អ្នក​នាំ​ពាក្យ​ថា​ឥណ្ឌូ​នេស៊ី​២​នាក់​មាន​កូវីដ​-​១៩​មក​​កម្ពុជា ព្រោះ​លឺ​ថា​ព្យាបាល​​មិន​យក​ប្រាក់​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណ​ឌីន ថ្លែងក្នុងកិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់ថា ​ជនជាតិ​ឥណ្ឌូនេស៊ី​២នាក់ដែល​មានកូវីដ-១៩ បានធ្វើដំណើរពីប្រទេសថៃ​ ដោយសារលឺថា ប្រទេសកម្ពុជាព្យាបាល​ដោយមិនគិតថ្លៃ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល​លើកឡើងថា ​ជនជាតិ​ឥណ្ឌូនេស៊ីទាំង២នាក់នោះ​បាន​ពិនិត្យឃើញវិជ្ជមានកូវីដ-១៩តាំងពីនៅប្រទេសថៃ តែពុំមាន​លទ្ធភាព​បង់ថ្លៃព្យាបាល ទើបធ្វើដំណើរ​មក​កម្ពុជា។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ «[…] គាត់មើលនៅពេទ្យផាយ៉ាថៃ នៅបាងកក ដល់​ពិនិត្យទៅធ្វើ​តេស្តនៅហ្នឹងទៅឃើញ​ថា​វិជ្ជមាន​ ប៉ុន្តែ ដូចដែល​យើងដឹងហើយ ថៃមិនមែន​មើលទទេទេ។ គាត់(ថៃ) charge (គិតថ្លៃ)លុយ។ ខ្ញុំ​មិនដឹងថា charge លុយប៉ុន្មាន​ទេ ប៉ុន្តែ យើងលឺហើយការប្រកាសរបស់ថៃ ​ជន​បរទេស​ហ្នឹង​ទាល់​តែមាន health insurance (ធានារ៉ាប់រងសុខភាព) រហូតទៅដល់១០ម៉ឺនដុល្លារឯណោះ បានឱ្យចូល​ស្រុក​ថៃហ្នឹង។ អ៊ីចឹង ដោយសារឥណ្ឌូនេស៊ីហ្នឹងអត់មានលុយ អ៊ីចឹងគាត់ក៏ធ្វើដំណើរដោយសារលឺថា ស្រុក​ខ្មែរយើងហ្នឹងមើលដោយមិនយកលុយយកកាក់អីនោះ»។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់​ថា នៅពេល​ដែល​ធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា​ ជនជាតិ​ឥណ្ឌូនេស៊ី​២នាក់​នោះ​ពុំមាន​រោគសញ្ញា ឬអាការឡើងកម្តៅអ្វីនោះទេ។ លោកស្រីថា ប្រហែល​ជាពួកគាត់ប្រើប្រាស់ថ្នាំ ទើបនៅ​ពេល​​ដែល​ដើរឆ្លងកាត់ព្រំដែន​ចូលទឹកដីកម្ពុជា ក្រុមគ្រូពេទ្យខ្មែរស្គែន​កម្តៅ​ តែមិនឃើញមាន​អ្វីខុសប្រក្រតី​​នោះទេ។

លោកស្រីបានឱ្យដឹង​ទៀតថា​ ជនជាតិឥណ្ឌូនេស៊ី​២នេះបានជួលរថយន្តមួយដាច់​តែពីរនាក់ ពីថៃមកចូលតាម​ច្រកប៉ោយប៉ែត ដោយនៅពេល​ដល់​ខេត្តសៀមរាបភ្លាម ​ពួកគាត់បាន​ទៅរក​ពេទ្យភ្លាម ថាគាត់មានកូវីដ-១៩។ លោកស្រី ឱ វណ្ណឌីន ថា​អ្នកបើករថយន្តដែល​ពួកគាត់ទាំងពីរនាក់ជិះ ត្រូវបាន​រកឃើញរួចហើយដែរ ហើយ​កំពុង​​រង់ចាំលទ្ធផលតេស្ត។

គិតត្រឹម​យប់ម៉ោង៨ ថ្ងៃទី២៦ ខែមីនា កម្ពុជារកឃើញអ្នកមានកូវីដ-១៩ ចំនួន​៩៨ករណី ដែល​ក្នុងនោះ​ព្យាបាល​​ជាសះស្បើយ១១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ