​រដ្ឋា​ភិបាល​ថា ពុំ​មាន​វិធាន​ការ​ដោះ​លែង​អ្នក​ជាប់​ពន្ធនាគារ​ឱ្យ​នៅ​ក្រៅ​ឃុំ​ព្រោះ​​តែ​បញ្ហា​កូវីដ​១៩​នោះ​ទេ​

សកម្មភាពជនជាប់ឃុំធ្វើលំហាត់ប្រាណដើម្បីសុខភាពនៅពេលព្រឹកក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ – Directorate General of Prisons)

រដ្ឋាភិបាល​ថា ខ្លួន​ពុំ​មាន​វិធាន​ការ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយសារការរីករាលដាលនៃកូវីដ១៩នោះទេ ដោយ​ថា បញ្ហា​នេះ ​វា​ទាក់​ទង​នឹងសណ្ដាប់​ធ្នាប់​ និង​​សន្ដិសុខសង្គម​។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌​ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ពុំ​មាន​វិធាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ ក្នុង​ពេល​ដែល​កម្ពុជា​បារម្ភ​ពី​ជំងឺ​កូវីដ​១៩​នេះ ដោយ​ថា វា​ជា​ប់​ទាក់ទង​នឹង​បញ្ហា​សន្ដិសុខ សណ្ដាប់​ធ្នាប់​សង្គម​ដែល​អាច​កើត​មាន ​ប្រសិន​ជា​មាន​ការ​ដោះលែង។ លោក​បន្ថែម​ថា ​ជា​វិធាន​ការ​ឆ្លើយ​តប​នៅ​ពេល​នេះ គឺ​មាន​តែ​ពង្រឹង​ការ​ថែរក្សាអនាម័យ​នៅ​ពន្ធ​នាគារ​ប៉ុណ្ណោះ។

លោក ​ជិន ម៉ាលីន៖ «ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ យើង​មិន​ទាន់​ពិចារណា​នោះ​ទេ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​សន្ដិសុខ​ ស្ថិរភាព​របស់​សង្គម តែ​អ្វី​ដែល​អាច​ធ្វើ​បាន​គឺ​ការ​ថែ​រក្សា​អនាម័យ និង​វិធាន​ការ​ចាំ​បាច់​ផ្សេងៗ​ក្នុង​ការ​រក្សាអនាម័យ​ ក៏​ដូចជាសុខភាព​របស់​អ្នក​ជាប់​ឃុំ។ រឿង​ហ្នឹង​ដែល​យើង​អាច​ធ្វើ​បាន ហើយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក៏​គេ​បាន​ធ្វើ​ដែរ។ ចំណែក​ឯការ​ដោះលែង​អ្នក​ជាប់​ឃុំ​នោះ ​ដូចជា​មិន​ទាន់​ឃើញប្រទេស​ណា​មួយ​គេ​អនុវត្តនោះ​ទេ»។

កាល​ពី​ថ្ងៃ​ទី​២៥ ខែមីនា កន្លង​ទៅ ​អគ្គនាយកដ្ឋាន​ពន្ធ​នាគារ​បាន​សម្រេច​​មិន​ឱ្យ​មាន​ការ​ចូល​សួរសុខ​ទុក្ខ​អ្នក​ដែល​ជាប់​ឃុំ​នៅ​ពន្ធ​នាគារ​ទាំង​អស់​នៅ​ទូទាំងប្រទេស​ ដោយ​ថា ​ដើម្បី​ការ​ពារ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ពន្ធនាគារ។​

អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនា​គារ​ លោក នុត សវនា មាន​ប្រសាសន៍​ប្រាប់​VOD ថា ​ក្រៅពី​វិធាន​ការ​ទាំង​នេះ ​ពន្ធ​នាគារ​ទូទាំង​ប្រទេស​ក៏​បាន​ពង្រឹង​នូវ​ការ​ថែ​រក្សា​អនាម័យ​ សម្លាប់​មេរោគ​ និង​​ការ​ពិនិត្យ​សុខភាព​នៅ​ពន្ធ​នាគារ​ទូទាំង​ប្រទេស​ផង​ដែរ។

លោក នុត សវនា៖ «ចំពោះ​មុខ​ ការ​គ្រប់គ្រង​ជន​ជាប់​ឃុំ​ យើង​ឱ្យ​ពួកគាត់​នៅ​កន្លែង​ដូច​ដើម​នៅ​ឡើយ​ទេ។ តែ​សម្រាប់​អ្នក​ចូល​ថ្មី​ យើង​ដាក់​គាត់​ដាច់​ដោយ​ឡែក​សម្រាប់​រយៈពេល​១៤​ថ្ងៃ បើ​អត់​មាន​អាការ​អី​ ទើប​យើង​បញ្ចូល​ទៅ​ឃុំ​ដូច​គេ​ដូច​ឯង​ដែរ។ ​ហើយ​ចំពោះ​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នោះ ​រឿង​នេះ​វា​ជា​គោល​ការណ៍​ច្បាប់ ទាល់​តែ​មាន​ការ​ឯកភាព​ពី​ស្ថាប័ន​តុលាការ»។

ថ្លែង​កាល​ពី​ថ្ងៃ​ទី​១ ខែមេសា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ជនជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេស មានចំនួន ៣៨ ៩៩០នាក់ ក្នុងនោះស្ដ្រី ២ ៥៩៣នាក់ ដែលភាគច្រើនជាបទល្មើសគ្រឿងញៀន។

យោង​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លី​កាដូ​ ពន្ធនាគារ​ទាំង២៨ទូទាំងប្រទេស ​អាច​ផ្ទុក​អ្នក​ទោស​បាន​ត្រឹម​ ៨ពាន់នាក់​ប៉ុណ្ណោះ។

ភរិយា​ផលិត​ករ​រឿង​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»​ លោក រ៉ាត់ រត្នមុនី ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគារជាង​១ឆ្នាំ​មក​ហើយ​នោះ អ្នក​ស្រី​ ឡុង គឹមហ៊ាង មាន​ប្រសាសន៍​ថា ​អ្នក​ស្រី​មាន​ការ​បារម្ភ​ចំពោះ​សុវត្ថិភាព និង​សុខភាព​ប្ដី​របស់​អ្នក​ស្រី​ជា​ខ្លាំងចំពោះ​បញ្ហា​កូវីដ​១៩​នេះ ខណៈ​​ពន្ធនាគារ​បាន​បិទ​មិន​ឱ្យ​មាន​ការ​ចូល​សួរ​សុខ​ទុក្ខ ហើយ​ជាង​នេះទៀត​នោះ​ក៏​មិន​អាច​មាន​មធ្យោបាយ​ណា​អាច​ទាក់​ទង​ទៅប្ដី​របស់​ខ្លួន​បានទៀត​នោះ។

អ្នក​ស្រី​ ឡុង គឹមហ៊ាង៖ «ខ្ញុំ​ពិតជា​បារម្ភចំពោះ​ប្ដី​របស់​ខ្ញុំ​ខ្លាំង​មែន​ទែន ពីព្រោះ​ដោយ​សារ​តែ​គាត់រស់​នៅ​ជុំ​អ្នក​ដទៃ​ពាក់ព័ន្ធ​ច្រើន ​មិន​ដឹង​អ្នក​ណា​ខ្លះ ខ្ញុំ​មិន​ដឹង​។ ហើយ​ខ្ញុំ​អត់​បាន​ដំណឹង​របស់​គាត់ ពីព្រោះ​ដោយ​សារ​គេផ្អាក​មិន​ឱ្យ​ជួប​សាច់ញាតិ ដែល​ធ្វើ​ឱ្យ​ប្អូន​ស្រី​ខ្ញុំ​មិន​បាន​ទៅ​ជួប។ អ៊ីចឹង ​ខ្ញុំ​អត់​ដឹង​ថា​ ប្ដី​ខ្ញុំ​សុខទុក្ខ​របៀបណា​ យ៉ាង​ម៉េច ដែល​ខាង​ពន្ធ​នាគារ​ ឬ​ក៏​រដ្ឋាភិបាល​អ្វី​បន្ថែម​ក្រៅ​តែ​ពី​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ជួប ​ឬ​ការ​ការ​ផ្ញើ​អីវ៉ាន់​ ឱ្យមាន​យន្ត​ការ​អ្វី​ផ្សេង​ដើម្បី​ឱ្យ​យើង​បាន​ជួប​ក្រុម​គ្រួសារ​របស់​យើង​ពី​ក្រៅ​ទៅ​ខាង​ក្នុង​ហ្នឹង​ អត់​មាន​ឃើញ​។ អ៊ីចឹង ​ខ្ញុំ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ពី​រឿង​នេះ​ ដើម្បី​ឱ្យ​ពួកយើង​បាត់​ការ​ព្រួយ​បារម្ភ»។ ​

អ្នក​ស្រី​ស្នើ​ដល់​រដ្ឋាភិបាល​មាន​ការ​ពិចារណា​ដោះលែង​ប្ដី​របស់​អ្នក​ស្រី ក៏​ដូច​ជា​អ្នក​ដែល​ត្រូវ​ជាប់​ឃុំ​ដោយ​គ្មាន​កំហុស​ផ្សេង​ទៀត​ផងដែរ។

កញ្ញា កែវ ចាន់រចនា ដែល​ជា​កូន​ស្រី​បង្កើត​របស់​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជា​តិ លោក កែវ ថៃ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ពន្ធនាគារ​កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ ​បាន​ឱ្យ​ដឹង​ថា ​កញ្ញា​មាន​ការ​បារម្ភ​ចំពោះ​ឪពុក​ខ្លួន​ជា​ខ្លាំង​ ខណៈ​ឪពុក​កញ្ញា​មាន​វ័យ​ចំណាស់​ និង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​នោះ។

កញ្ញា​ថា៖ «ខ្ញុំ​បារម្ភ​ ព្រោះ​អី​ ដោយ​សារ​រឿង​កូរ៉ូណា​ហ្នឹង​ផង ទីពីរ​ គឺ​ជំងឺ​​ប្រចាំ​កាយ​របស់​គាត់។​ គាត់​ឧស្សាហ៍​ឡើង​ឈាម មាន​ជាតិ​អាស៊ីតឡើង និង​អាលែកហ្ស៊ី​ច្រមុះ​ទៀត»។

ក្នុង​សេចក្តីប្រកាស​ចុះ​ថ្ងៃ​ទី​៦ ខែមេសា ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Right Watch បាន​ជំរុញ​ដល់​រដ្ឋាភិបាលកម្ពុជា ​​ឱ្យ​មាន​វិធាន​ការ​កាត់​បន្ថយ​ការ​ប្រឈម​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ពន្ធ​នាគារ ដោយ​​កាត់​បន្ថយ​ការ​លើស​ចំនួន​នៃ​អ្នក​ទោស​នៅ​ពន្ធ​នាគារ ដោយ​ដោះលែង​​អ្នក​ទោស​នយោបាយ អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​តូចតាច និង​គួរ​ជ្រើស​រើស​ជម្រើស​ផ្សេង​ក្នុង​ការ​ឃុំ​ខ្លួន​អ្នក​ទោស​ដែលមាន​វ័យ​ចំណាស់ ស្ត្រី​ដែល​មាន​ផ្ទៃពោះ និង​កុមារ​ជាដើម។

Human Right Watch បានដក​ស្រង់​ប្រសាសន៍​របស់​នាយករង​ប្រចាំ​តំបន់​អាស៊ី​ លោក Phil Robertson ដោយ​​លើក​ឡើង​ថា៖ «ពន្ធនាគារដែលចង្អៀតណែននៅក្នុងប្រទេសកម្ពុជា គឺតំបន់គ្រោះមហន្តរាយនៃ​ជំងឺ​កូវីដ​១៩ ដែលកំពុងរង់ចាំការកើតឡើង។ […] ប្រទេសកម្ពុជាគួរតែដោះលែងអ្នកទោសដែល​មាន​ការ​ប្រឈម​ខ្ពស់ ក៏ដូចជាអ្នកដែលត្រូវបានឃុំខ្លួនពីបទល្មើសតូចតាច និងចាត់វិធានការបន្ទាន់ដើម្បីធានាថា អ្នកទោសទទួលបានការថែទាំសុខភាពគ្រប់គ្រាន់»។

កាល​ពី​ថ្ងៃ​ទី​២៥ ខែមីនា កន្លង​ទៅ ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ លោកស្រី Michelle Bachelet​ បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ប្រទេស​នានា​ឱ្យ​ធ្វើ​ការ​កាត់​បន្ថយ​ចំនួនអ្នក​ជាប់​ឃុំ ដោយ​ដោះលែង​អ្នក​ដែល​ងាយ​រង​គ្រោះពី​ជំងឺ​កូវីដ​១៩ ដែល​មាន​ដូច​ជា​ ជនចាស់ជរា ជនមាន​ជំងឺ​ប្រចាំ​កាយ ក៏​ដូច​ជា​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​តូចតាច​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត នៅ​ពន្ធនាគារ​ត្រូវ​ផ្ដល់​ការ​ថែ​ទាំ​សុខភាព​ដល់​អ្នក​ទោស​ជា​ស្ត្រីរួម​ទាំង​ស្រ្តី​មាន​ផ្ទៃ​ពោះ អ្នក​ទោស​ជា​ជន​ពិការ និង​អនីតិជន​ផង​ដែរ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ក្រោយ​ការ​ប្រកាស​នេះ ប្រទេស​អ៊ីរ៉ង់​បាន​សម្រេច​ដោះលែង​ និង​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ដល់​អ្នក​ទោស​ជាង ​១០ម៉ឺននាក់ ​ប្រទេស​ឥណ្ឌូនេស៊ី ក៏​កំពុង​ពិចារណា​ដោះលែង​អ្នក​ទោសដែល​ប្រព្រឹតិ្ត​បទល្មើស​តូចតាចជាង ​៣​ម៉ឺននាក់ ខណៈ​ប្រទេស​តួគី និង​ឥណ្ឌា​ ក៏​កំពុង​ពិចារណា​នូវ​ការ​ដោះលែង​អ្នក​ទោស​នេះ​​ដូច​គ្នា​ដែរ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ