ខ្លឹម​សារ​សេចក្តី​ព្រាង​ច្បាប់​គ្រប់​គ្រង​ប្រទេស​ក្នុង​គ្រា​អាសន្ន​ រឹត​បន្តឹង​សិទ្ធិ​មួយ​ចំនួន​​

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឈរនិយាយជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងថ្ងៃជូនព្រះរាជដំណើរព្រះមហាក្សត្រយាងទៅក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ឯកសារនៃសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសស្ថិតនៅក្នុងគ្រាអាសន្ន មាន ៥ជំពូក និងមាន ១១មាត្រា បានចែងពីការបង្កើនអំណាចរដ្ឋាភិបាល ហើយកាត់បន្ថយសិទ្ធិសេរីភាពមួយចំនួនរបស់ប្រជាពលរដ្ឋទូទៅដែលមានចែងនៅក្នុងច្បាប់ពេលកន្លងមក។​

ច្បាប់នេះធ្វើឡើងក្នុងគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិ​ស្ថិតក្នុងភាពអាសន្ន នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិ​ក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិតសុខភាពរបស់ប្រជាពលរដ្ឋ និងការពារទ្រព្យសម្បតិ្ត ព្រមទាំបរិស្ថានផង។

​ច្បាប់នេះ មាត្រា ២ បានចែងអំពីវិសាលភាពអនុវត្ត នៅពេលដែលប្រទេសជាតិ​ត្រូវបានដាក់​ក្នុងស្ថានភាពអាសន្ន ស្របតាមមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ឯកសារសេចក្តីព្រាងច្បាប់ដដែល បានចែងនៅជំពូក ២ មាត្រា ៣ ស្តីពីបែបបទ និងនីតិវិធីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយមាត្រានេះស្របគ្នានឹងមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។

មាត្រានេះចែងថា នៅពេលប្រជាជាតិប្រឈមមុខគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិក្នុងភាពអាសន្ន​ ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ។

មាត្រាដដែល បញ្ជាក់ថា៖ «ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ហើយការដាក់នោះធ្វើឡើងសម្រាប់ថិរវេលាមានកំណត់ ឬមិនកំណត់ ប៉ុន្តែ ការដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់ថិរវេសាមិនកំណត់ ត្រូវបញ្ចប់ទៅវិញដោយព្រះរាជក្រឹត្យនៅពេលសភាពការណ៍អនុញ្ញាត»។

រីឯមាត្រា ៤ ស្តីពីលក្ខខណ្ឌដាក់ប្រទេសក្នុងគ្រាអាសន្ន​ បញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន​​អាចធ្វើឡើង​នៅពេល​ប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ ដូចជា សង្រ្គាម ឬការឈ្លានពានពីកម្លាំងបរទេស។ បញ្ហាបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីជំងឺឆ្លង ភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរជាដើម។

យ៉ាងនេះក្តី កាលពីថ្ងៃទី២៥ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នៅពេលច្បាប់នេះចេញជា​ផ្លូវការ រដ្ឋនឹងដកហូតសិទ្ធិស៊ីវិល ​ឬសិទ្ធិស៊ីវិលមួយចំនួននឹងលែងមាន ហើយខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះក៏បង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពស៊ីវិលដូចគ្នានឹងការលើកឡើងរបស់លោក ហ៊ុន សែន ផងដែរ។

ជាក់ស្តែង ខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ​ជំពូក៣ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន មាត្រា ៥ បានចែងថា នៅពេល​ប្រទេសជាតិ​ត្រូវបាន​ប្រកាសដាក់ក្នុងភាពអាសន្ន រាជរដ្ឋាភិបាល​មានសិទ្ធិដាក់ចេញវិធានការចំនួន ១២ចំណុច ដូចជា ហាមឃាត់ ឬកម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។ ការហាមឃាត់ ឬកម្រិតសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។

បន្ថែមពីនេះ ហាមឃាត់ ឬកម្រិត​ការធ្វើសកម្មភាពការងារ ឬមុខរបរ។ ហាមឃាត់ ឬកម្រិតមិនឱ្យបុគ្គលចេញពីលំនៅឋាន ឬទីសំណាក់ណាមួយ ឬដាក់ឱ្យនៅដាក់ដោយឡែក ក្នុងករណីគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។

អ្វីដែលសំខាន់នោះ រដ្ឋអាចដាក់ចេញនូវវិធានការទាក់ទងកំណែន ជម្លៀសពលរដ្ឋ ដកហូត គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ ឬសេវានានា ដែលចាំបាច់ដើម្បីឆ្លើយតបចំពោះភាពអាសន្ន ហើយនីតិវិធីកំណែន ឬសំណងត្រូវកំណត់ដោយរដ្ឋ។

ខ្លឹមសារសេចក្តីព្រាងច្បាប់នេះបន្តថា៖ «ការដាក់ចេញវិធានការ​កំណត់ថ្លៃទំនិញ និងសេវា​ ដែលមានភាពចំបាច់ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ ការដាក់ចេញនូវវិធានការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន»។

ជាងនេះទៀត ចំណុច ១០នៃមាត្រា ៥ ដដែល បន្ថែមថា រដ្ឋអាចចេញវិធានការឃ្លាំមើល ឬតាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ព្រមទាំងហាមឃាត់ ឬកម្រិតការចែកចាយ ឬការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានភាពភ័យខ្លាចដល់សាធារណជន ឬចលាចល ឬនាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាព​អាសន្ន ព្រមទាំងវិធានការដទៃទៀត ដែលសមស្រប និងចាំបាច់ជាដើម។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងប្រាប់វី.អូ.ឌី តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា លោកមិនអាចបកស្រាយលើឯកសារនៃសេចក្តីព្រាងច្បាប់ដាក់ប្រទេសជាតិក្នុងគ្រាអាសន្ន ដែលផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ ដោយលោកមិនដឹងថា ឯកសារនោះបានមកពីណាទេ ម្យ៉ាងរាជរដ្ឋាភិបាល​មិនទាន់​​ផ្សព្វផ្សាយ​ពីសេចក្តីព្រាងច្បាប់នោះជាផ្លូវការនៅឡើយ។

លោកថា ជាទូទៅ ប្រទេសណាក៏គេមានច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះដែរ ហើយគោលបំណងនៃការ​ដាក់ប្រទេសក្នុងស្ថានភាពអាសន្នដើម្បីគ្រប់គ្រង​ប្រទេសគេ ជាប្រយោជន៍ដល់មនុស្សទូទៅ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយអំណាចនឹងប្រគល់ទៅឱ្យស្ថាប័ននីតិប្រតិបត្តិ។ ដូច្នេះ លោកថា ពលរដ្ឋក្តី ឬសង្គមស៊ីវិលក្តី មិនមានអ្វីគួរឱ្យបារម្ភឡើយ។ 

លោកមានប្រសាសន៍ថា៖ «អីចឹង ប្រជាពលរដ្ឋ ក៏ដូចជាសង្គមស៊ីវិល ដូចមិនមានអីត្រូវព្រួយបារម្ភទេ ព្រោះច្បាប់នេះដើម្បីបម្រើប្រយោជន៍សង្គមទូទៅ។ សំខាន់ឱ្យតែយើងបំពេញតាម ឬគោរពតាមវិធានរបស់រដ្ឋាភិបាលទៅ ដើម្បី​ជាប្រយោជន៍សម្រាប់ខ្លួនយើងផង សម្រាប់ស្ថិរភាព​ខ្លួនយើងផង និងដើម្បីជាប្រយោជន៍​របស់សាធារណជនទូទៅ និងសង្គមជាតិទាំងមូល។ អីចឹង ដូចជាមិនមានអីត្រូវបារម្ភទេ ហើយអានេះវាមិនមានអីចម្លែកសម្រាប់កម្ពុជានោះទេ ប្រទេសផ្សេងៗក៏គេមានដែរ»។

នៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដឹងថា កាលពីថ្ងៃម្សិលមិញ លោកបានដឹកនាំ​កិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី អំពីសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ។

លោក ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមកដើម្បីរឹតត្បិតសេរីភាពរបស់​ប្រជា​ពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។

លោក ហ៊ុន សែន បានបញ្ជាក់យ៉ាង​ដូច្នេះ៖ «យើងបានធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ មានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។ យើង​នឹងមានការបែងចែកថា អ្វីខ្លះដែលត្រូវធ្វើ អ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះដាក់ចេញវិធាន​ការ ​បិទទីតាំងសាធារណៈ និងឯកជនណាមួយ ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប»

យ៉ាងនេះក្តី ឯកសារព្រាងច្បាប់ដដែល ក្នុងជំពូក ៤ ស្តីពីទោសប្បញ្ញត្តិវិញពីមាត្រា ៧ ដល់មាត្រា ៩ បានចែងអំពីការដាក់ទោសទណ្ឌធ្ងន់ធ្ងរទៅលើពលរដ្ឋ ដែលរារាំង​កិច្ចប្រតិបត្តិការ​ និងមិនគោរពវិធានការពេលប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នដោយចេតនា អាចជាប់គុកពី ១ខែ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១សែន ដល់ ៥លានរៀល។

ប៉ុន្តែ ប្រសិនបើសកម្មភាពរារាំង ឬមិនគោរពទាំងនោះ ដែលធ្វើឱ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ ត្រូវផ្តន្ទាទោសពី ១ឆ្នាំ ដល់ ១០ឆ្នាំ ដោយទោសទាំងនេះមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀតឡើយ។ រីឯ​នីតិបុគ្គល ដែលល្មើសច្បាប់នេះវិញ ផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០លានរៀល រហូត ១ពាន់លានរៀល។

ប្រធានការិយាល័យផ្នែកអង្កេត និងសិទ្ធិមនុស្សនៃសមាគម​អាដហុក លោក នី សុខា មិនជំទាស់ឡើយចំពោះការបង្កើតច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងគ្រាអាសន្ននៅពេលនេះទេ ដោយថា ជាវិធានការឆ្លើយតបនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩។

​ប្រសិនបើឯកសារសេចក្តីព្រាងច្បាប់នោះជាការពិត ហើយចេញជាធរមាន លោកស្នើឱ្យរដ្ឋាភិបាលអនុវត្តច្បាប់នេះ​ត្រឹមកម្រិតនៃវិធានការឆ្លើយតបនឹងជំងឺឆ្លងនេះប៉ុណ្ណោះ ដោយមិនត្រូវអនុវត្តក្នុងស្ថានភាពប្រទេសប្រសើរនោះឡើយ។ លើសពីនេះ លោកក៏ស្នើឱ្យរដ្ឋាភិបាលពិចារណា​វិធានការចាំបាច់ប៉ុណ្ណោះ ព្រមទាំងពិចារណាចំណុចនៃការដាក់ទោសទណ្ឌ ត្បិតវាមានលក្ខណៈធ្ងន់ធ្ងរពេក។ ​

លោកមានប្រសាសន៍ថា៖ «យើងគិតថា បើប្រជាពលរដ្ឋយើងពេលខ្លះ បើវិធានការរបស់រដ្ឋចេញមកហើយ​ប្រជាពលរដ្ឋខ្លះមិនទាន់យល់ដឹង ឬប្រព័ន្ធផ្សព្វផ្សាយមិនទាន់បានផ្សព្វផ្សាយឱ្យបានជ្រួតជ្រាប​ ទូលំទូលាយ។ ជួនកាលប្រជាពលរដ្ឋខ្លះ គាត់មិនទាន់​បានតាមដាន​សភាពការណ៍​ហ្នឹងឱ្យទាន់ពេលវេលា។ បើសិនជាយើងយកវិធានការ ​ឬការដាក់វិធានការហ្នឹង វាធ្ងន់ធ្ងរពេក វាអាចធ្វើឱ្យប្រជាពលរដ្ឋហ្នឹងរងនូវទណ្ឌកម្ម​ពីច្បាប់ហ្នឹង វាធ្ងន់ហួសកម្រិត»។  

លោក ហ៊ុន សែន បាន​បញ្ជាក់ថា ​សេចក្តី​ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន នឹងត្រូវលើកមកពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំ​ពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។ ប្រមុខរដ្ឋាភិបាលដដែល ​​រំពឹង​ថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយនេះ បន្ទាប់ពីគណៈរដ្ឋមន្រ្តី​សម្រេចហើយនោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ