រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋជាថ្មីទៀត ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្បិតឱកាសចម្លងជំងឺនៅក្នុងសហគមន៍មូលដ្ឋានមានហានិភ័យខ្លាំង ប្រសិនបើគ្មានការចូលរួមទប់ស្កាត់ ឬការពារឱ្យមានប្រសិទ្ធភាពនោះទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ១៩នៅព្រឹកនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា ការដែលមិនគោរពសេចក្តីណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដូចជាអនាម័យ នៅឆ្ងាយពីគ្នា ឬផ្អាកការជួបជុំធំតូចជាបណ្តោះអាសន្នជាដើមនោះ នឹងនាំហានិភ័យខ្ពស់ដល់ពលរដ្ឋតាមមូលដ្ឋាន ហើយសេចក្តីស្លាប់ដោយសារជំងឺឆ្លងនេះនឹងអាចកើតមានផងដែរ។
លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖ «ដូច្នេះ សូមឱ្យបងប្អូនពង្រឹងការងាររបស់យើង ដែលយើងបានធ្វើរួចមកហើយ ប៉ុន្តែ ពង្រឹងបន្ថែមទៀត។ បើយើងប្រត្តិបត្តមិនបានខ្ជាប់ខ្ជួននោះទេ យើងនឹងឈានដល់ការឆ្លងដល់សហគមន៍ ហើយក៏ឈានដល់ទីបញ្ចប់ ឬឈានទៅដល់ក្តីវិនាសរបស់យើង គឺការស្លាប់។ ព្រោះកាលណាវាច្រើនហួស ការគ្រប់គ្រងខាងផ្នែកវេជ្ជសាស្ត្ររបស់យើង ក៏ជួបការលំបាកដែរ»។
ដោយឡែក ប្រធានអង្គការសុខភាពពិភពលោកនៅកម្ពុជា លោកស្រី លី អៃឡាន (Li Ailan) បានឱ្យដឹងតាមរយៈអ្នកបកប្រែនៅក្នុងសន្និសីទកាសែតនេះ ដោយសម្តែងក្តីបារម្ភដែរថា បញ្ហាខ្វះមន្ត្រីជំនាញ ខ្វះសម្ភារ ខ្វះសមត្ថភាពគ្រប់គ្រង គឺជាបញ្ហាប្រឈម និងជាក្តីបារម្ភខ្លាំងសម្រាប់កម្ពុជា ប្រសិនបើការឆ្លងរីករាលដាលជំងឺកូវីដ១៩ មានកាន់តែច្រើន។
លោកស្រីបន្តតាមរយៈអ្នកបកប្រែថា៖ «អីចឹង កន្លែងហ្នឹងគឺមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលខាងWHO ដែលបានធ្វើការងារជាមួយខាងក្រសួងសុខាភិបាលយ៉ាងកៀកបង្កើយហ្នឹង គឺថាមានការព្រួយបារម្ភជាខ្លាំងទៅលើការខ្វះខាត [បញ្ហាខ្វះមន្ត្រីជំនាញ ខ្វះសម្ភារ ខ្វះសមត្ថភាពគ្រប់គ្រង] នេះ។ អីចឹងហើយបានយើងធ្វើកិច្ចការងារអន្តរាគមន៍ចាប់តាំងពីជំងឺចាប់ផ្តើមដំបូងហ្នឹង គឺយើងចាប់ផ្តើមខ្ទប់វាកុំឱ្យរីករាលដាលខ្លាំង»។
ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គីមអេង ក៏មានការបារម្ភចំពោះលទ្ធភាពឆ្លងជំងឺកូវីដ១៩ នៅតាមសហគមន៍ ដោយសារតែចលនារបស់ពលរដ្ឋវិលត្រឡប់ពីទីក្រុងទៅជនបទ ឬវិលពីតំបន់មួយទៅតំបន់មួយកាន់តែច្រើន ហើយសកម្មភាពជួបជុំផឹកស៊ីក៏មានកាន់តែច្រើនក្នុងពេលបុណ្យចូលឆ្នាំថ្មីនេះផងដែរ។
លោក យង់ គីមអេង យល់ថា វិធានការបន្ថែមទៀតរបស់រដ្ឋាភិបាលគួរធ្វើដូចជា វិធានការបិទការចរាចរគ្រឿងស្រវឹង និងបិទការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទជាបន្ទាន់ ព្រមទាំងត្រូវផ្សព្វផ្សាយអប់រំពលរដ្ឋអំពីវិធីការពារជំងឺនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
លោក យង់ គីមអេង មានប្រសាសន៍បន្ថែមថា៖ «ខ្ញុំគិតថា វិធានការសំខាន់ដែលរដ្ឋាភិបាលគួរធ្វើទីមួយ គឺត្រូវតែបិទការលក់គ្រឿងស្រវឹងនៅទូទាំងប្រទេស ជាពិសេសនៅអំឡុងពេលចូលឆ្នាំនេះ បាទ! ហើយទីពីរត្រូវបិទការផ្សាយពាណិជ្ជកម្ម [គ្រឿងស្រវឹង] ដោយមកផ្សព្វផ្សាយអំពីវិធានការបង្ការ ឬវិធីការពារជំងឺកូវីដ១៩ហ្នឹង ឱ្យបានទូលំទូលាយ»។
ក្រសួងសុខាភិបាលអះអាងថា គិតត្រឹមថ្ងៃទី១៣ ខែមេសា កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន ១២២នាក់ ក្នុងនោះអ្នកដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានចំនួន ៧៧នាក់ ឬស្មើជាង ៦៣ភាគរយ ហើយ ៤៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។ ក្រសួងបញ្ជាក់ថា មិនទាន់មានពលរដ្ឋណាម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ នៅឡើយទេ។
ទោះបីជាមានការព្យាបាលជាសះស្បើយច្រើន និងមិនទាន់មានពលរដ្ឋណាម្នាក់ស្លាប់ដោយជំងឺនេះបែបណាក្តី ប៉ុន្តែ លោក ម៉ម ប៊ុនហេង អះអាងថា ខាងក្រសួងត្រៀមចេញសេចក្តីណែនាំមួយប្រាប់ទៅពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ឱ្យរៀបចំទុកដាក់សពអ្នកដែលស្លាប់ដោយជំងឺកូវីដ១៩ភ្លាមៗ ដូចជា បូជា ឬកប់ ដោយមិនអនុញ្ញាតឱ្យធ្វើបុណ្យសពនោះឡើយ៕