ក្រសួង​​ព្រ​មាន​​​ចាត់​​ការ​​អ្នក​​យក​​ឧបករណ៍​​តេស្ត​​រហ័ស​​រក​​កូវីដ​​១៩​​មក​​ផ្សព្វ​​ផ្សាយ​​លក់​​ជា​​សាធារណៈ​​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួង​សុខា​ភិបាល​កម្ពុជា​​ បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​ដល់​​អ្នក​ដែល​​ផ្សព្វផ្សាយ​​ដាក់​​លក់​​​ឧបករណ៍​តេស្តរហ័ស​រក កូវីដ១៩ ដោយ​គ្មាន​​ការ​អនុញ្ញាត ព្រោះ​​ថា​ ទាំង​ក្រសួង និង​អង្គការ​សុខភាព​ពិភពលោក មិន​ទាន់​ទទួល​ស្គាល់​​ឧបករណ៍​តេស្ត​រហ័ស​ណា​មួយ​នៅ​ឡើយ​ទេ​។

ការព្រមាន​របស់​ក្រសួង​សុខាភិបាលបែប​នេះ ធ្វើឡើងបន្ទាប់​ពី​មាន​ជន​មួយចំនួ​នបាន​ផ្សព្វផ្សាយលក់​ឧបករណ៍​តេស្តរហ័ស​រកកូវីដ១៩នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជាបន្តបន្ទាប់។

ក្រសួងសុខាភិបាលបានលើកឡើងក្នុងសេចក្តីជូនព័ត៌មានដែល​ចេញផ្សាយនៅថ្ងៃនេះថា៖ «[…] ឧបករណ៍​សម្រាប់​​ធ្វើ​តេស្តរហ័សបែបនេះ មិនទាន់មានការទទួលស្គាល់ពីក្រសួងសុខាភិបាល​ ហើយជន​ណាដែល​យក​ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ មកធ្វើការផ្សព្វផ្សាយដើម្បីលក់ដូរ​​​​ជាសាធារណៈដោយ​មិនមាន​ការ​អនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវផ្តន្ទាទោសតាម​ផ្លូវច្បាប់​ជាធរមាន​។»

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស​កុំប្រើប្រាស់ឧបករណ៍​ធ្វើតេស្តរហ័ស​រក​មេរោគកូវីដ-១៩ដោយខ្លួនឯង មិនមានប្រសិទ្ធភាពនោះទេ ដោយសារ បច្ចុប្បន្ននេះ មានឧបករណ៍ជាច្រើន​ដែល​អង្គការសុខភាពពិភពលោក មិនទាន់ទទួលជាផ្លូវការនៅឡើយ។

បច្ចុប្បន្ន មានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍​ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ប្រភេទណាមួយ ដែលមានការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាព​ពិភពលោក​ នូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៅឡើយទេ។

ករណីនេះ ក្រសួងអំពាវនាវទៅប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងកុំជឿលើបុគ្គលដែលផ្សព្វផ្សាយឧបករណ៍​ធ្វើតេស្ត​រហ័សរកមេរោគកូវីដ-១៩ ខុសច្បាប់មួយចំនួនបែបអនាធិបតេយ្យ និងមិនមានការអនុញ្ញត​ពីក្រសួង​សុខាភិបាល។

ខ្លឹមសារសេចក្តីជូនព័ត៌មាន​៖ «ប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សបែបនេះ គឺនៅទាបណាស់ ហើយក៏មានការ​ចេញ​លទ្ធផលមកមិនច្បាស់លាស់ច្រើនណាស់ដែរ ដូចជាអ្នកដែលមិនមានមេរោគ បែរទៅជាមានលទ្ធផល​វិជ្ជមាន រីឯអ្នកមានមេរោគ បែរទៅជាមានលទ្ធផលអវិជ្ជមានទៅវិញ។»

សេចក្តីជូនដំណឹងបញ្ជាក់ថា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​តែ​ប៉ុណ្ណោះ​ ដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដារ​របស់អង្គការសុខភាព​ពិភពលោក ហើយ​​មានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។

គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា មានចំនួនសរុប ១០៣នាក់ (ស្ត្រី ២៨នាក់ បុរស ៧៥នាក់)។ ក្នុងនោះ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ថ្នាក់ជាតិ និងថ្នាក់ខេត្ត ​ចំនួន​៨២​នាក់ ខណៈបច្ចុប្បន្នព្យាបាលជាមានចំនួន២១នាក់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ