រីក្រ ដែល​ទស្សនៈ​ដើម​នេះ​បាន​បាត់បង់​ទៅ​ហើយ»៕

ដោយ Gerald Flynn និង Mech Dara [អាជីវកម្ម]


ចំណាំ​៖ «ការស្រាវជ្រាវ​នេះ​ ផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ