វិស័យ​​ទេសចរណ៍​​ខេត្ត​​សៀមរាប​​ធ្លាក់​​ចុះ​​​​​ចាប់​​បង្ខំ​​​ឱ្យ​​អ្នក​​ពាក់​​ព័ន្ធ​​បិទ​​អាជីវកម្ម​ និង​​​ប្រឈម​​មុខ​​នឹង​​​បំណុល​

ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ប្រាសាទអង្គរវត្ត​មានចំនួនតិចតួច កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ (រូបថត៖ ពៅ មេត្តា)

លោក ហយ ឆៀវ បាន​ធ្វើការជាមគ្គុទេសក៍ទេសចរណ៍នៅខេត្តសៀមរាបរយៈពេល ១៩ឆ្នាំហើយ ដោយ​រក​ចំណូល​បាន​ចន្លោះ​ពី ៧០០ទៅ ១,០០០​ដុល្លារ​ក្នុង​មួយ​ខែៗ​ តាម​រយៈ​ការនាំភ្ញៀវទេសចរទៅទស្សនា​ប្រាសាទ និងតំបន់ទេសចរណ៍នានា​ក្នុងខេត្តសៀម។

លោកបន្តថា ចំណូលដែល​​លោករកបានពីវិស័យ​​ទេសចរណ៍​​​​នេះ គឺ​លោកផ្គត់ផ្គង់គ្រួសារមួយដែលលមា​នសមាជិកគ្រួសារ ៤នាក់  និងមួយចំណែក​ទៀត គឺគាត់ត្រូវបង់ធនាគារ​​ជិត​​​​​​ ៥​០០​​ដុល្លារ​​​​សហរដ្ឋអាមេរិក។

ប៉ុន្តែ លោក​ ឆៀវ ប្រាប់​ថា លោក​កំពុង​តែ​ប្រឈម​មុខ​នឹង​កង្វះ​ថវិកា​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​រ៉ាប់​រង​បន្ទុក​បំណុលដែល​ត្រូវ​សង​ត្រឡប់​ទៅ​ធនាគារ​ជា​រៀង​រាល់​ខែ បន្ទាប់​ពី​​ឧស្សាហកម្ម​ទេសចរណ៍​​ក្នុង​ខេត្ត​នេះ បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ជិត ៣​​ខែ​ចុង​ក្រោយ​នេះ ព្រោះ​តែ​ក្ដី​បារម្ភ​ពី​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី ឬ​ Covid-19។

ភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រាសាទអង្គរវត្ត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ (ពៅ មេត្តា)

តួលេខ​កត់​ត្រា​ដោយ​គ្រឹះស្ថាន​អង្គរ ដែល​ជា​ក្រុមហ៊ុន​ឯកជន​របស់​រដ្ឋ​គ្រប់​គ្រង​លើ​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ បង្ហាញ​ថា ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​ធ្លាក់​ចុះ​ពី​ចំនួន​ជាង ៣៧​ភាគរយ​នៅ​ក្នុង​រយៈ​ពេល ២​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ បើធៀប​នឹង​តួលេខ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​បែប​នេះ បាន​កើត​ឡើង​ចំពេល​ដែល​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​ជុំ​វិញ​ការ​ផ្ទុះ​ឡើង និង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី ឬ Covid-19 ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិន។

តួលេខ​របស់​​អង្គការ​សុខភាព​ពិភព​លោក បង្ហាញ​ថា មនុស្ស​ដល់​ទៅ​ជាង ១៤,៥១០​នាក់​ហើយ បាន​ស្លាប់​ក្រោយ​ពី​ឆ្លង​វីរុសដ៏​រាត​ត្បាត​នេះ ហើយ​មនុស្ស​ដល់​ទៅ​ជាង ៣៣​ម៉ឺន​នាក់ បាន​ឆ្លង​វីរុស​នេះ​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​មីនា។

ទន្ទឹម​នេះ កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី (Covid-19) ​សរុប ៩៣​​ករណី​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​មីនា ដោយ​បាន​រក​ឃើញ​ឆ្លង​ទៅ​លើ​ពលរដ្ឋ​កម្ពុជា​​សរុប ៣៥​នាក់ និង​ជន​បរទេស​សរុប ៥៤នាក់។

សម្រាប់​ខេត្ត​សៀមរាប ក្រសួង​សុខាភិបាល​ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង ២​ករណី​ផង​ដែរ ដែល​ក្នុង​នោះ​បុរស​កម្ពុជា​​ម្នាក់​វ័យ​ ៣៨​ឆ្នាំ បាន​ឆ្លង​ពី​ជន​ជាតិ​ជប៉ុន ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ Covid-19 ក្រោយ​វិល​ត្រឡប់​ពី​កម្ពុជា​ទៅ​ដល់​ជប៉ុន​វិញ និង​បុរស​កម្ពុជា​ម្នាក់​ទៀតវ័យ ៤០​ឆ្នាំ ​ដែល​បាន​វិល​ត្រឡប់​ពី​​ចូល​រួម​ពិធី​បែប​សាសនា​ឥស្លាម​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

មគ្គុទេសក៍​ទេសចរណ៍ លោក ហយ ឆៀវ ប្រាប់​ថា ស្ថានភាព​លំបាក​បែប​នេះ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប បាន​ជំរុញ​ឱ្យ​លោក​ស្ថិត​ក្នុង​ស្ថានភាព​ផុង​ខ្លួន​ក្នុង​បំណុល​ ដែល​លោក​បាន​ខ្ចី​ពី​វិស័យ​ហិរញ្ញវត្ថុ។

លោក ហយ ឆៀវ ប្រាប់​ថា​៖ «២ ទៅ៣​ថ្ងៃទៀត នឹងសុំសួរ​ខាងធនាគារថា ខាងធនាគារគួរជួយ​​​ចូល​​រួម​​​ដំណោះស្រាយយើងខ្លះតាមលទ្ធភាពដែលអាចជួយបាន អាចពន្យារការបង់ ឬក៏យើងអាចបង់តែការប្រាក់សិន ដោយសុំជំពាក់អាដើម ហើយ​វាគួរតែខាងហ្នឹង គិតដំណោះស្រាយឱ្យយើងខ្លះ ហើយបើសិនឱ្យយើងបង់ពេញៗ​​ ក៏យើងបង់អត់ទៅរួចដែរ»

ប្រធានសមាគមមគ្គុទេសក៍​អង្គរខេត្តសៀមរាប លោក ខៀវ ធី បាន​ឱ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​នៃ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​នេះ បាន​បង្ខំ​ឱ្យ​សមាជិក​របស់​លោក​មួយ​ចំនួន ផ្លាស់​ប្ដូរ​មុខ​របរ ឬ​ក៏​បាត់​បង់​ប្រាក់​ចំណូល​យ៉ាង​ច្រើន ដែល​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ និង​លទ្ធភាព​សង​ត្រឡប់​ទៅ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​វិញ។

លោក ខៀវ ធី ប្រាប់​ថា​៖ «មគ្គុទេសក៍​ខ្លះគាត់ជំពាក់ធនាគារ គាត់យ៉ាប់រឿងបង្វិលលុយ។ គាត់ចេះតែឆក់កណ្ដៀតពីបងប្អូនគាត់បន្តិចបន្តួច បង្វិលចុះបង្វិលឡើង ដើម្បីសងធនាគារទៅ»

បើតាមលោក ខៀវ ធី មគ្គុទេសក៍ទេសចរណ៍ដែលកំពុងបម្រើការនៅក្នុងខេត្តសៀមរាបនៅពេលនេះ មានប្រមាណ ​៥០០​នាក់ បែងចែកជា ១១ភាសា ក្នុងនោះមានប្រមាណ ១០ភាគរយប៉ុណ្ណោះ ដែលទទួលប្រាក់ខែពីសណ្ឋាគារ ឬក្រុមហ៊ុន​​​​ទេសចរេណ៍ ក្រៅពីនោះគឺជាមគ្គុទេសក៍ដែលធ្វើតាមការព្រមព្រៀងគ្នា​​នៅពេលដែលមានភ្ញៀវទេសចរ​​មកលេង។

ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​ខេត្ត​មួយ​នេះ ក៏​បាន​ចាប់​បង្ខំ​ឱ្យ​សណ្ឋាគារ និង​អាជីវកម្ម​ពាក់​ព័ន្ធ ផ្អាក​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​ផង​នៅ​ក្នុង​រយៈ​ពេល​ជិត ៣​ខែ​ចុង​ក្រោយ​នេះ។

អ្នកជិះម៉ូតូកង់បី កាត់មុខសណ្ឋាគារមួយនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ សណ្ឋាគារនេះបានបិទទ្វារឈប់ដំណើរហើយ។ (ឆពណ្ណ បញ្ញា)

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប​ សុភ័ក បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែមីនានេះ ​សណ្ឋាគារ ៥៧ ក្នុង​ចំណោម​សណ្ឋាគារ ២២៨​កន្លែង​នៅ​ខេត្ត​សៀមរាប បានបិទទ្វារ ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​ហើយ ដែល​បង្ខំ​ឱ្យ​បុគ្គលិក​និយោជិត​ចំនួន ២,៥៤៨​នាក់​នៅ​ក្នុង​ចំណោម​បុគ្គលិក​និយោជិត​សរុប ១២,១៩២​នាក់ ​កំពុង​បាត់​បង់​ការងារ​ធ្វើ។

កញ្ញា ហាន ដា អាយុ ៣០ឆ្នាំ មកពីខេត្តកំពង់ធំ បានធ្វើការ​ជា​គណនេយ្យករ​​​​នៅក្នុងសណ្ឋាគារ Prince de’ Angkor ​​រយៈពេល ២ឆ្នាំមកហើយនោះ។ កញ្ញា​បាន​ឱ្យដឹងថា ចាប់ពីខែមករា ឆ្នាំ​២០២០មក គឺមានការកាត់បន្ថយ​​ថ្ងៃ​​ធ្វើការ​​របស់​​បុគ្គលិក ហើយថៅកែសណ្ឋាគារបានជូនដំណឹងថា នឹងចាប់ផ្តើមផ្អាកដំណើរការសណ្ឋាគារតែម្ដងនៅដើមខែមេសា​​​ខាងមុខ​នេះ ដោយមិនបានជូនដំណឹងថា ផ្ដល់អ្វីខ្លះឱ្យដល់បុគ្គលិក ហើយនឹងផ្អាករយៈពេលប៉ុន្មាននោះទេ។ កញ្ញា​​បន្តថា ក្រៅពីថ្លៃ​ចំណាយផ្សេងហើយនៅ គឺ​បង់ធនាគារក៏ជាបញ្ហាប្រឈមធំមួយផងដែរ។

កញ្ញា ហាន ដា ប្រាប់​ថា​៖ «ចង់​​ឱ្យរដ្ឋាភិ​​បាលគិតគូរ ខាងសណ្ឋាគារគិតគូរដូចខាងរោងចក្រដែរ គឺផ្ដល់ប្រាក់ខែ ៦០ភាគរយ ព្រោះមិនថា កម្មកររោងចក្រនោះទេ សណ្ឋាគារ​​គឺដូចតែគ្នា ហើយបើសិនជាសណ្ឋាគារបិទ ឬផ្អាក​យូរ វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ​​ខ្លាំង ព្រោះយើង​​ពឹង​​ផ្អែកទៅលើប្រាក់ខែដើម្បីយកមកចំណាយ ហើយដល់ពេលបិទយូរអ៊ីចឹង វាពិបាក ព្រោះអីវាមិនដឹងទៅរកការងារនៅកន្លែង​​ណា​​ព្រោះនៅសៀមរាបគេបិទច្រើន»

​អភិបាល​​ក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា​ ប្រាប់ VOD ថា ចំពោះផលប៉ះពាល់ដល់​​អ្នកបម្រើ​ការ​​ក្នុង​វិស័យទេសចរណ៍នៅខេត្តសៀមរាប លោកឱ្យដឹងថា លោកអភិបាលខេត្តសៀមរាប បានប្រជុំ​​ជាមួយ​​បណ្ដា​​ធនាគារនៅក្នុងខេត្តសៀមរាប ដើម្បីរកវិធីថា តើគួរជួយបែបណាដល់ក្រុមអ្នកមាន​​បញ្ហាទាំងអស់ ខណៈដែល​​មានការ​​ផ្អាក​​ និង​បិទទ្វារអាជីវកម្មជាបន្តបន្ទាប់នៅក្រុងសៀមរាបនេះ។

លោក ​នួន ពុទ្ធារ៉ា ប្រាប់​ថា៖ «ឯកឧត្តមអភិបាលខេត្ត បានបើកិច្ចប្រជុំ​បន្ទាន់មួយ ហើយបានជជែកជាមួយធនាគារពាណិជ្ជទាំងអស់ ក្នុងន័យថា ​តើយើងអាចរកវិធីយ៉ាងណាសម្របសម្រួល ឬជួយបែបណាទៅដល់ក្រុមអ្នកមានបញ្ហាទាំងអស់។ យើងនិយាយរួម វាពាក់ព័ន្ធតាំងពីសណ្ឋាគារ ពាក់ព័ន្ធដល់បុគ្គលិក ខាងក្រុមហ៊ុនអចលនទ្រព្យ វាពាក់ព័ន្ធដល់ប្រជាពលរដ្ឋដែលមានការទិញអីទាំងអស់នោះ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប​ សុភ័ក បាន​ឱ្យ​ដឹង​ថា ក្រសួង​​​បានរៀប​ចំ​​​ផែនការរួច​រាលសម្រាប់​វគ្គ​បណ្ដុះ​បណ្ដាល​នានា​ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប៉ុន្តែ​ ករណី​​​កូរ៉ូណា​​​​នេះបានផ្ទុះឡើងនៅខេត្តសៀមរាប ដែលទាមទារឱ្យក្រសួងកែប្រែកម្មវិធី​ដែលបាន​រៀបចំសម្រាប់​បុគ្គលិក​ដែល​​​ត្រូវផ្អា​​ក​​​ការងារនៅខេត្តសៀមរាបទាំងនោះ ដោយមិនអាចបើកវគ្គបណ្តុះបណ្ដាលជំនាញ​​​ដែល​​មាន​​​​​​ការប្រមូលផ្តុំមនុស្សច្រើនបាននោះទេ គឺអាចធ្វើតាមរយៈប្រព័ន្ធ Online។

លោក តុប​ សុ​​ភ័ក ប្រាប់​ថា​៖ «ការពិត យើងធ្វើតាមការ​ណែ​​នាំរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលក៏មាន​គម្រោងជួយដល់បុគ្គលិក​និយោជិត​ដែលគាត់បាត់បង់​​ការងារ​​ហ្នឹង ឱ្យមក​ចុះឈ្មោះចូលរៀន​បណ្ដុះបណ្ដាលរយៈពេល ៤ខែ។  បើយើងគិតពីខែ៣​ហ្នឹងទៅ ដោយក្នុងនោះ យើងមានការ​​ឧបត្ថម្ភ ​​ដើម្បី​​ទី១ ចំណេះដឹងរបស់គាត់ ហើយទី២ អាចថា ​គាត់ទទួល​​បានប្រាក់លើកទឹកចិត្តសម្រាប់គាត់​ចំណាយហូបចុកសម្រាប់គាត់»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ