ក្រសួង​សុខា​ភិបាល​ណែ​នាំ​ទៅ​កន្លែង​កាត់​សក់ និង​ថែ​រក្សា​សម្ផស្ស​ចូល​រួម​ទប់​ស្កាត់​កូវីដ​-​១៩​

ស្រ្តីម្នាក់ដើរកាត់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មករា ២០២០ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

ក្រសួងសុខាភិបាលណែនាំទៅហាងកាត់សក់ និងថែរក្សាសម្ផស្ស រួមទាំងកន្លែងផ្តល់សេវាពាក់ព័ន្ធទាំងអស់​ឱ្យចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាម​រយៈវិធានការអនាម័យមួយចំនួន​។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅថ្ងៃនេះ ​បានអំពាវនាវដល់ជាងកាត់សក់ និងអ្នកកាត់​សក់ត្រូវពាក់ម៉ាស ត្រូវលាងដៃនឹងសាប៊ូ ឬអាល់កុល ឬទឹកសំរាប់លាងដៃឱ្យបានស្អាត។ ម្ចាស់ហាងត្រូវ​សម្អាតកន្លែងកាត់សក់ឱ្យភ្ញៀវ ឬកន្លែងថែរក្សាសម្ផស្ស ជៀសវាងនិយាយស្តីទល់មុខគ្នាជាដើម។

ចំណែកសម្ភាររបស់ជាងកាត់សក់ ឬជាងកែសម្ផស្ស ត្រូវលាងសំអាតជាមួយសាប៊ូ ឬត្រាំទឹកអាល់កុល​៤០វិនាទី ទៅ៦០វិនាទី រៀងរាល់ពេលប្រើប្រាស់សម្ភារនោះជាមួយភ្ញៀវរួច និងហាមប្រើក្រណាត់ ឬកន្សែង ដែលប្រើសំរាប់គ្របមុខ ឬគ្របដងខ្លួនបុគ្គលកាត់សក់បន្តទៅបុគ្គលម្នាក់ទៀត ហើយជាងកាត់សក់​ត្រូវប្រើថង់​ផ្លាស្ទីក ឬហ្គង់ កៅអីអង្គុយ និងកៅអីកាត់សក់ ត្រូវដាក់ឱ្យឆ្ងាយពីគ្នាលើសពី ១ម៉ែត្រកន្លះឡើងទៅ។

រីឯអ្នកកាត់សក់ ត្រូវលុបលាងមុខ ដុសសាប៊ូ កក់សក់ សម្អាតខ្លួនប្រាណភ្លាមៗ មុននឹងជួបសមាជិកគ្រួសារនៅផ្ទះ។

សេចក្តីណែនាំដដែលក៏បានអំពាវនាវទៅប្រជាពលរដ្ឋទាំងអស់ ដែលសង្ស័យថាមិនស្រួលខ្លួន ត្រូវស្វែងរក​កន្លែង​ពិនិត្យ​ព្យាបាលដោយហៅលេខទូរសព្ទ ១១៥ ឬនៅមន្ទីរពេទ្យរដ្ឋផងដែរ។

គិតត្រឹមម៉ោង៧ព្រឹកនេះ កម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១១៤នាក់ ហើយក្នុងចំណោមអ្នកឆ្លងទាំង ១១៤នាក់ គឺគ្រូពេទ្យព្យាបាលឱ្យជាសះស្បើយបានសរុប ៥០នាក់ (ស្មើនឹង៤៣,៨៥% បើធៀបនឹងចំនួន​អ្នកមានជំងឺកូវីដ-១៩ទាំងអស់) ដោយនៅសល់អ្នកឆ្លងចំនួន ៦៤នាក់ទៀត កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​នៅថ្នាក់ជាតិ និងថ្នាក់ខេត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ