អគ្គ​​បញ្ជា​​ការ​​ទ័ព​​បញ្ជា​​ឱ្យ​​ទ័ព​​ត្រៀម​ចេញ​អន្ត​រា​គមន៍​​ទប់​ស្កាត់​​ការ​​រាល​ដាល​​នៃ​​ជំងឺ​កូវីដ​១៩​

អាជ្ញាធរមានសមត្ថកិច្ច ប្រចាំការត្រួតពិនិត្យដើម្បីរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនពលរដ្ឋក្នុងឱកាសបុណ្យអុំទូក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

អគ្គ​មេបញ្ជាការ​ទ័ព​បាន​បញ្ជា​ដល់​កង​ទ័ព​ទាំង​អស់​ឱ្យ​ត្រៀម​ខ្លួន​ក្នុង​ការ​ចេញ​អន្តរាគមន៍​ទប់​ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។

ក្នុង​បទ​បញ្ជា​ចុះ​ថ្ងៃ​ទី​៣១ ខែមីនា អគ្គ​មេ​បញ្ជា​ការ​ទ័ព​ លោក វង្ស ពិសេន បាន​បញ្ជា​ឱ្យ​ទ័ព​ទាំង​អស់​រក្សា​កម្លាំង​ខ្លួន​ក្នុង​បន្ទាយ មិន​ត្រូវ​ប្រមូល​ផ្ដុំ​ជប់​លៀង និង​ត្រូវ​ត្រៀម​កម្លាំង​ដើម្បី​អន្តរាគមន៍​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺកូវីដ១៩។

ក្នុង​បទ​បញ្ជា​​នោះ​បាន​លើក​ឡើង៖ «នាយក​ខុទ្ទកាល័យ​អគ្គ​បញ្ជាការ​ដ្ឋាន មេបញ្ជាការ​ប្រភេទ​ និង​ទ័ព​ជំនាញ នាយក​ស្ថាប័ន​ និង​សាលា​ចំណុះ​អគ្គ​បញ្ជាការ​ដ្ឋាន ​ត្រូវ​ចាត់​តាំង​អនុវត្តបទ​បញ្ជានេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់ពី​ពេល​ចុះ​ហត្ថលេខានេះ​តទៅ រហូត​ដល់​មាន​បទបញ្ជា​ថ្មី និង​រាយការណ៍​ជា​ប្រចាំ​មក​ទី​ចាត់​ការ​កល​យុទ្ធ​អគ្គ​បញ្ជាការ​ដ្ឋាន»។

បញ្ជា​ឱ្យ​ទ័ព​ត្រៀម​កម្លាំង​នៅពេល​នេះ​គឺ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន និង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ជិត​មកដល់​។

កាល​ពី​ថ្ងៃ​ទី៣០ ខែមីនា លោក ​ហ៊ុន សែន បញ្ជាក់ដោយ​សំណូម​ពរ​ដល់​ពល​រដ្ឋ​ខ្មែរឱ្យ​​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​នៅ​ផ្ទះ​របស់​ខ្លួន​រៀងៗ​ខ្លួន ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខាងមុខ​ និង​ហាម​ដាច់​ខាត​ការ​ជួប​ជុំ​គ្នា​ដែល​មាន​គ្នា​ច្រើន​ដូច​ឆ្នាំ​មុនៗ ដោយ​ថា ​ដើម្បី​ទប់​ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ