លោក ផៃ ស៊ីផាន ហៅ​អ្នក​ថា​ព្រះ​មហា​ក្សត្រ​យាង​ទៅ​ចិន​ចង់​គេច​ពី​ច្បាប់​ថ្មី​​ជា​គំនិត​អ​មិត្ត​

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល​បានអះអាងថា ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ យាងចេញទៅប្រទេសចិន មិន​មានបំណងចង់គេចវេះពីបញ្ហានៃការបង្កើតច្បាប់ថ្មីនោះទេ ប៉ុន្តែ ជាការយាងទៅ​​ពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គយ៉ាងត្រឹមត្រូវតាមកាលកំណត់របស់គ្រូពេទ្យ មិនមែនចង់គេចវេះពីច្បាប់ថ្មី ដូចការលើកឡើងរបស់​ក្រុមមនុស្ស​មួយចំនួនដែលមានគំនិតអមិត្តជាមួយកម្ពុជានោះឡើយ។ ​

ការលើកឡើងនេះ ក្រោយពេលមានមតិរិះគន់មួយចំនួន​លើកឡើងថា ការយាងចេញទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ ក្នុងបំណងមិនចង់ពាក់ព័ន្ធ​នឹងច្បាប់ថ្មី​ស្តីពីការគ្រប់គ្រងប្រទេសស្ថិតនៅក្នុងភាពអាសន្ន ខណៈរដ្ឋាភិបាល​កំពុងដំណើរការយ៉ាងប្រញាប់លើសេចក្តីព្រាងច្បាប់នេះ។  

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ដោយហៅក្រុមមនុស្សដែលលើកឡើងថា ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ យាងទៅប្រទេសចិន​ ដោយមិនចង់ពាក់ព័ន្ធនឹងច្បាប់គ្រប់គ្រងប្រទេសស្ថិតនៅក្នុងគ្រាអាសន្ននោះ ថាជាក្រុមប្រឌិត ដែលមានគំនិតអមិត្តជាមួយកម្ពុជាប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន ​បញ្ជាក់ថា ​ព្រះអង្គមិនបានគេចវេះអ្វីនោះទេ ប៉ុន្តែ ការយាងទៅរបស់ទ្រង់​ស្របតាម​កាលវិភាគ​ណាត់ជួបជាមួយគ្រូពេទ្យនៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ។

ដូច្នេះ លោកថា មិនគួរមានការយល់ច្រឡំអំពីបញ្ហានេះ និងសូមកុំបន្ទោសព្រះអង្គ ឬដាក់ទោសទៅលើព្រះអង្គបន្តទៀត។

លោកមានប្រសាសន៍ថា៖ «ព្រះអង្គ [ព្រះមហាក្សត្រខ្មែរ] លោកតែងតែស្រលាញ់ជាតិរបស់លោកណាស់។ កាលវិភាគ ឬការកំណត់ទៅពិនិត្យសុខភាពរបស់ព្រះអង្គ គឺមានមុនពេលយើងធ្វើច្បាប់ទៅទៀត។ លោកត្រូវដល់កាលវិភាគត្រូវជួបជាមួយ​ពេទ្យប្រទេសចិនហ្នឹង គឺលោកត្រូវធ្វើទៅតាមកាលវិភាគ​ដែលគ្រោងទុករួចស្រេច មិនប៉ះពាល់ទៅនឹងនីតិវិធីនៃការរៀបចំច្បាប់នោះទេ។ សូមគោរព និងថ្វាយប្រគេន​ដល់ព្រះថិរ៉ានុថិរៈគ្រប់ព្រះអង្គ សូមកុំដាក់ទោសទៅលើព្រះករុណា ព្រះអម្ចាស់តម្កល់ជីវិតលើត្បូង»។

កាលពីថ្ងៃម្សិលមិញ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងចេញពីកម្ពុជា​ទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

កាលពីថ្ងៃទី៣១ ខែមីនា ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ​ឱ្យដឹងថា ក្នុងពេលព្រះរាជអវត្តមានរបស់​ព្រះអង្គ ប្រធាន​ព្រឹទ្ធសភា លោក សាយ​ ឈុំ ធ្វើ​ជាប្រមុខរដ្ឋស្តី​ទី។ ក្នុងព្រះរាជសារ ព្រះមហាក្សត្រមិនបានកំណត់ថ្ងៃណាវិលមកប្រទេសកម្ពុជាវិញទេ។

ទោះបីជាអវត្តមានរបស់ព្រះមហាក្សត្រនៅក្នុងប្រទេសក្តី លោក ផៃ ស៊ីផាន បញ្ជាក់ថា នីតិវិធីនៃការ​បង្កើតច្បាប់​គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននេះ នឹងដំណើរការជាធម្មតា ដោយប្រមុខរដ្ឋស្តីទីនឹងចុះហត្ថលេខា​ដាក់ឱ្យប្រើប្រាស់ច្បាប់នេះជំនួសព្រះមហាក្សត្រ បន្ទាប់ពីច្បាប់នេះឆ្លងផុតស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ