ប្រធាន WHO ថា​បិទ​ការ​ធ្វើ​ដំណើរ​អាច​ត្រឹម​តែ​ពន្យឺត តែ​មិន​អាច​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​កូវីដ​-​១៩​បាន​ឡើយ​

ប្រធាន​អង្គការ​សុខភាព​ពិភព (WHO) លោក Tedros Adhanom Ghebreyesus ថ្លែងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានស្តីពីការវិវត្តនៃការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី នៅក្រុង Geneva ប្រទេស Switzerland ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ (Salvatore Di Nolfi/Keystone via AP)

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus លើកឡើងថា ការស្នើឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ និងបិទការធ្វើដំណើររបស់ពលរដ្ឋ អាចត្រឹមតែពន្យឺតការរាតត្បាត ប៉ុន្តែ នឹងមិនអាចលុបបំបាត់ការឆ្លងរាលដាលរបស់វាបាននោះឡើយ។

ការថ្លែងនេះ គឺធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃម្សិលមិញ ខណៈវិបត្តិកូវីដ-១៩ ពុំទាន់បង្ហាញសញ្ញាណថមថយនៅឡើយនៅបណ្តាប្រទេសជាច្រើន បើទោះរដ្ឋាភិបាលប្រ​ទេសទាំងនោះចាត់វិធានការដាក់បំរាមធ្វើដំណើរ និងអំពាវនាវឱ្យពលរដ្ឋនៅក្នុងផ្ទះក៏ដោយ។

លោក Tedros Adhanom មើលឃើញថា មានប្រទេសជាច្រើនបានដាក់ចេញវិធានការមិនធ្លាប់មានដូចជា បិទសាលា បិទអាជីវកម្ម និងលុបចោលកម្មវិធីប្រកួតកីឡាផ្សេងៗ ហើយអំពាវនាវឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ ជាដើម។ ប៉ុន្តែ លោកថា វិធានការទាំងនេះ គ្រាន់តែអា​ចជួយពន្យឺតការរីករាលដាលរបស់មេរោគឆ្លង និងបន្ថយសម្ពាធលើប្រ​ព័ន្ធសុខាភិបាលប៉ុណ្ណោះ។

លោក Tedros មានប្រសាសន៍ថា៖ «ការស្នើឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ និងបិទការធ្វើដំណើររបស់ពលរដ្ឋ គឺជាការទិញពេលវេលា និងកា​ត់ប​ន្ថយសម្ពាធលើប្រព័ន្ធសុខាភិបាល។ ប៉ុន្តែ បើតាមធាតុពិត វិធានការទាំងនេះ នឹងមិនអា​ចបំបាត់មេរោគរាត​ត្បា​ត​បានឡើយ»។

លោកបន្តថា៖ «យើងចាំបាច់ត្រូវការវិធានការ និងធ្វើសកម្មភាពជាក់ស្តែងដែលចំគោលដៅ និងច្បាស់លាស់ជាងនេះ ដើម្បីបញ្ឈប់ការចម្លងថ្មីៗ និងសង្គ្រោះជីវិតមនុស្ស»។

ប្រធានអង្គការអន្តរជាតិរូបនេះលើកឡើងបន្ថែមថា ប្រទេសនានា​ដែលកំពុងប្រើវិធានការបិទការធ្វើដំណើរចេញចូលប្រទេស ឬតំបន់ផ្ទុះកា​រ​​ឆ្លងរាតត្បាត ត្រូវ​​អនុវត្តផែនការសកម្មភាពគន្លឹះមួយចំនួនទៀត ដែលលោកថា ជាមធ្យោបាយល្អបំផុតដើម្បីឈានដល់អាចលុបបំបាត់ការចម្លងថ្មីៗទាំងស្រុង។ គន្លឹះទាំងនោះរួមមាន បង្កើនកម្លាំង និងសមត្ថភាពបុគ្គលិកពេទ្យ ស្វែងរកករណីសង្ស័យឱ្យអស់នៅសហគមន៍មូលដ្ឋាន ពង្រីកវិ​សា​ល​ភាពតេស្តរកអ្នកផ្ទុកមេរោគ ត្រៀមទីតាំង និងបរិក្ខារពេទ្យសម្រាប់ដាក់អ្នកជំងឺព្យាបាល និងនៅដាច់ដោយឡែក រៀប​ចំផែនការ និងដំណើរការរ​ក្សា​​អ្ន​កសង្ស័យប៉ះផ្ទាល់ជាមួយអ្នកជំងឺឱ្យបានច្បាស់លាស់ និងពិនិត្យមើលប្រសិទ្ធភាពកិច្ចការបង្រ្កាប និងបញ្ឈប់ការចម្លងរបស់មេរោគ​ជាដើម។

លោក Tedros Adhanom បន្ថែមថា ចំនួនជនរងគ្រោះស្លាប់ដោយសារមេរោគមានតិច ឬច្រើន គឺអាស្រ័យលើការសម្រេ​ចចិត្ត និងសក​ម្មភាពពិតជាក់ស្តែង ហើយថា បើការអនុវត្តមានប្រសិទ្ធភាព នោះវានឹងជួយបន្លឿនការស្តារ និងបញ្ចៀសផលប៉ះពាល់សេដ្ឋកិច្ច និ​ងសង្គមផងដែរ។

បើតាមតួលេខពី WorldOMeters គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កូវីដ-១៩ បានឆ្លងរាលដាលដល់ជាង១៩០ប្រទេស និងដែនដី ដោយករណីឆ្លងសុរបបានឡើងដល់ជាង ៤៧ម៉ឺនករណី កើនលើសថ្ងៃម្សិលមិញ ៥ម៉ឺនករណី ក្នុងនោះករណីស្លាប់បានឡើងដល់ជាង ២ម៉ឺន១ពាន់ករណី កើនលើសថ្ងៃម្សិលមិញ ៤ពាន់ករណី។

អាមេរិក និងប្រទេសអឺរ៉ុបមួយចំនួន ជាពិសេស អ៊ីតាលី និងអេស្ប៉ាញ កំពុងរងការឆ្លងរា​តត្បាតធ្ងន់ធ្ងរបំផុត ហើយកំពុងក្លាយជាប្រភពច​ម្លងនៃមេរោគទៅកាន់ប្រទេសផ្សេងៗជំនួសចិន ខណៈចិនប្រកាសពីជោគជ័យក្នុងការទប់ស្កាត់ និងគ្រប់គ្រងករណីឆ្លងថ្មីក្នុងទឹកដី​ខ្លួន។

ទាក់ទងនឹងបញ្ហានេះ អង្គការសុខភាពពិភពលោក ក៏បានអំពាវនាវម្តងហើយម្តងទៀតផងដែរ ឱ្យប្រទេសនានាយកគំរូតាមវិធានការរដ្ឋអា​ជ្ញាចិន និងប្រទេ​ស​មួយចំនួនទៀ​តដូចជា កូរ៉េខាងត្បូង សិង្ហបុរី និងជប៉ុន ដែលអាចរក្សាកំណើនករណីឆ្លងថ្មីទាប ដែលនឹងអាចឈានដល់ការលុបបំបាត់ការចម្លងថ្មីទាំងស្រុងក្នុងប្រទេសបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ