ក្រសួង​សុខា​ភិបាល​​ស្នើ​​ដាក់​​ដាច់​ដោយ​ឡែក​១៤​ថ្ងៃ​ ចំពោះ​​កម្មករ​​ណា​​ដែល​​ឈប់​សម្រាក​​អំឡុង​​ចូល​ឆ្នាំ​​

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

ក្រសួងសុខាភិបាល​ស្នើ​ដាក់​ដាច់ដោយឡែក ១៤ថ្ងៃ​ ដោយមាន​ការពិនិត្យ​តាមដាន​សុខភាព ចំពោះ​កម្មករ​-កម្មការិនី​ណា​ដែល​បាន​ឈប់សម្រាក​អំឡុង​បុណ្យចូលឆ្នាំ ហើយ​បាន​ត្រឡប់​មក​បម្រើការ​ងារ​តាម​រោងចក្រ​នៅក្នុង​រាជធានី​ភ្នំពេញ​វិញ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី១៥ ខែមេសា ក្រសួង​សុខា​ភិបាល​បាន​ស្នើ​ទៅ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ត្រូវ​ចាត់វិធានការ ចត្តាឡីស័​ករយៈពេល ១៤ថ្ងៃ ដោយ​ដាក់​នៅ​តាម​ផ្ទះ​ជា​លក្ខណៈ​បុគ្គល ​ចំពោះ​កម្មករ​កម្មការិនីដែល​នឹង​វិលត្រឡប់​ចូល​បម្រើការ​ងារ​វិញ បន្ទាប់ពី​ចប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ដើម្បី​បង្ការ​ការ​ចម្លងជំងឺ​កូ​វីដ១៩។

ក្នុង​លិខិត​ដដែល​នេះ ក្រសួងសុខាភិបាល​ក៏​ស្នើ​ទៅ​ក្រសួងការងារ​ឱ្យបញ្ជូន​ក្រុម​គ្រូពេទ្យ​ទៅតាម​ដាន និង​ត្រួតពិនិត្យ​សុខភាព​កម្មករ-កម្មការិនី​ដែល​ដាក់​ដាច់ដោយឡែក​នោះ​ដែរ។ ហើយ​ថា ប្រសិន​មាន​បុគ្គល​ណា​ម្នាក់ មាន​បញ្ហា​សុខភាព​ពាក់ព័ន្ធ​ជំងឺ​កូវីដ១៩ ត្រូវ​ទំនាក់ទំនង​ទៅ​ក្រសួងសុខាភិបាល​វិញ ដើម្បី​អន្តរាគមន៍​ក្នុង​ការពិនិត្យ និង​ធ្វើ​រោគ​វិ​និច្ឆ័យ​បុគ្គល​នោះ​ទាន់ពេល​វេលា។

ក្រសួងសុខាភិបាល​បញ្ជាក់​ថា ស្ថានភាព​ជំងឺ​កូ​វីដ១៩ ស្ថិតនៅ​ក្នុង​ដំណាក់កាល​មួយ​ដែល​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ ដើម្បី​កុំឱ្យ​ជំងឺ​មួយ​នេះមានលទ្ធភាព​ចម្លង​រាតត្បាត​ចូល​ដល់​សហគមន៍ តាមរយៈ​ការ​ធ្វើដំណើរ​ចល័ត​របស់​បុគ្គល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិ​ជ្ជាជីវៈ ​លោក ហេង សួរ ពាក់ព័ន្ធ​ករណីនេះទេ។

កាលពី​ថ្ងៃទី៩ ខែមេសា​នេះ ក្រសួងការងារ​បាន​ដាក់ចេញ​នូវ​វិធានការ​បន្ថែម​ទៀត​ចំពោះ​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា ដើម្បី​បង្ការ​ជំងឺ​កូ​វីដ១៩ ក្នុងអំឡុងពេល​លើក​ការ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ។

ក្រសួងការងារ​បាន​តម្រូវឱ្យកម្មករ​ដែល​ឈប់​សម្រាក់ដោយខ្លួនឯង​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​នោះ គឺ​ដាក់​ដាច់ដោយឡែក​ពី​គេ​រយៈពេល ១៤ថ្ងៃ មុន​ចូល​បំពេញការងារ​វិញ និង​មិន​ទទួល​បាន​ប្រាក់ឈ្នួល​ឡើយ​ក្នុងរយៈពេល​នោះ។

ចំពោះ​ករណី​កម្មករ​ណា​ដែល​ឈប់សម្រាក​ដោយមាន​ការអនុញ្ញាត​ពី​ថៅកែ គឺ​កម្មករ​រូប​នោះក៏​ត្រូវ​ដាក់​ដាច់ដោយឡែក​រយៈពេល ១៤ថ្ងៃ​ដែរ មុន​ចូល​បំពេញការងារ​វិញ ប៉ុន្តែ ត្រូវ​ទទួល​បាន​ប្រាក់ឈ្នួល​ក្នុងអំឡុងពេល​ដាក់​ដាច់ដោយឡែក​នោះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក អាត់ ធន់ មានប្រសាសន៍​ថា លោក​មិន​ជំទាស់​ទៅ​នឹង​វិធានការ​របស់​រដ្ឋាភិបាល​ ដែល​សម្រេច​ដាក់​កម្មករ​ដាច់ដោយឡែក ១៤ថ្ងៃ មុន​ចូល​បំពេញការងារ​នោះ​ទេ។

ប៉ុន្តែ​ លោក​ស្នើ​ឱ្យក្រសួងការងារ​ត្រូវ​ធ្វើ​កិច្ចការ​ងារ​នោះ​ឱ្យបាន​ច្បាស់លាស់ ដោយ​ក្រសួង​ត្រូវ​មាន​កន្លែង​សម្រាប់​កម្មករ​ស្នាក់នៅ ១៤ថ្ងៃ​នោះ​បាន​ត្រឹមត្រូវ ហើយ​ក្រុម​គ្រូពេទ្យ​តាមដាន​ពិនិត្យ​ពួក​គេ​ឱ្យបាន​ដិតដល់​ផង​ដែរ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​គិតថា ​បើជ្រុលជា​លើក​មិន​ឱ្យឈប់​ពេល​ចូលឆ្នាំ និង​មាន​វិធានការ​ការពារ​ហើយ​ គួរតែ​ពេល​គាត់​មក​ហ្នឹង​ ត្រូវតែ​ពិនិត្យ​សុខភាព​គាត់​ឱ្យបាន​ច្បាស់លាស់​គ្រប់​កម្មករ​ទាំងអស់​ហ្នឹង។ អ្នកណា​សង្ស័យ​គឺ​ដាក់​នៅ​ដាច់ដោយឡែក​ទៅ ហើយ​មាន​កន្លែង​ឱ្យ​ពួក​គាត់​ស្នាក់នៅ​បាន​សមរម្យ។ ចំពោះ​អ្នកណា​មិន​សង្ស័យ​ទេ ឱ្យ​ពួក​គាត់​នៅកន្លែង​ណាមួយ​របស់​ពួក​គាត់​ដែល​ងាយ​គ្រប់​គ្រង​អីចឹង​ទៅ»។

លោក អាត់ ធន់ ឱ្យដឹង​ថា បើ​តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន គឺ​មានកម្ម​ករ​ប្រហែលជា ១០ម៉ឺន​នាក់​បាន​ទៅ​ស្រុកកំណើត​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ។

ប៉ុន្តែ​ យ៉ាងណា ​កាលពី​ថ្ងៃទី១៤ ខែមេសា អ្នកនាំពាក្យ​ក្រសួងការងារ​ លោក ហេង សួរ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប ទូទាំង​ប្រទេស​ប្រមាណ ៩៥ភាគរយ​ បាន​គោរព​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ដោយ​នៅ​បំពេញការងារ​ជា​ធម្មតា មិន​មាន​ឈប់សម្រាក​ក្នុង​អំឡុង​ចូលឆ្នាំ​ខ្មែរ​នោះ​ទេ។

កាលពី​ថ្ងៃទី៩ ខែមេសា រដ្ឋាភិបាលបានសម្រេច​ដាក់កំហិត​ការ​ធ្វើដំណើរ​ក្នុង​ប្រទេស ដែល​អនុវត្ត​ចាប់ពី​ម៉ោង ២៤​:០០ ថ្ងៃទី៩ ខែមេសា ដល់ម៉ោង ២៤​:០០ ថ្ងៃទី១៦ ខែមេសា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​ក្រុម​កម្មករ​តាមបណ្តា​រោងចក្រ​មួយចំនួន​បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ឈប់​សម្រាកអំឡុង​ពេល​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ