វិភាគ៖ តើ​រដ្ឋា​ភិបាល ឬ​ថៅកែជា​អ្នក​ផ្គត់​ផ្គង់​កម្មករ​ពេល​រោង​ចក្រ​បិទ​ទ្វារ?​​

កម្មករប្រមាណ ៨០០នាក់បម្រើការងារនៅរោងចក្រ W&D បានប្រមូលផ្តុំគ្នាមុខសាលាដំបូងរាជធានីភ្នំពេញ​ ខណៈតំណាងពួកគេចំនួន ៦​រូប​ចូលបំភ្លឺនៅតុលាការ ជុំវិវាទការងារដែលបានអូសបន្លាយជិត ៣ខែ​មក​ហើយ​នោះ។ រូបភាព៖ ជន ចាន់រ៉ែន / ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩

ភាពចម្រូងចម្រាសនៃកិច្ចសហការជួយដោះស្រាយបញ្ហាកម្មករដែលត្រូវព្យួរការងារ ក្រោយពីមេរោគកូវីដ១៩ វាយលុកនៅកម្ពុជានោះ ហាក់បានបង្កើតជាចម្ងល់ពីប្រសិទ្ធភាពនៃវិធានការរបស់រដ្ឋាភិបាល។

រដ្ឋាភិបាលធ្លាប់អះអាងថា កម្មករដែលត្រូវថៅកែរោងចក្រព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៦០ភាគរយនៃប្រាក់ខែគោល ១៩០ដុល្លារ​ ឬស្មើនឹង ១២០ដុល្លារក្នុង១ខែ។

បើតាមរដ្ឋាភិបាល ប្រាក់ជួយគ្នាចេញនេះ ភាគីរោងចក្រទទួលដោះស្រាយឱ្យកម្មករម្នាក់ៗ ៤០ភាគរយ ចំណែក ២០ភាគរយ រដ្ឋាភិបាលជាអ្នកចេញ។

ប៉ុន្តែ នៅថ្ងៃទី២៤ ខែមីនា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញលិខិតមួយបង្ហាញពីការខ្វះលទ្ធភាពបើកប្រាក់ឱ្យកម្មករ ឬអាចនឹងបិទទ្វារតែម្តង ប្រសិនបើអ្នកបញ្ជាទិញនៅតែមិនព្រមទូទាត់តម្លៃពលកម្មឱ្យនិយោជកដែលជាអ្នកផលិត តាមកិច្ចសន្យានោះ។

បញ្ហានេះបង្កើតជាសំណួរថា តើរដ្ឋាភិបាល ឬថៅកែរោងចក្រ ជាអ្នកផ្គត់ផ្គង់កម្មករពេលរោងចក្របិទទ្វារ?

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កេន លូ ឱ្យVODដឹងបន្ថែមលើលិខិតជូនដំណឹងនេះថា អ្នកបញ្ជាទិញបានជូនដំណឹងរួចហើយ ឱ្យផ្អាកការផលិត និងផ្អាកការនាំចេញទាំងផលិតផលដែលបានផលិតហើយក៏ដោយ។ លោកថា បញ្ហានេះ វាបានធ្វើឱ្យនិយោជក ឬថៅកែ គ្មានប្រាក់បើកឱ្យកម្មករ។

លោកថា៖ «នៅពេលដែលយើងអត់ផ្តល់ផលិតផលឱ្យអ្នកបញ្ជាទិញ​ អ្នកបញ្ជាទិញអត់ឱ្យលុយយើងទេ។អីចឹង រយៈពេល ១ខែ ២ខែខាងមុខ រោងចក្រអត់មានលុយហូរចូលទេ»។

លោក កេន លូ និយាយទៀតថា បើរោងចក្រគ្មានលុយ ហើយរដ្ឋាភិបាលមិនបន្ធូរបន្ថយកាតព្វកិច្ចរ៉ាប់រង ៤០ភាគរយឱ្យកម្មករដែលត្រូវព្យួរការងារទៀតនោះ លោកថា និយោជកខ្លះអាចនឹងបង្ខំចិត្តបិទទ្វាររោងចក្រតែម្តង។

លោកថា៖ «បើរដ្ឋាភិបាលអាចជួយបង់ខ្លះ ហើយនិយោជកអាចជួយបង់ខ្លះ អាចទៅរួច។ ប៉ុន្តែ នៅតែដាក់បន្ទុក ៤០ភាគរយ ខ្ញុំថា និយោជកខ្លះអត់មានលទ្ធភាពបង់ អាចឈានដល់បិទ។ អីចឹង អ្វីដែលយើងចង់ធ្វើយើងចង់ទុករោងចក្រកុំឱ្យបិទ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន នៅមន្ទីររដ្ឋសភាកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលបានត្រៀមទប់ទល់នឹងវិបត្តិនេះរួចរាល់ហើយ។

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)

លោកថា៖ «ដោយសារតែប្រទេសខ្លះវាបិទប្រទេស បើគេបិទប្រទេសហើយ អ្ហែងនាំទៅយ៉ាងម៉េច! នាំទៅវាមិនបាន។ អីចឹង មានហានិភ័យវិស័យឧស្សាហកម្មវាយនភណ្ឌ មិនថាកម្ពុជា មិនថាវៀតណាម មិនថាថៃ មិនថាបង់ក្លាដេស ស្រីលង្កា ភូមា ឡាវ ទេ! ស៊ីសងប្រាក់ចំណូលនៅអាមេរិក នៅអឺរ៉ុបវាធ្លាក់ចុះ»។

ប៉ុន្តែ មេដឹកនាំរូបនេះ អះអាងថា កញ្ចប់ថវិកាជាតិបានត្រៀមរួចហើយសម្រាប់ទប់ទល់បញ្ហានេះ ទាំងរយៈពេលខ្លី និងរយៈពេលវែង។

លោកថា៖ «យើងបានសន្សំសាច់ប្រាក់ដែលសាច់ប្រាក់នោះយើងគិតថា រយៈពេល៦ខែ យើងអាចនឹងប្រើប្រាស់ ៨រយលាន ក្នុងករណីវិបត្តិអូសបន្លាយរហូតដល់ ១ឆ្នាំ ថវិកានោះអាចរង្វង់ ២ពាន់លានដុល្លារ។ស្ថានភាពប៉ុណ្ណេះ អាចនឹងមិនចោទជាបញ្ហាទេ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បញ្ជាក់ថា ក្រៅពីកញ្ចប់ថវិកាត្រៀមបម្រុង រដ្ឋាភិបាលសល់ប្រាក់ជាង ៣រយលានដុល្លារទៀតក្នុង១ខែ ក្រៅពីចំណាយចរន្តសរុបរួច។

បើតាមនាយករដ្ឋមន្ត្រី គិតត្រឹមបំណាច់ខែមីនា ការប្រមូលពន្ធសរុបបានជាង ៧រយលានដុល្លារ ខណៈការចំណាយសរុបត្រឹមតែជាង ៤រយលានដុល្លារប៉ុណ្ណោះ។

យ៉ាងណា មេដឹកនាំរូបនេះមិនបានបញ្ជាក់ថា កញ្ចប់ថវិកាត្រៀមនេះនឹងចំណាយទៅលើវិស័យកាត់ដេរប៉ុន្មានពិតប្រាកដទេ។ ប៉ុន្តែ របាយការណ៍ក្រសួងការងារបង្ហាញថា ការរីករាលដាលនៃកូវីដ១៩នេះ ធ្វើឱ្យ​​រោ​ងច​ក្រជាង ៧០ ត្រូវព្យួរ គិតត្រឹមដើមខែមេសា ដែលធ្វើឱ្យប៉ះពាល់ដល់កម្មករប្រមាណ ៣ម៉ឺននាក់។​

តាមទិន្នន័យដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម​កាល​ពី​ពាក់កណ្តាល​ខែ​កុម្ភៈ​នេះ ឱ្យដឹងថា គិតត្រឹមពាក់កណ្ដាល​ឆ្នាំ២០១៩ កម្ពុជាមានរោងចក្រ​សរុបប្រមាណជាង ១៥០០រោងចក្រនៅទូទាំងប្រទេស ដោយ​ផ្ដល់​ការងារ​ដល់​កម្មករ​ជាង ៨០ម៉ឺននាក់ ដែលភាគច្រើនលើស​លប់​ជាស្ត្រី។​

ក្រុមសហជីពធ្លាប់លើកឡើងថា មនុស្សប្រមាណ ៣លាននាក់ទទួលផលដោយផ្ទាល់ និងប្រយោលពីកម្មកររោងចក្រ ដូចជា គ្រួសារកម្មកររោងចក្រ អ្នកលក់ដូរ និងម្ចាស់ផ្ទះជួល ជាដើម។​

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករ មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលត្រូវមានវិធានការទៅលើបញ្ហាធំៗ ២ទៀត។

បើតាមលោក អាត់ ធន់ វិធានការនោះត្រូវឱ្យកម្មករផ្អាកសងបំណុលទៅធនាគារ និងមីក្រូហិរញ្ញវត្ថុ រយៈពេល ៣ខែ ឬច្រើនជាងនេះ អាស្រ័យស្ថានភាពប្រសើរឡើងវិញ និងត្រូវធានាថា កម្មករដែលថៅកែព្យួរការងារ ត្រូវទទួលបានប្រាក់ឧត្ថម្ភ ៦០ភាគរយដូចរដ្ឋាភិបាលធ្លាប់សន្យា ដោយមិនចាំបាច់មានលក្ខខណ្ឌ ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់។ (ហេង វិចិត្រ)

លោកថា៖ «កម្មករអត់បានស្លាប់ បើនិយោជក [ថៅកែ] អត់ចំណេញ មិនស្លាប់ទេ។ ខ្ញុំគិតថា ៦០ភាគរយកម្មករគាត់អាចរស់ហើយ គាត់អាចជួលផ្ទះ គាត់អាចហូបចុកអីបាន ព្រោះត្រឹម ១២០ដុល្លារអាចរស់រយៈពេលត្រឹម២ ទៅ៣ខែហ្នឹង ហើយក៏មិនធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុន និងរដ្ឋាភិបាលប៉ុន្មានទេ»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ផ្តល់យោបល់ថា វិធានការបន្ទាន់ ដើម្បីសង្គ្រោះវិស័យកាត់ដេរមានកត្តាធំៗ៤។

បើតាមលោក មឿន តុលា រដ្ឋាភិបាលត្រូវពិនិត្យឡើងវិញទៅលើប្រសិទ្ធភាពនៃគោលនយោបាយឧបត្ថម្ភទន់ដល់អ្នកវិនិយោគ ផ្តល់ប្រាក់កម្ចីដល់អ្នកវិនិយោគ ការប្រាក់ទាប ទប់ស្កាត់ក្រុមហ៊ុនខិលខូចខ្លះយកលេសនេះ មិនព្រមទូទាត់ប្រាក់ឈ្នួលឱ្យកម្មករ ។

វិធានការទី៣ រដ្ឋត្រូវជំរុញគ្រឹះស្ថានមួយចំនួនផលិតម៉ាស អាល់កុល និងឧបករណ៍បរិក្ខារពេទ្យមួយចំនួនទៀត សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារពិភពលោក ដែលកំពុងប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគកូវីដ១៩ ។

បើតាមលោក មឿន តុលា ដើម្បីរក្សាផលប្រយោជន៍ពលរដ្ឋខ្មែរច្រើនលាននាក់ និងសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលគួរពិនិត្យឡើងវិញពីលក្ខខណ្ឌរបស់សហភាពអឺរ៉ុប។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា។ (វីអូឌី)

លោកថា៖ «យើងអត់បោះបង់ចោលចិន ហើយក៏អត់បោះបង់ចោលអឺរ៉ុប និងអាមេរិកដែរ យើងត្រូវរកវិធីមួយដើម្បីឱ្យប្រទេសជាតិយើងរស់បាន ហើយសេដ្ឋកិច្ចយើងនៅតែដើរ»។

សហភាព​អឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ បាន​ចាត់វិធានការព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ (EBA) ២០ភាគរយ​ពី​កម្ពុជា​ «អ្វីៗគ្រប់យ៉ាង​លើក​លែង​សព្វាវុធ»Everything But Arms (EBA) ក្រោមហេតុផលថា ការដឹកនាំរំលោភធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្ស សិទ្ធិនយោបាយជាប្រព័ន្ធ។

វិធានការដំបូងរបស់សហភាពអឺរ៉ុបនេះ ត្រូវបានក្រសួងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ថា បានប៉ះពាល់​ទំនិញនាំចេញ ៤០ប្រភេទ និងទឹក​ប្រាក់​ជាង​ ១ពាន់​លាន​ដុល្លារសម្រាប់​ការ​នាំ​ចេញ​សរុប។

លោក កេន លូ អះអាងដែរថា អ្នកបញ្ជាទិញ ៤៦ភាគរយនៅអឺរុប និង ២៨ភាគរយនៅសហរដ្ឋអាមេរិក។លោកថា ពួកគេទាំងនោះភាគច្រើនបានជូនដំណឹងឱ្យផ្អាកការនាំចេញបណ្តោះអាសន្ន និងមិនទាន់ទូទាត់ប្រាក់នៅឡើយ ក្រោមហេតុផលថា ទីផ្សារមិនដំណើរការ ប្រទេសកំពុងទប់ស្កាត់ជំងឺកូវីដ១៩។

សមាគមរោងចក្រកាត់ដេរកម្ពុជា ធ្លាប់អះអាងថា បើកម្ពុជាមិនអាចរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបបានទេ វានឹងប៉ះពាល់ផ្ទាល់ដល់កម្មករ ៧៥ម៉ឺននាក់ក្នុងវិស័យកាត់ដេរ និងប៉ះពាល់ជាប្រយោលដល់ពលរដ្ឋខ្មែរ ៣លានគ្រួសារផ្សេងទៀត ។

បើតាមលោក មឿន តុលា និងលោក អាត់ ធន់ កាតព្វកិច្ចផ្លូវច្បាប់ ថៅកែរោចក្រជាអ្នកបើកប្រាក់ឱ្យកម្មករ ៥០ភាគរយ ក្នុងករណីសម្រេចព្យួរការងារ។

ក្រុមអ្នកឃ្លាំមើលឱ្យដឹងទៀតថា ក្នុងករណីបិទរោងចក្រ គ្មានការបញ្ជាក់ជាមុនពីក្រសួងការងារ ថៅកែរោងចក្រត្រូវទូទាត់ប្រាក់អត្ថប្រយោជន៍ឱ្យកម្មករចំនួន ៥ចំនុច មានប្រាក់ជំងឺចិត្ត ប្រាក់ជូនដំណឹង រួមទំាងប្រាក់ខែចុងក្រោយផងដែរ។

បើតាមអ្នកឃ្លាំមើល ថៅកែអាចរួបផុតពីកាតព្វកិច្ចរ៉ាប់រងកម្មករតែក្នុងករណីគ្រោះធម្មជាតិកើតឡើងក្នុងប្រទេសប៉ុណ្ណោះ ដូចជា គ្រោះរញ្ជួយដី បន្ទុះភ្នំភ្លើង សង្គ្រាម និងទឹកជំនន់ ជាដើម៕​

​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ