រដ្ឋា​ភិបាល​​បិទ​​សារព័ត៌មាន ​TVFB ក្រោយ​​ចាប់​​ខ្លួន​​ចាង​ហ្វាង​ស្ថាប័ន​នេះ​

លោក សុវណ្ណ រិទ្ធី អ្នកសារព័ត៌មាន TVFB ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីបទបង្ហោះព័ត៌មានញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ក្រសួងព័ត៌មាន​បាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​អនុញ្ញាត​ការ​ផ្សាយ​របស់​សារព័ត៌មាន TVFB ដោយ​លើក​ឡើង​ថា​បណ្ដាញ​សារព័ត៌មាន​នេះ​ បាន​ផ្សាយ​ព័ត៌មាន​ដែល​មាន​ចរិត​ញុះ​ញង់បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម។

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ណ មាន​ប្រសាសន៍​ថា ការ​អនុវត្តនេះ​គឺ​ជា​ការ​អនុវត្តច្បាប់​សុទ្ធសាធ ដើម្បី​ការ​ពារ​សន្ដិសុខ​ស្ថិរភាព​សង្គម។

លោក​ថា៖ «ការ​អនុវត្តនេះ​គឺ​យើង​បាន​អនុវត្តជាបន្តបន្ទាប់​ហើយ ចំពោះ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ស្ថាប័ន​សារព័ត៌មាន​ដែល​អនុវត្ត​នូវ​អ្វី​ដែល​ផ្ទុយ​ពី​ច្បាប់​ដែល​បាន​ចែង​ជា​ធរមាន​។ ដោយ​ពិនិត្យ​ឃើញ​ថា ​ម្ចាស់​អាជ្ញាប័ណ្ណ​នេះ​គឺ​បាន​ផ្សាយ​ព័ត៌មាន​ដែល​វា​មាន​ចរិត​ញុះញង់ ដែល​ផ្ទុយ​នឹង​ច្បាប់។ អ៊ីចឹង ​គឺត្រូវ​អនុវត្តទៅ​តាម​ច្បាប់»។

បើ​តាម​លោក មាស សុភ័ណ្ណ ក្រៅ​ពី ​TVFB ក្រសួង​ក៏​កំពុង​ពិនិត្យ​មើល​លើ​ការ​ផ្សាយ​របស់​ស្ថាប័នមួយចំនួន​ទៀត​ដែរ តែ​លោក​មិន​បាន​បញ្ជាក់​ថា​ មាន​ស្ថាប័ន​ណា​នោះ​ទេ។ លោក​ស្នើ​ដល់​បណ្ដាញ​សារព័ត៌មាន​ទាំង​អស់​គោរព​នូវ​ច្បាប់​ ក្រមសីលធម៌វិជ្ជាជីវៈ និង​ការ​ដកស្រង់​ប្រភព​ព័ត៌មាន​ឱ្យបាន​ត្រឹមត្រូវ ដើម្បីបញ្ចៀស​នូវ​បញ្ហាទាំង​នេះនាថ្ងៃ​អនាគត។

ការ​សម្រេច​បិទសារព័ត៌មាន TVFB​​ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​ចាងហ្វាង​ផ្សាយនៃ​ស្ថាប័ន​នេះ​ ​លោក សុវណ្ណ ឬ​ទ្ធី កាល​ពី​យប់​ថ្ងៃ​ទី​៧ ខែមេសា ម្សិល​មិញ ពាក់ព័ន្ធ​នឹង​ការផ្សាយ​ព័ត៌មាន​ជុំ​វិញ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ដោយ​លោក​បាន​លើកយក​​ចំណុច​មួយដែល​លោក ហ៊ុន សែន បាន​និយាយថា​ «​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​» យក​ទៅ​ចុះ​ផ្សាយ ។​

យោងតាម​ទំព័រ​ហ្វេសបុក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ លោក ​សុវណ្ណ ឬទ្ធី ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែមេសា​នេះ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ម៉ោង​ ១០​ម្សិល​មិញ​។ លោក​ត្រូវ​បាន​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​បទប្រព្រឹត្តអំពើ​ញុះញង់បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរដល់​សន្ដិសុខសង្គម។

ក្រោយ​ពី​ក្រសួង​ព័ត៌មាន​ចេញ​សេចក្តី​ប្រកាស ​គេហទំព័រ ​TVFB ដែល​មាន​អាសយ​ដ្ឋាន tvfb.com.kh និង​ទំព័រ​ហ្វេស​បុក​របស់​ស្ថាប័ន​នេះ ​ក៏​មិន​អាច​ចូល​ទៅ​មើល​បាន​ផង​ដែរ។

អ្នក​នាំពាក្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ​លោក អ៊ឹម វុត្ថា មាន​ប្រសាសន៍​ថា ​ចំណាត់​ការ​នេះ​គឺ​ធ្វើ​ព្រម​គ្នា​ជា​មួយ​ក្រសួង​ព័ត៌មាន​។

លោក​ថា៖ «វិធាន​គឺ​ជា​វិធាន​ការ។ […] ហើយ​បើ​បើក​មិន​ឃើញ ​គឺ​គេ​បិទ​ហើយ»។

VOD មិន​អាចស្វែង​រក​ការ​ឆ្លើយ​បំភ្លឺ​ពី​តំណាង TVFB ណា​មួយ​បាន​នៅ​ឡើយ​ទេ​។

នាយិកាប្រតិបត្តិនៃអង្គការក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ លោកស្រី ស្រី សុធាវី យល់ថា វិធាន​ការ​របស់​រដ្ឋលើ​បណ្ដាញ​សារព័ត៌មាន​បែប​នេះ ​គឺ​ហាក់​បី​ដូច​ជា​ធ្ងន់ធ្ងរ​ពេក ​​មិន​អាច​ទទួល​យក​បាន​។

លោក​ស្រី ស្រី សុធាវី៖ «ព្រោះ​នេះ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ ជា​ការ​ផ្សព្វផ្សាយ ឱ្យអ្នក​ទស្សនាគាត់​ពិចារណា​ខ្លួន​ឯងពី​អ្វីដែល​ពួកគាត់​យល់​ឃើញ​ពី​ស្ថានភាព​នៅ​ក្នុង​សង្គម។ ការ​ឈាន​ដល់​ការ​បិទ និង​ឈាន​ដល់​ថា ​ជា​បទ​ឧក្រិដ្ឋ​ហ្នឹង ​គឺ​ហាក់​បី​ដូច​ជា​ធ្ងន់ធ្ងរ​។ វា​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​បញ្ចេញ​មតិរបស់​បុគ្គលទូទៅ និង​សិទ្ធិ​សារព័ត៌មាន»។

លោក​ស្រី​ឱ្យ​ជា​យោបល់​ថា រដ្ឋាភិបាល​គួរ​តែ​ប្រើប្រាស់វិធាន​ការណែ​នាំ​ បណ្ដុះ​បណ្ដាល ជាជាង​ប្រើប្រាស់​វិធាន​ការ​ក្ដៅ​បែប​នេះ។

​កាល​ពីថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ រដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​​ក្រសួង​ព័ត៌មាន ក្រសួង​ទូរគមនាគមន៍ និង​ក្រសួង​មហា​ផ្ទៃ ធ្វើ​ការ​ជា​មួយ​គ្នា​ក្នុង​ការ​សហ​ការ​តាម​ដាន​ សិក្សា​ស្រាវជ្រាវ​ ស្វែង​រក​​ការ​ធ្វើ​អាជីវកម្ម និង​ការ​ផ្សព្វផ្សាយ​ល្មើស​ច្បាប់​តាម​គេ​ហទំព័រ​ និង​បណ្តាញ​សង្គម​ ដើម្បី​ចាត់​វិធាន​ការ​តាម​នីតិវិធី​ច្បាប់។

សេចក្ដី​ប្រកាស​រួម​នោះ បាន​កំណត់​ថា ការផ្សព្វផ្សាយ​ល្មើស​ច្បាប់​ទាំង​នោះ គឺ​​ជា​​ការ​ផ្សព្វផ្សាយ ឬ​ចែក​រំ​លែក ខ្លឹម​សារ​ព័ត៌មាន​ទាំង​អស់​ ដែល​មាន​ចេតនាបង្ក​ចលា​ចល​​ដល់​វិស័យ​ការពារសន្តិសុខជាតិ ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ​ សេដ្ឋកិច្ច សណ្តាប់​ធ្នាប់​សាធារណៈ ការ​រើស​អើង និង​វប្បធម៌​ ប្រពៃ​ណី។

អង្គភាពសារព័ត៌មាន TVFB ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៣។ ជាអង្គភាពសារព័ត៌មានផ្នែកព័ត៌មានទាន់ហេតុការណ៍ និង​សន្តិសុខសង្គម ដែលបច្ចុប្បន្ន​មាន​ស្នាក់​ការ​នៅភូមិបូរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ