វិភាគ៖ តើ​​កម្ពុជា​​អាច​​​បង្ការ​កុំ​​ឱ្យ​​កូវីដ​-​១៩​ឆ្លង​​ក្នុង​​សហគមន៍​​បាន​​ដោយ​​របៀប​​ណា​?​

ទិដ្ឋភាពតំបន់រស់នៅរបស់ប្រជាសហគមន៍មួយ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។ រូបភាព៖ ឃុត សុគន្ធ

នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ អង្គការ​សុខភាព​ពិភព​លោក ​បាន​ប្រកាស​ដាក់​ពិភព​លោក​ក្នុង​ភាព​អាសន្ន​សុខភាព នៅពេល​ដែល​កូវីដ-១៩​ បាន​រីករាល​ដាលដល់​ប្រទេស​ចំនួន​៧៧​ក្នុង​ពិភពលោក។

ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​នេះ​ដំបូង​លើ​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​កាល​ចុង​ខែ​មករាកន្លង​ទៅ ហើយ​សរុប​មក​ដល់​ពេល​នេះ​ កម្ពុជា​បាន​រក​ឃើញអ្នក​ផ្ទុក​ជំងឺ​នេះចំនួន៨៦​នាក់​ហើយ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ៣៣​នាក់។ ទោះ​ជា​យ៉ាង​ណា ​ជំងឺនេះ​នៅ​មិន​ទាន់​មាន​ការ​រាយការណ៍​ថា​ បាន​ឆ្លង​ចូល​ក្នុង​សហគមន៍នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​២២ ខែមីនា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​បើ​ទោះ​បី​កម្ពុជា​នៅ​មិន​ទាន់​រក​ឃើញ​ភស្តុតា​ង​បញ្ហាក់​ថាមានការឆ្លងក្នុងសហគមន៍ តែលទ្ធភាពនៃ​ការ​ឆ្លង​ក្នុង​សហគមន៍​គឺ​អាច​កើត​មាន​ឡើង​។

តើ​កម្ពុជា​គួរ​មាន​វិធាន​ការ​បង្ការ​កុំ​ឱ្យ​កូវីដ-១៩ឆ្លង​ក្នុង​សហគមន៍​បាន​ដោយ​របៀប​ណា?

ជំងឺរលាក​ផ្លូវ​ដង្ហើមថ្មីដែល​បង្ក​ដោយ​វីរុស​កូរ៉ូណាថ្មី​

ជំងឺរលាក​ផ្លូវ​ដង្ហើម​ថ្មី​ដែល​បង្ក​ដោយ​វីរុ​សកូរ៉ូណា ដែល​ហៅថា ​កូវីដ-១៩ មក​ពី​ពាក្យ​ Coronavirus disease 2019 (ជំងឺ​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណាឆ្នាំ​២០១៩) ផ្ទុះ​ឡើង​ដំបូងកាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩ ​នៅ​ក្នុង​ខេត្ត​ហ៊ើប៉ី ប្រទេស​ចិន។ រហូត​មក​ដល់ពេល​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​ពីប្រភព​នៃ​វីរុស​នេះ​នៅ​ឡើយ​ទេ តែត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ទៅ​លើ​​​សត្វ​ព្រៃ​ ដោយ​សារ​មូល​ហេតុ​នេះ​ហើយ​ទើប​ប្រទេស​ចិន​ចេញ​សេចក្តី​ប្រកាស​ហាម​ការ​ទិញ​លក់​សត្វ​ព្រៃ​ទាំង​អស់​ក្នុង​ប្រទេស​ខ្លួន​។

យោងតាម​គេហទំព័រ​ worldometers.info រហូត​មក​ដល់​ពេល​នេះ ​ជំងឺ​កូវីដ-១៩ បាន​រីកសាយ​ភាយ​ទៅ​លើ​ប្រទេស​ និង​តំបន់​ចំនួន​១៨០​ហើយ ខណៈ​ចំនួន​នៃ​ការ​រក​ឃើញ​មាន​ជាង​៣៣​ម៉ឺន​ករណី និងបាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង​១ម៉ឺន៤ពាន់​​នាក់​។

ការ​ចម្លង​នៃ​កូវីដ-១៩

ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ កូវីដ-១៩ ចម្លង​តាម​រយៈ​ការ​ប៉ះទៅ​នឹង​ដំណក់​ទឹក​របស់​អ្នក​ជំងឺ អាច​ជា​សំបោរ ឬ​ទឹក​មាត់។ វីរុស​នេះ​អាច​ចូល​ក្នុង​ខ្លួន​មនុស្ស​បាន​តាម​រយៈ​ច្រមុះ ភ្នែក និង​មាត់។

ការ​ចម្លង​នៃ​វីរុស​កូរ៉ូណា​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​ឆ្លង​ពី​មនុស្ស​ទៅ​​មនុស្ស និង​ឆ្លង​ពី​តាម​ការ​ប៉ះពាល់​ទៅ​នឹង​វត្ថុ​ដែល​វីរុស​នេះ​ទំនៅ។​

ការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស

វីរុស​កូរ៉ូណា​អាចចេញ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​​តាមរយៈ​ការ​ប្រាស្រ័យ​ទាក់ទង​​ជិតដិត​ជាមួយអ្នក​ជំងឺ​ក្នុង​រង្វង់ប្រមាណ១ម៉ែត្រ ឬ​សាយ​ភាយ​ពេល​អ្នក​ជំងឺ​កណ្ដាស់​ ឬ​ក្អក។

ដំណក់​ទឹក​ដែល​ចេញ​ពី​មាត់ ឬ​ច្រមុះ​របស់​អ្នក​ឈឺ​ អាច​ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​នៅ​ក្បែរ​ខ្លួន​បាន​នៅពេល​មាន​ការ​ប្រាស្រ័យ​ទាក់ទង និង​ដក​ដង្ហើម​ស្រូប​ចូល​ខ្លួន​។

ការ​ចម្លង​តាម​រយៈ​ការ​ប៉ះពាល់​នឹង​វត្ថុ​ដែល​វីរុស​នេះ​ទំនៅ

នៅពេល​ដែល​អ្នក​មាន​សុខភាព​ល្អធម្មតាយក​ដៃ​របស់​ខ្លួន​ប៉ះ​ចំ​វត្ថុ ឬទីតាំង​ដែល​​វីរុស​នេះ​ទំនៅដែល​បន្សល់​ដោយ​អ្នក​មាន​ជំងឺ​កូវីដ-១៩ វីរុសនេះ​អាច​តោង​ជាប់​​ដៃ​របស់​អ្នក​ដែល​ប៉ះនោះ ហើយ​អាច​ឆ្លង​ចូល​ក្នុង​ខ្លួនបាន​តាម​រយៈ​ការ​យក​ដៃ​ទៅប៉ះមាត់ ច្រមុះ ឬ​ភ្នែក​របស់​ពួកគេ។

យោង​តាម​គេ​ហទំព័រមជ្ឈមណ្ឌល​ការ​ពារ​ និង​គ្រប់គ្រង​ជំងឺ​របស់​សហរដ្ឋអាមេរិក បាន​ឱ្យ​ដឹង​ថា មេរោគ​កូរ៉ូណា​អាចឆ្លង​រាល​ដាល​ខ្លាំង ​ប្រសិន​ជា​វា​ចូល​ដល់​សហគមន៍​ហើយ​នោះ។

មជ្ឈមណ្ឌល​ការ​ពារ​ និង​គ្រប់គ្រង​ជំងឺ​របស់​សហរដ្ឋអាមេរិក បាន​សរសេរ​ថា៖ «វីរុស​ដែល​បង្ក​ជំងឺកូវីដ-១៩ អាច​រាលដាល​ងាយ​ស្រួល និង​មាន​និរន្តរភាព​នៅពេល​ដែល​វា​ឆ្លង​ដល់​សហគមន៍»

អ្វី​ជាការ​ចម្លង​ក្នុង​សហគមន៍​?

ការ​ចម្លង​ក្នុង​សហគមន៍​មាន​ន័យ​ថា មាន​មនុស្ស​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុក​ជំងឺនៅ​ក្នុង​តំបន់​មួយ​​ តែ​មិន​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ដឹង​ថា​បាន​ឆ្លង​ពី​កន្លែង​ណា ឬ​ដោយ​របៀប​ណា​នោះ​ទេ។ ការ​ចម្លង​ចូល​សហគមន៍​នេះ​ហើយ​ជា​បញ្ហា​ដែល​ពិបាក​ដោះស្រាយ​ និង​សាយ​ភាយ​ខ្លាំង ដែល​ត្រូវ​ចំណាយ​ទាំង​ថវិកា និង​កម្លាំង​ច្រើន​ក្នុង​ការ​ទប់ស្កាត់ ដោយ​សារ​តែ​មិន​ដឹង​ប្រភព​កើត​ និង​កន្លែង​កើត​ច្បាស់​លាស់​។ ប្រទេស​ជា​ច្រើន​បាន​បិទ​​មិន​ឱ្យ​ប្រជាជន​ធ្វើ​ដំណើរ​ដោយ​សារ​ការ​ចម្លង​ក្នុង​សហគមន៍​នេះ។ ​

វិធាន​ការ​ទប់​ស្កាត់​ការ​ចម្លង​ចូល​ក្នុង​សហគមន៍

កាល​ពី​ថ្ងៃ​ទី​៧ ខែមីនា អង្គការ​សុខភាព​ពិភព​លោក​បាន​ចេញសេចក្តី​ណែ​នាំ​មួយ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រីករាល​ដាល​នៃ​កូវីដ-១៩ក្នុង​សហគមន៍ ដោយ​ជំរុញ​ដល់​ប្រទេស​ទាំង​អស់​ឱ្យ​រៀប​ចំ និង​ឆ្លើយ​តប​ ដោយមាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំង​អស់​ចាប់​ពី​ផ្នែក​សុខាភិបាល រហូត​ដល់​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្មជាដើម។ សេចក្តី​ណែ​នាំ​នោះ​ក៏​ជំរុញ​ឱ្យ​រដ្ឋនីមួយៗ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នានា​ទាក់ទង​នឹង​វីរុស ជាពិសេស​ជំរុញ​​ដល់​សាធារណជន​ឱ្យ​ដឹង​ពីតួនាទី​របស់​ពួកគេ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វីរុស​ ក្នុង​នោះ​ក៏​​មាន​ការ​រៀប​ចំ​ផែន​ការ​ត្រៀម​ជា​មុនចំពោះ​ការ​រីករាល​ដាល​ ដូច​ជា ត្រៀម​​ទីកន្លែង​ និង​សម្ភារ​សម្រាប់​ឆ្លើយ​តប​ពេល​មាន​ការ​ឆ្លង​កើត​ឡើង​ផង​ដែរ។

ក្នុង​សេចក្តី​ណែនាំ​នោះ​លើក​ឡើង​ថា៖ «ការត្រៀម​ខ្លួន​របស់​រដ្ឋាភិបាល និង​ប្រព័ន្ធ​គ្រប់គ្រង​សុខភាព​សាធារណៈ ​គួរ​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ ចំពោះ​ការ​ផែន​ការ​ត្រៀម​បង្ការ​ការ​រាតត្បាត​គឺជា​ចំណុច​ចាប់​ផ្ដើម​ដែល​ល្អបំផុត។ ក្នុង​ពេល​ដែល​មិន​ទាន់​មាន​ថ្នាំ​ការពារ​កូវីដ-១៩ ការ​ប្រើយុទ្ធសាស្ត្រ​បង្ការ និង​គ្រប់គ្រងគឺ​ត្រូវ​​ពឹង​ផ្អែក​លើ​វិធាន​ការ​សុខភាព​សាធារណៈ​ដើម្បី​កាត់​បន្ថយ​ការ​ចម្លង»។

វិធាន​ការ​របស់​កម្ពុជា​ក្នុង​ការទប់​ស្កាត់​កុំ​ឱ្យ​មាន​ការ​ចម្លង​ចូល​ក្នុង​សហគមន៍

ក្រោយ​រក​ឃើញពលរដ្ឋ​ខ្លួន​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​វិធាន​ការ​ជា​បន្តបន្ទាប់​ដែល​មាន​ដូច​ជា​​ បិទ​សាលា​រៀន បិទ​ក្លិប​ រង្គសាល ខារ៉ាអូខេ និង​ពិធី​ជួប​ជុំ​នានា​ក៏​ត្រូវ​រំសាយ​ផង​ដែរ ដែល​ជា​វិធាន​ការ​ទប់​ស្កាត់​កុំ​ឱ្យ​ជំងីកូវីដ-១៩ ឆ្លង​ចូល​សហគមន៍​បាន​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពីថ្ងៃ​ពុធ​សប្ដាហ៍​មុន ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ លោក​ស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មាន​ប្រសាសន៍ថា​ សុំ​ឱ្យ​ពលរដ្ឋ​ជឿទុក​ចិត្ត​លើ​វិធាន​ការ​របស់​រដ្ឋាភិបាល លើស​ពី​នេះ ​រដ្ឋាភិបាល​ក៏​នឹង​មាន​វិធាន​ការ​ឆ្លើយ​តប​ជា​បន្តបន្ទាប់​ផង​ដែរ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​ ឱ វណ្ណ​ឌីន ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោកស្រី ឱ វណ្ណឌីន៖ «សុំ​បង​ប្អូន​ជឿជាក់​នូវ​វិធាន​ការ​ដែល​បាន​ដាក់​ចេញ»។ ​

សម្រាប់​ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី មាន​ប្រសាសន៍គាំទ្រ​ចំពោះ​វិធាន​ការ​ជាបន្តបន្ទាប់រ​ដ្ឋាភិបាល​នេះ តែ​ថា ​រដ្ឋាភិបាល​ដូច​ជា​ឆក​ល្វែង​រឿង​ដួល​សន្លប់​តាម​ផ្លូវ​មួយ​ ដែល​លោក​ថា​មិន​គួរមើល​រំលង​នោះ​ទេ ​ក្នុង​ពេល​ដែល​កម្ពុជា​រកឃើញ​ជំងឺ​នេះ​បន្តបន្ទាប់នោះ។

លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី៖ «ជំងឺ​ហ្នឹង​វាធ្វើ​ឱ្យ​ស្ទះ​ផ្លូវដង្ហើម​ វា​ប៉ះពាល់​ទៅ​នឹង​ខ្យល់​បិទ​បើកទងសួត​យើង​​ដែល​វា​អាច​ធ្វើ​ឱ្យ​ស្ទះ​ដួល​បាន។ ហើយ​យើង​ចេះ​តែ​ថា​ខ្យល់​គរៗ​ ហើយ​មិន​យក​ទៅ​ពិនិត្យ​មើល​តាម​ដាន​មើល ​ចេះ​តែ​ប្រហែស។ ទោះ​ជា​អត់ទោះ​ជា​មាន​យ៉ាង​ម៉េច​ក៏​ដោយ​ យើង​ត្រូវ​យកគាត់​ទៅ​ពិនិត្យ​មើល​ ហើយ​យើង​ចេញ​ជា​ព័ត៌មាន​មួយ​ប្រកាស​ឱ្យ​ពលរដ្ឋ​ទូទៅ​កុំ​ឱ្យ​គាត់​ភ័យ​ខ្លាច ដល់​យើង​មិន​បាន​មើល​ ហើយ​បែរ​ជា​ថា​ គាត់​ខ្យល់​គ​រ អាហ្នឹង​គឺ​ជា​កំហុស​ធ្ងន់ណាស់»​។

សម្រាប់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍសង្គម​ លោកបណ្ឌិត​ ប៉ា ចន្ទរឿន វិញ​ យល់​ថា ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការ​ឆ្លង​ចូល​ក្នុង​សហគមន៍​បាន ​រដ្ឋាភិបាល​គួរ​បញ្ចេញ​ព័ត៌មាន​ទាំង​អស់​ពី​ការ​វិវត្តជំងឺ​នេះ​នៅ​ក្នុង​ប្រទេស រួមជា​មួយ​សារ​អប់រំ​ពលរដ្ឋ បង្កើន​ការ​ត្រួត​ពិនិត្យ​លើ​ជន​បរទេស​ដែល​ចូល​មក​កម្ពុជា និងជនជាតិ​ខ្មែរ​ដែល​មក​ពី​ប្រទេស​ដែល​ផ្ទុះ​ជំងឺ។ ជាង​​នេះ​ទៅ​ទៀត ​ត្រូវ​បាន​មាន​ប្រព័ន្ធ​តាមដាន​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​នីមួយ​ៗ​ និង​ចាត់​វិធាន​ការ​ភ្លាមៗ​នៅពេល​មាន​ការ​សង្ស័យ​ពី​ជំងឺ​នេះនៅ​តំបន់​ទាំង​នោះ។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត ប៉ា ច័ន្ទរឿន

លោក​មាន​ប្រសាសន៍​ថា៖ «បើ​យើង​មើល​ទៅ​ប្រទេស​ដែល​គេ​អាច​គ្រប់គ្រង​បាន​ ដែល​មាន​ដូច​ជា ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រទេស​ចិន នៅ​ក្បែរ​យើង​មាន​ប្រទេស​សឹង្ហបុរី ដែល​អ្វី​ដែល​គេ​ធ្វើ​ គឺ​រដ្ឋាភិបាល​បញ្ចេញ​ព័ត៌មាន​ ហើយ​បង្កើន​ការ​អប់រំ​ ដាស់តើន​ក្រើន​រំលឹកប្រជាជន​ គ្រប់​មធ្យោបាយ ឱ្យ​ប្រជាជន​ចេះ​អនាម័យ​ខ្លួន​ឯង និង​ការទប់​ស្កាត់​ការ​ឆ្លង​ពី​ម្នាក់ទៅ​ម្នាក់ត្រលប់​ចូល​មក​ប្រទេស ដែល​ជា​ប្រទេស​ដែល​មាន​ការ​ផ្ទុះ​ជំងឺ​នេះជា​ដើម»។​

ការ​ចូល​រួម​របស់​ពលរដ្ឋ​ក្នុង​ការ​ទប់​ស្កាត់​ការ​រាតត្បាត​កូវីដ-១៩

ការ​ប្រយុទ្ធ​ទៅ​នឹង​ជំងឺ​កូវីដ-១៩ មិន​មែន​ត្រឹម​តែ​ជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការ​ទទួល​ខុសត្រូវ​របស់​ពលរដ្ឋ​ក្នុង​សង្គម​ផង​ដែរ។ ពលរដ្ឋ​គ្រប់គ្នា​អាច​ចូល​រួម​តាម​រយៈ​វិធាន​ការ​អនាម័យ​ ចេះ​តាមដាន និង​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង​។

យើង​ដឹង​ហើយ​ថា ​វីរុស​កូរ៉ូណា​អាច​ឆ្លង​ចូល​ខ្លួន​មនុស្ស​បាន​តាម​រយៈ​ដំណក់​ទឹក​ដែល​ចេញ​ពី​ខ្លួន​អ្នក​ជំងឺ​តាម​រយៈ​ទំនាក់ទំនងជិតស្និទ្ធ និង​ការ​ចាប់​កាន់​វត្ថុ ​ឬ​ទី​តាំង​ដែល​វីរុស​នេះ​ទំនៅ ហើយ​យក​ដៃ​ដែល​មិន​ស្អាត​នោះ​ទៅ​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់​របស់ខ្លួន។

ពលរដ្ឋ​អាច​ការពារ​ខ្លួនឯង និង​អ្នក​ដទៃ​បាន ដោយឧស្សាហ៍​លាង​ដៃ​នឹង​សាប៊ូ ឬ​ទឹក​លាង​ដៃ​ដែល​ត្រឹមត្រូវ​បន្ទាប់​ពី​ចូល​ក្នុង​ទី​កន្លែង​សាធារណៈ ឬ​បន្ទាប់​ពីក្អក ​កណ្ដាស់ ជាពិសេស​ជៀស​វាង​យក​ដៃ​មិន​ស្អាត​ទៅ​ប៉ះភ្នែក​ ច្រមុះ ឬ​មាត់។ សម្រាក​នៅ​ផ្ទះ និង​ពាក់​ម៉ាស់​​នៅពេល​អ្នក​មាន​អារម្មណ៍​ថា​ឈឺដែល​មាន​រោគ​សញ្ញា​ដូច​ជំងឺ​កូវីដ-១៩ ត្រូវ​ឧស្សាហ៍​សម្អាត​សម្លាប់​មេរោគ​នៅ​កន្លែង​ដែល​មាន​ការ​ប៉ះពាល់​ច្រើនដូច​ជា​តុ កៅអី បង្ហាន់​ដៃ ទ្វារ ទាំង​នៅ​កន្លែង​ធ្វើ​ការ​ កន្លែង​សាធារណៈ ឬ​ក្នុង​ផ្ទះ។

អនុសាសន៍

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី មាន​ប្រសាសន៍​ថា វិធាន​ការ​អនាម័យ​គឺ​ជា​ជំរើស​ដំបូង​គេ​ត្រូវ​អនុវត្ត កាត់​បន្ថយ​ការ​ចាប់​ដៃ ខណៈ​រាល់​ការ​​ជួប​ជុំមនុស្ស​ច្រើន​គួរ​ត្រូវ​ផ្អាកមួយរយៈក្នុង​ពេល​ដែល​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា​នេះ។

លោក​ថា៖ «វា​នឹង​ប៉ះពាល់​ដល់​អ្នក​ដែល​មាន​ពិធី​ជប់លៀង ឬ​ពិធី​ការ​ហ្នឹង​ វា​អាច​តាម​រយៈ​អ្នក​ជំងឺ​អាច​ទៅ​ចម្លង​កន្លែង​ហូប​ការ​ហូប​អី​ហ្នឹង ព្រោះ​ទៅ​ជិត​គ្នា​ តុ​អង្គុយ​ហូប​ជា​មួយ​គ្នា តែ​ក្អក​ ឬ​ក៏​ការ​និយាយ​គឺ​ទឹក​មាត់​សាយ​ភាយ​ពេញ​ហ្នឹង។ អ៊ីចឹង​សូម​កាត់​បន្ថយ​ ហើយ​សុំ​ឱ្យ​បង​ប្អូន​​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ទាំង​ចាស់​ទាំង​ក្មេង​ មាន​ការ​ប្រុង​ប្រយ័ត្ន ត្រូវ​មាន​អនាម័យ​ល្អ ត្រូវ​លាង​ដៃ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​កាន់​អី​ហូប ពេល​ចេញ​ទៅ​ណា​អី​ជា​ដើម ហើយ​កាត់​បន្ថយ​នូវ​ការ​ចាប់ដៃ»។  

បន្ថែម​ពី​នេះ បណ្ឌិត​ ប៉ា ចន្ទរឿន មាន​ប្រសាសន៍​ថា ​ជាមួយ​នឹងវិធាន​​ការ​ត្រៀម​ខ្លួន រដ្ឋាភិបាល​គួរ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ណា​មួយ​ក្នុង​ស្រុក ឬ​ក្រុម​ហ៊ុន​រដ្ឋ​​ផ្ទាល់​ធ្វើ​ការ​ផលិត​ម៉ាស់ និង​ទឹក​លាង​ដៃ​ចែក​ជូន​ពលរដ្ឋ ដើម្បី​ការ​ពារ​ខ្លួន​ក៏​ដូច​ជា​ទប់ស្កាត់​ការ​រាតត្បាតនេះ។ ខណៈ​ពលរដ្ឋ​ក្នុង​ប្រទេស​ ត្រូវ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​នេះ​ ជៀសវាង​ការ​កេង​ប្រវ័ញ្ច ឬ​រើស​អើង​គ្នា​​ ដែល​នឹង​អាច​ធ្វើ​ឱ្យ​រឿង​នេះ​កាន់​តែ​គ្រោះថ្នាក់​ធំ។

លោក​បណ្ឌិត ប៉ា ចន្ទរឿន៖ «គួរ​តែ​បើក​ចិត្ត​បើក​បេះ​ដូង​ឱ្យ​ទូលាយ​ ចាត់​ទុក​ជា​ការ​ជួយ​គ្នានៅ​ក្នុង​គ្រា​ស្លាប់​រស់ បើសិន​ជា​យើង​ជា​អ្នក​លក់​ដូរ​មាន​អីវ៉ាន់ មាន​ទំនិញ​លក់​ ហើយ​យើង​កេង​ប្រវ័ញ្ចខ្លាំង​ពេក​ ពេល​ដែល​អ្នក​ក្រ​ ឬ​អ្នក​ដែល​គ្មាន​លទ្ធភាព​ទិញ​ហ្នឹង​ប្រឈម​មុខ​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​នេះ ចុះបើ​ឆ្លង​ដល់​អ្នក​ដែរ​នោះ អនាគត​ទៅ អ្នក​យក​លុយ​ទៅ​ធ្វើ​អី​កើត។ ដូច្នេះ​ សូម​ប្រកាន់​នូវធម៌​មេត្តាករុណា ស្រលាញ់​គ្នា​ក្នុង​គ្រា​លំបាក​ហ្នឹង ហើយ​សុំ​កុំ​មាន​ការ​រើស​អើង​ចំពោះ​ជន​ដែល​សង្ស័យ​ថា​ ឆ្លង​មេរោគ​ហ្នឹង ឬ​ក៏​ញាតិមិត្ត​គាត់​អី​ គឺ​សុទ្ធ​តែ​ជាជន​រងគ្រោះ​ដូចគ្នា​ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ