អាជ្ញាធរ​មិន​ទាន់​មាន​វិធានការ​ជាក់​លាក់​ទប់​ទល់​នឹង​មេរោគ​កូវីដ​១៩​ ករណី​​ពលករ​​ខ្មែរ​ត្រឡប់​​ពី​ថៃ​​នៅ​ឡើយ​

អាជ្ញាធរប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានធ្វើតេស្តលើពលករខ្មែរមកពីថៃ ដែលត្រលប់មកស្រុកកំណើតវិញ។ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI)

មន្ត្រី​សង្គម​ស៊ីវិល និង​ពលករ​ចំណាក​ស្រុក​កម្ពុជា បាន​អះ​អាង​ថា ពលរដ្ឋ​​ខ្មែរ​រាប់ពាន់នាក់ ដែលធ្វើការងារជាពលករនៅប្រទេសថៃ បានសម្រុកចូលមក​កម្ពុជាវិញតាមច្រកប៉ោយប៉ែត កាលពីព្រឹកថ្ងៃ​ម្សិល​មិញ​នេះ ចំ​ពេល​ដែល​មាន​ក្ដី​បារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី (Covid-19) នៅ​ក្នុង​ចំណោម​ពលករ​ទាំង​នោះ។

លោក សុខ ណាន អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ បាន​ប្រាប់​វីអូឌីតាម​ហ្វេស​ប៊ុកថា គាត់ជាកូនកាំបិត(អ្នកធ្វើម្ហូប) បម្រើការងារក្នុងភោជនីយដ្ឋាន​មួយជិតទីក្រុង​បាងកក​។ លោក​បន្តថា លោកត្រឡប់មកស្រុកវិញ ដោយសារតែថៅកែឱ្យឈប់សម្រាក​រយៈពេល ​១ខែ​មកលេងចូល​ឆ្នាំ និងបារម្ភរឿងកូវីដ១៩ផង។ លោកថា លោកមក​វិញ​​តាមច្រក​ប៉ោយ​ប៉ែត ហើយលោកក៏ត្រូវនគរបាលពិនិត្យកម្ដៅមុនចូលដីខ្មែរដែរ។

លោក សេង សុខណា ប្រាប់​ថា៖ «ប៉ូលិសគាត់វាស់ខ្ញុំដែរបង ឃើញកម្ដៅ ៣៦ជាង។ ខ្ញុំ​គ្រាន់តែឃើញ​គេបិទ​ប្រកាសពីមេរោគហ្នឹងតាមច្រក​ថា ឱ្យយើងលាងដៃ លាងអី​ហ្នឹង តែត្រង់ថា ពេទ្យ​ឱ្យ​នៅ​តែឯង ១៤ថ្ងៃហ្នឹង ខ្ញុំមិនទាន់ដឹងដែរបង»

កាសែតបាងកក ប៉ុស្តិ៍ បានរាយការណ៍ថា ប្រទេសថៃ​រកឃើញមេរោគកូវីដ១៩ ចំនួន ៥៩៩​ករណី​នៅ​ទូទាំង​ប្រទេស​ថៃ ​គិតត្រឹមថ្ងៃទី២២ ខែ​មីនា​។

កាសែតដដែលនេះ រាយការណ៍ទៀតថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ ស្នើឱ្យកម្មករ ឬបុគ្គលិក​ដែលធ្វើការងារនៅបាងកក មិនត្រូវត្រឡប់ទៅកាន់ស្រុកកំណើតនោះទេ ព្រោះបារម្ភខ្លាចពួកគេចម្លងរោគកូវីដ១៩ទៅភូមិកំណើត។

មន្ត្រីសម្របសម្រួល សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុម ចាន់គា មានប្រសាសន៍ថា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២២ ខែមីនាមក ពលរដ្ឋខ្មែររាប់​ពាន់នាក់បានសម្រុកចេញពីប្រទេសថៃ។

លោក ស៊ុម ចាន់គា ប្រាប់​ថា​៖ «យើងឃើញប្រជាពលរដ្ឋខ្មែរសម្រុកពីថៃហ្នឹងច្រើន រណេងរណោង យក​សម្ភារមកផង អីមក​ផង ហាក់ដូចជា ជនដែលជម្លៀសចេញពីសឹកហ្នឹងណា។ ឃើញសមត្ថកិច្ច​គាត់ពិនិត្យកម្ដៅហ្នឹងគ្រប់គ្នា តែត្រង់ថា យកសំណាក ឬកំហាកយកទៅពិនិត្យអី អត់ដឹងទេ។»

លោក បន្ថែមថា លោកមិនបានដឹងតួលេខមកប៉ុន្មានទេ តែដឹងថាច្រើន គ្រាន់តែដឹងថា ថ្ងៃទី០៥ ខែ​មេសា​ទើបថៃ និងខ្មែរបើកច្រកវិញ។

ទាក់ទងនឹងស្ថានភាពសុខភាពរបស់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃនេះ ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចេញពីប្រទេសថៃ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក​ក្នុងរយៈពេល១៤ថ្ងៃ ត្រូវទៅជួបគ្រូពេទ្យ ឬមន្ដ្រីសុខាភិបាលមូលដ្ឋានជាបន្ទាន់ នៅពេលដឹងខ្លួនថា មានអាការមិនស្រួល ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នាកុំឱ្យកូវីដ១៩​ ឆ្លងរីករាលដាល។

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន លើកឡើងក្នុងតេឡេក្រាមថា៖ «ខ្ញុំសូមអំពាវនាវ អំពាវនាវទៀត​ ខ្ញុំសុំលើកដៃសំពះដល់បងប្អូនជនរួមជាតិយើងទាំងអស់​ ត្រូវតែរួបរួមគ្នាកាត់ផ្តាច់ឱ្យបាន​នូវការចម្លងពីបុគ្គលដែលមានវីរុសកូវីដ១៩​ ទៅបុគ្គលផ្សេងទៀត​ ជាពិ​សេ​ស​​អ្នកដែលនៅជិតស្និទ្ធ​ ឫក្រុមគ្រួសារ​ មិត្តភ័ក្រ្តគាត់ជាដើម»។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានប្រកាសក្នុងទំព័រហេ្វសប៊ុករបស់ខ្លួនដែរថា សូមឱ្យពលករមកពីថៃ ដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃសិន ដើម្បីសុវត្ថិភាពក្រុមគ្រួសារ។

សង្គមស៊ីវិលបានហៅការអំពាវនាវទាំងនេះថា មិនមានប្រសិទ្ធភាព ដោយសារកត្តាកង្វះ​ព័ត៌​មាន​ពីស្ថានភាពជំងឺនេះ និងកង្វះការអប់រំឱ្យបានទូលំទូលាយ។ ពួកគេបារម្ភថា មេរោគ​កូវីដ​១៩ អាចឆ្លងរីករាលដាលទៅដល់សហគមន៍ បើសិនណា​ពលករណាម្នាក់​មានផ្ទុកជំងឺ​នេះ​ ហើយមិនអនុវត្តតាមការអំពាវនាវរបស់ក្រសួងសុខាភិបាលនោះ។

ប្រធានអង្គការគណនេយ្យភាពសង្គម លោក សន ជ័យ លើកឡើងថា ការអំពាវនាវរបស់​ក្រសួង​សុខាភិបាល អាចនឹងមិនមានប្រសិទ្ធភាពនោះឡើយ។

លោក សន ជ័យ ប្រាប់ថា៖ «យើងបារម្ភណាស់។ បងប្អូនយើងទៅធ្វើការនៅថៃ​ហ្នឹង​ គាត់ជាអ្នកជនបទ ហើយ​ឥរិយាបថរបស់​ពួកគាត់យើងបារម្ភមែនទែនក្នុងការដែលជឿថា​ គាត់ដាក់ចិត្តដាក់​កាយនៅ​ដោយឡែក។ ជាទម្លាប់ អ្នកមកពីថៃហ្នឹងគាត់មកជុំគ្នា​ហ្នឹង គឺបបួល​គ្នាផឹកស៊ីតែម្តង ម្យ៉ាងទៀត​ អ្នកនៅតាម​ជនបទ​យើងមួយភាគធំ ក៏មិនទាន់យល់ដឹងពីវិធីការ​ពារមេរោគនេះ​នៅឡើយ»។

នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា មានប្រសាសន៍ថា លោកគិតថា ការអំពាវនាវទំនងជាមិនមានប្រសិទ្ធភាព​ទេ។​ លោក​ថា  អាជ្ញាធរកម្ពុជាត្រូវមានវិធានការជាក់លាក់ជាងការអំពាវនាវករណី​ពលករមកពីថៃនេះ ខណៈ​​ដែលមេរោគ​កូវីដ១៩ កំពុងរីករាលដាលនៅប្រទេសថៃ។

លោក មឿន តុលា ប្រាប់​ថា៖ «អាជ្ញាធរ​គួរណាស់តែពិនិត្យសុខភាពពួកគាត់ ហើយចាត់វិធានការផ្ដល់​មធ្យោបាយគ្រប់គ្រាន់ ឱ្យគាត់នៅទីតាំងដាច់ដោយឡែករយៈពេល១៤ថ្ងៃនោះ។ ត្រូវជួយ​ពួកគាត់​តាំងពីការហូបចុកទៅ។ ហើយអាជ្ញាធរសុខាភិបាលត្រូវសហការជាមួយ​អាជ្ញាធរ​ដែនដី​ ដើម្បីអប់​រំពួកគាត់ តាមខ្ញុំទទួលបានព័ត៌មាន ពួកគាត់ខ្លះមិនយល់អ្វីទៅ​ដែលហៅថា​ កូវីដ១៩ ​ហ្នឹងនៅ​ឡើយទេ»។

ទោះជាយ៉ាងណាក្ដី រដ្ឋបាលខេត្តដែលរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ច្រើនជាងគេ គឺខេត្តព្រះ​សីហនុនោះ បានចាត់វិធានការបន្ថែមលើការអំពាវនាវរបស់ក្រសួងសុខាភិបាលដែរ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចេញបញ្ជាផ្ទាល់មាត់ផ្ញើ​តាមតេឡេ​ក្រាម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ ឱ្យអាជ្ញា​ធរដែនដីតាមមូលដ្ឋានក្នុងខេត្តព្រះសីហនុ តាមដាន​ត្រួតពិនិត្យពលករដែល​ត្រឡប់មកពីថៃ ដើម្បីចាត់ចែងឱ្យ​ពួកគេ​នៅដាច់ដោយឡែករយៈពេល​១៤ថ្ងៃ។ លោកថា នេះ​ជា​វិធាន​ការចាំបាច់ និងបន្ទាន់បំផុត។

លោក គួច ចំរើន ៖ «ក្នុងស្ថានភាពនេះមានការចាំបាច់ ស្នើសុំឱ្យមូលដ្ឋានរបស់​យើងត្រូវណែនាំ​បងប្អូនពលករពីថៃ ឱ្យនៅឆ្ងាយពីក្រុមគ្រួសារ និងអ្នកភូមិ១៤ថ្ងៃសិន ហើយបើមានបញ្ហា​សុខភាពណាមួយសូមបញ្ជូនគាត់ទៅពេទ្យ»

ឆ្លើយតបនឹងការលើកឡើងពីប្រសិទ្ធភាព​នៃការអំពាវនាវនោះ អ្នកនាំពាក្យ​ក្រសួង​សុខា​ភិបា​ល  អ្នកស្រី ឱ វណ្ណឌីន ប្រាប់វីអូឌីថា៖ «វិធានការនានាមានប្រសិទ្ធភាព​ទៅ​បាន​ គឺអាស្រ័យ​ការចូលរួមរបស់បុគ្គលក្នុងការការពារជាការចាំបាច់ណាស់។ អ្វីដែលសំខាន់នៅពេលនេះ​ គឺបុគ្គលគ្រប់រូបត្រូវចេះការពារកុំឱ្យមានការចម្លងពីបុគ្គលមួយទៅបុគ្គលមួយ ​សូមសារព័ត៌មាន​ និងមហាជនទាំងអស់ជួយផ្សព្វផ្សាយបន្ត ដើម្បីចូលរួមទប់ទល់បញ្ហានេះទាំង​អស់គ្នា»

គិតមកដល់យប់ថ្ងៃទី២២ ខែមីនា ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ចំនួន​អ្នក​ផ្ទុក​ Covid-19 នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​ចំនួន ៨៤​ករណី​ហើយ បន្ទាប់​ពី​រក​ឃើញ​ការ​ឆ្លង ៣១​ករណី​ថ្មី​បន្ថែម​ទៀត​នៅ​លើ​ក្រុម​ភ្ញៀវ​ទេសចរ​ជន​ជាតិ​បារាំង ២៩​នាក់ និង​មគ្គុទេសក៍ទេសចរណ៍​កម្ពុជា ២​នាក់ នៅ​ឯ​ខេត្ត​ព្រះសីហនុ។

របាយការណ៍របស់ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ឱ្យដឹងថា ពលករខ្មែរប្រមាណជាង ១លាន២សែននាក់ កំពុង​ធ្វើការងារស្របច្បាប់នៅប្រទេស​ថៃ។

ចំពោះ លោក សុខ ណាន វិញ នៅពេលដែលសួរថា តើលោកនឹងនៅដាច់ដោយឡែក១៤ថ្ងៃតាមការអំពាវនាវរបស់ក្រសួងឬទេ? លោកឆ្លើយទាំងមិនច្បាស់លាស់ថា៖ «ខ្ញុំគិតថា ខ្ញុំនឹងព្យា​យាមនៅដាច់ពីគេដែរ តែចាំមើលសិន ព្រោះអីសុខភាពខ្ញុំដូចជាអត់អីទេបង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ