លោក ហ៊ុន សែន ថា​ភាគ​រយ​នៃ​ការ​ដាក់​ប្រទេស​កម្ពុជា​ក្នុង​គ្រា​អាសន្ន​មាន​ត្រឹម​០.១​ប៉ុណ្ណោះ​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីឌ-១៩ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជាអាចដាក់ប្រទេសក្នុងភាពអាសន្ន មានកម្រិតត្រឹមតែ ០.១% ប៉ុណ្ណោះ បើសិនជាជំងឺកូវីដ-១៩ នៅតែឆ្លងរីករាលដាលកាន់តែខ្លាំង​ ហើយនិយាយជាមួយពលរដ្ឋលែងស្តាប់។

ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាពនាព្រឹកថ្ងៃនេះ លោក ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពី  «ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន» ហើយច្បាប់នេះនឹងចូលជាធរមាននៅក្រោយចូលឆ្នាំខ្មែរខាងមុខនេះ។

លោក ហ៊ុន សែន ថ្លែងថា ដើមចមដែលនាំឱ្យកម្ពុជាបង្កើតច្បាប់ត្រៀម «​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន» ដើម្បីទប់ស្កាត់បញ្ហាចលាចលនានាក្នុងសង្គម បើសិនជាជំងឺកូវីដ-១៩ កាន់តែឆ្លងរីករាលដាលកាន់តែខ្លាំង ហើយរដ្ឋាភិបាលនិយាយជាមួយប្រជាពលរដ្ឋលែងស្តាប់គ្នាបានជាដើម។

ទោះជាយ៉ាងណា លោក ហ៊ុន សែន ថ្លែងបញ្ជាក់ថា កម្រិតដែលដាក់ប្រទេសកម្ពុជាក្នុងស្ថានភាពអាសន្ននេះ មានលទ្ធភាពត្រឹមតែ ០.១% តែប៉ុណ្ណោះ។

លោកថ្លែងបែបនេះថា៖ «លទ្ធភាពមានត្រឹមតែ ០.១% តែប៉ុណ្ណោះ ជាលទ្ធភាពនៃការប្រកាសអាសន្ន ដោយកូវីដ១៩ ដាក់ប្រទេសនៅក្នុងគ្រាមានអាសន្ន លទ្ធភាពវាតិចណាស់ តែបើទោះបីជាតិចយ៉ាងណាក៏ដោយ ក៏ត្រូវមានឧបករណ៍ច្បាប់ក្នុងដៃ ក្រែង០.១%វាលេចឡើង បើលេចឡើង យើងត្រូវដាក់វាក្នុងស្ថានភាពមានអាសន្ន»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មានជំនឿថា រដ្ឋាភិបាលមិនដាក់ប្រទេសក្នុងស្ថានភាពអាសន្ននោះទេ។ លោកបន្តថា បើរដ្ឋាភិបាលដាក់កម្ពុជាក្នុងស្ថានភាពអាសន្ននោះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំង។

លោកមានប្រសាសន៍ថា៖ «កាលណាដាក់ សូម្បីតែរោងចក្រក៏បិទទ្វារដែរ កាលណារោងចក្របិទទ្វារ សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពេលហ្នឹងគឺសេដ្ឋកិច្ចទូទាំងប្រទេសលែងដំណើរការ គឺនៅស្ងៀមគ្រប់កន្លែងទាំងអស់»។

សេ​ចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់​គ្រងប្រទេ​សជាតិស្ថិតក្នុង​ភាពអាសន្ន» នេះ ចែកចេញជា ៥ជំពូក និង ១១មាត្រា ហើយ​ចែងពីគោល​បំណង វិសាលភាព បែបបទ នីតិវិធី រួមទាំងលក្ខខណ្ឌនៃកា​រប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ឬការគ្រប់គ្រង​ប្រទេសជាតិស្ថិ​តក្នុងភាពអាសន្ន និ​ងទោសប្បញ្ញត្តិ​ជាដើម។

ខ្លឹមសារនៃសេ​ចក្តីព្រាងច្បាប់ក៏បានចែង ដា​ក់ពិន័យធ្ងន់ធ្ង​រដល់ជនណា​ដែលរារាំង​កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុង​ភាពអាសន្ន ដែលនាំឱ្យមានចលាចល​ជាសាធា​រណៈ ឬប៉ះពាល់ដល់​សន្តិសុខជាតិ ដោយត្រូវ​ប្រឈមជាប់ពន្ធ​នាគារពី៥ ទៅ១០ឆ្នាំ និង​ពិន័យជាប្រាក់ពី ៥០លានរៀល រហូតដល់ ១ពាន់លានរៀល។

សេចក្តីព្រាងច្បាប់នេះចែងទៀតថា នៅពេលប្រ​ជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីមានការឯកភាព ពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។

បច្ចុប្បន្ន សេចក្តីព្រា​ងច្បាប់ស្តីពី «ការគ្រប់គ្រង​ប្រទេសជាតិស្ថិ​តក្នុងភាពអាសន្ន» ត្រូវបា​នគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីកម្ពុ​ជា ដឹកនាំដោ​យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យរួច​រាល់ហើយ ហើយបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំអនុម័តនៅថ្ងៃសុក្រទី១០ ខែមេសានេះ រួចបញ្ជូនទៅព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យលើធម្មនុញ្ញភាព ដោយពុំចាំ​បាច់ឆ្លងកាត់​កិច្ចប្រជុំគណៈរដ្ឋមន្ត្រីទៀតនោះទេ ដែលច្បាប់នេះនឹងចូលជាធរមាននៅក្រោយចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ