ក្រសួង​កសិកម្ម​ថា តម្លៃ​ស្វាយ​ស្រស់​ធ្លាក់​ចុះ​ដោយ​សារ​ជំងឺ​កូវីដ​១៩​

កសិករពីរនាក់ លើកដាក់រៀបចំផ្លែស្វាយដើម្បីយកទៅលក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងកសិកម្ម អះអាងថា តម្លៃផ្លែស្វាយស្រស់ធ្លាក់ថ្លៃ ព្រោះរោងចក្រ និងសិប្បកម្មកែច្នៃមួយចំនួនបានបិទទ្វារបណ្តោះអាសន្ន ដោយសារបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ១៩។

សេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញ​ថ្ងៃ១០ ខែមេសានេះ បានឱ្យដឹងថា ជំងឺកូវីដ១៩ ធ្វើឱ្យអ្នកបញ្ជាទិញថមថយ ហើយរោងចក្រ និងសិប្បកម្មកែច្នៃដំណាប់ស្វាយមួយចំនួន បិទទ្វារបណ្តោះអាសន្ន បណ្តាលឱ្យប៉ះពាល់ដោយផ្ទាល់ ឬប្រយោលចំពោះសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រែប្រួល​នៃតម្លៃ លើទីផ្សារផលិតផលកសិកម្ម ជាពិសេសផលិតផលផ្លែស្វាយបានធ្លាក់ចុះ។

ខ្លឹមសារសេចក្តីជូនដំណឹង សរសេរថា៖ «អំឡុងពេលឆ្លងរាលដាលជំងឺកូវីដ១៩ រោងចក្រ និងសិប្បកម្មកែច្នៃដំណាប់ស្វាយមួយចំនួនផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារការបញ្ជាទិញនាំចេញតិចតួច ហើយផ្លែស្វាយស្រស់សម្រាប់ធ្វើការកែច្នៃត្រឹមតែ ២០ ទៅ ៣០តោន/ថ្ងៃ ដោយក្នុងតម្លៃ ៣២០រៀល/គីឡូក្រាម តែប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ តម្លៃ ៨០០រៀល/គីឡូក្រាម»។

ករណីនេះ ក្រសួងកសិកម្មបានណែនាំទៅអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានកសិ-ឧស្សាហកម្ម និងមន្ទីរកសិកម្ម រាជធានី-ខេត្ត ទាំងអស់ សហការគ្នាជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជំរុញទៅកសិករចងក្រងជាក្រុមផលិត និងសហគមន៍ ដោយចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលរៀបចំផែនការផលិតកម្មស្វាយជាលក្ខណៈប្រមូលផ្តុំ បណ្តុះបណ្តាលបច្ចេកទេសស្របតាមស្តង់ដារ ជំរុញការកែច្នៃផលិតផលស្រស់ជាលក្ខណៈគ្រួសារទៅជាដំណាប់ ទឹកស៊ីរ៉ូស្វាយលក់ក្នុងស្រុក និងការផ្សារភ្ជាប់ទីផ្សារ តាមកិច្ចសន្យាទិញលក់ជាដើម។

បន្ថែមពីនេះ ក្រសួងកសិកម្ម បានជំរុញទៅមន្ទីរតាមរាជធានី និងខេត្តទាំងអស់ ធ្វើការសិក្សាពីតម្លៃដើមនៃផលិតកម្មដំណាំស្វាយ រាយការណ៍មកក្រសួងកសិកម្មវិញ ដើម្បីមានមូលដ្ឋានក្នុងការដាក់ចេញវិធានការសមស្រប។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បញ្ជាក់បន្ថែមថា ការចុះបញ្ជី និងស្នើសុំមន្ទីរកសិកម្មចងក្រងជាសហគមន៍មិនតម្រូវឱ្យបង់ប្រាក់ទេ ហើយមិនកំណត់ចំនួនដើមស្វាយ ឬប្រជាកសិករច្រើន ឬតិចផងដែរ។ ករណីនេះ លោកលើកទឹកចិត្តដល់ប្រជាកសិករឱ្យដាក់ពាក្យទៅមន្ទីរកសិកម្មខេត្ត ដើម្បីចងក្រងជាក្រុមផលិត និងសហគមន៍ ដោយចុះបញ្ជីឱ្យបានត្រឹមត្រូវ ទើបធ្វើឱ្យពួកគេទទួលបានផលវិជ្ជមាន។

លោកមានប្រសាសន៍ថា៖ «បើយើងអត់ចងក្រង គាត់ស្រែកអត់មានទីផ្សារទេ តែគេឱ្យដល់ [ទាល់តែ] យើងចងបណ្តុំកសិករទៅ។ ឧទារណ៍ថា [ផ្លែ] ត្រប់ចឹង [តម្លៃ] ១៥០០រៀល គឺ១៥០០រៀល ឡើងចុះ ១០០រៀលតិចតួច។ ការផលិត និងការផ្តល់ទីផ្សារតភ្ជាប់ជាប្រចាំដល់ចឹងម៉ូយគេអត់ទៅណាទេ គេមកយករហូត ស្វាយក៏អញ្ចឹងដែរ។ បើសិនជាយើងមានចងក្រងជាបណ្តុំ យើងផ្គត់ផ្គង់ទៅវាថេរ ពេលណា អ្នកណាជាអ្នកបានផលមុន អ្នកណាបានផលបន្ទាប់។ ចឹងបានជាយើងចង់ឱ្យបង្កើតជាសហគមន៍ ដើម្បីចេះលៃលក ដើម្បីចេះធ្វើការផ្គត់ផ្គង់ទាំងអស់ កុំឱ្យតែដល់ពេលជន់ជោរតែម្តង ឈ្មួញមកទិញ ក៏ឈឺក្បាលដែរ»។

ប្រជាកសិករនៅភូមិសូងសាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ អ្នកស្រី ខៀវ សាវឿន គាំទ្រនឹងវិធានការរបស់ក្រសួងកសិកម្មដែលគ្រោងចងក្រងប្រជាកសិករធ្វើជាសហគមន៍នេះ ដើម្បីរកទីផ្សារលើផលិតផលនេះឱ្យបានតម្លៃសមរម្យ។ ​ប៉ុន្តែ បច្ចុប្បន្ននេះ អ្នកស្រីថា ស្វាយនៅភូមិរបស់គាត់១គីឡូ តម្លៃ២០០រៀល ហើយបច្ចុប្បន្ននេះ មិនមានឈ្មួញចុះទិញដូចកាលពីឆ្នាំមុនទេ ហើយមន្ត្រីមន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ក៏មិនឃើញទំនាក់ទំនងមកប្រជាពលរដ្ឋក្នុងភូមិ ដើម្បីចងក្រងសហគមន៍ដែរ។

ប្រជាកសិកររូបនោះស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ចុះស្រាវជ្រាវ និងពិនិត្យលើកសិករដែលធ្វើកសិកម្ម ដើម្បីរកទីផ្សារជូនពួកគេលក់ឱ្យបានតម្លៃសមរម្យ ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ។

អ្នកស្រីនិយាយថា៖ «សុំឱ្យរដ្ឋាភិ​បាល និងស្ថាប័នពាក់ព័ន្ធ ទិញផលិតផលដែលប្រជាជនយើងបាន ឱ្យបណ្តុះបណ្តាលពួកគាត់ឱ្យចេះកែច្នៃផលិតផលដែលយើងលក់បានហើយ ឱ្យលក់ទៅបានតម្លៃ ដើម្បីដោះស្រាយជីវភាព»។

នាយិកា​មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោកស្រី តុង ចាន់ធាង និយាយថា ដើមចមដែលនាំឱ្យស្វាយធ្លាក់ចុះតម្លៃនោះ ដោយសារជំងឺកូវីដ១៩ រីករាលដាលទូទាំងពិភពលោក ធ្វើឱ្យបណ្តាប្រទេសមួយចំនួនដែលធ្លាប់ទិញស្វាយពីកម្ពុជា បានផ្អាកបណោ្តះអាសន្ន ឬទិញយកតិចតួចក្នុងតម្លៃទាបជាដើម។

អ្នកជំនាញកសិកម្មរូបនោះបញ្ជាក់ថា បើស្ថាប័នរដ្ឋមិនពង្រឹងវិស័យកសិកម្មឱ្យបានរឹងមាំទេ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ហើយអ្នកដែលរងគ្រោះធ្ងន់ធ្ងរគឺប្រជាកសិករ។

លោស្រីនិយាយថា៖ «ប្រជាជនយើងដែលពឹងផ្អែកលើវិស័យកសិកម្ម គឺជាជនជាតិភាគច្រើន ហើយប្រសិនបើពួកគាត់មានចំណូលថយចុះ វិស័យផ្សេងក៏ថយចុះដែរ យើងគិតថា ត្រៀមដើម្បីស្តារឡើងវិញ ធ្វើម៉េចពង្រឹងបន្ថែមទៅលើវិស័យកសិកម្ម ហើយអ្នកដែលរងផលប៉ះពាល់ផ្សេងទៀតគឺកសិករយើង ព្រោះគាត់មានធនធានតិចតួច ហើយមានកសិករភាគច្រើនខ្ចីលុយពីធនាគារមកប្រើប្រាស់ វាប៉ះពាល់ដល់ជីវភាពគាត់ខ្លាំង»។

ស្ថិតិ​នៃ​ការ​នាំ​ចេញ​កសិផល​កសិកម្ម​ឆ្នាំ​២០១៩​ ឱ្យ​ដឹង​ថា ​គិត​ត្រឹម​ដើម​ខែ​តុលា​​ កម្ពុជា​នាំ​ចេញ​ស្វាយ​ប្រមាណ ​៤ម៉ឺន២ពាន់​តោន ទៅ​កាន់​ប្រទេស​វៀតណាម ថៃ និង​សឹង្ហបុរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ